ភ្នំពេញៈ ​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា នាវា​ទេសចរណ៍​ខ្នាត​ធំ ​១​ គ្រឿង បាន​ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយមាន​ផ្ទុក​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ និង​នាវិក​ប្រមាណ​១​ពាន់​នាក់ មកលេង​កម្សាន្ត​ប្រទេស​កម្ពុជា រយៈពេល​២​ថ្ងៃ​។​

​លោក​តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៥ ខែ​វិ​ច្ឆិកា ថា បន្ទាប់ពី​បាន​ចូល​ចត ក្រុមការងារ​បដិសណ្ឋារកិច្ច នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ រួមទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់ផ្នែក បានទទួល​ភ្ញៀវទេសច​រទាំង​នោះ​និង​បានរៀបចំ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ គ្រប់កន្លែង​ដែល​ពួកគេ​បាន​ទៅ​ទស្សនា​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

​លោក​បាន​បន្ថែមថា នាវា​នេះ មាន​ឈ្មោះថា ​«VIKING ORION» ​របស់​ប្រទេស NORWAY ដែលមាន​ចំនួន​នាវិក​ចម្រុះ​ជាតិ​សាសន៍ (៥០ សញ្ជាតិ​) ចំនួន ៤៦៩ ​នាក់ (​ស្រី ​៩៤) មាន​ផ្ទុក​ភ្ញៀវទេសចរ​ចំនួន ៨៦៨​ នាក់ (​ស្រី​ ៤៥០​ នាក់​) ក្នុងនោះ​មាន​ជាតិ​សាសន៍​សរុប​ចំនួន ១៨​ សញ្ជាតិ​ផងដែរ​។​

​លោក តាំង សុចិត្រ​គ្រឹះ​ស្នា បាន​បន្តថា នាវា​នេះ​មុន​មកដល់​ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​ប្រទេស​វៀតណាម​ ហើយ​បន្ទាប់ពី​ដើរ​កម្សាន្ដ​តាម​តំបន់​ទេសចរណ៍​មួយចំនួន​នៅ​ប្រទេស​កម្ពុជា​រួចហើយ​នៅ​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ថៃ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖«​ក្នុងនាម​មន្ទីរ​ទេសចរណ៍ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​អាជីវករ​ចូលរួម​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ​បរិស្ថាន តុបតែង​លម្អ​ទីតាំង​របស់ខ្លួន​ផ្ដល់​សេវាកម្ម​ឱ្យបាន​ល្អ និង​តម្លៃ​សមរម្យ ហើយ​ត្រូវមាន​ដាក់​តារាង​តម្លៃ​មុខម្ហូប ទំនិញ សេវា​ផ្សេងៗ ដើម្បីឱ្យ​ភ្ញៀវទេសចរ​មក​កម្សាន្ដ​ទទួលបាន​នូវ​ទំនុកចិត្ត និង​ភាព​រីករាយ ហើយនឹង​អាចមាន​ការ​ត្រឡប់​មកលេង​កម្សាន្ដ​នៅ​ប្រទេស​យើង នៅពេល​ក្រោយ​ទៀត​»​។​

​ចំណែក លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ភ្ញៀវទេសចរ ដែល​បាន​មកដល់​ទឹកដី​ខេត្ត​ព្រះសីហនុ​ជាង​១​ពាន់​នាក់​នោះ បាន​ដើរ​កម្សាន្ត​ទៅកាន់​តំបន់​រមណីយដ្ឋាន​នានា​ដូចជា តាម​តំបន់ឆ្នេរ តំបន់​កោះ​មួយចំនួន និង​តាម​វត្ត​អារាម​បុរាណ​ផងដែរ​។​

​លោក​បាន​បន្ថែមថា ក្រុមការងារ​អាជ្ញាធរ បានរៀបចំ​សណ្តាប់ធ្នាប់ ដើម្បី​រក្សា​សន្តិសុខ ជូន​អ្នកទេសចរ ជាពិសេស​ការណែនាំ​ដល់​អាជីវករ​ជា​អ្នកលក់ដូរ​ចំណីអាហារ នៅតាម​ហាង​និង​ផ្សារ​នានា ឱ្យ​លក់​នៅក្នុង​តម្លៃ​សមរម្យ ចៀសវាង​ការលក់​ថ្លៃ​ជ្រុល​ហួសហេតុ​ពេក ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​។​

«​យើង​បាន​ណែនាំ​ដល់​អាជីវករ ឱ្យ​គាត់​លក់ដូរ មាន​អនាម័យ និង​លក់​ក្នុងតម្លៃ​មួយ​សមរម្យ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ដែល​មក​ក​ម្សា​ន្ត​ក្នុងឱកាស​នេះ អាច​ផ្សព្វផ្សាយ​បន្ត​ដល់​ជនជាតិ ឬ​ប្រទេស​របស់គាត់ ពី​កេ​រ្តិ៍ឈ្មោះ​ដ៏​ល្អ​របស់​កម្ពុជា ជាពិសេស​ខេត្ត​ព្រះសីហនុ ដែល​វា​ក៏​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើន​ទេសចរ​នៅ​រដូវ​ High Season​ នេះដែរ​»​។ លោក ឡុង ឌី​ម៉​ង់​ បានបញ្ជាក់​បន្ថែមថា​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​ប្រាប់​ដែរ​ថា ការចូល​ចត​នៃ​នាវា​ទេសចរណ៍​ខ្នាត​យក្ស​នេះ បានបង្ហាញ​ពីស​ញ្ញាណ​វិជ្ជមាន​មួយ សម្រាប់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​ផ្ទាល់​។​

​លោកស្រី​បាន​បន្ថែមថា វា​ក៏​ជាគោលការណ៍​ក្នុងការ​ទាក់ទាញ​ទេសចរណ៍ ដោយ​រាជរដ្ឋាភិបាល បាននិងកំពុង​ពិចារណា ទៅលើ​ទេសចរណ៍​រយៈពេល​ខ្លី ដែល​មានន័យថា អ្នកទេសចរ​ដែល​មក​កម្សាន្ត​មិន​ស្នាក់​នៅទេ ប៉ុន្តែ​ចូលក្នុង​ចំនួន​រាប់ពាន់នាក់ ឬ​ឈានដល់​រាប់ម៉ឺន​នាក់ ក្នុង​នាវា​យក្ស​នីមួយៗ​។​

​លោកស្រី ឆាយ ស៊ីវ​លីន បាន​និយាយថា​៖«​នៅក្នុង​ករណី ដែលមាន​ការលើកលែង​ណាមួយ ឬ​ការលើកទឹកចិត្ត នោះ​នឹង​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ច្រើន​ដែរ ដើម្បីឱ្យ​ទេសចរ​ទាំងនោះ​មានឱកាស​បានមក​ស្គាល់​ពី​កម្ពុជា​កាន់តែច្រើន ជាពិសេស​ខេត្ត​ព្រះសីហនុ តាមរយៈ​ការចុះ​កម្សាន្ត​តាម​រមណីយ​ដ្ឋា​ន​នានា ការ​ភ្លក្ស​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ ខណៈដែល​រដ្ឋាភិបាល នឹង​ទទួលបាន​ប្រាក់ចំណូល​ផ្សេងៗ​ខ្លះ​ដែរ ពី​ការចូល​ចត​របស់​នាវា​ទាំងនោះ​»៕