​ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​រយៈពេល ១១​​ ខែ ឆ្នាំ​ ២០២៣ បាន​កើនឡើង​លើស​ទ្វេដង  ​ខណៈ​ទឹកប្រាក់​ការផ្លាស់​ប្តូរ​ទំនិញ​នៃ​ប្រទេស​ទាំង​ ២ បាន​កើន​ដល់​ជិត ១ ​ពាន់​លាន​ដុល្លារ​។ ឥណ្ឌូ​នេ​ស៊ី បាន​ឡើងមក​ចំណាត់ថ្នាក់​ទី ​៦ ក្នុងនាម​ជា​ប្រទេស​មាន​ទឹកប្រាក់​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ច្រើន​ជាមួយ​កម្ពុជា​។ នេះ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម GDCE ឱ្យដឹងថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ខែមករា​-​ខែ​វិច្ឆិកា ឆ្នាំ ​២០២៣ មាន​ចំនួន ៧០,៥៦​ លាន​ដុល្លារ កើន ១១១,៧​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ និង​ការនាំ​ទំនិញ​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុ​ជាមាន​ទឹកប្រាក់ ៨៩៤,៦៨​ លាន​ដុល្លារ កើន ១២,៣ ភាគរយ​។ ចំនួន​នេះ​បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២៣ មាន​សរុប ៩៦៥,២៤​ លាន​ដុល្លារ កើន ១៦,៣ ​ភាគរយ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។ ទឹកប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី គឺ​ស្មើ ២,២៧ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​-​អន្តរជាតិ រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២៣ ដែលមាន​ចំនួន ៤២,៥​ ពាន់​លាន​ដុល្លារ​។​

​ផ្អែក​តាម GDCE គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុជា មាន​ឱនភាព ៨២៤,១២​ លាន​ដុល្លារ​។ ឥណ្ឌូនេស៊ី បាន​ឡើង​ពី​លេខ​រៀង​ទី​ ១៣  ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២២ មកកាន់​លេខ ​៦ ក្នុងនាម​ជា​ប្រទេស​មាន​ទឹកប្រាក់​ផ្លាស់ប្តូ​រពា​ណិ​​ជ្ជ​កម្ម​ច្រើន​ជាមួយ​កម្ពុជា បន្ទាប់ពី​ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន​។​

​សេដ្ឋវិទូ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ​ថា ការកើនឡើង​ជា​បន្តបន្ទាប់​នៃ​ទឹកប្រាក់​នាំចេញ​-​នាំ​ចូល​ទំនិញ​ប្រទេស​ទាំង​ ២ គឺ​ដោយ​សារ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៃ​ប្រ​ទេស​ទាំង​ ២ មាន​ទំនាក់ទំនង​គ្នា​ល្អ បន្ថែម​ពីលើ​ការអនុវត្ត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ដែល​ប្រទេស​ទាំង ​២ ជា​សមាជិក​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​ទាំង ​១៥​។​

​លោក​និយាយថា​៖«​ដោយសារតែ​ឥណ្ឌូនេស៊ី​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន ដូច្នេះ​តម្រូវការ​ចំណីអាហារ​ដូច​​ជា​អង្ករ និង​ផលិតផល​កសិកម្ម​អាច​នឹងមាន​ចំនួន​ច្រើន​។ នេះ​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការជំរុញ​ការផលិត​ឱ្យបាន​ច្រើន​ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ រួមទាំង​ប្រទេស​ឥណ្ឌូនេស៊ី​»​។​

​សម្រាប់​គម្លាត​ដ៏​ធំ​នៃ​ទឹកប្រាក់​នាំ​ចេញ​-​នាំចូល​ទំនិញ​ប្រទេស​ទាំង​ ២ លោក វណ្ណៈ ពន្យល់ថា ដោយសារតែ​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ធំ មាន​ប្រជាជន​ច្រើន​(​ប្រមាណ ២៧៩​ លាន​នាក់​ក្នុង​ឆ្នាំ ​២០២៣) និង​មាន​រោងចក្រ​ច្រើន ដូច្នេះ​សមត្ថភាព​ការផលិត និង​នាំ​ចេញ​របស់គេ​ក៏​ខ្លាំង​ជាង​កម្ពុជា​ដែរ​។​

​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែកញ្ញា ឆ្នាំ​ ២០២៣ បានប្រកាស​នឹង​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ២៥០ ០០០ ​តោន ក្នុង ១ ​ឆ្នាំ ដែលជា​វិធានការ​ដើម្បី​ធានា​សុ​​វត្ថិ​ភាព​ស្បៀងអាហារ​ក្នុងប្រទេស​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​ការ​ស្វាគមន៍​ការមកដល់​នៃ​អង្ករ​ពី​កម្ពុជា កាលពី​ថ្ងៃទី ​២ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ លោក Areif Prasetyo Adi អគ្គ​នា​យក​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​ស្បៀង​អាហារ​ (NFA) និង​លោក Akhmad Kholisun ប្រធាន​ក្រុមហ៊ុន Perum BULOG សាខា​ខេត្ត​ចា​វា​កណ្ដាល នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​លើកឡើងថា «​អង្ក​រស​»​កម្ពុជា​ពិតជា​មានគុណ​ភាពល្អ ហើយ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ទាំង ២ ស្នើឱ្យ​ភាគី​កម្ពុជា​ត្រៀមលក្ខណៈ​ក្នុង​ការផលិត​ឱ្យបាន​ច្រើន​ថែមទៀត​ដើម្បី​នាំមក​កាន់​ទីផ្សារ​ឥណ្ឌូនេស៊ី​។​

​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា លោក Santo Darmosumarto ក្នុងជំនួប​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ ​២០២៣ បានលើកឡើង​ពី​សារៈសំខាន់​នៃ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​ពាណិជ្ជកម្ម​រវាង​ឥណ្ឌូនេស៊ី​-​កម្ពុជា​ដែល​កំពុង​កើន​ជា​បន្តបន្ទាប់​។ ទោះយ៉ាងណា លោក​ទទួលស្គាល់ថា អ្នកជំនួញ​ឥណ្ឌូនេស៊ី​ហាក់​នៅ​មិនសូវ​ដឹង​ពី​សក្ដានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា​ទេ ដែល​នេះ​ជា​មូលហេតុ​មួយ​ធ្វើឱ្យ​ជញ្ជីងពាណិជ្ជកម្ម​ប្រទេស​ទាំង ២ នៅមាន​គម្លាត​ឆ្ងាយ​។ លោក​បន្តថា ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែខ្លាំង​បន្ថែមទៀត គឺ​ទាមទារ​ឱ្យ​ប្រទេស​ទាំង ​២ ត្រូវ​គិតគូរ​ពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​ទ្វេភាគី និង​ការបើក​ជើងហោះហើរ​រវាង​គោលដៅ​ទេសចរណ៍​សំខាន់ៗ​។​

​លោក​ថ្លែងថា​៖«​កម្ពុជា​-​ឥណ្ឌូនេស៊ី​នៅមាន​ចន្លោះ​ជាច្រើន​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការដែល​ត្រូវតែ​អភិវឌ្ឍ និង​ពង្រឹង​បន្ថែម​ដោយ​ទាញយក​ផល​ប្រយោជន៍​ពី​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២​។ យើង​គួរតែ​ខិតខំ​ប្រែក្លាយ​ទំនាក់ទំនង​ប្រវត្តិ​សាស្ត្រ​ឱ្យទៅជា​ពាណិជ្ជកម្ម កា​រវិ​និ​យោគ កិច្ចសហប្រតិបត្តិការ​ទេសចរ​ណ៍ និង​ទំនាក់ទំនង​វប្បធម៌​សង្គម​រវាង​ប្រទេស​ទាំង​ ២»​។​

​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) លោកស្រី ជា សិរី ក្នុងពេល​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​មហា​សន្និបាត​ពេញអង្គ​ប្រចាំឆ្នាំ​ ២០២៣ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក កាលពី​ខែតុលា ឆ្នាំ ​២០២៣ នៅ​ប្រទេស​ម៉ា​រ៉ុ​ក ក៏បាន​ជួប​ជាមួយ​លោក Perry Warjiyo ទេសាភិបាល​ធនាគារជាតិ​ឥណ្ឌូនេស៊ី ដើម្បី​ពិភាក្សា​អំពី​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​សំដៅ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​លើ​ការ​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក​ឆ្លង​ដែន ដែល​នឹង​សម្រួល​ដល់​ភ្ញៀវ​ទេស​ចរ ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុងប្រទេស​ទាំង​ ២ ផងដែរ​៕