សហរដ្ឋ​អាមេរិក​​ កាល​ពី​ថ្ងៃ​ពុធ​ បាន​ប្រកាស​​ពី​គម្រោង​​សាង​សង់​​ចំណតផែ​កុងតឺន័រ​ថ្មី​មួយដែល​មាន​តម្លៃ​ ៥៥៣ លាន​ដុល្លារ​អាមេរិក​ ​នៅ​ទីក្រុង​កូឡុំ​បូ​ នៃ​ប្រទេស​ស្រី​លង្កា​ ​ដែល​គេ​មើល​ឃើញ​ថា​ជា​​ផ្នែក​មួយ​នៃ​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេ​ស​ចិន​ លើ​​ការ​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​អន្តរជាតិ​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

​ទីភ្នាក់ងារសាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ (DFC) បាន​និយាយ​ថា​ ​​​គម្រោង​​នេះ​​​គឺ​​ជា​ការ​ផ្តល់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​សំខាន់​សម្រាប់​ស្រី​លង្កា​ ​ជាមួយ​នឹង​ស​ក្តានុពល​​ផ្លាស់​ប្តូរ​រដ្ឋ​ធានី​កូឡុំ​បូ​ ទៅ​ជា​​​មជ្ឈ​មណ្ឌល​ដឹក​ជញ្ជូន​លំដាប់​ពិភព​លោក​នៅ​ចំនុច​ប្រសព្វ​នៃ​ផ្លូវ​ដឹក​ជញ្ជូន​សំខាន់​ៗ​ និង​ប្រទេ​ស​ទីផ្សារ​​​កំពុងរីកចម្រើន​។ ​

​នាយក​ប្រតិបត្តិ​ DFC ​លោក​ Scott Nathan បាន​ថ្លែង​ថា​ ការ​ប្តេជ្ញា​ចិត្ត​របស់ ​DFC ​ក្នុង​ការ​ផ្ដល់​ប្រាក់​ចំនួ​ន​ ៥៥៣ លាន​​ដុល្លារ​ ជា​ប្រាក់​កម្ចី​ឯកជន​​ ដើម្បី​សាង​សង់​ចំណតផែ​កុងតឺន័រ​​ភាគ​ខាង​លិច​​របស់​​​ប្រទេស​​ស្រីលង្កា​ ​​នឹង «​​​ពង្រីក​សមត្ថភាព​ដឹក​ជញ្ជូន​របស់ប្រទេស​​នេះ​​ បង្កើត​ភាព​រុង​រឿង​កាន់​តែ​ច្រើន​សម្រាប់​ស្រី​លង្កា​​ដោយ​មិន​បន្ថែម​បំណុល​ជាតិ​ ​​ខណៈ​​ពង្រឹង​ជំហរ​របស់​សម្ព័ន្ធ​មិត្ត​របស់​យើង​នៅ​ទូទាំង​តំបន់​»។ ​

​ការ​ផ្តល់​ហិរញ្ញប្បទាន​​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ កើត​ឡើង​ខណៈ​ស្រី​លង្កា​កំពុង​ត្រដាប​ត្រដួស​​ងើប​ឡើង​វិញ​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​ និង​សេដ្ឋកិ​ច្ច​ធ្ងន់​ធ្ងរ​។​

​DFC ​បាន​និយាយ​ថា​ កំពង់ផែ​កូឡុំបូ​បាន​ដំណើរការ​ស្ទើរ​តែ​ពេញ​ចំណុះ​ផែ​តាំង​ពី​ឆ្នាំ​ ២០២១ មក​ ​ហើយ​​កំពង់ផែ​ថ្មី​​នឹង​បំពេញ​តម្រូវការ​សេដ្ឋកិច្ច​ដែល​កំពុង​រីក​ចម្រើន​នៅ​ឈូង​សមុទ្រ​បេងហ្គាល់​​។​ ដៃគូ​ក្នុង​ស្រុក​នឹង​រួម​បញ្ចូល​ក្រុមហ៊ុនស្រី​លង្កា​​ John Keells Holdings ​​និង​ក្រុម​ហ៊ុន​ឥណ្ឌា​​ Adani Ports & Special Economic Zones Limited ​​ដែល​​កាន់​កាប់​ភាគ​ហ៊ុន ​៥១ ភាគរយ​នៅ​ចំណតផែ​កុងតឺន័រ​​ភាគ​ខាង​លិច​។

លោក​ Nathan ​បាន​និយាយ​ថា​ DFC ​ផ្តល់​ប្រាក់​កម្ចី​ដោយ​ផ្ទាល់​ដល់​ក្រុម​ហ៊ុន ​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​សាង​សង់​ ដោយ​បន្ថែម​ថា​៖ «​វា​ជា​អាទិភាព​ខ្ពស់​សម្រាប់​សហរដ្ឋ​អាមេរិក ​ក្នុង​ការ​ធ្វើ​សកម្មភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​​-​ប៉ាស៊ីហ្វិក​» ព្រោះ​ថា​ ​​តំបន់​នេះ​គឺ​ជា​ម៉ាស៊ីន​កំណើន​សេដ្ឋកិច្ច​របស់​ពិភព​លោក ​និងមា​ន​សក្តានុពល​ដ៏​ធំ​មួយ​ក្នុង​ការ​បង្កើត​ផល​​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍន៍​។​

​​គួរ​​បញ្ជាក់​ថា​ អាមេរិក​បង្កើត​ភ្នាក់ងារ​ DFC ​​កាល​ពី​ ៥​ ឆ្នាំ​ មុន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធនាការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ពិភព​លោក​ដ៏​ធំ​របស់​ទីក្រុង​ប៉េកាំង​ ដែល​គេ​ស្គាល់​ថា​ ​​គំនិ​តផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់​ និង​ផ្លូវ​។​ តាម​រយៈ​គំនិត​ផ្ដួច​ផ្ដើម​​​នោះ​ ទីក្រុង​​ប៉េកាំង​បាន​វិនិយោគ​រាប់​សិប​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ ដើម្បី​សាង​សង់​ផ្លូវ​ថ្នល់​ ផ្លូវ​ដែក​ កំពង់ផែ ​និង​អាកាសយានដ្ឋាន​ ដែល​ជា​ធម្មតា​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម ​និង​សុច្ឆន្ទៈ​ចំពោះ​​ប្រទេស​ចិន​។​

​គម្រោង​​​មួយ​​​ចំនួ​ន​​ក្នុង​​ចំណោម​​​នោះ​ ​បា​ន​​បង្កើន​​ភាព​​ចម្រូង​ចម្រាស​ រួម​ទាំង​​កំពង់ផែ​ Hambantota ​របស់​​ស្រីលង្កា​ នៅ​​ឆ្នេ​រ​​ភាគ​​អាគ្នេយ៍​​របស់​ប្រទេស​នេះ​។​​ស្រីលង្កា​បាន​ខ្ចី​ប្រាក់​យ៉ាង​ច្រើន​ពី​ប្រទេស​ចិន ​ដើម្បី​សា​ង​​សង់​កំពង់ផែ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ទៀត​ រួម​ទាំង​ព្រលាន​យន្តហោះជា​ដើម​។ គម្រោង​​ទាំ​ង​នោះ​​បាន​​បរាជ័យ​​ក្នុង​​ការ​​ទទួល​​បាន​​ប្រាក់​​ចំណូល​​គ្រប់​​គ្រាន់​ដើម្បី​សង​ប្រាក់​​ក​ម្ចី​ ហើយ​​នៅ​​​ឆ្នាំ​ ២០១៧​ ស្រីលង្កា​​​បាន​​ផ្ដល់​​​កំពង់ផែ​​សមុទ្រ​​នៅ ​Hambantota​ ទៅ​ឱ្យ​ចិន​គ្រប់​គ្រង​​។ ​​

​បំណុល​រាប់​ពាន់​លាន​ដុល្លារ​ដែល​ស្រីលង្កា​ជំពាក់​​ចិន​ ​​បាន​រារាំង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​នេះ​ដើម្បី​​ដោះ​ស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ហើយ​ជា​រឿយ​ៗ​ ត្រូវ​បាន​អ្នក​រិះ​គន់​ចិន​លើក​ឡើង​ធ្វើ​ជា​​ភស្តុ​តាង​ថា​ ​BRI ​គឺ​ជា​អន្ទាក់​បំណុល​។ យ៉ាង​ណា​មិញ​ ចិន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​បែប​នេះ​៕​