កម្ពុជា​ប្រមូល​ប្រាក់​បាន​ជិត ៧៥០​ លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ទំនិញ​ទៅ​ចក្រភព​អង់គ្លេស ក្នុង​រយៈ​ពេល ៩ ខែ​ដើម​ឆ្នាំ​ ២០២៤ កើន​ឡើង​ជាង ២០ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២៣ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទាំង ២ កើន​ដល់​ជិត ៨០០ លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)។

យោង​តាម GDCE ចន្លោះ​ពី​ខែ​មករា-​កញ្ញា ​ឆ្នាំ ​២០២៤ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​ចក្រភព​អង់គ្លេស ក្នុង​ទឹក​ប្រាក់​ ៧៤៦,១៩ លាន​ដុល្លារ កើន​ឡើង ២២,៦ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៤ ខណៈ​ទំនិញ​ចក្រភព​អង់គ្លេស នាំ​មក​កម្ពុជា មាន​ត្រឹម ៣៩,៧២ លាន​ដុល្លារ ធ្លាក់​ចុះ ៣៩,៤​ភាគរយ​។​

ជា​សរុប​ទឹក​ប្រាក់​នៃ​ការ​នាំ​ចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ចំនួន ៧៨៥,៩ លាន​ដុល្លារ កើន​ខ្ពស់​ជាង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២៣ ចំនួន ១៦,៦ ភាគរយ​។

បើ​ផ្អែក​តាម​ទិន្នន័យ​ខាង​លើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព​លើ​ជញ្ជីង​ពាណិជ្ជកម្ម​ចក្រភពអង់គ្លេស​ប្រមាណ ៧០៦,៤៧ លាន​ដុល្លារ ខណៈ​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ មាន​ចំនួន​ត្រឹម​តែ ៥៤៣,០៧ លាន​ដុល្លារ​។​ ចក្រភព​អង់គ្លេស គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ៩ ​របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក​ វៀតណាម ​ថៃ ជប៉ុន កាណាដា អេស្ប៉ាញ និង​ឥណ្ឌូនេស៊ី។

លោក ហុង វណ្ណៈ សេដ្ឋវិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា​ថា ចក្រភព​អង់គ្លេស​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ទីផ្សារ​ដ៏​សំខាន់​ដែល​តែង​បញ្ជា​ទិញ​ផលិត​ផល​វាយនភណ្ឌ​ដូច​ជា សម្លៀកបំពាក់ កាបូប​ធ្វើ​ដំណើរ និង​ស្បែកជើង ពី​ប្រទេស​កម្ពុជា​ ខណៈ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ កម្ពុជា​ក៏​ទទួល​បាន​គម្រោង​វិនិយោគ​ថ្មីៗ​ជាច្រើន​លើ​គម្រោង​រោង​ចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប​ធ្វើ​ដំណើរ។ 

លោក​បន្ត​ថា ទឹក​ប្រាក់​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ចក្រភព​អង់គ្លេស​នឹង​កើន​ឡើង​ច្រើន​ទៀត​ ព្រោះ​គុណភាព​ផលិតផល​កម្ពុជា​ត្រូវ​បាន​ទីផ្សារ​អន្តរជាតិ​ទទួល​ស្គាល់​កាន់​តែ​ទូលំទូលាយ។​ ម៉្យាង​ទៀត​ទីផ្សារ​នាំ​ចេញ​ផលិត​ផល​វាយនភណ្ឌ​កម្ពុជា ​ក៏​កំពុង​ទទួល​បាន​ភាព​ចំណេញ​ពី​ភាព​អសកម្ម​ផ្នែក​នយោបាយ​នៅ​ប្រទេស​នាំ​ចេញ​មួយ​ចំនួន​ដូច​ជា បង់ក្លាដែស និង​មីយ៉ាន់ម៉ា ជាដើម។

លោក​ប្រាប់​ទៀត​ថា នៅ​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ល្អ​ប្រសើរ មនុស្ស​នឹង​ចំណាយ​ប្រាក់​ច្រើន​ជាង​មុន​លើ​ការ​ទិញ​ទំនិញ និង​ដើរ​កម្សាន្ត ដូច្នេះ​ការ​បញ្ជា​ទិញ​ផលិតផល​វាយនភណ្ឌ​ពី​កម្ពុជា​ប្រាកដ​ជា​នឹង​ហក់​ឡើង​ខ្ពស់​បន្ថែម​ទៀត។​ បច្ចុប្បន្ន​ក្រៅ​ពី​ផលិតផល​វាយនភណ្ឌ ចក្រភព​អង់គ្លេស​ក៏​មាន​ទទួល​ទិញ​ផលិតផល​កសិកម្ម​មួយ​ចំនួន​ពី​កម្ពុជា​ផង​ដែរ។​

លោក​បាន​ថ្លែង​ថា៖​«ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា ចក្រភព​អង់គ្លេស ពិសេស​ទឹក​ប្រាក់​នាំ​ចេញ​របស់​កម្ពុជា​នឹង​មាន​ចំនួន​កាន់​តែ​ច្រើន ខណៈ​ទំនិញ​កម្ពុជា​មួយ​ចំនួន​ដែល​នាំ​ទៅ​ទីផ្សារ​ចក្រភព​អង់គ្លេស​ត្រូវ​បាន​លើក​លែង​ពន្ធ​នាំ​ចូល ឬ​ស្ថិត​ក្នុង​អត្រា​ពន្ធ​ទាប»។

លោក​ប្រាប់​ទៀត​ថា ដោយ​សារ​ចក្រភព​អង់គ្លេស​ស្ថិត​ក្នុង​ទ្វីប​អ៊ឺរ៉ុប ដូច្នេះ​ទំនិញ​មួយ​ចំនួន​ដែល​កម្ពុជា​នាំ​ទៅ​ចក្រភព​អង់គ្លេស​ក៏​បាន​បន្ត​ឆ្លង​ចូល​ទៅ​កាន់​ទីផ្សារ​តំបន់​អ៊ឺរ៉ុប​ផងដែរ។

ប្រធាន​សមាគម​ស្បែក​ជើង​កម្ពុជា​ លោក លី ឃុនថៃ ថ្មីៗ​នេះ​បាន​លើក​ឡើង​ថា បន្ទាប់​ពី​ធ្លាក់​ចុះ​មួយ​រយៈ​(អំឡុង​ពី​ដើម​ឆមាស​ទី ២ ឆ្នាំ ២០២២ ដល់​ចុង​ឆមាស​ទី ១ ឆ្នាំ ២០២៣) ការ​នាំ​ចេញ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​ធ្វើដំណើរ​របស់​កម្ពុជា​បាន​ងើប​ឡើង​វិញ​គួរ​ឱ្យ​កត់​សម្គាល់​។ ចក្រភព​អង់គ្លេស គឺ​ជា​ទីផ្សារ​ទទួល​ទិញ​ផលិត​ផល​ទាំង​អស់​នេះ​ក្នុង​បរិមាណ​ច្រើន​ពី​កម្ពុជា។

លោក​បន្ត​ថា៖​«ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ រួម​ទាំង​ចក្រ​ភព​អង់គ្លេស​នឹង​បន្ត​កើន​ឡ់ង​ថែម​ទៀត»។

បច្ចុប្បន្ន​ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ចក្រភព​អង់គ្លេស មាន​ដូច​ជា សម្លៀក​បំពាក់ ស្បែក​ជើង កាបូប កង់ ផលិតផល​កសិកម្ម ចំណែក​អង់គ្លេស​នាំ​មក​កម្ពុជា​ មាន​ដូចជា​ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​អគ្គិសនី និង​គ្រឿង​អេឡិច​ត្រូនិក​ជាដើម​។ នេះ​បើ​តាម​លោក លី ឃុនថៃ៕

ក្នុង​ឆ្នាំ​២០២៣ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​ទឹក​ប្រាក់​សរុប ៨៧២,៩៦ លាន​ដុល្លារ ថយ​ចុះ ១០,៧ ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០២២ ដែល​មាន ៩៧៧,៤៤​លាន​ដុល្លារ។ ក្នុង​ចំនួន​ខាង​លើ​គឺ​ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ចក្រ​ភព​អង់គ្លេស ៧៩៦,៣៨លាន​ដុល្លារ ថយ​ចុះ ១០,២​ភាគ​រយ ចំណែក​ទំនិញ​អង់​គ្លេស​នាំ​មក​កម្ពុជា​ចំនួន​ ៧៦,៥៨​លាន​ដុល្លារ ធ្លាក់​ចុះ ១៥,៩​ភាគ​រយ​។ នេះ​បើ​តាម GDCE៕