​ភ្នំពេញៈ ជាមួយនឹង​តម្រូវការ​ក្នុងស្រុក​រឹងមាំ ស្របពេល​អត្រា​អតិផរណា​មាន​កម្រិត​មធ្យម រួមផ្សំ​នឹង​ភាពប្រសើរឡើង​នៃ​ការធ្វើ​ពាណិជ្ជកម្ម​នឹង​ជំរុញ​កំ​ណើ​ន​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​+៣ រួមទាំង​កម្ពុជា​ឱ្យ​រក្សាបាន​កំណើន​ដ៏​ល្អ​នៅ​ឆ្នាំនេះ​។​

​ស្ថាប័ន​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋ​កិច្ច​អាស៊ាន​+៣ (AMRO)​​ ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​ឆ្នាំ ​២០២៤ នេះ​ក្នុង​រង្វង់ ៤,៥​ ភាគរយ​សម្រាប់​តំបន់​អាស៊ាន​+៣ នៅក្នុង​ការធ្វើ​ប​ច្ចុ​ប្បន្ន​ភាព​ប្រចាំត្រីមាស​ខែមករា របស់ខ្លួន​នៃ​ចក្ខុវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​+៣ (AREO) ដែល​បានចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​។​

​ទន្ទឹមនឹងនេះ AMRO បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​ នឹង​កើន​ដល់ ៦,២ ​ភាគរយ​នៅ​ឆ្នាំនេះ ដោយ​កើន​យ៉ាងខ្លាំង​ពី​ចំនួន ៥,៣​ ភាគរយ​កាលពី​ឆ្នាំ​ ២០២៣​។ ចំណែក​អត្រា​អតិ​ផ​រណា​នឹង​កើន​ពី ២,៦ ​ភាគរយ​កាលពី​ឆ្នាំ​ ២០២៣ ដល់ ៣,១ ​ភាគរយ​នៅ​ឆ្នាំនេះ​។ AMRO ឱ្យដឹងថា សម្ពាធ​តម្លៃ​បន្ត​ធ្លាក់ចុះ​នៅ​ទូទាំងប្រទេស​ជា​សមាជិក​ដោយ​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​តម្លៃ​ទំនិញ​សកល​។ អតិផរណា​នៅក្នុង​តំបន់​អាស៊ាន​+៣ ដោយ​មិន​រាប់បញ្ចូល​ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា ត្រូវបាន​គេ​ព្យាករ​ថា នឹងមាន​កម្រិត​មធ្យម​មក​ត្រឹម​ចំនួន ២,៦ ​ភាគរយ​នៅ​ឆ្នាំនេះ​។​

​ទោះយ៉ាងណា​ក៏ដោយ ហានិភ័យ​នឹង​កើនឡើង ដោយសារ​អតិផរណា​នៅតែ​សំខាន់ ហើយ​អតិផរណា​ស្នូល​នៅតែ​បន្ត​មាន​កម្រិត​ខ្ពស់​នៅក្នុង​ប្រទេស​ជាច្រើន​។

ប្រធាន​សេដ្ឋវិទូ​របស់ AMRO លោក Hoe Ee Khor បាន​ថ្លែងថា​៖«​ការ​ស្ទុះ​​ងើបឡើង​វិញ​នៃ​វដ្ត​បច្ចេកវិទ្យា​សកល​កំពុង​ចាប់ផ្តើម​បង្ហាញ​អំពី​ប្រតិបត្តិ​ការនាំចេញ​ក្នុង​តំបន់ ជាពិសេស​សម្រាប់​គ្រឿង​អេឡិចត្រូនិក​»​។​

​លោក​បន្ថែមថា​៖«​ប៉ុន្តែ​ការនាំចេញ​ដែល​មិនមែនជា​បច្ចេកវិទ្យា គឺមាន​ភាពយឺតយ៉ាវ​បើ​និយាយ​ពី​ការ​ស្ទុះ​ងើបឡើង​វិញ ដែលជា​មូលហេតុ​នៃ​ការ​ស្ទង់​មតិ​ផ្នែក​ផលិតកម្ម​នាពេល​ថ្មីៗ​នេះ​មាន​ភាព​ចម្រុះ​គ្នា​។ ការកើនឡើង​តម្លៃ​ទំនិញ​សកល​នៅតែ​ជា​ហានិភ័យ​ដ៏​សំខាន់​ចំពោះ​កំណើនសេដ្ឋកិច្ច​។

យើង​នៅតែ​មិនអាច​បដិសេធ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​អាមេរិក​ឡើយ​។ ការ​ឈានទៅរក​ការបោះឆ្នោត​នៅ​អាមេរិក​នៅ​ចុងឆ្នាំ​ ២០២៤ ក៏​អាចធ្វើឱ្យ​ភាពមិនច្បាស់លាស់​ផ្នែក​គោ​លន​យោ​បាយ និង​ការប្រែប្រួល​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ផងដែរ​»​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ (MEF) កម្ពុជា​ កាលពី​ខែធ្នូ បាន​ព្យាករ​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករ​ក្នុង​អត្រាកំណើន ៦,៦​ ភាគរយ ដែល​ជំរុញ​ឱ្យ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​ របស់ខ្លួន​កើនឡើង​ដល់​ប្រមាណ ១៤២,៩៦​ ពាន់​ពាន់​លាន​រៀល ​(៣៤,៥២ ​ពាន់​លាន​ដុល្លារ​)​។​

​ក្រសួង​ឱ្យដឹងទៀតថា ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្ស​ម្នាក់​ត្រូវបាន​គេ​ព្យាករ​ថា នឹង​កើន​ដល់ ២ ០៧១​ ដុល្លារ កើនឡើង​ពី​ចំនួន ១ ៩១៧​ ដុល្លារ កាលពី​ឆ្នាំ ២០២៣​។​

​បើ​យោងតាម​ការ​ព្យាករ​នេះ ផ្លូវ​នៃ​កំណើន​វិជ្ជមាន​ត្រូវបាន​ជំរុញ​ជា​ចម្បង​ដោយ​វិស័យសេដ្ឋកិច្ច​សំខាន់ៗ​ដូចជា វិស័យ​ឧស្សាហកម្ម​ដែល​ត្រូវបាន​ជំរុញ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​អនុ​វិ​ស័​យ​កាត់ដេរ​ដែល​រំពឹងទុក​ថា​នឹង​កើនឡើង​ប្រហែល ៨,៥​ ភាគរយ ដោយ​កើន​ពី ៥ ភាគរយ​កាលពី​ឆ្នាំ​ ២០២៣​។ ចំណែក​ផលិតកម្ម​ដែល​មិនមែន​កាត់​​ដេរ​ត្រូវបាន​គេ​រំពឹងថា នឹង​នៅតែ​រឹងមាំ ខណៈ​វិស័យ​សំណង់​នឹងមាន​ភាព​យឺតយ៉ាវ​។​

​ចំពោះ​វិស័យ​សេវាកម្ម​រំពឹងថា នឹងមាន​កំណើន ៦,៩​ ភាគរយ​នៅ​ឆ្នាំនេះ ដែល​ត្រូវបាន​ជំរុញ​ដោយ​ការ​ស្ទុះ​ងើប​ឡើងវិញ​នៅក្នុង​ស្រុក ជា​ពិសេស​វិស័យ​សណ្ឋាគារ និង​ភោ​ជ​នី​យ​ដ្ឋា​ន ដែល​ផ្តល់​អត្ថប្រយោជន៍​ទៅដល់​វិស័យ​ពាក់ព័ន្ធ​ជាច្រើន​ដូចជា ការលក់ដុំ​​រាយ និង​ការដឹកជញ្ជូន​។ វិស័យ​កសិកម្ម​ព្យាករ​ថា នឹងមាន​កំណើន ១,១​ភាគរយ​ក្នុង​ឆ្នាំ​ ២០២៤ កើនឡើង​ពី ០,៩​ ភាគរយ​កាលពី​ឆ្នាំ​ ២០២៣ ជាមួយនឹង​អនុវិស័យ​ដំណាំ និង​ជលផល​ជំរុញឱ្យមាន​និន្នាការ​កើនឡើង ខណៈ​បសុសត្វ​នៅតែមាន​ស្ថិរភាព​។​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ខែតុលា ឆ្នាំ​ ២០២៣ ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា ​នឹង​កើនឡើង ៦​ ភាគរយ​នៅ​ឆ្នាំ​ ២០២៤​ លោក Davide Furceri ប្រធាន​បេសកកម្ម​របស់ IMF ប្រចាំ​នៅ​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ៣១ ខែតុលា​ថា ការទម្លាក់​ការ​ព្យាករ​នេះ​ដោយសារ​វិស័យ​អចលន​ទ្រព្យ​ធ្លាក់ចុះ ជាពិសេស​បណ្តាលមកពី​ការធ្លាក់ចុះ​ដៃគូ​នាំចេញ​សំខាន់ៗ​ដូចជា​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ចិន​។​

​លោក​បញ្ជាក់ថា ទោះបីជា​មានការ​​ប្រឈម​ក្នុងប្រទេស និង​អន្តរជាតិ​ក៏ដោយ ក៏​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា កំពុងស្ថិត​លើ​ដំណើរ​ផ្លូវ​ប្រកបដោយ​ស្ថិរភាព​ក្នុងការ​ស្ទុះ​ងើបឡើង​វិញ​ពី​ការរីក​រាលដាល​ជំងឺ​។​

​លោក Furceri បាន​ថ្លែងថា​៖«​ការ​ស្ទុះ​ងើបឡើង​វិញ​វិស័យ​ទេសចរណ៍ និង​ការនាំចេញ​បន្ទះ​សូ​ឡា និង​គ្រឿង​បន្លាស់​អគ្គិសនី​ដែល​កំពុង​កើនឡើង គឺជា​កត្តា​ជំរុញ​កំណើន​ដ៏​សំខាន់​»​។ លោក​បន្ថែមថា​៖«​ទោះជា​យ៉ាងណាក៏ដោយ ការនាំចេញ​សម្លៀកបំពាក់​នៅ​តែ​ទន់ខ្សោយ ដោយ​បង្ហាញ​តែ​សញ្ញា​នៃ​ការ​ស្ទុះ​ងើបឡើង​វិញ​តិចតួច ខណៈដែល​សកម្មភាព​សំណង់​កាន់តែ​យឺត​ក៏​កំពុង​ដាក់​សម្ពាធ​លើ​កំណើន​សេដ្ឋ​​កិច្ច​ផងដែរ​»៕