ភ្នំពេញៈ កម្ពុជា​រកប្រាក់​បាន​ជិត ១​ ពាន់​លាន​ដុល្លារ​នៅក្នុង​រយៈពេល ៩ ​ខែ​ដើមឆ្នាំ​ ២០២៣ ពី​ការនាំចេញ​ផលិតផល​ស្បែក​ជើង និង​វត្ថុ​ប្រហាក់ប្រហែល ដែល​ចំនួន​នេះ គឺ​បាន​ធ្លាក់ចុះ​ប្រមាណ ១/៤ ​ដង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ ខណៈ​អ្នកជំនាញ​បាន​អះអាងថា​បណ្តាលមកពី​កត្តា​ខាងក្រៅ​ទាំងស្រុង​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​កញ្ញា ឆ្នាំ​ ២០២៣ ការនាំចេញ​ទំនិញ​ស្ថិតនៅក្នុង​ជំពូក​ (HS ២​ខ្ទង់​)​លេខ​កូដ ៦៤ ដែល​រួមមាន ស្បែកជើង ស្រោមជើង និង​វត្ថុ​​ប្រហាក់ប្រហែល ​(​ភាគ​របស់​វត្ថុ​ទាំងនេះ​) មាន​ទឹកប្រាក់​សរុប ៩៩១,៧៧ ​លាន​ដុល្លារ ធ្លាក់ចុះ ២៥,១ ​ភាគរយ​ធៀប​រយៈពេល​ ៩​ ខែ​ដើមឆ្នាំ​ ២០២២ ដែលមាន ១,៣២ ​ពាន់​លាន​ដុល្លារ​។

​ទឹក​ប្រាក់​នាំចេញ​ទំនិញ​លេខ​កូដ ៦៤ គឺ​ស្មើ​ប្រមាណ ៥,៩​ ភាគ​រយ​នៃ​ការនាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​រយៈ​ពេល​ ៩​ ខែ​ឆ្នាំ ​២០២៣ ដែលមាន ១៦,៩៥​ ពាន់​លាន​ដុល្លារ​។ កាលពី​រយៈ​ពេល ៩​ ខែ​ដើមឆ្នាំ​ ២០២២ ទឹក​ប្រាក់​នាំចេញ​ទំនិញ​លេខ​កូដ ៦៤ គឺ​ស្មើ​ ៧,៨​ ភាគរយ​នៃ​ការ​នាំចេញ​សរុប​ដែលមាន​ចំនួន ១៧,០៨ ​ពាន់​លាន​ដុល្លារ​។​

​ដោយឡែក​សម្រាប់​ខែកញ្ញា ឆ្នាំ​ ២០២៣ ការនាំចេញ​ស្បែក​ជើង ស្រោមជើង វត្ថុ​ប្រហាក់​ប្រ​ហែល​មាន​ទឹកប្រាក់ ១០១,១៧​ លាន​ដុល្លារ ថយ ២៨,៧​ភាគ​រយ​ពី ១៤១,៨១​ លាន​ដុល្លារ​ធៀប​ខែកញ្ញា ឆ្នាំ​ ២០២២​។​

​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុន​ថៃ កាល​ពី​សប្តាហ៍​មុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បញ្ហា​កំណើនសេដ្ឋកិច្ច​សកល​មិន​រឹងមាំ និង​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ព្រមទាំង​បរិមាណ​ការបញ្ជាទិញ​ដ៏​ច្រើន​កាលពី​ឆ្នាំ​ ២០២២ ដែល​នៅសល់​ក្នុង​ឃ្លាំង ​(​ក្រុមហ៊ុន​បញ្ជា​ទិញ​ក្រៅប្រទេស​)​រហូតដល់​ពេលនេះ គឺ​អាចជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ការនាំចេញ​ផលិតផល​ស្បែកជើង​ពី​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៣ នេះ​ធ្លាក់ចុះ​។ សម្រាប់​សមត្ថភាព​នៃ​ច្រវាក់​ផលិតកម្ម​កម្ពុជា​មិនបាន​ស្រុតចុះ​ឡើយ ប៉ុន្តែ​កំពុង​កើន​ឡើងជា​លំដាប់​តាមរយៈ​កំណើន​នៃ​ការបណ្តាក់ទុន​ថ្មីៗ ដែល​ត្រូវ​បានប្រកាស​ឱ្យដឹងពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​។​

​លោក​បាន​បញ្ជាក់ថា​៖«​កត្តា​សំខាន់​ដែល​ធ្វើឱ្យ​ការនាំចេញ​ស្បែកជើង និង​វត្ថុ​ប្រហាក់​ប្រ​ហែល​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ធ្លាក់ចុះ គឺ​ដោយសារ​ការ​ធ្លាក់ចុះ​តម្រូវការ​សកល ខណៈ​វិបត្តិ​បណ្តាលមកពី​សង្គ្រាម​នៅក្រៅ​ប្រទេស ក៏​ជា​ចំណែក​ដែល​បង្កឱ្យមាន​ផល​អវិជ្ជមាន​ទាំង​អស់នេះ​ដែរ​»​។​

​លោក​បន្ថែមថា សម្រាប់​រយៈ​ពេល​នៅសល់​នៃ​ឆ្នាំ​ ២០២៣ (​រដូវ​កាល​អ្នកទេសចរ​ដើរលេង​ច្រើន​)​ និង​ចាប់ពី​ដើមឆ្នាំ​ ២០២៤ តទៅ ការនាំចេញ​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់​ប្រ​ហែល ត្រូវបាន​រំពឹងថា​នឹង​កើន​​ឡើងវិញ​ជា​បណ្តើរៗ​។​

​លោក​អះអាងថា​៖«​យើង​មាន​សុទិដ្ឋិនិយម​ថា​ឆ្នាំ​ ២០២៤ ការ​បញ្ជា​ទិញ​នឹង​កើន​វិញ​ខ្លះៗ​»​។​

​បើតាម ឃុន​ថៃ ផលិតផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល​ដែល​ផលិត​នៅ​កម្ពុជា​ត្រូវបាន​នាំទៅ​គោល​ដៅ​សំខាន់ៗ​មួយចំនួន​ដូចជា អាមេរិក​, អឺរ៉ុប​, កាណាដា​, អង់​គ្លេ​ស និង​ប្រទេស​ក្នុង​តំបន់​។ ស្បែកជើង​ផលិត​នៅ​កម្ពុ​ជាមាន​ម៉ាក​អន្តរជាតិ​ល្បីៗ​ដូចជា Adidas, Clarks, និង Timberland ជាដើម​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានឱ្យដឹងថា ផលិតផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់​ប្រ​ហែល គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។ បច្ចុប្បន្ននេះ​រោងចក្រ​ផលិត​ស្បែកជើង និង​វត្ថុ​ប្រហាក់ប្រហែល​បាន​បង្កើត​ការងារ​យ៉ាងច្រើន​សម្រាប់​ប្រ​ជា​ពលរដ្ឋ​ខ្មែរ និង​រកចំណូលបាន​រាប់រយ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​។

​លោក​បន្តថា ការធ្លាក់ចុះ​តម្រូវការ​ផលិតផល​ទាំងអស់នេះ គឺ​ដោយសារ​កំណើន​សេដ្ឋ​កិច្ច​ប្រទេស​ដែលជា​គោលដៅ​នាំចេញ​របស់​កម្ពុជា​ជួប​បញ្ហា ខណៈ​វិស័យ​ទេសចរណ៍​ពិភព​លោក​ក៏​មិនសូវ​ល្អ​ដែរ​ក្នុង​រយៈ​​ពេល​ជិត ៤​ ឆ្នាំ​មកនេះ​។​

​លោក​ប្រាប់ថា​៖«​នៅពេល​កំណើនសេដ្ឋកិច្ច​សកល​ល្អ​មនុ​ស្សនឹង​ចេញ​ធ្វើ​ទេសចរណ៍​ច្រើន ដូច្នេះ​តម្រូវការ​ស្បែក​ជើង និង​វត្ថុ​ប្រហាក់ប្រហែល​ក៏​នឹង​កើន​ឡើងវិញ​ដែរ​»​។​

​ក្នុង​ឆ្នាំ​ ២០២២ ការនាំចេញ​ទំនិញ​ក្នុង​ជំពូក ​(HS ២​ខ្ទង់​)​ លេខ​កូដ ៦៤ មានតម្លៃ​សរុប ១,៧៤ ​ពាន់​លាន​ដុល្លារ កើន​​ឡើង ២៤,៨ ​ភាគរយ​បើ​ធៀប​ឆ្នាំ​២០២១ ដែលមាន ១,៣៩​ ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​នាំចេញ​ទំនិញ​លេខ​កូដ ៦៤ គឺ​ស្មើ​ប្រមាណ ៧,៧​ ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ២២,៤៨​ ពាន់​លាន​ដុល្លារ​៕