ទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងជប៉ុនក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ មានប្រមាណជិត ១,៦ ពាន់លានដុល្លារ កើនជិត ២០ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះទំនិញកម្ពុជានាំចេញមានទឹកប្រាក់ជាង ១ ពាន់លានដុល្លារ។ នេះបើវតាមអគ្គវនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៤ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ១ ៥៩៥ លានដុល្លារ កើនឡើង ១៦,៧ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ១ ៣៦៦,៨៤ លានដុល្លារ។
ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅជប៉ុន ១ ០៥៧,០៧ លានដុល្លារ កើនឡើង ១៩,៣ ភាគរយ ចំណែកជប៉ុននាំមកកម្ពុជា ៥៣៧,៩៤ លានដុល្លារ កើនឡើង ១១,៨ ភាគរយ។ ផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៥១៩,១៣ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២៣ មានចំនួន ៤០៤,៦៤ លានដុល្លារ។
ទំហំទឹកប្រាក់ពាណិជ្ជកម្មកម្ពុជា-ជប៉ុន ស្មើនឹង ៣,៨៩ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជារយៈពេល ៩ ខែឆ្នាំ ២០២៤ ដែលមានចំនួន ៤០,៩៤ ពាន់លានដុល្លារ។ ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៥ ខែតុលាថា ទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង ២ បានជួយឱ្យសកម្មភាពនៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ កើនឡើងជាបន្តបន្ទាប់ ពិសេសការនាំចេញរបស់កម្ពុជា។
លោកបន្តថា ដើម្បីជំរុញការនាំចេញទំនិញពីកម្ពុជាទៅប្រទេសជប៉ុនឱ្យបានកាន់តែច្រើន នាពេលកន្លងមកសភាពាណិជ្ជកម្មកម្ពុជាក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងប្រទេសជប៉ុនផងដែរ។ ការិយាល័យតំណាងមានតួនាទីក្នុងការជួយផ្សព្វផ្សាយពីផលិតផលកម្ពុជាសម្រាប់នាំចេញ និងជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យចូលមកបើកអាជីវកម្ម ឬរោងចក្រផលិតនៅកម្ពុជាដើម្បីចេញទៅទីផ្សារជប៉ុន និងប្រទេសជាច្រើនទៀតលើពិភពលោក។
លោកបានថ្លែងថា៖«ដោយសារបរិមាណផលិតកម្ម និងគុណភាពទំនិញកម្ពុជាកាន់តែមានលក្ខណៈស្តង់ដារ ដូច្នេះខ្ញុំមានជំនឿថា ការនាំចេញទំនិញទៅប្រទេសជប៉ុន និងគោលដៅផ្សេងៗលើពិភពលោកប្រាកដជានឹងកើនឡើង»។
លោកប្រាប់ទៀតថា ក្រៅពីការនាំចេញនាំចូលទំនិញជាមួយគ្នា បច្ចុប្បន្នក៏មានវិនិយោគិនជប៉ុនជាច្រើនកំពុងបណ្តាក់ទុននៅកម្ពុជាផងដែរ។ ជប៉ុន និងកម្ពុជា គឺសុទ្ធតែជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដូច្នេះចរាចរណ៍ទំនិញទ្វេភាគីនឹងកើនឡើងបន្ថែមទៀត។
បើតាមលោក លឹម ហេង ទំនិញសំខាន់ៗដែលកម្ពុជានាំទៅជប៉ុន គឺមានសម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក និងកសិផល ចំណែកជប៉ុននាំចូលមកវិញរួមមាន គ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងចំណីអាហារមួយចំនួន។ ចំណែកការវិនោយោគរបស់ជប៉ុនមានដូចជា ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម អចលនទ្រព្យ និងធនាគារ ជាដើម។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ ២០២៣ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ក៏បានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ ២០២៣ ដោយក្នុងឱកាសនោះលោកស្នើឱ្យវិនិយោគិនជប៉ុនចូលមកបណ្តាក់ទុននៅកម្ពុជាឱ្យច្រើន ជាមួយគ្នានេះលោកក៏ជំរុញឱ្យផ្នែកឯកជននៃប្រទេសទាំង ២ ធ្វើការសិក្សារួមគ្នាដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នៅកម្ពុជាផងដែរ។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ប្រទេសជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងក៏ជាចំណែកសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ។ ជប៉ុនជាប្រទេសរីកចម្រើន និងប្រជាជនមានចំណូលខ្ពស់ ដូច្នេះកម្ពុជាត្រូវតែខិតខំធ្វើការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាពដើម្បីទទួលបានការបញ្ជាទិញទំនិញពីប្រទេរសជប៉ុន ឬទាក់ទាញវិនិយោគិនជប៉ុនឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។
លោកនិយាយថា៖ «ខ្ញុំជឿថាការនាំទំនិញពីកម្ពុជាទៅទីផ្សារជប៉ុននឹងបន្តកើនឡើងទៀត ខណៈបច្ចុប្បន្នកម្ពុជាក្លាយជាប្រភពនៃការផ្គត់ផ្គង់គ្រឿងបង្គុំមួយចំនួនទៅឱ្យរោងចក្រនៅប្រទេសជប៉ុន»។
ក្នុងឆ្នាំ ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ១ ៧៩៩,៣៧ លានដុល្លារ ធ្លាក់ចុះ ៧,២ ភាគរយធៀបឆ្នាំ ២០២២ ក្នុងនោះទំនិញកម្ពុជានាំចេញ មានចំនួន ១ ១៧៥,៧៨ លានដុល្លារ កើនឡើង ០,២ ភាគរយ និងជប៉ុននាំចូល ៦២៣,៦ លានដុល្លារ ធ្លាក់ចុះ ១៨,៥ ភាគរយ។ នេះបើតាម GDCE៕