​ភ្នំពេញៈ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប​ជាង ៤,៤​​ លាន​នាក់ ​ក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២៣ នេះ​កើន​ជិត ២០០ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ខណៈ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​ ២ ​នៅ​បន្ត​ឈរ​លំដាប់​ឈានមុខ​គេ​នៃ​ការ​មកដល់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។​

​ស្ថិតិ​ទេសចរណ៍​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន ឱ្យដឹងថា រយៈពេល ១០ ​ខែ​ឆ្នាំ ​២០២៣ គឺមាន​ភ្ញៀវ​បរទេស​ចូលមក​កម្ពុជា​សរុប​ជាង ៤,៤ ​លាន​នាក់ កើន ១៧៩,៧ ​ភាគ​​រយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ក្នុងនោះ ៦៣,១ ​ភាគ​​រយ​មកពី​ប្រទេស​សំខាន់ៗ​ទាំង ៣ ដោយ​ភ្ញៀវ​ជនជាតិ​ថៃ ចំនួន ១ ​លាន​នាក់ (​ស្មើ ៣៤,១​ភាគ​​រយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​) កើន ១៥៤,៣​ ភាគរយ​, វៀត​ណា​ម ៨២៥ ៩៧០​ នាក់ ​(១៨,៧​ភាគរយ​) កើន ១៤១,៥​ ភាគរយ​, និង​ចិន ៤៥៣ ៥៦២​ នាក់ ​(១០,៣​ភាគរយ​) កើន ៤៩៧,៥ ​ភាគរយ​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បន្ទាប់ពី​ធ្លាក់ចុះ​គំហុក​តាំងពី​ដើមឆ្នាំ ​២០២០ ដែល​បណ្តាលមកពី​វត្តមាន​ជំងឺ​កូ​វីដ​ ១៩ ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា​បាន​ងើបឡើង​វិញ​ជា​បន្តបន្ទាប់ ដោយ​ភាគច្រើន​ជា​អ្នក​មកពី​ប្រទេស​នៅជាប់​ព្រំដែន និង​ក្នុង​តំបន់​។​

​លោកស្រី​បន្តថា មូលហេតុ​ដែល​ភ្ញៀវ​ជនជាតិ​ថៃ និង​វៀតណាម មាន​ច្រើន​ដាច់​ពី​គេ គឺ​ដោយ​សារភាព​ងាយស្រួល​ក្នុង​ការធ្វើ​ដំណើរ​ទាំង​ផ្លូវគោក និង​ទឹក​។​
​លោកស្រី​បន្ថែមថា ព្រឹត្តិការ​​ណ៍​ជាតិ​ធំៗ​ដូចជា​បុណ្យ​អុំ​ទូក និង​បុណ្យ​សមុទ្រ​នា​ដើមខែ​ធ្នូ​ខាងមុខ គឺ​សុទ្ធតែជា​មុខព្រួញ​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិ​និ​យោគិន​បរទេស​ឱ្យធ្វើ​ដំណើរ​មក​កម្ពុ​ជាកា​ន់​តែ​ច្រើន​។ ព្រឹត្តិ​ការណ៍​ទាំងនេះ គឺ​មិន​ត្រឹមតែ​ជួយ​បង្កើតឱ្យមាន​ចរន្ត​ទេសចរ​ណ៍​ក្នុងស្រុក​រស់​រវើក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​ផ្សព្វផ្សាយ​ដ៏​មាន​សក្តានុពល​ទៅ​ពិភពលោក​ឱ្យ​យល់ដឹង​ពី​កម្ពុជា​ផងដែរ​។​

​លោកស្រី​ថ្លែងថា​៖ «​បន្ទាប់ពី​ព្រឹត្តិការណ៍​បុណ្យ​អុំ​ទូក​បញ្ចប់​ទៅដោយ​ភាពជោគជ័យ យើង​ជឿថា ទាំង​ភ្ញៀវ​បរទេស​ដែល​មក​ទស្សនា​ផ្ទាល់ និង​មិនទាន់​មក ប៉ុន្តែ​ឃើញ​រូបភាព​ល្អៗ​ពី​សកម្មភាព​នានា​នឹង​ទាក់ទាញ​ពួកគេ​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​»​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​និយាយថា យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុងការ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​កម្ពុជា ព្រមទាំង​ការជំរុញ​ការ​​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ព្រលានយន្តហោះ​អន្តរ​​ជាតិ ការកែលម្អ និង​បង្កើត​រម​​ណី​យ​ដ្ឋា​ន​ទេសចរណ៍​ថ្មីៗ គឺជា​ចំណែក​ក្នុង​ការជួយ​លើក​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែខ្លាំង​។ កម្ពុជា​ប្រាកដជា​ទទួលបាន​ភ្ញៀវ​ទេស​ចរ​បរទេស​កាន់តែច្រើន​៕