ភ្នំពេញៈ កម្ពុជា​រកចំណូលបាន​ជាង ១,២​​ ពាន់​លាន​ដុល្លារ​ ពី​ការនាំចេញ​ផលិតផល​ស្បែក​ជើង និង​វត្ថុ​ប្រហាក់ប្រហែល ទៅ​ទីផ្សារ​អន្តរជាតិ នៅក្នុង​រយៈ​ពេល ១១​ ខែ ឆ្នាំ​ ២០២៣ ធ្លាក់​ចុះ​ជិត ២៣​ ភាគរយ​​ ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ការនាំចេញ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​ឆ្នាំ​ ២០២៣ បានបង្ហាញ​ពី​ភាពប្រសើរ​ឡើងវិញ​ជា​បណ្តើរៗ​។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​បើតាម​របាយការណ៍ GDCE ចន្លោះ​ពី​ខែមករា​-​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ការនាំចេញ​ទំនិញ​ស្ថិតក្នុង​ជំពូក​ (HS ២ ខ្ទង់​) ​លេខ​កូដ ៦៤ ដែល​រួមមាន ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់​ប្រ​ហែល​មាន​ចំនួន​សរុប ១,២១​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ២២,៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ១,៥៧​ ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​នាំ​ចេញ​ទំនិញ​លេខ​កូដ ៦៤ ស្មើនឹង​ប្រមាណ ៥,៩២​ ភាគរយ​នៃ​ទឹកប្រាក់​នាំចេញ​ទំនិញ​សរុប​ពី​កម្ពុជា​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២៣ ដែលមាន ២០,៤៩​ ពាន់​លាន​ដុល្លារ​។

GDCE បានឱ្យដឹង​ទៀតថា សម្រាប់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ការនាំចេញ​ស្បែកជើង ស្រោមជើង វត្ថុ​ប្រហាក់ប្រហែល មាន​ទឹកប្រាក់ ១២៤,៦១​ លាន​ដុល្លារ ថយចុះ ២,៣​ ភាគរយ​ពី​ចំនួន ១២៧,៥៩​ លាន​ដុល្លារ​ធៀប​ខែវិច្ឆិកា ឆ្នាំ​ ២០២២​។​

​ប្រធាន​សមាគម​ស្បែកជើង​​កម្ពុជា លោក លី ឃុន​ថៃ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨ ខែ​​មករា ថា ការធ្លាក់ចុះ​ទឹកប្រាក់​នាំចេញ​ផលិតផល​ស្បែកជើង និង​វត្ថុ​ប្រហាក់ប្រហែល ក្នុង​ឆ្នាំ​ ២០២៣ គឺ​បណ្តាលមកពី​ចំនួន​ដ៏​ច្រើន​នៃ​ការបញ្ជាទិញ​ក្នុង​ឆ្នាំ​ ២០២២ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​នីមួយៗ​មាន​នៅសល់​ទំនិញ​ក្នុង​ស្តុក​ច្រើន​បន្ត​ដល់​ឆ្នាំ ២០២៣​។

លោក​បាន​បន្ថែមថា ភាពមិនច្បាស់លាស់​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ដែល​បន្ត​អូស​បន្លាយពេល ៣-៤ ​ឆ្នាំ​ជាប់​គ្នា​មកនេះ ក៏បាន​ជះឥទ្ធិពល​លើ​ការចំណាយ និង​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​ប្រជាជន​លើ​ពិភព​លោក​ផងដែរ​។ នៅពេល​មនុស្ស​មិនសូវ​ធ្វើដំណើរ និង​មិនសូវ​ចំ​​ណាយ​ប្រាក់ ការទិញ​ស្បែកជើង និង​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​ទៀត​ក៏​ធ្លាក់ចុះ​ដែរ​។​

​លោក​បញ្ជាក់ថា​៖ «​សម្រាប់​ឆ្នាំ​ ២០២៤ នេះ តាម​ការវិភាគ​របស់​ក្រុម​អ្នកជំនាញ​សមាគម​ស្បែកជើង​កម្ពុជា គឺ​ការនាំចេញ​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល អាច​នឹង​ល្អ​ជាង​ឆ្នាំមុន ព្រោះ​តាម​ព័ត៌មាន​គឺ​សម្ទុះ​នៃ​ការលក់​ស្បែកជើង​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា នា​រយៈពេល ៦ ​ខែ​ចុង​​ក្រោយ​ឆ្នាំ​ ២០២៣ រហូតដល់​ពេលនេះ​គឺមាន​ភាពប្រសើរ​។ ការបញ្ចេញ​ស្តុក​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ និង​ហាង​លក់ទំនិញ​នានា នឹង​ជួយ​ឱ្យ​ការបញ្ជាទិញ​នៅក្នុង​ឆ្នាំ ២០២៤ មាន​កំណើន​បើ​ធៀប​ឆ្នាំ​ ២០២៣»​។​

​បើតាម ឃុន​ថៃ ផលិតផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល ផលិត​នៅ​កម្ពុជា​ភាគច្រើន​ត្រូវបាន​នាំទៅ​គោលដៅ​សំខាន់ៗ​ដូចជា អា​​មេ​រិ​ក អឺរ៉ុប កាណាដា អង់គ្លេស និង​ប្រទេស​ក្នុង​តំបន់​។ ស្បែក​ជើង​ផលិត​នៅ​កម្ពុ​ជាមាន​ម៉ាក​អន្តរជាតិ​ល្បីៗ​ជាច្រើន​ដូចជា Adidas, Clarks, និង Timberland ជាដើម​។​

​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ដែលជា​ស្ថាប័ន​តំណាង​របស់​រដ្ឋាភិបាល​មាន​ភារកិច្ច​ក្នុងការ​ពិនិត្យ និង​ផ្តល់​ការអនុញ្ញាតឱ្យ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​បើក​ដំណើរការ​អាជីវ​កម្ម និង​រោងចក្រ​/​សហគ្រាស​នៅ​កម្ពុជា គឺ​ចំនួន​នៃ​គម្រោង​វិនិយោគ​ដែល​បានអនុម័ត​ក្នុង​ឆ្នាំ ​២០២៣ បាន​កើន​ឡើងដល់ ២៦៨​ គម្រោង ពី​ចំនួន ១៨៦ កាលពី​ឆ្នាំ​ ២០២២ ក្នុងនោះ​ក៏មាន​គម្រោង​វិនិយោគ​លើ​រោង​​ចក្រ​ផលិត​ស្បែកជើង ស្រោម​ជើង និង​វត្ថុ​ប្រហាក់ប្រហែល ជាច្រើន​ផងដែរ​។​

​លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា បាន​និយាយថា បន្ទាប់ពី​ធ្លាក់​​ចុះ​មួយរយៈ លោក​សង្កេតឃើញថា សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ពី​បណ្តា​រោងចក្រ​នានា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បានចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​។ ជាមួយគ្នានេះ​ចំនួន​ក្រុមហ៊ុន​វិនិយោគ​ដែល​មក​បើក​រោងចក្រ​នៅ​កម្ពុជា​ក៏​កំពុង​កើន​ឡើង​ដែរ​។

លោក​បន្តថា កំណើន​នៃ​ការបណ្តាក់ទុន គឺ​ដោយសារ​វិនិយោគិន​មើលឃើញ​ពី​ឱកាស​ទីផ្សារ​នាពេលខាងមុខ​។​

​លោក​ប្រាប់ថា​៖ «​កំណើន​ការបើក​រោងចក្រ និង​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ទៅ​ក្រៅប្រទេស​នា​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ជា​សញ្ញា​បញ្ជាក់ថា​ការនាំចេញ​គ្រប់មុខ​ទំនិញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​នឹង​បន្ត​ការកើនឡើង​កាន់​តែ​ច្រើន​នាពេលខាងមុខ​»​។​

​ក្នុង​ឆ្នាំ ​២០២២ ការនាំចេញ​ទំនិញ​នៅក្នុង​ជំពូក​ (HS២​ខ្ទង់​) លេខ​កូដ ៦៤ គឺមាន​ទឹកប្រាក់​សរុប ១,៧៤​ ពាន់​លាន​ដុល្លារ កើន ២៤,៨ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១ ដែលមាន ១,៣៩​ ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​នាំ​​ចេញ​ទំនិញ​លេខ​កូដ ៦៤ គឺ​ស្មើនឹង​ប្រមាណ ៧,៧​ ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ២២,៤៨​ ពាន់​លាន​ដុល្លារ​៕