​ភ្នំពេញៈ សមាជិក​រដ្ឋសភា និង​ជា​អតីតរដ្ឋមន្ដ្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា កម្ពុជា​ចាំបាច់​ត្រូវ​រក្សា​ការបើកចំហ​ទីផ្សារ​សម្រាប់​ទំនិញ និង​សេវាកម្ម ដែល​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​រក្សា​ការប្រកួតប្រជែង និង​ដើម្បី​ទូទាត់​ជាមួយនឹង​ការបាត់បង់​ការអនុគ្រោះ​ពាណិជ្ជកម្ម ដោយសារ​ការចាកចេញ​ពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត ​(LDC) នាពេលខាងមុខ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ភាពជា​អ្នកដឹកនាំ​សម្រាប់​កិច្ចប្រជុំ​ជំនួប​កំពូល​ផ្តោតលើ​មូលបទ ​«​ស្រមៃ​ដល់​អនាគត​កម្ពុជា​ដោយ​សហ​បង្កើត​ទស្សនវិស័យ​រួម​សម្រាប់​ឆ្នាំ​ ២០៥០» នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា លោក សូរ​ស័ក្តិ បាន​បញ្ជាក់ថា កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​ការផ្ដល់​ពន្ធ​អនុគ្រោះ​ពិសេស ឬ S&DT ស្របតាម​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​។

​ការផ្ដល់​ពន្ធ​អនុគ្រោះ​ពិសេស ឬ S&DT ក្រោម​ប្រ​ព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ជាមួយ​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក អនុញ្ញាតឱ្យ​កម្ពុជា​ទទួលបាន​លទ្ធភាព​ចូលក្នុង​ទីផ្សារ​ដោយ​អនុគ្រោះ​ពន្ធ និង​ការ​អនុ​គ្រោះ​ពន្ធ​ផ្សេងទៀត​ពី​សមាជិក​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុងអភិវឌ្ឍន៍ រួម​ទាំង​លទ្ធភាព​ចូល​ទីផ្សារ​ដោយ​មិន​គិត​ពន្ធ និង​កូតា ​(DFQF) ដូចជា​ការ​អនុ​​គ្រោះ​ពន្ធ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ ​(EBA)​ និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ការលើកលែង​សេវា​កម្ម​របស់​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​បំផុត​ (LDC) ​សម្រាប់​សេវាកម្ម​ដែល​ផ្តល់​ដោយ LDCs បន្ត​រយៈពេល​ផ្លាស់ប្តូរ​ដើម្បី​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​កិច្ចព្រមព្រៀង TRIPS និង​កិច្ច​ព្រម​ព្រៀង​ផ្សេងៗ​ទៀត​។​

​លោក​បាន​ថ្លែងថា​៖ «​នៅ​ឆ្នាំ​ ២០២៤ កម្ពុជា​នឹង​ឆ្លងកាត់​ការត្រួតពិនិត្យ​រយៈ​ពេល ៣​ ឆ្នាំ​ទៀត ហើយ​បើសិន​យើង​បន្ត​បំពេញ​តាម​លក្ខណវិនិច្ឆ័យ​នៃ​ការចាក​ចេញ​នេះ​បាន កម្ពុជា​កំពុង​ស្ថិតនៅ​លើផ្លូវ​ដើម្បី​ចាកចេញ​ពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត ​(LDC)​ លឿន​បំផុត​នៅ​ឆ្នាំ​ ២០២៧»​។​

​លោក​លើកឡើងថា​៖ «​អ្វីដែល​មានន័យ​នេះ​គឺថា S&DT ដែល​យើង​ទទួល​បាន​ក្នុងឋានៈ​ជា LDC នឹងមិន​អនុវត្ត​ទៀត​ទេ ហើយ​កម្ពុជា​នឹងត្រូវ​អនុវត្តតាម​ការ​ប្តេជ្ញាចិត្ត និង​កាតព្វកិច្ច​ក្នុងនាម​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅក្នុង​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំៗ ដូចជា​ប្រទេស​ចិន ឥណ្ឌា និង​ឥណ្ឌូនេស៊ី​»​។​

​លោក​បន្ថែមថា ក្នុង​រយៈពេល​ខ្លី​ទៅ​មធ្យម ការរក្សាបាន​លទ្ធភាព​ទទួល​បាន​ទីផ្សារ​បើកចំហ​ស​ម្រា​ប់​ទំនិញ និង​សេវាកម្ម គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​រក្សា​ការប្រកួតប្រជែង​ដើម្បី​ប៉ះប៉ូវ​ដល់​ការបាត់បង់​ការអនុគ្រោះ​ពាណិជ្ជកម្ម ដោយសារ​ការចាកចេញ​ពី​ឋានៈ​នេះ​។​

​លោក​បញ្ជាក់ថា​៖ «​ការណ៍​នេះ​ជាហេតុ​ផល​ដែល​កម្ពុ​ជាមាន​សកម្មភាព​ខ្លាំង​បំផុត​ក្នុងអំឡុង​ពេលដែល​ខ្ញុំ​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការបន្ត​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នៅក្រៅ​ក្រប​ខ័​ណ្ឌ​អាស៊ាន​។ គោលការណ៍​នេះ​ត្រូវ​បានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ហើយ​ត្រូវបាន​គូស​បញ្ជាក់​ម្តងទៀត​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី១ ជា​ឧបករណ៍​មួយ​សម្រាប់​ប្រភព​នៃ​កំណើន​ថ្មី​»​។​

​លោក​បាន​បន្តថា ដោយយោង​តាម​គោលនយោបាយ​នេះ រហូត​ដល់ពេល​នេះ កម្ពុជា​បង្កើតបាន FTA ទ្វេភាគី​ចំនួន ​៣ ជាមួយ​ប្រទេស​ចិន កូរ៉េ និង​អារ៉ាប់​រួម ក្នុងនោះ FTA បន្ថែមទៀត​កំពុង​ត្រូវបាន​សិក្សា​។​

​លោក គី សេរី​វឌ្ឍន៍ សេដ្ឋវិទូ​នៅ​រាជបណ្ឌិត្យសភាកម្ពុជាឱ្យដឹងថា ការ​បង្កើន​ការនាំ​ចេញទៅ​ទីផ្សារ​សំខាន់ៗ​ដូចជា​អឺរ៉ុប និង​អាមេរិក​។​

​លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​កែលម្អ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​យើង ផលិត​កម្មករ​ជំនាញ​ឱ្យបាន​ច្រើន និង​ទាញយក​ផលប្រយោជន៍​ពេញ​លេញ​ពី FTA ដែលមាន​ស្រាប់ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​របស់​យើង​បន្ទាប់ពី​ការចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​៕