ភ្នំពេញៈ កម្ពុជា​ប្រមូលប្រាក់​បាន​ជាង ៨៥១​ លាន​ដុល្លារ​ ពី​ការនាំចេញ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ ទៅ​ទីផ្សារ​អន្ដរ​ជាតិ ក្នុង​ឆ្នាំ​ ២០២៣ កើនឡើង​ជិត ៣០០​ ភាគរយ​ បើ​ធៀប​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​លោកស្រី តាន់  ​ទេពី​កណ្ណិកា អនុ​រដ្ឋលេខា​​ធិ​ការ​ក្រសួងពាណិជ្ជកម្ម​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី ​«​ពិព័រណ៍​គ្រឿងអលង្ការ និង​ត្បូង​កម្ពុជា​អន្ដរជាតិលើក​ទី១៥ ឆ្នាំ​២០២៤» ដែល​រៀបចំ​នៅ Morgan Tower កាលពី​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២៤ លោកស្រី តាន់ ទេពី​កណ្ណិកា បាន​លើកឡើងថា ទឹកប្រាក់​នាំ​​ចេញ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្ដរជាតិ បាន​កើន​ឡើងជា​បន្ត​បន្ទាប់ ដោយ​ក្នុង​ឆ្នាំ​ ២០២៣ ការនាំចេញ​មាន​ទឹកប្រាក់ ៨៥១ ​លាន​ដុល្លារ កើនឡើង​ប្រមាណ ២៦១ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។​

​លោកស្រី​បាន​បន្តថា កំណើន​នេះ​បានបញ្ជាក់​ពី​ភាព​ជោគ​ជ័យ​នៃ​កិច្ចសហប្រតិបត្ដិការ​ជិតស្និទ្ធ រឹងមាំ និង​គ្រប់​ជ្រុងជ្រោយ​រវាង​ក្រសួង​​ពាណិជ្ជកម្ម និង​ផ្នែក​ឯកជន ក៏ដូចជា​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​កម្ពុជា​ផងដែរ​។​

​ប្រធានស្ដីទី​នៃ​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​កម្ពុជា លោក ឆាយ ស៊ី​ណាត បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​ពិព័រណ៍​គ្រឿង​អលង្ការ និង​ត្បូង​កម្ពុជា​អន្ដរជាតិលើក​ទី១៥ ឆ្នាំ​ ២០២៤ ដែល​គ្រោង​រៀបចំ​ចាប់ពី​ថ្ងៃទី​ ២១ ដល់​ ២៥ ខែមីនា ឆ្នាំ​ ២០២៤ ខាងមុខ គឺជា​វេទិកា​មួយ​ដែល​បង្ហាញ​ពី​សក្តានុពល​នៃ​វិស័យ​គ្រឿង​អលង្ការ និង​ត្បូង​មានតម្លៃ​នៅ​កម្ពុជា​។ តាមរយៈ​ព្រឹត្តិការណ៍​នោះ អ្នកចូលរួម​នឹងមាន​ឱកាស​ស្វែងយល់​កាន់តែច្បាស់​ពី​ការរីកចម្រើន​នៃ​ផលិតកម្ម​គ្រឿងអលង្ការ និង​ការ​រចនា​ម៉ូដ​គ្រឿង​​អលង្ការ​ពេលបច្ចុប្បន្ន​នៅ​កម្ពុជា​។​

​លោក​បន្ថែមថា​៖ «​វា​ក៏​ជា​ឱកាសល្អ​សម្រាប់​គ្រប់​ពាណិជ្ជករ អ្នក​ច្នៃ​ម៉ូដ​គ្រឿងអលង្ការ​កម្ពុជា យើង​អាច​បាន​ជួប​ដៃគូ​បរទេស​សហការគ្នា​ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​របស់ខ្លួន​ថែមទៀត​»​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ​ ២០២៤ ថា ការកែច្នៃ​គ្រឿងអលង្ការ ត្បូង​មានតម្លៃ និង​វត្ថុ​សិល្បៈ​អំពី​ឈើ និង​ថ្ម នៅ​កម្ពុ​ជាមាន​ប្រវត្តិ​ជា​យូរណាស់​មកហើយ ដូច្នេះ​គេ​អាច​និយាយថា ប្រ​ជា​ជន​ខ្មែរ​មាន​ជំនាញ​ច្រើន​លើ​ការងារ​ទាំងអស់នេះ​។

លោក​បាន​បន្តថា បើទោះបី​ទឹកប្រាក់​នាំចេញ​ផលិតផល​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​កាល​ពី​ឆ្នាំ​ ២០២៣ បាន​កើនឡើង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ប៉ុ​ន្តែ​នេះ​មិនមែន​មានន័យថា កម្ពុជា​សម្បូរ​វត្ថុធាតុដើម​ដូចជា រ៉ែ​មាស និង​ត្បូង​នោះទេ ដោយ​ភាគច្រើន​គឺ​កម្ពុជា​នាំចូល​ផលិតផល​ទាំងអស់នោះ​ពី​ក្រៅប្រទេស យកមក​កែច្នៃ​មុននឹង​នាំទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​វិញ​។​

​លោក​បាន​ថ្លែងថា​៖ «​កំណើន​នៃ​ការ​​នាំចេញ​ផលិតផល​មានតម្លៃ​ទាំងនេះ គឺជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា ព្រោះ​តាមរយៈ​គ្រឿងអលង្ការ​ទាំងនេះ​គឺ​វា​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​កេរ្តិ៍ឈ្មោះ និង​ក្បាច់ក្បូរ​មួយចំនួន​ដែល​បន្សល់ទុក​តាំងពី​ដូនតា​តាមរយៈ​ផ្ទាំង​ចម្លាក់​នៅតាម​ប្រាសាទ​នានា​នៅ​ទូទាំង​ប្រ​ទេស ព្រមទាំង​គំនិត​ក្នុងការ​កែច្នៃ​ម៉ូដ​ទាន់សម័យ​ថ្មីៗ​»​។​

​លោក វណ្ណៈ បានលើកឡើង​ទៀតថា ទន្ទឹមនឹង​ការនាំចេញ​ផលិតផល​ទាំង​អស់​ខាងលើ ក្នុង​ ១ ​ឆ្នាំៗ​កម្ពុជា​ក៏មាន​បញ្ចេញ​ប្រាក់​ច្រើន​ផងដែរ​ទៅ​ទីផ្សារ​អន្តរជាតិ ដើម្បី​ប្រមូល​ទិញ​មាស និង​ត្បូង​មានតម្លៃ​យកមក​កែច្នៃ​។​

​លោក​បាន​លើកឡើងថា​៖ «​ខ្ញុំ​នៅតែ​គិតថា ការនាំចេញ​ផលិតផល​ទាំង​​អស់នេះ​មាន​សម្ទុះ​ទៅមុខ​លឿន​ថែមទៀត​នាពេលខាងមុខ​»​។​

​ក្រសួង​រ៉ែ និង​ថាមពលឱ្យដឹងថា គិត​ចាប់ពី​ការផលិត​មាស​លើកដំបូង​កាលពី​ខែមិថុនា ឆ្នាំ​ ២០២១ ដល់​ត្រឹម​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ​ប្រទេស​កម្ពុជា បាន​ផលិត​ដុំ​មាស​ជិត ៩​ តោន​។​

​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​ថ្លែង​នៅក្នុង​វេទិកា​ស្តីពី «​គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា​» កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ៦ កំពុង​ចម្រាញ់​រ៉ែ​មាស​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​កម្ពុជា ដោយ​បង្កើត​ប្រាក់ចំណូល​បន្ថែម​សម្រាប់​ថវិកាជាតិ​។​

​លោក​បាន​អះអាងថា​៖«​គិត​មកដល់ពេលនេះ ​(​ខែវិច្ឆិកា ឆ្នាំ​២០២៣) ប្រទេស​កម្ពុជា​ផលិត​មាស​ប្រមាណ ១ ០៤០​ ដុំ ហើយ​សរុប​មាន​ប្រមាណ ៨ ៩៧៩​ គីឡូក្រាម​។ ជាមួយនឹង​មាស​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​ទទួលបាន​ប្រាក់​សួយសារអាករ​ប្រមាណ​ជាង ១៤,៤​ លាន​ដុល្លារ​»៕