​ភ្នំពេញៈ កម្ពុ​ជាមាន​ក្តី​រំពឹង​ខ្ពស់​នៃ​ការ​​មកដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​សម្រាប់​រដូវរងា​នេះ ស្រប​ពេលដែល​ខ្លួន​បាន​ត្រៀម​រួចរាល់​ដើម្បី​ទទួល​ស្វាគមន៍​មក​ទស្សនា​នូវ​តំបន់​រមណីយដ្ឋាន​នានា ជាពិសេស​ប្រាសាទអង្គរវត្ត​ជាមួយនឹង​វត្តមាន​អាកាសយានដ្ឋាន​លំដាប់​អន្តរជាតិ​ថ្មី​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ​(SSCA)​។​

​លោក ស៊ីន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​៣១ តុលា ឆ្នាំ​ ២០២៣ ​នេះ​ថា​ចាប់តាំងពី​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​នៃ​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ លោក​សង្កេតឃើញថា​ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​បាននិងកំពុង​បន្ត​កើន​ឡើងជា​មធ្យម​ចំនួន​ ២ ៧០០ ​នាក់​ ក្នុង ​១ ​ថ្ងៃ កើនឡើង​ប្រមាណ ​១ ​ពាន់​នាក់ បើ​ធៀប​នឹង​កាលពី​សប្តាហ៍​មុន ដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី ទទួលបាន​អ្នកដំណើរ​រង្វង់​ជា​មធ្យម ២ ៦០០ ​នាក់​ ក្នុង​ ១ ​ថ្ងៃ​ដែល​ឆ្លុះបញ្ចាំង​អំពី​ភាព​កាន់តែ​ប្រសើរឡើង​នៃ​វិស័យ​ទេសចរណ៍​។

​សម្រាប់​អ្នកដំណើរ គឺ​ភាគច្រើន​មកពី​តំបន់​អាស៊ាន​ដែលមាន​ចំណែក​ ៧៥% និង​មកពី​អឺរ៉ុប មាន​ចំនួន​ ២៥%​។ លោក​ថ្លែងថា​៖ «​សម្រាប់​រដូវរងា​ឆ្នាំ​ ២០២៣ ​នេះ ដែល​ចាប់ផ្តើម​ពី​ចុងខែ​តុលា ឆ្នាំ​ ២០២៣ ដល់​ខែមីនា ឆ្នាំ​ ២០២៤ យើង​ព្យាករ​ថា ចំនួន​ជើង​ហោះហើរ​នៅ​អាកាសយានដ្ឋាន​សៀម​រាប​អង្គរ​នឹង​កើន​ឡើងដល់ ៤០ ​ជើង ​ក្នុង​ ១ ​សប្តាហ៍ និង​ចំនួន​ក្រុមហ៊ុន​អាកាស​ចរណ៍​នឹង​កើនឡើង​ចន្លោះ​ពី ៩ ទៅ​ ១០ ​ក្រុមហ៊ុន​»​។​

​បច្ចុប្បន្ន ចំនួន​ជើង​ហើរ​ហោះ​វិញ​មាន​ចំនួន ៣៨ ​ជើង​ក្នុង​ ១ ​ថ្ងៃ​កើនឡើង ៤ ​ជើង បើ​ធៀប​នឹង​កាលពី​សប្តាហ៍​មុន ដោយ​ជើងហោះហើរ​ទាំងនេះ ភាគច្រើន​មកពី​តំបន់​អាស៊ាន និង​ចិន​។ ក្រុមហ៊ុន​អាកាសចរណ៍​ចេញ និង​ចូល​នៅ​ព្រលាន​នេះ​មាន​ចំនួន ​៧ ​ក្រុមហ៊ុន​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​បង្ហោះ​សារ​នៅក្នុង​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​របស់លោក​នៅ​ព្រឹក​ថ្ងៃទី ​៣១ ខែតុលា​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ត្រូវបាន​បើក​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី ​១៦ តុលា ឆ្នាំ​ ២០២៣​។ លោក​បាន​គូសបញ្ជាក់​ទៀតថា អាកាសយាន​ដ្ឋា​ន​នេះ​មាន​លំដាប់ថ្នាក់​នៃ​ការហោះហើរ​ប្រភេទ ​4E ដែល​អាច​ផ្តល់​លទ្ធភាព​ឱ្យ​យន្តហោះ​ធុន​ធំ Boeing747 និង Airbus A340 ធ្វើការ​ចុះចត​បាន ដោយ​នឹង​អាចមាន​លទ្ធភាព​ទទួល​អ្នកដំណើរ​ចំនួន ៧​ លាន​នាក់​ក្នុង​ ១ ​ឆ្នាំ​សម្រាប់​ផែនការ​រយៈពេល​ខ្លី និង​ ២០​ លាន​នាក់​ក្នុង​ ១ ​ឆ្នាំ​សម្រាប់​ផែនការ​រយៈពេល​វែង​។

​លោក​ថា​៖ «​កាលានុវត្តភាព​ថ្មី​នេះ នឹង​ក្លាយជា​សក្តានុពល​ស្រូប​ទាញ​ដ៏​ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និយាយ​ដោយឡែក ព្រមទាំង​វិស័យ​ទេសចរណ៍​ទូទាំងប្រទេស និយាយ​ជារួម​។ ការណ៍​នេះ នឹង​អាច​ទាក់ទាញ​ដល់​វិនិយោគិន ក៏ដូចជា​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​»​។

​លោក​ក៏បាន​លើកឡើងថា ផ្លូវអាកាស គឺ​អាទិភាព​គន្លឹះ​ទី​២ “​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​” នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ហើយក៏​ស្ថិតនៅក្នុង​កិច្ចការ​អាទិភាព​ទី​២ នៃ​បញ្ច​កោណ​ទី២ ដោយ​ផ្តោតលើ​ការលើកកម្ពស់​ការតភ្ជាប់ និង​ការបង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​ក ដែលមាន​គោលដៅ​យុទ្ធសាស្ត្រ ផ្តោតលើ​ការបង្កើន​ប្រសិទ្ធភាព​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​គាំទ្រ ការកសាង និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​៕