ផលិតផល​ក្នុង​ស្រុក​ (ផ.ស.ស) សម្រាប់​មនុស្ស​ម្នាក់នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៥ ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់​ជិត ៣ ពាន់​ដុល្លារ​អាមេរិក​ ដែល​ចំនួន​នេះ​គឺ​​កើន​ឡើង​ប្រមាណ ៧,៨​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២៤ ខណៈ​កំណើន​សេដ្ឋកិច្ច​នឹង​សម្រេច​បាន​ក្នុង​អត្រា ៦,៣​ ភាគរយ​។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃទី​២៥ ខែ​តុលា ឱ្យ​ដឹង​ថា យោង​លើ​ការ​វាយ​តម្លៃ​នៃ​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​មធ្យម​របស់​រាជ​រដ្ឋាភិបាល ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ ២០២៥ ត្រូវ​បាន​ព្យាករ​ថា ស្ថិត​ក្នុង​អត្រា​កំណើន ៦,៣ ភាគរយ​ ដែល​ធ្វើ​ឱ្យ ផ.ស.ស. ថ្លៃ​បច្ចុប្បន្ន​ស្ថិត​ក្នុង​រង្វង់ ២០៩ ១៦៣ ពាន់​លាន​រៀល សមមូល​នឹង​ប្រមាណ ៥១ ៣៩៨ លាន​ដុល្លារ​អាមេរិក ខណៈ ផ.ស.ស. សម្រាប់​មនុស្ស​ម្នាក់​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់ ២ ៩២៤ ដុល្លារ​អាមេរិក ពី​ចំនួន​ ២ ៧១៣ដុល្លារ ក្នុង​ឆ្នាំ​២០២៤។

សេចក្តី​ប្រកាស​ព័ត៌មាន​​​ឱ្យ​ដឹង​ទៀត​ថា អត្រា​កំណើន ៦,៣​ ភាគរយ​ត្រូវ​បាន​រំពឹង​ថា នឹង​គាំទ្រ​ដោយ​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ​ដូច​ជា វិស័យ​ឧស្សាហកម្ម នឹង​មាន​កំណើន ៨,៦ ភាគរយ, វិស័យ​សេវាកម្ម​នឹង​មាន​កំណើន ៥,៦ ភាគរយ និង​វិស័យ​កសិកម្ម នឹង​កើន​ឡើង ១,១ ភាគរយ។ 

ចំណែក​អតិផរណា ត្រូវ​បាន​ព្យាករ​ថា​នឹង​ស្ថិត​ក្នុង​រង្វង់ ២,៥ ភាគរយ ក្នុង​នោះ​វិស័យ​សង្គមកិច្ច​នៅ​តែ​ត្រូវ​បាន​ចាត់​ទុក​ជា​វិស័យ​អាទិភាព​ទី ១។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៥ ​ដែល​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​បាន​អនុម័ត កាល​ពី​ថ្ងៃទី ២៥ ខែ​តុលា នឹង​ត្រូវ​ឆ្លង​កាត់​នីតិវិធី​មួយ​ចំនួន​ទៀត មុន​នឹង​ត្រូវ​ក្លាយ​ជា​ច្បាប់​ថវិកា​ប្រចាំឆ្នាំ ២០២៥ ដែល​ប្រកាស​ដាក់ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវ​ការ។

កំណើន ផ.ស.ស សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ឆ្នាំ ២០២៥ គឺ​ជា​ការ​ចាប់​ផ្តើម​ដ៏ល្អ​របស់​ប្រទេស​កម្ពុជាក្នុង​ការ​ចាក​ចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​​នៅ​ក្នុង​ឆ្នាំ ២០២៩។​

អ្នក​សេដ្ឋកិច្ច​ លោក​បណ្ឌិត ឌុច ដារិន្ទ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៨ ខែ​តុលា​ថា ការ​ព្យាករ​អំពី​​ផលិតផល​ក្នុង​ស្រុក​សម្រាប់​មនុស្ស​ម្នាក់មាន​ការ​កើន​ឡើង​នៅ​ឆ្នាំ ២០២៥ ប្រៀប​ធៀប​នឹង​ឆ្នាំ ២០២៤ ពីព្រោះ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​មាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់ ដោយសារ​កំណើន​​ការ​នាំចេញ​ដ៏​រឹងមាំ កំណើន​ភ្ញៀវ​ទេសចរ កំណើន​ការ​វិនិយោគ​សាធារណៈ និងការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ផ្នែក​ឯកជន​។ កម្ពុជា​បាន​និងកំពុង​ផ្តោត​លើ​ការ​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ការ​គាំទ្រ​កំណើន​ប្រកប​ដោយ​ចីរភាព។

ទិដ្ឋភាព​នៅក្នុង​រោងចក្រ​ផលិត​សម្បកង់រថយន្ត​នៅកម្ពុជា​។ សហការី

លោក​បាន​ថ្លែង​ថា៖​«​មតិ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ការ​ព្យាករ​នៃ​ការ​ឡើង​ប្រាក់​ចំណូល​ជា​មធ្យម​នេះអាច​សម្រេច​បាន ពី​ព្រោះ​ស្ថាប័ន​អន្តរជាតិ​ដូចជា ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ(IMF) សុទ្ធ​តែ​បាន​ព្យាករណ៍​ស្រដៀងៗ​គ្នា។

លើស​ពី​នេះ​ទៀត កម្ពុជា​កំពុង​បន្ត​ជំរុញ​ឱ្យ​មាន​ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ ការ​វិនិយោគ​លើ​ធនធាន​មនុស្ស ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល និង​ការ​ធ្វើ​ឱ្យ​មានបរិយាកាស​វិនិយោគ​បាន​ល្អ​ប្រសើរ ព្រម​ទាំង​មាន​ការ​កើនឡើង​នៃ​ការ​នាំចេញ​ទំនិញ ជា​ពិសេស​​ក្នុង​វិស័យ​វាយនភណ្ឌ ដូច​ជា សម្លៀក​បំពាក់ ទំនិញ​ធ្វើ​ដំណើរ ស្បែកជើង ក៏​ដូចជា​ការ​កើន​ឡើង​វិញ​នៅ​ក្នុង​វិស័យ​ទេសចរណ៍»។

លោក​លើក​ឡើងទៀត​​ថា ផលិតផល​ក្នុង​ស្រុក​សម្រាប់​មនុស្ស​ម្នាក់នៅ​កម្ពុជា​រំពឹង​ថា កើន​ឡើង​ដោយសារ​ផលិតផល​ក្នុង​ស្រុក​សរុប​ព្យាករ​ថា​មាន​ការ​កើន​ឡើង ព្រោះ​កម្ពុជា​កំពុង​ស្ថិតនៅ​លើ​ផ្លូវ​នៃ​កំណើន​ឧស្សាហកម្ម ទេសចរណ៍ សេវាកម្ម​ហិរញ្ញវត្ថុ វិស័យ​សេវាកម្ម និង​វិស័យ​កសិកម្ម ជា​ដើម​។ 

ជា​មួយ​គ្នា​នោះ កម្ពុជា​ក៏​កំពុង​ផ្តល់​អាទិភាព​ភាព​លើ​វិស័យ​អប់រំ​ ឱ្យ​មាន​ទាំង​បរិមាណ និង​គុណភាព​ល្អ ព្រម​ទាំង​វិស័យ​សុខាភិបាល រួម​បញ្ចូល​ក្នុង​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ជា​កត្តា​គាំទ្រ​ផលិតភាព​សេដ្ឋកិច្ច​យូរអង្វែង។

លោក​បាន​បញ្ជាក់​ថា៖​«​ការ​ផ្តោត​លើ​កំណែ​ទម្រង់​ស្ថាប័ន ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​មនុស្ស នឹង​បង្កើន​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ជាតិ និង​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព និងបរិយាប័ន្ន»។

លោក​បន្ត​ថា៖​«សកម្មភាព​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០២៤ គឺ​មាន​ភាព​រឹងមាំ ទោះបី​មាន​បញ្ហា​ប្រឈម​ជា​សកល​ក៏ដោយ ហើយ​សូចនាករ​សំខាន់ៗ​ដូចជា​អតិផរណា​ គឺ​មាន​ស្ថិរភាព។ 

ក្នុង​ឆ្នាំ ២០២៥ ដូចជា​មាន​ការ​រំពឹងទុក​សេដ្ឋកិច្ច​នឹង​ប្រសើរ​ឡើង​បន្ថែម​ទៀត ពីព្រោះ​អតិផរណា​ត្រូវ​បាន​ព្យាករណ៍​នៅ​ប្រហែល ២,៥​ភាគរយ ដែល​ផ្តល់​នូវ​បរិយាកាស​ស្ថិរភាព​សម្រាប់​អ្នក​ប្រើប្រាស់ និង​អ្នក​វិនិយោគ ដោយធានា​កម្លាំង​ទិញ​នៅ​តែ​រឹងមាំ»។

លោក​បាន​បន្ថែម​​​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ និង​គោល​នយោបាយ​វិនិយោគ​ដែល​សកម្ម ទំនង​នឹង​ទាក់​ទាញ​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​អន្តរជាតិ ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឱ្យ​មាន​សម្ទុះ​កាន់​តែ​ខ្លាំង។

រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ផាន់ ផល្លា ក្នុង​កិច្ច​ពិភាក្សា​នៅ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​និយាយ​ថា ទោះ​បី​ឆ្នាំ​ ២០២៤ ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន​ដូច​ជា ភាព​អសកម្ម​មួយ​ចំនួន​ដែល​សេស​សល់ពីវិបត្តិ​កូវីដ​១៩, បញ្ហា​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន, ភាព​តាន​តឹង​នៅ​តំបន់​មជ្ឈឹមបូព៌ា និង​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ​រវាង​ប្រទេស​មួយ​ចំនួន ក៏​ដំណើរ​ការ​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​អាច​បោះ​ជំហាន​ទៅ​មុខ​បាន​យ៉ាង​ល្អ។​

លោក​ថ្លែង​ថា៖​«សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​យើង​ចាប់​តាំង​ពី​រាជ​រដ្ឋាភិបាល នីតិកាល​ទី៧ នៃ​រដ្ឋសភា​មក គឺជា​សេដ្ឋកិច្ច​បើក​ចំហរ អ៊ីចឹង​ហើយ​យើង​ពឹង​ផ្អែក​លើ​ទីផ្សារ​ខាង​ក្រៅ​ច្រើន»។

លោក​បន្ត​ថា៖​«​ទោះ​យ៉ាង​ណា​ក៏ដោយ​ឆ្នាំ ២០២៤ យើង​ឃើញ​ថា​ស្ថានភាព​សេដ្ឋកិច្ច​ជារួម​សម្រាប់​ប្រទេស​កម្ពុជា​យើង​គឺ​មាន​ភាព​ល្អ​ប្រសើរជាង​ឆ្នាំ ២០២៣»។

ទិន្នន័យ​ពី​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ ២០២៣ ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា​ មាន​ទឹក​ប្រាក់​សរុប ៤៦,៨៣​លាន​ដុល្លារ ធ្លាក់​ចុះ ១,៩​ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០២២ ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា មាន​ចំនួន ២២,៦៤​ លាន​ដុល្លារ កើន​ឡើង ១,៨ ភាគរយ និង​នាំចូល ២៤,១៨​ លាន​ដុល្លារ ធ្លាក់​ចុះ ៥ ភាគ​រយ​។

ដោយ​ឡែក​ក្នុង​រយៈ​ពេល ៩ ខែ​ដើម​ឆ្នាំ ​២០២៤ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ទឹក​ប្រាក់​ ៤០,៩៤ ពាន់​លាន​ដុល្លារ កើនឡើង ១៦,៤​ភាគរយ​បើ​ធៀប​រយៈ​ពេល ៩ខែ ឆ្នាំ​ ២០២៣ ដោយ​ទំនិញ​កម្ពុជា​នាំ​ចេញ​មាន​ចំនួន ១៩,៨៣ ពាន់​លាន​ដុល្លារ កើន​ឡើង ១៧ ភាគរយ និង​ទំនិញ​នាំចូល ២១,១១ ពាន់លាន​ដុល្លារ​ កើន ១៥,៩​ ភាគរយ៕