ភ្នំពេញៈ សមាគម​វា​រី​វប្បករ​កម្ពុជា បានឱ្យដឹងថា វា​រី​វប្បករ ដែល​បាន​ទុក​ស្រះ​ចិញ្ចឹម​ត្រី​ចោល ក្រោយពី​ប្រមូល​ផលកាល​ពី​ខែ​មេសា កន្លងទៅ ដោយ​ត្រី​ចុះថោក​ខ្លាំង​នោះ កាលពី​ខែកក្កដា​បាន​ងាក​មក​ចិញ្ចឹម​ត្រី​ឡើងវិញ​ហើយ បន្ទាប់ពី​តម្លៃ​ត្រី​មាន​ភាពល្អប្រសើរ​ជាង​មុន​។​

​លោក ឡែ​ម​ផូ​រ វរិ​ទ្ធិ មន្ត្រី​អភិវឌ្ឍន៍​សមាគម និង​ជា​អ្នកនាំពាក្យ​សមាគម​វា​រី​វប្បករ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៧ ខែវិច្ឆិកា ឆ្នាំ ​២០២៣​ ថា កាលពី​អំឡុង​ខែមីនា និង​មេសា កន្លងទៅ​មាន​វា​រី​វប្បករ​ប្រមាណ​ពី​ ៥០​ ទៅ​ ៦០​ ភាគរយ​បានសម្រេច​ចិត្ត​ទុក​ស្រះ​ឱ្យ​ទំនេរ​ចោល​ក្រោយ​ប្រមូល​ផល​រួច​ដោយ​មិនមាន​ការសម្អាត និង​ដាក់​កូន​ត្រី​ចិញ្ចឹម​បន្ត​ទេ ដោយសារតែ​តម្លៃ​ត្រី​ទាប​ខ្លាំងពេក​ដែល​ធ្វើឱ្យ​ពួកគាត់​មិនអាច​ចំណេញ​បាន ប៉ុន្តែ​ស្ថានភាព​នេះ បាន​ប្រែប្រួល ចាប់តាំងពី​ខែកក្កដា​មក​។

​លោក វរិ​ទ្ធិ បាន​ប្រាប់​ដូច្នេះ​ថា​៖«​នៅ​អំឡុង​ពេលមុន​បោះឆ្នោត នៅ​ខែកក្កដា តម្លៃ​ត្រី​ចាប់ផ្តើម​កើនឡើង​វិញ​ខ្លាំង ដោយ​ត្រី​ប្រា​ធ្លាប់តែ ១​ គីឡូក្រាម​ ៤ ០០០ ​រៀល បាន​ឡើងដល់ ​៥ ២០០ ​រៀល​,​ត្រី​ឆ្តោ ១​ គីឡូក្រាម ៩ ០០០ ​រៀល ឡើង​ ១២ ០០០ ​រៀល​។ ហេតុដូចនេះ អ្នក​ដែល​ធ្លាប់​សម្រេចចិត្តថា ផ្អាក​ចិញ្ចឹម​ត្រី បែរជា​ងាក​មក​ចាប់ផ្តើមរ​កកូន​ត្រី ដើម្បី​ចិញ្ចឹម​ត​ទៀត​»​។​

​លោក​បន្តថា​៖«​ប៉ុន្តែ វា​រី​វប្បករ​បាន​ជួប​ការលំបាក​ខ្លះ ដោយ​សារ​តែ​ផុត​ខែ​ដែល​សម្បូរ​កូន​ត្រី​ពូជ (​ខែឧសភា ឬ​មិថុនា​) ដែល​ធ្វើឱ្យ​វា​រី​វប្បករ​យើង​ពិបាក​រក​ទិញ​កូន​ត្រី​ពូជ​មក​ដាក់​។ ដូចនេះ​អ្នករក​ពូជ​បាន​ក៏​ចិញ្ចឹម អ្នកខ្លះ​ទៀត​រក​មិនបាន​ក៏​មិនបាន​ចិញ្ចឹម​ដែរ ដោយ​អ្នក​ដែលរ​កកូន​ត្រី​មក​ចិញ្ចឹម​បាន​មាន​ប្រហែល​ពាក់​កណ្តាល​នៃ​អ្នក​ធ្លាប់​ផ្អាក​ចិញ្ចឹម​»​។

​ការប្រមូល​ផល​ត្រី​នៅ​កម្ពុជា តែង​ធ្វើឡើង​នៅ​អំឡុង​ខែមេសា ឬ​ឧសភា ដោយសារតែ​ពេល​​វេលា​នោះ​លែងមាន​ទឹក ដូច្នេះ​ត្រូវតែ​លក់​ចេញ​។ ដោយឡែក​អ្នក​ចិញ្ចឹម​ត្រី​ក្នុង​ខែកក្កដា ឬ​ខែ​​សីហា គឺ​យក​ត្រី​ដែល​ធំ​ល្មម ​(​ទំហំ​១០​លី​) មក​ចិញ្ចឹម​បន្ត​។​

​លោក​បានឱ្យដឹងថា​៖«​មកទល់ពេលនេះ តម្លៃ​ត្រី​នៅ​ល្អ ចុះ​ត្រឹម​ ១០០​ រៀល​ទៅ​ ២០០ រៀល​ប៉ុណ្ណោះ ដែល​អាចឱ្យ​កសិករ​នៅតែ​ចំណេញ​បាន​។ បរិមាណ​ដែល​វា​រី​វប្បករ​ចិញ្ចឹម នៅក្នុង​ចុង​ឆ្នាំនេះ ​(​ខែវិច្ឆិកា និង​ធ្នូ​)​ ខ្ញុំ​គិតថា វា​នឹងមិន​ខ្វះ​ទេ បូកផ្សំ​នឹង​ត្រី​ធម្ម​ជាតិ​ខ្លះ​យើង​មិនបាច់​នាំចូល​ទេ​»​។​

​លោក ចាន់ សុវណ្ណ វា​រី​វប្បករ​ចិញ្ចឹម​ត្រី​ប្រា​នៅ​ខេត្តកំពង់ធំ ឱ្យដឹងថា លោក​ទើបតែ​ចាប់ផ្តើម​ដាក់​កូន​ត្រី​ចិញ្ចឹម​វិញ​កាលពី​ពាក់​កណ្តាលខែ​កក្កដា​កន្លង​ទៅ ដោយ​សារ​តែ​លោក​ទទួលបាន​ព័ត៌មាន​ថា តម្លៃ​ត្រី​បាន​កើនឡើង​ខ្ពស់​ដែលជា​ឱកាសល្អ​សម្រាប់​ការចិញ្ចឹម​ឡើងវិញ​។ មូលហេតុ​ដែល​លោក​បាន​ផ្អាក​ចិញ្ចឹម​នាពេល​កន្លងទៅ ​(​ឆ្នាំមុន​)​ ដោយសារតែ​តម្លៃ​ត្រី​ទាប​ពេក ដែល​ធ្វើឱ្យ​ការ​ចិញ្ចឹម​របស់លោក​មិន​ត្រឹមតែ​មិន​ចំណេញ​ទេ តែ​ថែមទាំង​ខាត​ទៀតផង​។ ហេតុដូចនេះ​លោក​ចង់ទុក​ស្រះ​ចោល ​២​ ទៅ ​៣ ​ឆ្នាំ​ សិន ដើម្បី​រង់ចាំ​មើល​តម្លៃ​ត្រី​នៅលើ​ទីផ្សារ​។​

​លោក​ចាន់ សុវណ្ណ បាន​ប្រាប់ថា​៖ «​ខ្ញុំ​ផ្អាក​ចិញ្ចឹម​ជា ង​១​ ឆ្នាំ​ហើយ​។ មូលហេតុ មកពី​កាល​ណោះ​ត្រី​ថោក​ពេក រកតែ​ថ្លៃដើម​មិនបាន​ផង​មាន​លុយ​ឯណា​ទៅ​បង់​ធនាគារ​។ តែ​កាលពី​ខែកក្កដា ខ្ញុំ​មើល​ពី​ព័ត៌មាន​តម្លៃ​ត្រី​លើ​ទីផ្សារ ឃើញថា បាន​ថ្លៃ​គួរសម ទើប​សម្រេច​ចិញ្ចឹម​វិញ​ទៅ​។ បើ​តម្លៃ​ដូច​រាល់ថ្ងៃនេះ យើង​អាច​ចំណេញ​បាន​សមរម្យ​»​។​

​បើតាម​សមាគម​វា​រី​វប្បករ​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ៦ ខែវិច្ឆិកា ស​ន្ទ​ស្សន៍​តម្លៃ​ត្រី​ស្រស់​នៅ​កសិដ្ឋាន ឬ​ស្រះ​ចិញ្ចឹម​មួយចំនួន​ក្នុង​ខេត្ត​គោលដៅ​ទាំង ​៦ ​មាន​ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្ត​ពោធិ៍សាត់ ខេត្តសៀមរាប និង ខេត្តបាត់ដំបង ត្រី​រ៉ស់​តម្លៃ ៦ ០០០ ​រៀល​ទៅ​ជាង ​៧ ០០០ ​រៀល​ក្នុង​ ១​គីឡូក្រាម ត្រី​អណ្តែងរឹង តម្លៃ​ជាង​ ៤ ០០០ ​រៀល​ទៅ ​៥ ០០០ ​រៀល​ក្នុង ​១ ​គីឡូក្រាម​។

​ត្រី​ទី​ឡាប់ព្យា​ក្រហម​តម្លៃ ​៨ ០០០​ រៀល​ទៅ​ ៩ ៥០០​ រៀល​ក្នុង​ ១​ គីឡូក្រាម ត្រី​ឆ្ពិន​តម្លៃ​ ៨ ៥០០ ​រៀល​ក្នុង ​១ ​គីឡូក្រាម ត្រី​ពោ តម្លៃ​ ៦ ០០០ រៀល​ទៅ​ ៧ ៥០០​ រៀល​ក្នុង​ ១ ​គីឡូក្រាម ត្រី​ប្រា តម្លៃ​ជាង​ ៥ ០០០​ រៀល​ក្នុង ​១ ​គីឡូក្រាម ត្រី​ឆ្តោ តម្លៃ​ ១០ ៥០០ ​រៀល​ទៅ​ ១២ ៥០០​ រៀល​ក្នុង ​១ ​គីឡូក្រាម និង​ត្រី​​ក្រាញ់​តម្លៃ ៦ ០០០ ​រៀល ទៅ​ ៧៥០០ ​រៀល​ក្នុង ​១ ​គីឡូក្រាម​៕