​ភ្នំពេញៈ Vietjet ដែលជា​ក្រុម​ហ៊ុន​អាកាសចរណ៍​មានតម្លៃ​ទាប​របស់​វៀតណាម​នឹង​ចាប់​ផ្តើម​ជើងហោះហើរ​ថ្មី​រវាង​ទីក្រុង​ហាណូយ ​(​វៀតណាម​)​ ទៅកាន់​ខេត្តសៀមរាប ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៥ ខែធ្នូ ជា​ផែនការ​មួយ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៃ​លំហូរ​ភ្ញៀវទេសចរ​បរទេស​ចូលមក​ប្រទេស​កម្ពុជា​ ឡើងវិញ​។​

​យោងតាម​សារព័ត៌មាន VN Express ជាមួយនឹង​ការចាប់​ផ្តើម​ផ្លូវ​ហោះហើរ​ទៅកាន់​ខេត្ត​​សៀមរាប ក្រុមហ៊ុន​ក៏​នឹង​ចាប់​ផ្តើម​ជើងហោះហើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ចិន​ ផង​ដែរ ដើម្បី​ទាញយក​ប្រយោជន៍​ពី​រដូវ​កាល​ដែលមាន​ភ្ញៀវ​ទេស​​ចរ​ច្រើន​ធ្វើដំណើរ​កម្សាន្ត​នៅពេល​ចុងឆ្នាំ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នឹង​បើកផ្លូវ​ថ្មី​ត​ភ្ជាប់​រវាង​ទីក្រុង​ហាណូយ​ជាមួយ​ខេត្តសៀមរាប​របស់​កម្ពុ​ជា ដែលជា​ទីតាំង​នៃ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ដែល​នឹង​ចាប់ដំណើរការ​នៅ​ថ្ងៃទី ​១៥ ខែធ្នូ ដោយមាន​ជើងហោះហើរ​ចំនួន ៧​ ដង​ក្នុង​ ១ ​សប្តាហ៍​។​

​ក្រុមហ៊ុន​នេះ​ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​លើកឡើងថា​៖ «​ប្រទេស​កម្ពុជា​ពេលនេះ​ គឺជា​ទីផ្សារ​ទេសចរណ៍​ដែល​រីក​លូតលាស់​លឿន​បំផុត​របស់​វៀតណាម ជាមួយនឹង​ភ្ញៀវទេសចរ រយៈពេល ៩​ ខែ​ដំបូង ចំនួន ២៦៧​ ភាគរយ​ខ្ពស់ជាង​មុនពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​មើលឃើញ​កំណើន​សក្តានុពល​នៃ​ការមកដល់​របស់​ភ្ញៀវ​បរទេស​សម្រាប់​រដូវ​កាល​ខ្ពស់ ដែលមាន​ប្រាសាទ​អង្គរ​វត្ត​ជា​កន្លែង​ទេសចរណ៍វប្បធម៌​ដ៏​គួរឱ្យ​ទាក់ទាញ​។​

​លោក​លើកឡើងថា​៖ «​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន គឺ​ឆ្លុះបញ្ចាំង​ពី​ការ​កើន​​ឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​ពី​តំបន់​រួមទាំង​ប្រទេស​វៀតណាម​មកកាន់​ប្រទេស​កម្ពុជា​។ ទោះ​ការមកដល់​របស់​ភ្ញៀវទេសចរ​បរទេស​មិនទាន់មាន​កម្រិត​ដូចគ្នា​នៃ​ភ្ញៀវទេសចរ​ច្រើន​បំផុត​កាល​ពី​ឆ្នាំ​ ២០១៩ ក៏​យើង​ទទួលបាន​សញ្ញា​វិជ្ជមាន​ខ្លាំង​ចាប់តាំងពី​យើង​បើក​ដំណើរការ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​។ យើង​សង្ឃឹមថា សម្រាប់​រដូវ​កាល​ដែលមាន​ភ្ញៀវទេសចរ​ធ្វើដំណើរ​កម្សាន្ត​ច្រើន​នេះ ជើងហោះហើរ​កាន់តែច្រើន​គឺជា​ជម្រើស​បន្ថែមទៀត​សម្រាប់​ភ្ញៀវ​ក្នុងការ​មក​ទស្សនា​ប្រទេស​របស់​យើង​»​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​និយាយថា ក្នុងដំណាក់កាល​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ គឺ​កម្ពុជា​បានទទួល​ភ្ញៀវ​ភាគច្រើន​មកពី​ប្រទេស​នៅជាប់​ព្រំដែន​ដូចជា ថៃ វៀតណាម និង​ឡាវ ព្រមទាំង​ចិន​។ លោក​បន្ថែមថា ក្នុងដំណាក់កាល​ដែល​ន​យោ​បាយ និង​សេដ្ឋកិច្ច​ពិភព​លោក​មិនទាន់​រឹងមាំ គឺ​ការរំពឹង​លើ​ភ្ញៀវ​ពី​ប្រទេស​ឆ្ងាយ​មិនអាច​ទៅរួច​ឡើយ​។​

​លោក​ថ្លែងថា​៖ «​គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព​ជាមួយ​ប្រទេស​នានា ពិសេស​ប្រទេសជិតខាង និង​ចិន​នឹង​ក្លាយជា​ចំណែក​សំខាន់​ក្នុងការ​ទាក់​​ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ឱ្យមក​កម្ពុជា​កាន់តែច្រើន​»​។​

​ភ្ញៀវ​បរទេស​ប្រមាណ​ជាង ៣,៩​ លាន​នាក់ ​បានធ្វើ​ដំណើរ​មក​ក​ម្ពុ​ជា​ក្នុង​រយៈ​ពេល ៩ ​ខែ នៃ​ឆ្នាំ​ ២០២៣ កើនឡើង​ជាង ២០០​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ ក្នុងនោះ​ជិត ៧០​ ភាគរយ​មកពី​ប្រទេស​ជាប់​ព្រំដែន​ទាំង ៣ និង​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។​

​ផ្អែក​តាម​របាយការណ៍​គឺ​ភ្ញៀវ​ជនជាតិ​ថៃ ចំនួន ១ ៣៣៩ ៥៤០​ នាក់ (​ស្មើ នឹង ៣៤,១​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​) កើន ១៨៩,៥ ​ភាគរយ​, វៀត​ណា​ម ៧៣០ ០៧៥​ នាក់ ​(១៨,៦ ​ភាគ​រយ​) កើន ១៥៦ ​ភាគរយ​, ចិន ៤០៥ ៥១៤​ នាក់ ​(១០,៣​ ភាគរយ​)​ កើនឡើង ៥៤៩,៦​ ភាគរយ​, និង​ប្រទេស​ឡាវ ២៥១ ៦៥៨​ នាក់ (៦,៤ ​ភាគរយ​) កើន ៥៤៨,៩​ ភាគរយ​៕