ប្រទេសកម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរបរទេសកាន់តែច្រើន បន្ទាប់ពីក្រមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានបើកជើងហោះហើរត្រង់រវាងទីក្រុងហាណូយ-រាជធានីភ្នំពេញ ខណៈបច្ចុប្បន្នក៏ក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា Cambodia Angkor air កំពុងមានប្រតិបត្តិការហោះហើរប្រចាំថ្ងៃរវាងគោលដៅទាំង ២ ផងដែរ។
ពិធីបើកសម្ពោធជើងហោះហើររាជធានីភ្នំពេញ-ទីក្រុងហាណូយ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែតុលា ដោយការហោះហើររវាងគោលដៅទាំង ២ ត្រូវប្រើរយៈពេល ១:៥៥ នាទី និងធ្វើឡើងចំនួន ៤ ជើងក្នុង ១ សប្តាហ៍(ចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ)។ កន្លងមកជើងហោះហើរនេះត្រូវបានធ្វើឡើងដោយឆ្លងកាត់ការចុះចតនៅព្រលានយន្តហោះទីក្រុងចន្ទន៍ ប្រទេសឡាវ។
ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ដែលបានចូលរួមក្នុងពិធីបើកសម្ពោធជើងហោះហើររាជធានីភ្នំពេញ-ទីក្រុងហាណូយ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២៨ ខែតុលា ថា ការបើកជើងហោះហើរត្រង់រវាងទីក្រុងហាណូយ មកកាន់រាជធានីភ្នំពេញ នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំង ២។ កាលពីមុនការហោះហើររវាងគោលដៅភ្នំពេញ និងហាណូយ គឺត្រូវចំណាយពេលយូរ ដោយសារក្រុមហ៊ុនត្រូវចុះចតមួយរយៈខ្លីនៅព្រលានយន្តហោះទីក្រុងចន្ទន៍ ប្រទេសឡាវ។
លោកស្រីបន្តថា ទីក្រុងហាណូយ គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងមានព្រលានយន្តហោះខ្នាតធំដែលមានជើងហោះហើរអន្តរជាតិមកពីប្រទេសជាច្រើនចុះចត ដូច្នេះការតភ្ជាប់ជើងហោះហើរផ្ទាល់នេះ គឺប្រាកដជានឹងជួយឱ្យកម្ពុជាអាចទទួលបានភ្ញៀវបរទេសកាន់តែច្រើន បន្ថែមលើភ្ញៀវជនជាតិវៀតណាម ដែលមានចំណងធ្វើដំណើរមកកម្ពុជា ពិសេសរាជធានីភ្នំពេញ។
លោកស្រីបន្ថែមថា តាមរយៈការបើកជើងហោះរហើរនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក៏នឹងជួយធ្វើការផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជាទៅកាន់អតិថិជនលើពិភពលោកផងដែរ។
បើតាមលោកស្រី ស៊ីវលីន ក្រៅពីផ្លូវហោះហើរខាងលើ បច្ចុប្បន្នក្រុមហ៊ុន Vietnam Airlines ក៏កំពុងមានប្រតិបត្តិការក្នុងការហោះហើរត្រង់រវាងទីក្រុងហាណូយ មកកាន់ព្រលានយន្តហោះខេត្តសៀមរាប ផងដែរ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines លោក Dang Ngoc Hoa បានប្រាប់ឱ្យដឹងថា ជើងហោះហើរត្រង់រវាងទីក្រុងហាណូយ-រាជធានីភ្នំពេញ នឹងរួមចំណែកបង្កើនបណ្តាញតភ្ជាប់រវាងប្រទេសទាំងពីរ។ ក្រៅពីធ្វើជាស្ពានសម្រាប់អ្នកដំណើរ និងទំនិញ ផ្លូវហោះហើរត្រង់ក៏ជា «ឯកអគ្គរដ្ឋទូត»ដែលសកម្មជំរុញទំនាក់ទំនងរវាងភាគី ជួយពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា។
លោកនិយាយថា៖«ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គឺតែងតែធានានូវប្រតិបត្តិការហោះហើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពមកកម្ពុជា ទន្ទឹមនឹងនោះ យើងនឹងបន្តពង្រីកបណ្តាញហោះហើរ ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការប្រកួតប្រជែង និងគុណភាពសេវាកម្ម ដែលជាហេតុបំពេញតម្រូវការអតិថិជនក្នុងប្រទេសទាំង ២ បានល្អបំផុត»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក(Tob Sopheak) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៤ ខែតុលាថា កត្តាស្ថិរភាពនយោបាយ និងសន្តិសុខក្នុងប្រទេស គឺជាហេតុផលចម្បងដែលជួយទាក់ទាញភ្ញៀវអន្តរជាតិឱ្យធ្វើដំណើរមកលេងកម្សាន្ត ឬបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។
លោកថ្លែងថា៖«កំណើនជើងហោះហើរអន្តរជាតិមកកម្ពុជា ក៏ជាចំណែកមួយដែលនឹងជួយឱ្យកម្ពុជាអាចស្រូបទាញភ្ញៀវទេសចរ និងអ្នកវិនិយោគអន្តរជាតិឱ្យចូលមកកម្ពុជាកាន់តែច្រើនផងដែរ។»
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុប ៤,២៩ លាននាក់ កើនឡើង ២២,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ក្នុងតួលេខនេះ គឺភ្ញៀវជនជាតិវៀតណាមមានចំនួន ៨៦៨ ៤៤៥ នាក់ កើនឡើង ៣៥,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ភ្ញៀវជនជាតិវៀតណាម ស្ថិតនៅចំណាត់ថ្នាក់ទី ២ បន្ទាប់ពីប្រទេសថៃដែលមានប្រមាណ ១,៣៤ លាននាក់។
ឆ្នាំ ២០១៩ គឺជាពេលកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបំផុត គឺចំនួន ៦,៦១ លាននាក់ កើន ៦,៦ ភាគរយ។ ចំណូលដែលកម្ពុជាទទួលបានពីទេសចរណ៍អន្តរជាតិនៅពេលនោះ គឺ ៤,៩២ ពាន់លានដុល្លារ។ វិស័យទេសចរណ៍ បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប(GDP) ១២,១ ភាគរយ៕