ភ្នំពេញ​: កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) បាន​រាយការណ៍​ពី​ការកើនឡើង​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម​របស់ខ្លួន នៅ​ត្រីមាស​ទី​​៣ ឆ្នាំ​ ២០២៣ ទោះបីជា​មានការ​ធ្លាក់ចុះ​សេដ្ឋ​កិច្ច​ក្នុង​តំបន់ និង​ពិភពលោក​ ដែល​បណ្តាលមកពី​ផល​ប៉ះ​ពាល់​មកពី​ភាព​តានតឹង​នៃ​ភូមិ​សាស្ត្រ​នយោបាយ​ក៏ដោយ​។​

​យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន ដែល​ផ្ញើ​ទៅ​ផ្សា​រមូល​​ប​ត្រ​កម្ពុជា (CSX) នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា PAS  ​នៅ​ត្រីមាស​ទី៣ ឆ្នាំ​ ២០២៣ ប្រាក់ចំណូល​សរុប​មាន​ចំនួន ៩៤,៨៧៧ ពាន់​លាន​រៀល ដោយ​កើនឡើង ១១,៤៧ ​ភាគរយ និង​ប្រាក់​ចំណេញ​សុទ្ធ​មាន​ចំនួន ២២ ពាន់​លាន​រៀល ដោយ​កើនឡើង ៨,៧១ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២២​។​

​ក្នុង​រយៈពេល ៩ ​ខែ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២៣ ប្រាក់ចំណូល​សរុប​សម្រេច​បាន​ចំនួន ២៦៤,៥៦៨ ​ពាន់​លាន​រៀល ធ្លាក់ចុះ ០,៨១​ ភាគរយ ខណៈ​ប្រាក់ចំណេញ​សុទ្ធ​មាន​ចំនួន​ជិត ១១៨​ ពាន់​លាន​រៀល កើនឡើង ២០,១៤ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ​២០២២​។​

​ភាពប្រសើរឡើង​នៃ​ដំណើរការ​អាជីវកម្ម​នៅក្នុង​អំឡុងពេល​នេះ​គឺ​ដោយសារតែ​ការកើនឡើង​ទំនិញ​កុងតឺន័រ និង​ទំនិញ​ឆ្លងកាត់​។ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​មាន​ចំនួន ២០៧ ៩០៧ TEUs (​ឯក​តា​សមមូល ២០ ហ្វី​ត​) កើនឡើង ១៦ ៤៧៩TEUs ស្មើនឹង ៨,៦១ ភាគរយ​ធៀប​ទៅនឹង​ត្រីមាស​ទី​៣ ឆ្នាំ ២០២២​។​

​ខណៈ​ប្រាក់ចំណូល​របស់ PAS ក្នុង ១ ​ហ៊ុន​មាន​ចំនួន ២៥៦,៤៧ ​រៀល​ក្នុង​ត្រីមាស​ទី៣ ​ឆ្នាំ ២០២៣ ​នេះ​។ គិត​ត្រឹម​ដំណាច់​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ ២០២៣ ទ្រព្យសកម្ម​សរុប​មាន​ចំនួន ១,៥០៨ ​ប៊ី​លាន​រៀល កើនឡើង ៥,៨១​ ភាគរយ និង​ភាគហ៊ុន​សរុប​មាន​ចំនួន​ជាង ៩៦៨​ ពាន់​លាន​រៀល កើនឡើង ១២,០៦ ​ភាគរយ​។​

​លោក លូ គឹមឈុន ប្រធាន PAS បានឱ្យដឹងថា កំពង់ផែ​របស់លោក នឹង​បន្ត​កិច្ចខិតខំ​​ប្រឹងប្រែង​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រតិបត្តិការ​អាជីវ​កម្ម និង​សេវាកម្ម​របស់ខ្លួន ដើម្បី​សម្រេចបាន​លទ្ធផល​ល្អ​បំផុត​សម្រាប់​ជា​ប្រយោជន៍​ដល់​ម្ចាស់​ភាគហ៊ុន​។

​លោក​ថា​៖ «​កំពង់ផែ​យើង​បាន​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ដើម្បី​បំពេញតម្រូវការ​អតិថិជន​ដែល​កំពុង​កើនឡើង និង​កំណើនសេដ្ឋកិច្ច​ដែល​កើនឡើង​។ ជាមួយនឹង​ការ​កើនឡើង​នៃ​បរិមាណ​ទំនិញ និង​កុងតឺន័រ​ឆ្លងកាត់ ក្រុមហ៊ុន​​ផែ​បាន​ជួសជុល​កំពង់ផែ​ថ្មី​ (​សាងសង់​កាលពី​ឆ្នាំ​១៩៦៩  ​មាន​ប្រវែង ៣៥០ ​ម៉ែត្រ​) ឱ្យ​ក្លាយជា​ចំណត​ផែ​កុងតឺន័រ​បន្ថែម​ដែលមាន​ប្រវែង ២៥៣ ម៉ែត្រ ដែល​បច្ចុប្បន្ន​មាន​ចំ​ណត​ផែ ​២ តែប៉ុណ្ណោះ​»​។​

​បើ​យោងតាម​លោក​ គឹម​ ឈុន  ​កំពង់ផែ​របស់លោក​កំពុង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី (​ដំណាក់កាល​ទី​១) ដែលមាន​ប្រវែង ៣៥០ ​ម៉ែត្រ គុណ​នឹង ១៤,៥​ ម៉ែត្រ រួមទាំង​ការដំឡើង​គ្រឿងចក្រ​លើក​ដាក់​កុងតឺន័រ​ទំនើប ប្រភេទ (QCs)​ចំនួន ៣​ គ្រឿង​, ប្រភេទ RTGs ចំនួន ៩ ​គ្រឿង​, រថ​លើក​កុងតឺន័រ​ទទេ​ចំនួន ២ គ្រឿង និង​រថយន្ត​កុងតឺន័រ​ធំ​ចំនួន ១៦​ គ្រឿង និង​ប្រព័ន្ធ គ្រប់គ្រង​ចំណត​ផែ​កុងតឺន័រ​ស្វ័យប្រវត្តិ​ចំនួន ១ ​ឈុត​។​

​លោក​បាន​លើកឡើងថា​៖ «​ចំណត​ផែ​កុងតឺន័រ​ថ្មី​នេះ​នឹង​អនុញ្ញាតឱ្យ​នាវា​កុងតឺន័រ​ធំៗ នៅក្នុង​តំបន់​ចូល​ចត​នៅ​ចំណត​ផែ​កុងតឺន័រ​របស់​ផែ​បាន​។ ការណ៍​នេះ វា​នឹង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នៃ​តម្លៃ​ដឹកជញ្ជូន​តាម​មហាសមុទ្រ​នឹងមាន​តម្លៃ​ដូច​បណ្ដា​ប្រទេសជិតខាង និង​ក្នុង​តំបន់​ដែល​នឹង​រួមចំណែក​ដល់​ការសម្របសម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម រួម​ជាមួយនិង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​​កម្ពុជា​»​។​

​សម្រាប់​គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ ​២០២៥ ហើយ​សមត្ថភាព​ផ្ទុក​កុងតឺន័រ​នឹង​កើនឡើង​ដល់ ១ ​លាន TEUs ក្នុង​រយៈពេល ១ ​ឆ្នាំ នៅពេលដែល​ចំណត​ផែ​កុងតឺន័រ​ថ្មី​នេះ​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​សម្រាប់​ប្រតិបត្តិការ​ក្នុង​ឆ្នាំ ២០២៥ នាពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​៕