​ភ្នំពេញៈ ផ្នែក​ឯកជន​លើកឡើងថា យន្តការ​លើកលែង​ការពិន័យ​អន្ត​រការ​ណ៍​ជា​ប្រាក់​នៃ​ការ​ហួស​សុពលភាព​អាជ្ញាប័ណ្ណ​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អ្នកបកប្រែ​ភាសា ដែល​រាជរដ្ឋាភិបាល​ទើប​ប្រកាស​ដាក់ឱ្យអនុវត្ត នឹង​ក្លាយជា​កម្លាំងចលករ​ក្នុង​ការជួយ​លើក​ទឹក​ចិត្ត​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អ្នក​បក​​ប្រែភាសា ឱ្យ​នាំគ្នា​ចូលមក​បម្រើការ​ក្នុង​វិស័យនេះ​ឡើងវិញ​។​

​សេចក្តីជូនដំណឹង​ក្រសួង​ទេសចរ​ណ៍ កាលពី​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ស្តីពី​ការ​​លើកលែង​ការពិន័យ​អន្តរការណ៍​ជា​​ប្រាក់​ចំពោះ​ការ​ហួស​សុពលភាព​នៃ​អាជ្ញាប័ណ្ណ​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អ្នកបកប្រែ​ភាសា​បន្ត​ពី​មគ្គុទ្ទេសក៍​ទេសចរណ៍ ឱ្យដឹងថា ដើម្បី​ជា​យន្តការ​លើកទឹកចិត្ត​ដល់​លោក​លោកស្រី​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អ្នកបកប្រែ​ភាសា​បន្ត​ទាំងអស់​សំដៅ​ចូលរួម​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង​ការពិន័យ​អន្ត​រការ​ណ៍​ជា​ប្រាក់​ចំពោះ​ការ​ហួស​សុពលភាព​អាជ្ញាប័ណ្ណ​មគ្គុទ្ទេសក៍​ទេសចរណ៍​គ្រប់​កម្រិត និង​ការ​ហួស​សុពលភាព​បណ្ណ​អនុញ្ញាត​អ្នកបកប្រែ​ភាសា​បន្ត ដោយ​អនុវត្ត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ ២០២៤​។​

​ទោះបីយ៉ាងណា​សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖«​មគ្គុទ្ទេសក៍​ទេសចរណ៍​និង​អ្នកបកប្រែ​ភាសា​បន្ត ដែលមាន​អាជ្ញាប័ណ្ណ​ទេសចរណ៍ និង​បណ្ណ​អនុ​ញ្ញាត​ហួស​សុពលភាព​ត្រូវ​រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ​បន្ដ​អាជ្ញាប័ណ្ណ​ទេស​ចរណ៍ ឬ​បណ្ណ​អនុញ្ញាត​នៅតាម​មន្ទីរ​​ទេសចរណ៍​រាជធានី ខេត្ត​»​។​

​សេចក្តីជូនដំណឹង​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុង​វេទិកា​រាជរដ្ឋាភិបាល​​ផ្នែក​ឯកជន លើក​ទី ​១៩ កាលពី​ថ្ងៃទី​ ១៣ ខែវិច្ឆិកា លើកឡើងថា រាជរដ្ឋាភិបាល​នឹង​ផ្តល់​ការអនុគ្រោះ​លើកលែង​ការ​​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំពោះ​ការ​ហួស​សុពលភាព​អាជ្ញាប័ណ្ណ​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អ្នកបកប្រែ​ភាសា​បន្ត​ពី​មគ្គុទេសក៍​ទេសចរណ៍​ដោយ​ទុកពេល​ដល់​ដំណាច់​ខែមីនា ឆ្នាំ​ ២០២៤​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ថា វិបត្តិ​កូ​វីដ ​១៩ រយៈពេល​ជាង ៣​ ឆ្នាំ​មកនេះ បានធ្វើឱ្យ​អ្នកធ្វើការ​ផ្ទាល់​ក្នុង​វិស័យ​ទេសចរណ៍​ដូចជា មគ្គុទ្ទេសក៍​ទេសចរ​ណ៍ និង​អ្នកបកប្រែ​ភាសា​ជាច្រើន​ងាក​ចេញទៅ​ចាប់​មុខរបរ​ផ្សេង ដែល​ធ្វើឱ្យ​អាជ្ញាប័ណ្ណ​ពួកគាត់​ហួស​សុពលភាព​។​

​លោក​បន្តថា ការផ្តល់​ភាពអនុគ្រោះ​លើកលែង​ការពិន័យ​អន្តរការណ៍​ជា​ប្រាក់​ ចំពោះ​ការ​ហួស​សុពលភាព​នេះ នឹង​ជួយ​លើកទឹកចិត្ត​អតីត​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អ្នកបកប្រែ​ភាសា ឱ្យ​ចូលមក​បម្រើការ​ក្នុង​វិស័យ​ទេសចរ​ណ៍​ឡើងវិញ​ទោះបី​ក្នុង​ពេលនេះ​ចំនួន​ភ្ញៀវ​បរទេស​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ នៅមាន​ចំនួន​តិចតួច​ធៀប​នឹង​មុន​វត្តមាន​វិបត្តិ​ជំងឺ​កូ​វីដ ​១៩​។​

​លោក​អះអាងថា​៖«​ការលើកលែង​ការពិន័យ​ជា​ប្រាក់​សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អ្នកបកប្រែ​ភាសា​នាពេលនេះ គឺ​ពិតជា​ល្អ​ណាស់ ព្រោះថា​ទោះ​ពេលនេះ​ចំនួន​ទេសចរ​បរទេស​កើន​ជាង​រយៈពេល ២-៣ ​ឆ្នាំមុន និង​ការដាក់ឱ្យ​ដំណើរការ​ព្រលាន​យន្ត​ហោះ​សៀមរាប​អង្គរ ប៉ុន្តែ​បើ​និយាយ​ពី​ចំណូល​ដែល​ពួកគាត់​ទទួល​ធ្លាប់​រកបាន​មុនពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ គឺ​នៅ​ខុសគ្នា​ឆ្ងាយ​ណាស់​»​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​បា​ស៊ី​ហ្វិ​ក​កម្ពុជា លោក ធួន ស៊ីណាន បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ដោយ​លោក​លើកឡើងថា ការលើកលែង​ការពិន័យ​នេះ​នឹង​ជួយ​ឱ្យ​ប្រតិបត្តិ​ករ​ផ្នែក​នេះ​មានលទ្ធភាព​កាន់តែច្រើន​ក្នុងការ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ដែល​កំពុង​មានការ​ងើបឡើង​វិញ​ជា​បណ្តើរៗ​។​

​លោក​ថ្លែងថា​៖«​ខ្ញុំ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​នានា​របស់រ​ដ្ឋា​ភិ​បាល​ជា​ពិសេស​ចំពោះ​ការលើកលែង​ពន្ធ​សម្រាប់​សម្រាល​បន្ទុក​ដល់​ភាគី​ពាក់​​ព័ន្ធ​ដែលជា​ប្រតិបត្តិ​ករ​នៅក្នុង​វិស័យនេះ​។ ការណ៍​នេះ​ក៏​ជួយ​ជំរុញ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ដែល​កំពុងមាន​សន្ទុះ​ឡើងវិញ​នៅក្នុង​រយៈ​​ពេល​ចុងក្រោយ​នេះដែរ​»​។​

​ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈ​ពេល ៩ ​ខែ ឆ្នាំ​ ២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប​ជាង ៣,៩២​ លាន​នាក់ កើន ២១០,២​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។​

​ឆ្នាំ​ ២០១៩ គឺជា​ពេលដែល​កម្ពុជា ​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ច្រើន​បំផុត​ដោយមាន​ចំនួន ៦,៦១ ​លាន​នាក់ កើន ៦,៦ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៨​។ ក្នុងចំណោម​នោះ​ភ្ញៀវ​មកពី​ប្រទេស​ថៃ វៀតណាម ចិន និង​ឡាវ មាន​សរុប ៣,៩៧​ លាន​នាក់ ស្មើ ៦០,០៦ ​ភាគ​រយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​៕

​ភ្ញៀវ​អន្តរជាតិកម្សាន្តនៅកម្ពុជា កន្លងមក។ រូប Sihanaoukville Autonomous Port