
រូបផ្ទៃខាងមុខនិងខាងក្រោយនៃធនប័ត្រ(ក្រដាសប្រាក់)អនុស្សាវរីយ៍ប្រភេទថ្មី ២០០ ០០០ រៀល ប្រកាសដាក់ឱ្យចរាចរនៅថ្ងៃនេះ។ រូបថត ធនាគារជាតិ
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យចរាចរធនប័ត្រ(ក្រដាសប្រាក់)អនុស្សាវរីយ៍ប្រភេទថ្មី ២០០ ០០០ រៀល ចំនួន ២០ លានសន្លឹក(ប្រហែល ១ ០០០ លានដុល្លារអាមេរិក) ដើម្បីអបអរសាទរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ការដាក់ឱ្យចរាចរធនប័ត្រថ្មីនេះ ត្រូវបានស្ថាប័នជំនាញថានឹងមិនប៉ះពាល់ដល់តម្លៃរូបិយវត្ថុដែលកំពុងមានក្នុងចរន្តសេដ្ឋកិច្ចជាតិឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានចេញអនុក្រឹតមួយដោយអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០ ០០០ រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានលើកឡើងថា ក្នុងឱកាសពិធីអបអរសាទរខួប ២០ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញនូវក្រដាសប្រាក់ប្រភេទ ២០០ ០០០ រៀល ចំនួន ២០ លានសន្លឹក។
លោកស្រីបន្តថា ការដាក់ចេញធនប័ត្រប្រភេទ ២០០ ០០០ រៀល នឹងមិនប៉ះពាល់ដល់តម្លៃរូបិយវត្ថុ ដែលកំពុងចរាចរណ៍ក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាឡើយ ព្រោះធនប័ត្រប្រភេទថ្មីនេះ គឺជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែលកំពុងចរាចរណ៍តែប៉ុណ្ណោះ ហើយចំនួននៃការបោះពុម្ភក៏ត្រូវបានកំណត់ជាក់លាក់ផងដែរ។
លោកស្រីបានថ្លែងថា៖«ក្នុងឱកាសនៃការដាក់ធនប័ត្រប្រភេទ ២ សែនរៀល(២០០ ០០០រៀល)នៅថ្ងៃនេះ ខ្ញុំសូមជម្រាបថានឹងមិនប៉ះពាល់អ្វីដល់ចំនួនរូបិយវត្ថុដែលមាននៅក្នុងចរន្តនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងទេ។ កន្លងមកមានការព្រួយបារម្ភថា ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវប្រភេទធនប័ត្រប្រភេទថ្មី ថាធនាគារជាតិនៃកម្ពុជា ឬរាជរដ្ឋាភិបាលខ្វះលុយ អ៊ីចឹងហើយបានជាបោះផ្សាយលុយដាក់ឱ្យប្រើប្រាស់បន្ថែម។ ចំណុចនេះខ្ញុំសូមជម្រាបថា ការដាក់ចេញនូវធនប័ត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែលយើងបានដកចេញពីចរាចរណ៍តែប៉ុណ្ណោះ»។
លោកស្រី ជា សិរី បានប្រាប់ថា ធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មីនេះមានលក្ខណៈសុវត្ថិភាពរហូតដល់ទៅ ៦៨មុខ។
បើតាមធនាគារជាតិនៃកម្ពុជា ក្រដាសប្រាក់ថ្មីនេះមានបណ្ដោយ ១៧០មម ទទឹង ៧៦មម - ពណ៌ចម្បង គឺពណ៌ត្នោត ពណ៌ទឹកក្រូច និងពណ៌ផ្កាឈូក។ ផ្ទៃខាងមុខ(ផ្នែកកណ្តាលមានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះវររាជមាតា ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរ " ពីរសែនរៀល ” នៅខាងក្រោម។
ចំណែកផ្ទៃខាងខ្នង ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រឿង ព្រះមហាក្សត្រ និងមានអក្សរ “ ពីរសែនរៀល ” នៅពីក្រោម និងអក្សរ “ Congratulations on the 20th Anniversary of the Coronation of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI (29 October 2004-29 October 2024) ” នៅគែមក្រដាសប្រាក់។
លោកស្រីបានថ្លែងថា៖«ដើម្បីអបអរសាទរខួប ២០ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញនូវក្រដាសប្រាក់ប្រភេទ ២សែនរៀល ចំនួន ២០លានសន្លឹក។ ក្រដាសប្រាក់នេះបើយើងនិយាយឱ្យសាមញ្ញទៅជាប្រភេទក្រដាសប្រាក់អនុស្សាវរីយ ជាប្រភេទក្រដាសប្រាក់ Collection ដែលយើងនឹងចេញផ្សាយតែ ២០ លានសន្លឹកប៉ុណ្ណោះ»។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៦ ខែតុលា ថា ការប្រកាសរបស់រាជរដ្ឋាភិបាលក្នុងការដាក់ឱ្យធ្វើចរាចរប្រភេទក្រដាសប្រាក់ប្រភេទ ២០០ ០០០ រៀលនាពេលនេះ គឺនឹងមានផលប៉ះពាល់អ្វីចំពោះដំណើរការសេដ្ឋកិច្ចជាតិនោះទេ ព្រោះវាជាក្រដាសប្រាក់អនុស្សាវរីយ៍ប្រភេទថ្មី ហើយការបោះពុម្ភក៏ត្រូវបានកំណត់ត្រឹមតែ ២០ លានសន្លឹកប៉ុណ្ណោះ។
លោកថ្លែងថា៖«ខ្ញុំគិតថា វានឹងមិនមានផលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ឬការធ្លាក់ចុះនៃតម្លៃប្រាក់រៀលនោះទេ។ ក្រដាសប្រាក់ធំបែបនេះ ក៏ផ្តល់ភាពងាយស្រួលសម្រាប់ការទុកដាក់ ហើយក៏ជួយកាត់បន្ថយថ្លៃដើមនៃការបោះពុម្ភផងដែរ»។
គិតមកដល់ពេលនេះកម្ពុជាមានក្រដាសប្រាក់កំពុងចរាចរណ៍ជាសាធារណៈដូចជា ៥០រៀល, ១០០រៀល, ២០០រៀល, ៥០០រៀល, ១ ០០០រៀល, ២ ០០០រៀល, ៥ ០០០រៀល, ១០ ០០០រៀល, ១៥ ០០០រៀល, ២០ ០០០រៀល, ៣០ ០០០រៀល, ៥០ ០០០រៀល, និង ១០០ ០០០រៀល៕