​ភ្នំពេញៈ តម្លៃ​មធ្យម​នៃ​ផលិត​ផល​ទឹកមាត់​ត្រចៀកកាំ​កម្ពុជា ក្នុង​រយៈពេល​ជាង ១០​ ​​ខែ ឆ្នាំ​​ ​២០២៣ នេះ​បាន​រក្សា​ប្រហាក់​​ប្រហែល​នឹង​ឆ្នាំ​ ​២០២២ ដដែល ខណៈ​ចំនួន​ផ្ទះ​អភិរក្ស​ (​ផ្ទះ​ត្រ​​ចៀក​កាំ​) និង​ទិន្នផល​ប្រមូលបាន​កំពុង​កើនឡើង​។ នេះ​បើ​យោងតាម​លោក ណា​ង សុធី ប្រធាន​សហព័ន្ធ​សម្បុក​ត្រចៀក​​កាំ​កម្ពុជា​។​

​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាល​​ពីថ្ងៃ​ទី ​២០ ខែវិច្ឆិកា លោក ណា​ង សុធី ឱ្យដឹងថា ផលិតកម្ម​ទឹកមាត់​ត្រចៀកកាំ​នៅ​កម្ពុជា បានបង្ហាញ​ពី​ការបោះ​ជំហាន​ទៅ​មុខជា​បន្តបន្ទាប់ ទាំង​ចំនួន​ផ្ទះ​អភិរក្ស​សត្វ​ត្រចៀកកាំ និង​ទិន្នផល​ប្រមូលបាន​ពី​ត្រចៀកកាំ​។

ទោះយ៉ាងណា​តម្លៃ​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន ដោយ​សម្បុក​ត្រចៀក​កាំ​មិនទាន់​សម្អាត មានតម្លៃ​ពី ៥៥០-៦៨០ ​ដុល្លារ ​ក្នុង ​១ ​គីឡូ​​ក្រាម និង​សម្អាត​រួច​តម្លៃ​ចន្លោះ​ពី ១ ៥០០ ទៅ ៣ ៥០០ ដុល្លារ​ (​អាស្រ័យ​លើ​កម្រិត​សម្អាត​)​។ 

លោក​បន្តថា ទោះ​តម្លៃ​មិន​កើន​ឡើង ប៉ុន្តែ​និន្នាការ​វិនិយោគ​លើផ្ទះ​ត្រ​ចៀ​កាំ​នៅ​កម្ពុជា គឺ​កើន​ឡើងជា​បន្តបន្ទាប់ ដោយសារ​ក្តី​រំពឹង​លើ​ទីផ្សារ​នាំចេញ​ក្រៅប្រទេស ពិសេស​ប្រទេស​ចិន​។​

​លោក​និយាយថា​៖ «​សម្រាប់​តម្លៃ​ផលិតផល​ត្រចៀកកាំ​ក្នុងឆ្នាំនេះ គឺ​ប្រហែល​នឹង​ឆ្នាំមុន ប៉ុន្តែ​ទិន្នន័យ​ដែល​ប្រមូលបាន​កើនឡើង​ក្នុង​រង្វង់​ពី ២០-២៥​ ភាគរយ​រៀងរាល់ឆ្នាំ​។ កំណើន​ទិន្នផល គឺ​ដោយសារ​ចំនួន​សត្វ​​ត្រចៀកកាំ​កើនឡើង​»​។​

​បើតាម​លោក សុធី នៅ​កម្ពុជា​បច្ចុប្បន្ន​អាចមាន​ផ្ទះ​ត្រ​ចៀ​កាំ ចន្លោះ​ពី ៣ ៥០០-៥ ០០០​ ខ្នង​ផ្ទះ និង​ផ្តល់​ផល​ប្រហែល ៤,៥​ តោន ​ក្នុង ​១ ​ខែៗ​។ ទិន្ន​ផល​ដែល​ប្រមូលបាន​ប្រហែល ៨០ ​ភាគរយ​ ត្រូវបាន​នាំ​ចេញទៅ​ក្រៅប្រទេស​។​

​ទាក់ទង​នឹង​ទីផ្សារ​ប្រទេស​ចិន លោក ណា​ង សុធី លើក​ឡើង​ថា បើ​ប្រទេស​ចិន​អនុញ្ញាតឱ្យ​កម្ពុជា​នាំចូល​ជា​ផ្លូវការ​នោះ តម្លៃនឹង​អាច​កើនឡើង​ខ្ពស់ជាង​ពេលនេះ​។ ទោះ​ពេលនេះ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ​កម្ពុជា មិនទាន់មាន​ច្បាប់​អនុ​ញ្ញាត​ផ្លូវការ​នាំទៅ​ប្រទេស​ចិន ប៉ុន្តែ​ក៏មាន​ការនាំ​ចូល​ក្រៅ​ផ្លូវ​ការ​មួយចំនួន​ទៅហើយ​។​

​រដ្ឋលេខាធិការ​ក្រសួង​ពា​ណិ​ជ្ជ​កម្ម លោក សំហេង បូរ៉ា ក្នុងឱកាស​ចូលរួម​ «​វេទិកា​ធុរកិច្ច​សម្បុក​ត្រចៀកកាំ​កម្ពុជា​»​ កាល​​ពីថ្ងៃ​ទី ​២៤-២៥ ខែតុលា ឆ្នាំ​ ២០២៣ លើកឡើងថា ការធ្វើ​អាជីវកម្ម​ផលិតកម្ម​ត្រចៀកកាំ​នៅ​កម្ពុជា​កំពុង​កើន​ឡើងជា​បន្ត​បន្ទាប់ តាមរយៈ​កំណើន​នៃ​ការ​សាង​សង់ផ្ទះ​ត្រចៀកកាំ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស​។ លោក​បន្តថា ទន្ទឹមនឹង​កំណើន​ផ្ទះ​អភិរក្ស​នេះ គេ​ក៏​ត្រូវតែ​យក​ចិត្ត​ទុកដាក់​ឱ្យបាន​ខ្លាំង​ផងដែរ​លើ​គុណភាព ដើម្បី​ធានាបាន​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់ និង​ការបំពេញ​បាន​តាម​លក្ខ​ខណ្ឌ និង​នីតិវិធី​តម្រូវ​នានា​សម្រាប់​ការនាំចេញ​។​

​លោក​បាន​ថ្លែងថា​៖ «​វិស័យ​ត្រចៀកកាំ​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​លើ​ការងារ​សាង​សង់ផ្ទះ​ត្រចៀកកាំ សម្អាត កែ​​ច្នៃ ដឹកជញ្ជូន និង​ការងារ​នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​សម្បុក​​ត្រចៀកកាំ​ដទៃទៀត និង​បាន​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​អ្នក​អភិរក្ស​ផ្ទះ​ត្រចៀកកាំ តាមរយៈ​ការលក់​សម្បុក​ត្រចៀក​កាំ​ (​មិនទាន់​សម្អាត​/​មិនទាន់​រើស​រោម​ចេញ​) សម្បុក​សម្អាត​រួច កែច្នៃ​សម្បុក​ជា​ភេសជ្ជៈ និង​ការកែច្នៃ​ជា​ផលិតផល​ពាក់ព័ន្ធ​ដទៃទៀត​។ វិស័យនេះ​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិ​​វ​ឌ្ឍ​ដល់​សេដ្ឋកិច្ច​គ្រួសារ សហ​​គម​ន៍ និង​សេដ្ឋកិច្ចជាតិ​»​។​

​ក្នុង​ពិធី​នេះ​ផងដែរ ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន​ប្រទេស​​ចិន និង​កម្ពុជា​កំពុង​ចរចា​យ៉ាងសកម្ម​ទៅលើ​កិច្ចព្រមព្រៀង​នាំចេញ​សម្បុក​ត្រចៀកកាំ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។​

​លោកស្រី​ថ្លែងថា​៖ «​យើង​ទន្ទឹងរង់ចាំ​ការ​នាំចូល​សម្បុក​​ត្រចៀកកាំ ដែលមាន​គុណភាព​ខ្ពស់​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។ ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា ខណៈ​ផលិតផល​កសិកម្ម ដែលមាន​គុណភាព​ខ្ពស់​របស់​កម្ពុជា ត្រូវបាន​នាំទៅ​ប្រទេស​ចិន ​ជា​បន្តបន្ទាប់ ដូចជា​អង្ករ ចេក មៀន ដូង និង​កសិផល​ផ្សេងទៀត ព្រមទាំង​ផលិតផល​កសិកម្ម​ជាច្រើន​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​ចិន ដោយ​ជោគជ័យ​»៕