​ភ្នំពេញៈ បន្ទាប់ពី​រក្សាបាន​កំណើន​ការនាំចេញ​កាលពី​ឆ្នាំ​ ២០២៣ អ្នកជំនាញ​ក្នុង​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុ​ជាមាន​សុ​ទិដ្ឋិ​​និយម​ថា ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​ឆ្នាំ ​២០២៤​ នេះ នឹង​អាច​បន្ត​កំណើន​ថែមទៀត បើទោះបី​កត្តា​អាកាសធាតុ និង​តម្លៃ​ដឹក​ជញ្ជូន​អាច​បង្ក​ផល​រំខាន​ខ្លះៗ​ក៏ដោយ​។​

​ទិន្នន័យ​របស់​សហ​​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF)​ បង្ហាញថា ក្នុង​ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប ៦៥៦ ៣២៣​ តោន កើនឡើង​ ៣​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ចំណែក​ទឹកប្រាក់​ប្រមូលបាន​មាន​ចំនួន ៤៦៦ ​លាន​ដុល្លារ កើនឡើង ១៣ ​ភាគរយ​។ អង្ករ​កម្ពុជា​ត្រូវបាន​នាំចេញ​ទៅកាន់​គោល​​ដៅ​ចំនួន ៦១ ​ប្រទេស​/​ដែនដី តាម​​រយៈ​ក្រុមហ៊ុននាំចេញ​ចំនួន ៦៣​។​

​ផ្អែក​តាម CRF​ ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន និង​តំបន់​រដ្ឋបាល​ស្វយ័ត​ហុងកុង មាន​បរិមាណ ២១២ ៧៥៦ ​តោន គិត​ជា​ប្រាក់​ ១៣៨​ លាន​ដុល្លារ​,​ប្រទេស​នៅ​ទ្វីបអឺរ៉ុប ​(២៦ ​ប្រទេស​)​ ចំនួន ២៦៤ ៦៨៣​ តោន ស្មើនឹង ១៩១​ លាន​ដុល្លារ​, ប្រទេស​សមាជិក​អាស៊ាន ​(៧ ​ប្រទេស​) ៩៣ ៣៧៦ ​តោន ស្មើនឹង ៦២ ​លាន​ដុល្លារ និង​ទៅ​គោលដៅ​ផ្សេងទៀត​នៅ​អាហ្រ្វិក មជ្ឈិមបូព៌ា ​(២៦ ប្រទេស​)​បាន​ចំនួន ៨៥ ៥០៨ ​តោន ស្មើ​ទឹកប្រាក់ ៧៦ ​លាន​ដុល្លារ​។​

​ទន្ទឹមនឹង​ការនាំចេញ​អង្ករ កម្ពុជា​ក៏​នាំចេញ​ស្រូវ ៤ ៣៨៧ ៣៦៣​ តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ១,៣២​ ពាន់​លាន​ដុល្លារ​ផងដែរ ក្នុងនោះ ៦៤​ ភាគរយ​បាន​នាំចេញ​ដោយ​ឆ្លងកាត់​ការស្នើសុំ​ការបញ្ជាក់​ឯកសារ​នាំ​ចេញពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ បរិមាណ​នាំ​ចេញ​ស្រូវ បាន​កើន​ប្រមាណ ២៦,៥​ ភាគរយ និង​ចំនួន​ប្រាក់​កើន​ប្រហែល ៥៦,៦៩ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២២​។​

​ការនាំចេញ​អង្ករ​នឹង​អាច​បន្ត​ភាព​វិជ្ជមាន​

​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF) លោក ចាន់ សុ​ឃាំង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ចុង​សប្តាហ៍​ថា ឆ្នាំ ​២០២៣ អាច​ចាត់ទុកជា​ពេលវេលា​ល្អ​សម្រាប់​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​ដោយ​អាច​ទទួលបាន​ទាំង​កំណើន​បរិមាណ​, ប្រាក់ចំណូល និង​ទីផ្សារ​ថ្មីៗ បើទោះបី​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ជា​​ច្រើន ពិសេស​លំហូរ​ចេញ​ស្រូវ​យ៉ាងច្រើន​ទៅ​ទីផ្សារ​ប្រទេសជិតខាង​។​

​លោក​បន្ថែមថា សកម្មភាព​ទាំងនេះ​មាន​ផល​អវិជ្ជមាន​មួយចំនួន​សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុននាំចេញ​អង្ករ ដែល​មិនអាច​ប្រមូល​ទិញស្រូវ​យកមក​ស្តុក​ទុក​បាន​ច្រើន ព្រោះ​តម្លៃ​ស្រូវ​ឡើង​ខ្ពស់ជាង​រាល់​ឆ្នាំ​។​

​លោក​បញ្ជាក់ថា​៖ «​ការនាំចេញ​ស្រូវ​ទៅ​ក្រៅប្រទេស​ក្នុង​បរិមាណ​ដ៏​ច្រើន​កាលពី​ឆ្នាំមុន បាន​បង្ក​ផលប៉ះពាល់​ជា​ដំណំ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក ដោយ​ពិបាក​ប្រមូល​ទិញស្រូវ​យកមក​ស្តុក​ទុក ដើម្បី​កិន​ជា​អង្ករ​សម្រាប់​នាំ​ចេញទៅ​ក្រៅប្រទេស​»​។​

​បើតាម CRF តម្លៃ​ស្រូវ​នៅ​កម្ពុជា​បាន​ហក់​ឡើង​យ៉ាងខ្ពស់​កាលពី​ចុង​​ឆ្នាំ​ ២០២៣ ដោយ​ប្រភេទ​ស្រូវ​ក្រអូប ​(​ស្រូវ​សើម​នៅ​វាលស្រែ​) មានតម្លៃ​ជា​មធ្យម ១ ៤១៦,៦៧​ រៀល​ក្នុង​ ១​គីឡូក្រាម កើន​ពី ១ ០៧១,៦៧​ រៀល​កាលពី​ខែធ្នូ ឆ្នាំ​ ២០២២, ស្រូវ​ប្រភេទ OM តម្លៃ ១ ៣៤៩,១៣ ​រៀល កើន​ពី ៩៥៧,០៥​ រៀល​, និង​ប្រភេទ​ស្រូវ IR មានតម្លៃ ១ ៣៧០,៨៣ ​រៀល កើន​ពី​តម្លៃ ៩៨០​ រៀល​។​

​លោក​បន្ថែមថា​៖ «​ទោះ​មាន​បញ្ហា​ប្រឈម​ច្រើន ក៏​កម្ពុជា​នៅតែ​អាច​ទទួលបាន​ភាព​វិជ្ជមាន​ពី​ការនាំចេញ​អង្ករ​កាលពី​ឆ្នាំ ​២០២៣»​។​

​យោងតាម​លោក សុ​ឃាំង ក្នុង​ឆ្នាំ​ ២០២៣ អង្ករ​កម្ពុជា​ទទួលបាន​ការ​ចាប់អារម្មណ៍ និង​ទទួល​ការបញ្ជា​ទិញ​ពី​ទីផ្សារ​ថ្មីៗ​ជា​បន្តបន្ទាប់​មាន​ដូច​ជា ប្រទេស​ទី​ម័​រ​ខាងកើត​ការនាំចេញ​សម្រេចបាន ៤ ​ពាន់​តោន​, ហ្វីលីពីន ចំនួន ២ ៥០០​ តោន​, និង​ប្រទេស​​ឥណ្ឌូនេស៊ី ជាង ១៥ ៥០០ ​តោន​។​

​លោក​ថ្លែងថា​៖«​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មាន​សុទិដ្ឋិនិយម​ថា ក្នុងឆ្នាំនេះ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​នឹងមាន​កំណើន​បន្តទៀត បើ​អាកាស​ធាតុ​ល្អប្រសើរ ​(​មិនមាន​អាកាសធាតុ​រាំងស្ងួត​ក្នុងការ​ធ្វើស្រែ​រដូវប្រាំង លើក​ទី​ ២), មានការ​គ្រប់គ្រង​លំហូរ​ស្រូវ​បានល្អ​, និង​តម្លៃ​ស្រូវ​មិន​ឡើង​ប៉ោង​ខ្ពស់​លើស​ទីផ្សារ​អន្តរជាតិ​»​។​

​យោងតាម CRF តម្លៃ​អង្ករ​ក្នុង​ឆ្នាំ​ ២០២៣ បាន​កើនឡើង​គួរឱ្យ​កត់​សម្គាល់ ដោយ​ប្រភេទ​ម្លិះ​អង្គរ មានតម្លៃ​ជា​មធ្យម ៩៨០​ ដុល្លារ​ក្នុង ​១ ​តោន កើន​ពី ៧៩០ ​ដុល្លារ​ក្នុង​ខែធ្នូ ឆ្នាំ ​២០២២, អង្ករ​សែន​ក្រអូប​តម្លៃ ៨៤០ ​ដុល្លារ កើន​ពី ៧៦០ ​ដុល្លារ​, និង​អង្ក​រស តម្លៃ ៧៨០ ​ដុល្លារ កើន​ពី ៦០០​ ដុល្លារ​។​

​ការនាំចេញ​អង្ករ​នៅក្នុង​ឆ្នាំ ​២០២៤ អាច​ប្រឈម​នឹង​បញ្ហា​មួយចំនួន​

​លោក ឡាយ ឈុន​ហួ អគ្គនាយក​​ក្រុមហ៊ុន City Rice Import Export ដែលជា​ក្រុមហ៊ុន​នាំ​អង្ករ ​«​អង្ករ​រំដួល​»​ក ម្ពុជា​ទៅ​ចូលរួម​ប្រកួត​វេទិកា ស្រូវ​-​អង្ករ​ពិភពលោក និង​ទទួលបាន​ពាន​រង្វាន់​លេខ​ ១ ជា​ «​អង្ករ​ល្អ​ដាច់​គេ​»​ ប្រ​ចាំ​ឆ្នាំ​ ២០២២ បាន​និយាយថា កត្តា​គុណភាព រសជាតិ ក្លិន តម្លៃ និង​កេរ្តិ៍​ឈ្មោះ​ពី​ការ​ឈ្នះ​ពានរង្វាន់​ក្នុង​វេទិកា​លំដាប់​ពិភពលោក​ជា​បន្តបន្ទាប់ បាន​ជួយ​ឱ្យ​អង្ករ​កម្ពុជា​ទទួលបាន​ការ​ពេញ​​និយម​កាន់តែខ្លាំង​។

លោក​បន្ថែមថា ទោះយ៉ាងណា​សម្រាប់​ទីផ្សារ​នាំចេញ​អង្ករ​ក្នុង​ឆ្នាំ ​២០២៤ នេះ​អាច​ជួបនឹង​បញ្ហា​ប្រឈម​មួយចំនួន​ទាក់ទង​នឹង​ការ​បង្កបង្កើនផល​ដោយសារ​កង្វះ​ទឹក​សម្រាប់​ស្រោចស្រព​។​

​លោក​អះអាងថា​៖ «​គុណភាព រស​​ជាតិ និង​ក្លិន​អង្ករ​កម្ពុជា​គឺ​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ​ហើយ ប៉ុន្តែ​សម្រាប់​ស្ថានភាព​នាំចេញ​អង្ករ​ក្នុង​ឆ្នាំ​ ២០២៤​ នេះ ខ្ញុំ​មិន​ហ៊ាន​វាយតម្លៃ​បែបណា​នោះទេ ព្រោះ​នៅ​ឆ្នាំនេះ​ផលិត​កម្ម​ស្រូវ​ត្រូវ​ព្យា​រក​ថា នឹងរង​ផល​ប៉ះពាល់​ពី​កង្វះខាត​ទឹក​សម្រាប់​ធ្វើស្រែ ខណៈ​ការកើនឡើង​នៃ​តម្លៃ​ដឹកជញ្ជូន​ទៅ​ទីផ្សារ​អន្តរជាតិ ក៏​កំពុង​ដាក់​សម្ពាធ​លើ​វិស័យនេះ​ជា​បណ្តើរៗ​ដែរ​»​។​

​កត្តា​អាកាសធាតុ​អាច​នឹងដាក់​កម្រិត​លើ​ទិន្នផល​ស្រូវ​ក្នុង​ឆ្នាំ​ ២០២៤

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី​ ១២ ខែមករា ឱ្យដឹងថា បន្ទាប់ពី​ធ្វើការ​តាម​ដាន និង​ព្យាករ​ស្ថានភាព​អាកាស​​ធាតុ​រួចមក ក្រសួង​ជូនដំណឹង​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា ចាប់ពីពេលនេះ​ដល់​ខែឧសភា សីតុណ្ហភាព​នឹងមាន​ការប្រែប្រួល​ខ្លាំង ជាមួយនឹង​សីតុណ្ហភាព​ក្តៅ​កើនឡើង​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ និង​ក្តៅ​ជាង​ឆ្នាំ ​២០២៣ ដោយ​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៧C និង​សីតុណ្ហភាព​អតិ​បរមា​ខ្ពស់បំផុត​រង្វង់ ​៤១C នៅក្នុង​ខែ​​មេសា និង​ដើមខែ​ឧសភា​។ ចំណែក​ភ្លៀង​កក់ខែ​អាចមាន​តិចតួច​ជាមួយគ្នា​នឹង​របប​ខ្យល់មូសុង​និរតី​ខ្សោយ​ធ្វើឱ្យ​រដូវវស្សា​ចាប់ផ្តើម​យឺត​។​

​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​ត្រូវបាន​ពង្រីក​ជា​បន្តបន្ទាប់​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោកស្រី ចម និម្មល ក្នុង​ពិធី​អបអរសាទរ​ការ​នាំចេញ​អង្ករ​កម្ពុជា ជា​លើក​ទី​១ ទៅ​ទីផ្សារ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែលមាន​បរិមាណ ​៥០០ ​តោន​ក្នុងចំណោម​ការបញ្ជាទិញ​ចំនួន ៦០ ០០០ ​តោន​ស្មើនឹង ៥៤ ​លាន​ដុល្លារ នៅ​ទី​ស្នាក់​ការ​ក្រុមហ៊ុន វ័ន​រ៉ូ​ដ គ្រុប កាលពី​ថ្ងៃទី​ ១២ ខែមករា ឆ្នាំ​ ២០២៤ បាន​លើកឡើងថា ការនាំចេញ​អង្ករ​នាពេលនេះ​មិន​ត្រឹមតែ​ជាការ​ធ្វើ​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​ថែមទាំង​ជាការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​មិត្តភាព​ដ៏​ល្អ​រវាង​ប្រទេស​​កម្ពុជា ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ប្រទេស​ចិន ដែលមាន​ក្រុមហ៊ុន វ័ន​រ៉ូ​ដ គ្រុប ជា​តំណាង​។​

​ផែនការ​នាំចេញ​អង្ករ​ឱ្យបាន ១​ លាន​តោន​ក្នុង ១​ ឆ្នាំ ត្រូវ​អូស​បន្លាយពេល​ជា​បន្តបន្ទាប់​

​កាលពី​ឆ្នាំ​ ២០១៥ កម្ពុជា​ធ្លាប់​បានដាក់​គោលដៅ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យបាន ១​ លាន​តោន ប៉ុន្តែ​ទោះបី​ចំណាយពេល​ជិត ១​ ទសវត្សរ៍​ហើយក៏​ដោយ ក៏​មហិច្ឆតា​នេះ​នៅ​មិនទាន់​អាច​លេចចេញ​ជា​រូបរាង​នោះទេ​មកដល់ពេលនេះ​។ បន្ថែម​លើ​នេះ​ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ​២០២២ និង​លើក​ទិសដៅ​ឆ្នាំ​ ២០២៣ សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា ធ្លាប់​ដាក់ចេញ​នូវ​ផែនការ​ក្នុងការ​នាំចេញ​អង្ករ​ឱ្យបាន ១ ​លាន​តោន​នៅត្រឹម​ឆ្នាំ ​២០២៥​។​

​បើតាម CRF នា​រយៈពេល ៤​ ឆ្នាំ​ចុង​​ក្រោយនេះ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ សម្រេចបាន​ក្នុង​រង្វង់​ត្រឹមតែ​ជាង ៦០ ​ម៉ឺន​តោន​ប៉ុណ្ណោះ ដោយ​ឆ្នាំ ​២០២០ ចំនួន ៦៩០ ៨២៩ តោន​, ឆ្នាំ​ ២០២១ ចំនួន ៦១៧ ០៦៩​ តោន​, ឆ្នាំ​ ២០២២ ចំនួន ៦៣៧ ០០៤​ តោន និង​ឆ្នាំ ​២០២៣ ចំនួន ៦៥៦ ៤២៣ ​តោន​៕