ភ្នំពេញៈ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​កាណាដា ក្នុង​រយៈពេល ១០​​ ខែ​នៃ​ឆ្នាំ​ ២០២៣ មានតម្លៃ​សរុប​ជាង ៧៥៦ ​លាន​ដុល្លារ ធ្លាក់ចុះ​ជាង ២២ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ក្នុងនោះ​ទឹកប្រាក់​នាំចេញ​របស់​កម្ពុ​ជាមាន​ជាង ៧០០​ លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ទិន្នន័យ GDCE ឱ្យដឹងថា ពី​ខែមករា​-​ខែតុលា ឆ្នាំ​ ២០២៣ ចរាចរណ៍​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​កាណាដា មានតម្លៃ​សរុប ៧៥៦,១៣​ លាន​ដុល្លារ ធ្លាក់ចុះ ២២,៤​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ក្នុងនោះ​កម្ពុជា​នាំទៅ​កាណាដា ៧០២,៦៥​ លាន​ដុល្លារ ​(​ស្មើនឹង ៩២,៩២ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​) ធ្លាក់ចុះ ២៥,៧ ​ភាគរយ ចំណែក​ទំនិញ​កាណាដា​នាំមក​កម្ពុជា ៥៣,៤៨​ លាន​ដុល្លារ កើនឡើង ៨១,២ ​ភាគរយ​។​តាម​ទិន្នន័យ​នេះ គឺ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា មាន​ឧត្តមភាព ៦៤៩,១៧ ​លាន​ដុល្លារ​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២២ ខែវិច្ឆិកា​ថា ការធ្លាក់ចុះ​ចំនួន​ប្រាក់​ពី​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ គឺ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​កើត​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ដើមឆ្នាំ​ ២០២០ ធ្វើឱ្យប៉ះពាល់​ដល់​តម្រូវ​ការ​ទំនិញប្រើប្រាស់​គ្រប់​ប្រភេទ ពិសេស​ទំនិញ​ក្រៅពី​ចំណីអាហារ​។ ដោយសារតែ​ទំនិញ​ដែល​ប្រទេស​កាណាដា បញ្ជា​ទិញ​ពី​កម្ពុជា​ភាគច្រើន​ជា​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​ធ្វើដំណើរ ដូច្នេះ​នេះ​ជា​មូលហេតុ​ធ្វើឱ្យ​ការនាំចេញ​កម្ពុជា​ធ្លាក់ចុះ​។​

​លោក​បន្តថា ទោះយ៉ាងណា​ការនាំចេញ​របស់​កម្ពុជា​ទៅ​កា​ណា​ដា កំពុងមាន​សង្ឃឹម​ឡើងវិញ​ខ្លះៗ​ហើយ តាមរយៈ​នៃ​ការ​កម្រើក​ឡើងវិញ​នៃ​វិស័យ​ទេស​ចរណ៍ ដែល​នឹង​ជួយ​ឱ្យ​មានការ​បញ្ជា​ទិញ​ផលិតផល​វាយ​នភណ្ឌ​ពី​កម្ពុជា​កាន់តែច្រើន​។​

​លោក​បញ្ជាក់ថា​៖«​ការធ្លាក់​​ចុះ​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា ពិសេស​ការ​នាំចេញ​របស់​កម្ពុជា គឺ​ដោយ​​សារ​វិបត្តិ​សេដ្ឋកិច្ច​សកល ដូច្នេះ​នៅពេល​សេដ្ឋកិច្ច​សកល​ងើប​ឡើងវិញ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ប្រទេស​កា​ដា​ណា​ក៏​នឹង​ងើប​ឡើងវិញ​ដែរ​»​។​

​ទោះយ៉ាងណា លោក វណ្ណៈ ជំ​រុញឱ្យ​កម្ពុជា​ត្រូវខិតខំ​បន្ថែមទៀត​ក្នុងការ​ទាក់ទាញ​អ្នក​​វិនិយោគ​ថ្មីៗ និង​ធ្វើ​ពិពិធ​កម្ម​ទំនិញ​របស់ខ្លួន ដើម្បី​ឆ្លើយតប​នឹង​គ្រប់​តម្រូវការ​ទាំង​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា ការធ្លាក់ចុះ​ទំហំ​ពា​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា​-​កាណាដា ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា គឺ​ដោយសារ​កំណើនសេដ្ឋកិច្ច​សកល​មិន​ច្បាស់លាស់​ដែល​ជំ​រុញឱ្យ​ក្រុមហ៊ុន​ជាច្រើន​កាត់​បន្ថយ​ការបញ្ជាទិញ​។ ស្ថាន​ភាព​នេះ​កើតឡើង​តាំងពីដើម​ឆមាស​ទី​ ២ ឆ្នាំមុន​។ លោក​បន្តថា ទោះបីជា​ការនាំចេញ​រប​ស់​កម្ពុជា​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​សមត្ថភាព​ផលិត គឺ​នៅតែ​រក្សាបាន​ភាពខ្លាំង​ដដែល​។​

​លោក​ថ្លែងថា​៖«​ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​ក្នុងអំឡុង​នេះ​គឺ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​សកល​។ នៅពេល​សេដ្ឋកិច្ច​ល្អ​ឡើងវិញ ការនាំចេញ​របស់​កម្ពុ​ជា​នឹង​ហក់​ឡើងវិញ​»​។​

​បើតាម​លោក លឹម ហេង ក្នុង​បំណង​ចាប់យក​ចំណែក​ទីផ្សារ​នៅ​ប្រទេស​កាណាដា​ឱ្យបាន​កាន់តែ​ធំ និង​ទាក់ទាញ​វិនិយោគិន​កាណាដា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់តែច្រើន គឺ​កាលពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ​ ២០២២ សភាពាណិជ្ជកម្ម​ (CCC) ក៏បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ ​(​ប្រទេស​កាណាដា​)​។​

​ភាគច្រើន​នៃ​ទំនិញ​កម្ពុជា​នាំទៅ​កាណាដា គឺជា​ផលិតផល​សម្លៀកបំពាក់ ផលិតផល​ធ្វើ​ដំណើរ ស្បែកជើង កង់ និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក​​អគ្គិសនី ចំណែក​ទំនិញ​កាណាដា នាំមក​កម្ពុជា​រួមមាន គ្រឿង​អេ​ឡិច​​ត្រូ​និក រថយន្ត ជាដើម​។ នេះ​បើតាម​លោក លឹម ហេង​។​

​ក្នុង​ឆ្នាំ ​២០២២ ការធ្វើ​ពា​ណិ​​ជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មានតម្លៃ​សរុប ១,១៥ ​ពាន់​លាន​ដុល្លារ កើនឡើង ១៦,១​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១​។ ក្នុងនោះ​កម្ពុជា​នាំចេញ​ទំនិញ​ទៅ​កាណាដា ១,១២ ​ពាន់​លាន​ដុល្លារ កើន ១៧,៤ ​ភាគរយ និង​កាណាដា​នាំ​ចូលមក​កម្ពុជា ៣៣,៨៨​ លាន​ដុល្លារ ធ្លាក់ចុះ ១៥,១ ​ភាគរយ​៕