​ភ្នំពេញៈ ក្រុមហ៊ុន​អាជីវកម្ម​ជាង ៣,១​ ពាន់​ដែលមាន​ដើមទុន​សរុប​ជាង ៨,៩​ ពាន់​លាន​ដុល្លារ​អាមេរិក​បានទទួល​ជោគ​ជ័យ​លើ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​ ១ ខណៈ​កាល​ពី​ដើមឆ្នាំ​ ២០២៣ ក្រុមហ៊ុន​ចុះបញ្ជី​មាន​ចំនួន​ត្រឹម ២០ ៦៩៣ និង​ដើមទុន​ជាង ៥,៨១ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម Online Business Registration Service​។​

​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី ​១ ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យ​ដំ​​ណើ​រការ​កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​២០២០ ដែល​រួមមាន​ក្រសួង​-​ស្ថាប័នរដ្ឋ​ចំនួន ៦ ​ចូលរួម គឺ​ក្រសួងមហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​ពាណិជ្ជកម្ម​, ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​, អគ្គនាយកដ្ឋាន​ពន្ធ​ដារ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ក្រោយមក​រដ្ឋាភិបាល​ក៏បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ដំណាក់​កាលពី​ ២ នៅ​ថ្ងៃទី ​១៥ ខែកញ្ញា ឆ្នាំ​ ២០២១ និង​ដំណាក់កាល​ទី​ ៣ ថ្ងៃទី​ ២២ ខែមិថុនា ឆ្នាំ​ ២០២៣ ដោយបាន​បន្ថែម​​ក្រសួង​-​ស្ថាប័ន​មួយចំនួន​បន្ថែមទៀត​។​

​បណ្តាញ​សង្គម​ផ្លូវការ​របស់ Online Business Registration Service ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ (​ម៉ោង ២៣:៥៩​នាទី​) ចំនួន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ជោគ​​ជ័យ​តាម​ប្រព័ន្ធ Single Portal មាន​ចំនួន​សរុប ៣១ ០២៧ ​ក្រុមហ៊ុន ស្មើនឹង​ដើមទុន​ចុះបញ្ជី​សរុប ៨,៩១​ ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​ដែលមាន​ម្ចាស់​ជា​ស្ត្រី ស្មើនឹង ៣៨​ ភាគរយ និង​បុរស ៦២​ ភាគរយ​។ កាលពីដើមឆ្នាំ​ ២០២៣ (​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣) ក្រុម​ហ៊ុន​ទទួលបាន​ជោគជ័យ​លើ​ការចុះ​​បញ្ជី មាន ២០ ៦៩៣ និង​មាន​ដើម​ទុន ៥,៨១​ ពាន់​លាន​ដុល្លារ​។​

​ផ្អែក​តាម​តារាង គឺ​ក្នុងចំណោម​ទុនវិនិយោគ​ទាំង ៨,៩១ ​ពាន់​លាន​ដុល្លារ គឺ​ផ្នែក​សាងសង់​អគារ មាន​ដើមទុន​ប្រមាណ ១,១​ ពាន់​លាន​ដុល្លារ ស្មើនឹង ១២,៣៥​ ភាគរយ​, សកម្មភាព​សេវា​កម្ម​ស្នាក់នៅ ៩៤៨​ លាន​ដុល្លារ ស្មើ ១០,៦៥​ ភាគរយ​, ផ្នែក​អចលនទ្រព្យ ​(​ប្រើ​អចលនទ្រព្យ​ផ្ទាល់ខ្លួន ឬ​ជួ​លពី​គេ​) មាន​ដើមទុន ៩៤៤ ​លាន​ដុល្លារ ស្មើនឹង ១០,៦​ ភាគរយ​, សកម្មភាព​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង ៤៨៨​ លាន​ដុល្លារ ស្មើនឹង ៥,៤៨​ ភាគរយ​, កម្មន្តសាល​សម្លៀកបំពាក់ ​(​លើកលែង​សម្លៀកបំពាក់​ធ្វើ​ពី​រោមសត្វ​) ៤៦៩ ​លាន​ដុល្លារ ស្មើ ៥,២៦ ​ភាគរយ​, និង​ផ្នែក​ផ្សេងៗ​មាន​ដើមទុន ៤,៩៦ ​ពាន់​លាន​ដុល្លារ ស្មើ ៥៥,៦៧​ ភាគរយ​។​

Online Business Registration Service បានឱ្យដឹង​ទៀតថា ក្រៅពីនេះ​ក្រុមហ៊ុន​ទាំង ៣១ ០២៧​ ខាង​លើ ក៏មាន​ក្រុមហ៊ុន​ចំនួន ១៧ ១៦៤​ ផ្សេងទៀត ដែល​ទទួលជោគជ័យ​លើ​ការសុំ​នាម​ករ​ណ៍​បម្រុង​ទុក និង​មាន​ចំនួន​ ២ ត្រូវបាន​បដិសេធ​។​

​លោក ឈិន កេ​ន ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចាប់តាំងពី​ដាក់ឱ្យ​ដំណើរការ​កាលពី​ពាក់កណ្តាល​ឆ្នាំ ​២០២០ គឺ​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​ខាងលើ​បានទទួល​ការ​គាំទ្រ​យ៉ាងច្រើន​ពី​ម្ចាស់​អាជីវកម្ម​។ នៅពេល​នីតិវិធី​ការចុះបញ្ជី​មាន​ភាព​ងាយស្រួល ចំណេះដឹង​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​កាន់តែខ្លាំង ហើយ​ការអនុវត្ត​ច្បាប់​កាន់តែ​ល្អ​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​នឹង​កើនឡើង​។​

​លោក​ថ្លែងថា​៖«​ជាការ​កត់សម្គាល់​រប​ស់​ខ្ញុំ​ឃើញថា បន្ទាប់ពី​មានការ​ដាក់​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​ចុះបញ្ជី គឺ​ចំនួន​ក្រុមហ៊ុន​ដែល​បានស្នើ​ចុះបញ្ជី​មាន​សម្ទុះ​កើនឡើង​គួ​ឱ្យ​កត់សម្គាល់​។ ការកើនឡើង​នេះ​គឺ​ដោយសារ​ម្ចាស់​អាជីវកម្ម​ភាគច្រើន​បាន​យល់ដឹង និង​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ស្នើសុំ​ចុះបញ្ជី​ក្រុមហ៊ុន​ថ្មី​របស់ខ្លួន​»​។​

​លោក​លើកឡើង​ទៀតថា នារ​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សមត្ថ​ភាព ចំណេះដឹង និង​សម្ទុះ​នៃ​ការ​ងាក​ទៅ​ចាប់យក​បច្ចេកវិទ្យា​មកប្រើប្រាស់​បាន​កើន​ឡើងជា​បន្តបន្ទាប់ ខណៈ​រាជ​​រដ្ឋាភិបាល​ក៏​កំពុង​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យស្រប​ទៅតាម​ការវិវឌ្ឍ​ពិភពលោក​ផងដែរ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា នៅពេល​គ្រប់​អាជីវកម្ម​ទាំងអស់​ត្រូវបាន​ចុះបញ្ជី គឺ​វា​នឹង​ផ្តល់​ផល​វិ​ជ្ជ​មាន​ច្រើន​ទាំង​សម្រាប់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ជាពិសេស​ជួយ​ឱ្យគេ​អាច​ដឹង​ពី​ចំនួន​ប្រភេទ​អា​ជីក​ម្ម​ដែល​កំពុងមាន​ប្រតិបត្តិការ ដើម្បី​អាជ្ញាធរ​អាច​រៀបចំ​គោលនយោបាយ​កំណត់​ពន្ធ បើក​វគ្គ​បណ្តុះបណ្តាល ឬ​ដាក់ចេញ​គោលនយោបាយ​ជួយ​គាំទ្រ​ជាដើម​។

លោក​បន្ថែមថា កំណើន​នៃ​ការចុះបញ្ជី​នេះ​ក៏​បញ្ជាក់​អំពី​ការយល់ដឹង​របស់​ម្ចាស់​អាជីវកម្ម​ចំពោះ​កាតព្វកិច្ច​បំពេញ​ឯកសារ​ផ្លូវច្បាប់​ផងដែរ​។​

​លោក​ថ្លែងថា​៖​«​តាមរយៈ​ទិន្នន័យ​ពី​ការចុះបញ្ជី គឺ​នឹង​ជួយ​ឱ្យ​ការប្រកួត​​ប្រជែង​កាន់តែ​មាន​តម្លាភាព​ជាង​មុន ខណៈ​នីតិវិធី​ចុះបញ្ជី​ក៏​កាន់តែ​ងាយ​ស្រួល​ផងដែរ​»៕