ភ្នំពេញៈ ប្រទេស​កម្ពុជា​ រក​ប្រាក់​បាន​ជាង ២៣៣​ ​លាន​ដុ​ល្លារ ក្នុង​រយៈពេល ១០​ ខែ​ដើមឆ្នាំ​ ២០២៣ ពី​ការនាំ​ទំនិញ​ទៅកាន់​ប្រទេស​ឥណ្ឌា កើនឡើង​ជិត ៦០ ​ភាគរយ​ បើ​ធៀប​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែល​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ សម្រេចបាន​ជាង ៤០០ ​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ស្ថិតិ​កត់ត្រា​ដោយ GDCE បានឱ្យដឹងថា ចាប់ពី​ខែមករា​-​តុលា ឆ្នាំ ​២០២៣ ទំនិញ​ដែល​កម្ពុជា​នាំទៅ​ឥណ្ឌា មានទឹក​ប្រាក់ ២៣៣,៣៩ ​លាន​ដុល្លារ កើន ៥៧,៧​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ និង​ទំនិញ​ឥណ្ឌា​នាំមក​កម្ពុជា​ ១៦៧,៥២​ លាន​ដុល្លារ ថយចុះ ២០,២ ​ភាគរយ​។ សម្រាប់​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី គឺមាន​ចំនួន​សរុប ៤០០,៩២​ លាន​ដុល្លារ កើន ១២​ ភាគរយ​។ ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីង​ពា​ណិ​​ជ្ជ​កម្ម​កម្ពុ​ជាមាន​ឧត្តមភាព ៦៥,៨៧ ​លាន​ដុល្លារ​។ ឥណ្ឌា គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ​១៨ របស់​កម្ពុជា​។​

​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី ​២១ ខែវិច្ឆិកា លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​ឥណ្ឌា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​ទំនិញ​ភាគច្រើន​ជា​ផលិតផល​កសិកម្ម​។

បើ​កម្ពុជា​អាចធ្វើ​ពិពិធ​កម្ម​ទំនិញ​របស់ខ្លួន​ឱ្យស្រប​នឹង​តម្រូវការ​របស់​ឥណ្ឌា​កាន់តែច្រើន​នោះ គឺជា​ការល្អ​ណាស់ ព្រោះ​ឥណ្ឌា គឺជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក​នាពេលនេះ​។​

​លោក​បន្ថែមទៀតថា មួយវិញទៀត​បើសិន​កម្ពុជា នឹង​ឥណ្ឌា​អាចមាន​ជើង​ហោះហើរ​ត្រង់​ជាមួយគ្នា​នោះ ការធ្វើ​ពាណិជ្ជកម្ម ព្រមទាំង​លំហូរ​ទេសចរ ក៏​នឹងមាន​ចំនួន​កាន់តែច្រើន​ដែរ​។​

​លោក​ប្រាប់ថា​៖ «​ដោយសារ​ឥណ្ឌា​ជា​ប្រទេស​ធំ និង​មាន​ប្រជាជន​ច្រើន ដូច្នេះ​កម្ពុជា​ចាំបាច់​ត្រូវតែ​ខំ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​របស់ខ្លួន​បន្ថែម​ទៀត​ដើម្បី​អាច​ទទួលបាន​ចំណែក​ទីផ្សារ​នៅ​ទីនោះ​កាន់តែច្រើន​»​។ លោក​បន្តថា​៖ «​ម្យ៉ាងទៀត​យើង​ក៏​ចង់​ទទួលបាន​វិ​និ​​យោគិន​ឥណ្ឌា​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ផងដែរ​»​។​

​បើតាម​លោក លឹម ហេង ទំនិញ​ដែល​កម្ពុជា​នាំទៅ​ឥណ្ឌា​មានដូចជា ផលិត​ផល​កសិកម្ម និង​ផលិតផល​វាយ​ន​​ភណ្ឌ ចំណែក​ឥណ្ឌា​នាំចូល​មាន​ដូច​ជា សម្ភារ​វេជ្ជសាស្ត្រ​, សាច់​ក្របី​, ម៉ូតូ​កង់​បី​, អំបោះ​, ក្រណាត់​, អាហារ​, ថ្នាំ គីមី និង​ឱសថ​ជាដើម​។​

​នៅក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លោកស្រី Devyani Uttam Khobragade កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើងថា កម្ពុជា​-​ឥណ្ឌា​មាន​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​ជា​ប្រពៃណី​ជាមួយគ្នា​យូរ​មកហើយ​។

លោក​បន្តថា ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ កាន់តែ​ប្រសើរ​ថែមទៀត​នោះ ប្រទេស​ទាំង ២ គួរ​មានការ​​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយគ្នា​ឱ្យបាន​ឆាប់ ព្រោះ​តាមរយៈ​ជើង​ហោះ​ហើរ​ត្រង់ គឺ​កម្ពុជា​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ឥណ្ឌា ដែលជា​ទីផ្សារ​មួយ​ដ៏​ធំ និង​មាន​សក្តានុពល​ខ្ពស់ ឱ្យមក​ទស្សនកិច្ច កម្ពុជា​កាន់តែច្រើន​។​

​តាមរយៈ​ជំនួប​នេះ ភាគី​ទាំង ​២ ​ក៏បាន​ពិភាក្សា​ពី​ការវិនិយោគ ការធ្វើ​ពា​​ណិ​ជ្ជ​កម្ម និង​ការផ្លាស់ប្តូរ​គំនិត​យោបល់​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង ​២ ​ផងដែរ​។​

​ក្នុង​ឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជ​​កម្ម​កម្ពុជា​-​ឥណ្ឌា មាន​ទឹកប្រាក់​សរុប ៤៤០ ​លាន​ដុល្លារ កើន​ ៤១,៣៧ ​ភាគ​រយ​ធៀប​ឆ្នាំ​ ២០២១ ដោយ​កម្ពុជា​នាំទៅ​ប្រទេស​ឥណ្ឌា ១៩៦,៦៣​ លាន​ដុល្លារ កើន ៥៦​ ភាគរយ និង​ឥណ្ឌា​នាំ​ទំនិញ​មកវិញ ២៤៣,៣៧​ លាន​ដុល្លារ កើន ៣១,៤ ​ភាគរយ​។ នេះ​បើ​យោងតាម GDCE៕