ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួន​របស់​កម្ពុ​ជា បានរៀបចំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​សេចក្ដីព្រាង​កំណត់ហេតុ​រួម​នៃ​កិច្ចប្រជុំ​លើក​ទី​២ របស់​គណៈកម្មការ​ចម្រុះ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​កម្ពុជា​-​ហុង​គ្រី ខណៈ​ប្រទេស​ទាំង ២ ធ្លាប់បាន​ប្តេជ្ញា​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ តាមរយៈ​ការរៀបចំ​នូវ​ផែនការ​សកម្មភាព​ជាក់ស្តែង​ដើម្បី​អនុវត្ត​។​

​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ខ្លឹមសារ​សេចក្ដីព្រាង​កំណត់ហេតុ​រួម​នៃ​កិច្ចប្រជុំ​លើក​ទី​២ នៃ​គណៈកម្មការ​ចម្រុះ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​កម្ពុជា​-​ហុង​គ្រី (Cambodian-Hungarian Joint Committee on Economic Cooperation or JCEC) ត្រូវបាន​ដឹកនាំ​ដោយ លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៣ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​។​

កិច្ចប្រជុំ​លើក​ទី​២ ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​១ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២០-២១ ខែមករា ឆ្នាំ​២០២១​។​

ក្រសួងពាណិជ្ជកម្ម កន្លងមក​បានឱ្យដឹង​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​តាមដាន​វឌ្ឍនភាព​ការងារ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​វិស័យ​អាទិភាព​ផ្សេងៗ ដូចដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​(​អតីត​) និង​លោក PéterSzijjártó​ រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នា​អំឡុងពេល​ទស្សនកិច្ច​ផ្លូវការ​របស់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី​។​

បើតាម​ក្រសួងពាណិជ្ជកម្ម ខ្លឹមសារ​សំខាន់ៗ​ នៃ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ហុង​គ្រី មានដូចជា ១-បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និង​វិនិយោគ​, ២-គម្រោង​ឥណទាន​(Tied Aid Credit Cooperation), ៣-កសិកម្ម សេដ្ឋកិច្ច​ស្បៀង សុវត្ថិភាព​ម្ហូប​អាហារ រុក្ខាប្រមាញ់ និង​នេសាទ​, ៤-ការគ្រប់គ្រង​ធនធានទឹក​, ៥-វិស័យ​អប់រំ យុវជន និង​កីឡា​, ៦-វប្បធម៌​, ៧-ទេសចរណ៍​, ៨-ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង ៩-អាកាសចរ​ស៊ីវិល​។​

ក្រសួងពាណិជ្ជកម្ម​ឱ្យដឹងថា​៖«​សម្រាប់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ភាគី​ទាំង​២ បានបង្ហាញ​ពី​ឆន្ទៈ​ខ្ពស់​ក្នុងការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​២ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ហុង​គ្រី នៅមានកម្រិត​ទាប​នៅឡើយ​។ ទន្ទឹមនឹងនោះ ក៏​នឹងមាន​ការជំរុញ​លើកទឹកចិត្ត​ឱ្យ​ធុរជន និង​វិនិយោគិន​ហុង​គ្រី មក​ស្វែងយល់​បន្ថែម​ពី​សក្តានុពល ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។ ភាគី​កម្ពុជា ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការជួយ​សម្របសម្រួល​ដល់​កិច្ចសហការ​រវាង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២»​។​

អតីត​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​ នៃ​ស្ថាន​ពាណិជ្ជកម្ម​ (Trading House) កម្ពុជា​-​ហុង​គ្រី លោក ធួន ស៊ីណាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៣ ខែធ្នូ ថា បន្ទាប់ពី​អាក់ខាន​មួយរយៈ ប្រទេស​កម្ពុជា​-​ហុង​គ្រី​ បានចាប់ផ្តើម​បន្ត​ទំនាក់ទំនង​ជាមួយគ្នា​ឡើងវិញ​ក្នុង​រយៈពេល​ប្រមាណ​ជាង ១០ ​ឆ្នាំ​ មកនេះ​។ 

លោក​បន្តថា ហុង​គ្រី គឺជា​ប្រទេសមួយ​ក្នុង​សហគមន៍​អឺរ៉ុប ដូច្នេះ​ហុង​គ្រី​អាច​ដើរតួនាទី​ជា​ច្រក​ពាណិជ្ជកម្ម​នៃ​ការនាំ​ទំនិញ​កម្ពុជា​ទៅ​តំបន់​អឺរ៉ុប​។ កម្ពុជា​ ត្រូវតែ​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ហុង​គ្រី ពិសេស​លើ​ផ្នែក​បច្ចេកវិទ្យា កសិកម្ម និង​ឧស្សាហកម្ម ជាដើម​។​

លោក​និយាយថា​៖«​ខ្ញុំ​មិនដឹងថា​បច្ចុប្បន្ន​ដំណើរការ​នេះ​ឈានដល់​ដំណាក់​កាលណា​ទេ ​(​កិច្ចប្រជុំ​) ប៉ុន្តែ​អំឡុង​ពេលដែល​ខ្ញុំ​នៅ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ខាងលើ គឺ​យើង​បាន​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ជាច្រើន ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន​កាន់តែច្រើន​»​។​

លោក​ប្រាប់ទៀតថា ប្រទេស​ហុង​គ្រី ​ក៏​អាច​យក​កម្ពុជា​សម្រាប់​ការនាំ​ទំនិញ​ចូលក្នុង​ទីផ្សារ​អាស៊ាន​ផងដែរ​។​

យោងតាម​លោក ស៊ីណាន កន្លងមក កម្ពុជា​ធ្លាប់​នាំ​ផលិតផល​មួយចំនួន​ដូចជា ផលិតផល​កសិកម្ម និង​ថ្នាំជក់​ជាដើម រីឯ​ទំនិញ​នាំចូល​ពី​ប្រទេស​ហុង​គ្រី មក​កម្ពុជា​មានដូចជា ស្រា គ្រឿងយន្ត​កសិកម្ម និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ជាដើម​។​

ប្រទេស ហុង​គ្រី ធ្លាប់បាន​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ​ក្រោយ​ឆ្នាំ​១៩៧៩ ដោយ​ប្រទេស​ទាំង ២ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ ហើយ​ហុង​គ្រី​បាន​នាំយក​នូវ​ជំនួយ​ជាច្រើន​ប្រភេទ​មកជួយ​កសាង​សន្តិភាព និង​ស្ថិរភាព​នយោបាយ​កម្ពុជា​ដែល​បាន​បើកផ្លូវ​ដល់​ការអភិវឌ្ឍ​។​

កាលពី​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​ប្រទេស​ហុង​គ្រី​ចំនួន ១ ៨៣៩ តោន និង​ថ្នាំជក់​បាន ១១៨ តោន​។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម​៕