​ភ្នំពេញៈ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ ​(SERC) កំពុង​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​គម្រោង​ប្រមូល​មូលនិធិ​សាធារណៈ​ពី​វិនិយោគិន​ដែល​មិនមាន​ការអនុញ្ញាត​តាមរយៈ​ការផ្តល់ប្រាក់​ចំណូល​ខ្ពស់​។​

​លោក ស៊ូ សុជាតិ អគ្គនាយក SERC បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨ ខែធ្នូ ថា ដោយសារ​មនុស្ស​ជាច្រើន​ត្រូវបាន​ចាញ់​បោក​ក្រុម​ដែល​គ្មាន​វិជ្ជាជីវៈ ដោយសារតែ​ការប្រមូល​មូលនិធិ​ពី​ប្រជាពលរដ្ឋ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដោយ​សន្យា​នឹង​ផ្តល់​ផលចំណេញ​កាន់តែ​ខ្ពស់​។ សកម្ម​​ភាព​បែបនេះ​បណ្ដាលឱ្យមាន​ការអនុវត្ត​គ្មាន​វិជ្ជាជីវៈ និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ពេលខ្លះ​ខ្ចីលុយ​គេ​មក​វិនិយោគ​។​

​លោក​ថ្លែងថា​៖ «​យើង​កំពុងធ្វើការ​ជាមួយ​ក្រសួងយុត្តិធម៌ និង​បណ្ដា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​សកម្មភាព​ប្រមូល​មូលនិធិ​នេះ ខណៈ​យើង​ប្រកាសប្រាប់​ដល់​សាធារណជន​អំពី​ការ​បោកប្រាស់​នេះ​តាមរយៈ​វេទិកា​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​សង្គម​របស់​យើង​។ យើង​នឹង​រៀបចំ​សិក្ខាសាលា​សាធារណៈ ដើម្បី​បង្កើន​ការ​​យល់ដឹង​អំពី​ករណី​ឆបោក​នេះ​។ តាមពិត​យើង​បានធ្វើ​ការងារ​នេះ​ជាច្រើន​មកហើយ ប៉ុន្តែ​ពេលនេះ​យើង​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​បន្ថែមទៀត​»​។​

​លោក​បន្ថែមថា​៖ «​ពិត​ហើយ​បញ្ហា​នេះ​វា​មិនមែន​ស្ថិតក្រោម​និយ័ត​ករ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​វិស័យ​ផ្សេងៗ​ទៀត​។ នេះហើយ​ជា​មូល​ហេតុដែល​យើង​ត្រូវ​ស្វែងរក​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការបន្ថែម​ទៀត​ជាមួយ​បណ្ដា​ក្រសួង​-​ស្ថាប័ន​ផ្សេងៗ ហើយ​បន្ទាប់មក​យើង​អាច​ចេញ​សេចក្តីប្រកាស​រួម​បាន​។ នេះ​ជា​មូល​ហេតុដែល​ពេលនេះ​យើង​គ្រាន់តែ​ជូន​ដំ​ណឹ​ង​ដល់​វិនិយោគិន​ឱ្យ​មានការ​ប្រុង​ប្រ​យ័​ត្ន​អំពី​ការប្រមូល​មូលនិធិ​ណាមួយ​»​។​

​កាលពី​ខែកក្កដា ឆ្នាំ ២០២៣ អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​ដែល​មិនមែន​ធនាគារ ​(NBFSA) បានចេញ​ប្រកាស​មួយ ដែល​បានអនុញ្ញាត​ជា​ផ្លូវការ​ក្នុង​ការចេញ​ឯក​តា​នៃ​គម្រោង​វិនិយោគ​រួម​(CIS)​។​

​លោក សុជាតិ បានឱ្យដឹង​ទៀតថា ការ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ CIS គឺជា​ទីផ្សារ​ដែល​ទន្ទឹង​រង់ចាំ​ជា​យូរ​មកហើយ​។ ក្រុមហ៊ុន​បោះផ្សាយ​ចេញ​ត្រូវតែ​ចុះបញ្ជី​គម្រោង​ជាមួយ​ស្ថាប័ន​របស់លោក​។ លោក​បន្តថា ប្រភេទ CIS រួមមាន​មូលនិធិ​ភាគ​ហ៊ុន​សាធារណៈ និង​ឯកជន រួម​ជាមួយនឹង​ការជឿទុកចិត្ត​លើ​ការវិនិយោគ​អចលន​​ទ្រព្យ​ (REIT)​។ លោក​បន្ថែមថា ជាមួយគ្នា គម្រោង​មួយចំនួន​នឹង​អាច​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) សម្រាប់​ការ​ជួញដូរ​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ទីផ្សារ​នេះ​ គឺជា​ធន​ធាន​មួយ​ដែល​អាច​ផ្គត់ផ្គង់​ប្រាក់​សម្រាប់​គម្រោង​ណាមួយ​ដែលមាន​សក្ដានុពល​ដើម្បី​ទទួលបាន​ជោគជ័យ និង​ផ្តល់នូវ​ផលចំណេញ​សម្រាប់​អ្នក​ដែល​ទិញ​ឯក​តា​មូលនិធិ​ទាំងនេះ​»​។​

​ប្រធាន​ប្រតិបត្តិការ​ទីផ្សារ CSX លោក​​ស្រី គឹម សុ​ផានី​តា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កន្លងមក​ថា CIS ជា​ជម្រើស​ថ្មី​មួយទៀត​សម្រាប់​វិនិយោគិន​នៅ​ផ្សារ​ហ៊ុន​ក្នុងស្រុក​។

លោកស្រី​បន្តថា​៖ «​ទោះបី​ការពិត​ដែលថា សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​នៅ​បន្ត​ប្រឈមមុខ​នឹង​ឧបសគ្គ​ជាច្រើន​ក៏ដោយ ក៏​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​នឹង​ចាប់អារម្មណ៍​ក្នុងការ​ដាក់ឱ្យ​ដំណើរការ CIS»៕