​ភ្នំពេញៈ ទឹកប្រាក់​ជាង ២,៤ ​ពាន់​លាន​ដុល្លារ ត្រូវបាន​កម្ពុជា​រកបាន​ពី​ការនាំចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា នា​រយៈពេល ៩​ ខែ ឆ្នាំ​ ២០២៣ កើន​ជិត​ទ្វេដង បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)​។​

​បើតាម​ទិន្នន័យ​ពី GDCE គឺ​ចន្លោះ​ពី​ខែមករា​-​កញ្ញា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​ជំពូក ​(HS ២​ ខ្ទង់​)​ លេខ​កូដ ៨៥ ដែល​រួមមាន​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា ក្នុងតម្លៃ​សរុប ២,៤៨​ ពាន់​លាន​ដុល្លារ​ កើនឡើង ​៩៣,៥​ ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ជាង ១,២៨​ ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​នេះ​ស្មើ ១៤,៦​ ភាគរយ​ ការនាំចេញ​សរុប​របស់​កម្ពុជា​រយៈ​ពេល ៩ ​ខែ​នៃ​ឆ្នាំ​ ២០២៣ ដែលមាន ១,៦៩៤ ​ពាន់​លាន​ដុល្លារ​។

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៦ ខែវិច្ឆិកាថា ឆ្លង​​កាត់​ការអភិវឌ្ឍ​ជាច្រើន​ឆ្នាំ និង​ការដាក់ចេញ​យុទ្ធសាស្ត្រ​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យ​បញ្ចេញ​ទុន​វិ​និ​​យោគ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បានក្លាយ​ជាទី​តាំង​ផលិត​ទំនិញ​ចម្រុះ​កាន់តែច្រើន​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ​។

លោក​បន្តថា កំណើន​ការនាំចេញ​ម៉ាស៊ីន ឧ​ប​ករ​ណ៍​អគ្គិសនី និង​បំណែក​របស់​វា គឺ​មិន​ត្រឹមតែ​បញ្ជាក់​ពី​ការកើនឡើង​នៃ​សមត្ថភាព​កម្មករ ប៉ុន្តែ​ក៏​ជា​ចំណែក​ជួយ​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​ឱ្យ​ចូលមក​បើក​រោងចក្រ​/​សហគ្រាស​ផលិត ឬ​ដំឡើង​គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក មក​បោះទីតាំង​ផលិត​ជា​ផលិតផល​សម្រេច​សម្រាប់​នាំចេញ​តែម្តង​។​

​លោក​ពន្យល់ថា​៖ «​ពេល​កម្ពុ​ជាមាន​រោងចក្រ​ដែល​អាច​ផលិត​ម៉ាស៊ីន និង​គ្រឿង​បង្គុំ​ផ្សេងៗ​កាន់តែច្រើន គឺ​វា​នឹង​ជួយ​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​ឱ្យមក​បើក​រោងចក្រ​ផលិត ឬ​ដំ​ឡើងជា​ផលិតផល​សម្រេច​នៅ​កម្ពុជា​ផ្ទាល់​តែម្តង ព្រោះ​មិនចាំបាច់​ចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន​ទៅ​រោងចក្រ​ផលិត ឬ​ដំឡើង​នៅ​ទីតាំង​ផ្សេងៗ​ក្រៅប្រទេស​»​។​

​លោក​បន្ថែមថា ឧស្សាហកម្ម​ទាក់ទង​នឹង​ផលិតផល​ទាំងអស់​ខាងលើ ក៏​អាចជួយ​ឱ្យ​ប្រទេស​កម្ពុជា​រកប្រាក់​បានកា​ន់​​តែ​ច្រើនជាង​ការនាំចេញ​ផលិតផល​ដែល​ប្រើប្រាស់​អតិពលកម្ម​ផងដែរ​។​

​បើតាម​លោក វណ្ណៈ មូល​ហេតុដែល​ធ្វើឱ្យ​ការនាំចេញ​ផលិតផល​ខាងលើ​កើនឡើង គឺអាច​ដោយសារ​កត្តា​មួយចំនួន​ដូចជា ស្ថិរភាព​នយោបាយ​, ទីតាំង​ភូមិសាស្ត្រ​, កម្លាំង​ពលកម្ម​សម្បូរ និង​តម្លៃ​សមរម្យ​, មធ្យោបាយ​ដឹកជញ្ជូន​ងាយស្រួល​, ច្បាប់​វិនិយោគ​អំណោយ​​ផល និង​មាន​ទីផ្សារ​នាំចេញ​ច្រើន​ក្រោម​លក្ខខណ្ឌ​ពិសេស​ផ្នែក​ពន្ធគយ​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា និយាយថា ភាពអំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ ច្បាប់​វិនិយោគ​ល្អ តម្លៃ​ថាមពល និង​កម្លាំង​ពលកម្ម​សមរម្យ និង​ប្រព័ន្ធ​ដឹកជញ្ជូន​ល្អប្រសើរ បាន​ជួយ​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​កាន់តែច្រើន​ឱ្យចូល​មក​បើក​រោងចក្រ​នៅ​កម្ពុជា​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។ កំណើន​ការនាំចេញ​ផលិតផល​ម៉ាស៊ីន និង​ក្លាយជា​ចំណែក​សំខាន់​ក្នុង​ការជួយ​ប៉ះប៉ូវ​ពី​ការធ្លាក់ចុះ​ផលិតផល​វាយ​ន​ភណ្ឌ ដែល​បាន​កើតមាន​តាំងពី​ពាក់កណ្តាល​ឆ្នាំ​ ២០២២​។​

​លោក​បន្តថា នៅពេល​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក​ល្អ​ឡើងវិញ ចំនួន​ក្រុមហ៊ុន​មក​បណ្តាក់ទុន និង​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ប្រាកដជា​នឹង​កើន​កាន់តែច្រើន​។​

​លោក​និយាយថា​៖ «​ដោយសារ​ចំនួន​រោងចក្រ​ចូលមក​វិនិយោគ​នៅ​កម្ពុ​ជាមាន​កាន់តែច្រើន និង​វិស័យ​ដឹកជញ្ជូន​កាន់តែ​ប្រសើរ ដូច្នេះ​ការនាំចេញ​ផលិត​​ផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នឹងមាន​កាន់តែច្រើន​នាពេលខាងមុខ​»​។​

​ទិន្នន័យ​របស់ GDCE បង្ហាញថា ក្នុង​ឆ្នាំ ​២០២២ កម្ពុជា​ប្រមូលបាន​ប្រាក់​ជិត​ ២​ ពាន់​លាន​ដុល្លារ ពី​ការនាំចេញ​ផលិត​​ផល​លេខ​កូដ ៨៥ កើន ៨៤,៨ ​ភាគរយ ​ធៀប​ឆ្នាំ ​២០២១ ដែលមាន​ជាង ១,០៨​ ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​នាំចេញ​នេះ​ស្មើនឹង ៨,៩ ​ភាគរយ​នៃ​ចំនួន​ទឹក​ប្រាក់​នាំចេញ​សរុប​ដែលមាន​ចំនួន​ជាង ២,២ ៤៨ ​ពាន់​លាន​ដុល្លារ​៕