កិច្ចការពារអតិថិជននៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាកំពុងទទួលបាននូវការយកចិត្តទុកដាក់កាន់តែយ៉ាងខ្លាំង ខណៈពេលដែល«ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ និងឧបករណ៍វាយតម្លៃនៃកិច្ចការពារអតិថិជន» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។
«ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ និងឧបករណ៍វាយតម្លៃនៃកិច្ចការពារអតិថិជន»ត្រូវបានលើកយកមកផ្សព្វផ្សាយក្នុងសិក្ខាសាលាដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា(ABC) សហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ក្រោមការគាំទ្រពីអង្គការអន្តរជាតិ Cerise+SPTF កាលពីចុងសប្តាហ៍មុន។
សេចក្តីប្រកាសព័ត៌មានរួមរបស់ ABC និង CMA បានឱ្យដឹងថា ឧបករណ៍ប្រកបដោយភាពច្នៃប្រឌិតនេះ នឹងត្រូវអនុញ្ញាតឱ្យក្រុមហ៊ុនវាយតម្លៃឯករាជ្យ ដែលជាភាគីទីបី ក្នុងការអនុវត្តកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីកំណត់ពីភាពរឹងមាំ និងការកែលម្អប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងអតិថិជន។ ការវាយតម្លៃជុំទី ១ នឹងចាប់ផ្តើមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុធំៗចំនួន ៣០ នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងសិក្ខាសាលាខាងលើ ក៏មានលើកយកបញ្ហាប្រឈមសំខាន់ៗដែលកំពុងប្រឈមក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា រួមទាំងការគ្រប់គ្រងអត្រាឥណទានមិនដំណើរការ (NPLs) ការជំពាក់បំណុលច្រើនលើសលប់ និងការកើនឡើងយ៉ាងឆាប់រហ័សនៃការផ្តល់ប្រាក់កម្ចី។ ភាគីពាក់ព័ន្ធក៏បានលើកឡើងពីការព្រួយបារម្ភអំពីការអនុវត្តមួយចំនួន ដូចជាវិធីសាស្រ្តលក់ និងហានិភ័យដែលទាក់ទងនឹងបំណុលរបស់អតិថិជន ដោយគូសបញ្ជាក់ពីតម្រូវការពង្រឹងនៃវិធានការការពារអតិថិជន។
ប្រធានសមាគមធនាគារនៅកម្ពុជា លោក រ័ត្ន សោភ័ណ បានពន្យល់ថា ការដាក់ឱ្យអនុវត្តនូវឧបករណ៍សម្រាប់វាស់វែង និងវាយតម្លៃ គឺមានន័យថា ជាការរួមបញ្ជូលការត្រួតពិនិត្យ និងវាយតម្លៃអនុលោមភាពនៃក្រមប្រតិបត្តិ និងគោលការណ៍សកលស្តីពីកិច្ចការពារអតិថិជន។
លោកបានថ្លែងងថា៖«ដំណើររបស់យើងចំពោះការត្រួតពិនិត្យ និងវាយតម្លៃអនុលោមភាពនៃក្រមប្រតិបត្តិ និងកិច្ចការពារអតិថិជនសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ គឺមិនមែនគ្រាន់តែបង្ហាញឱ្យឃើញនូវការអនុលោមតាមច្បាប់ និងស្វ័យបញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែវាស្តែងចេញពីការប្តេជ្ញាចិត្តរបស់សមាគម និងសមាជិករបស់ខ្លួនក្នុងការការពារស្ថិរភាពប្រព័ន្ធធនាគារ ការធ្វើធុរកិច្ចធនាគារប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងការធានាថាកិច្ចការពារអតិថិជន គឺជាអាទិភាពចម្បងនូវរាល់សកម្មភាពប្រកបការងារធុរកិច្ចធនាគារ។ លើសពីនេះកិច្ចការត្រួតពិនិត្យ និងវាយតម្លៃនេះ នឹងជួយកាត់បន្ថយហានិភ័យ កាត់បន្ថយការយល់ច្រលំ និងបង្កើតទំនុកចិត្តដែលផ្តល់អត្ថប្រយោជន៍ទាំងអតិថិជន និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ»។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកស្រី ឌិត នីតា បានលើកឡើងថា៖ «វាជាការបើកទំព័ប្រវត្តិសាស្រ្តថ្មីមួយទៀតនៃការប្តេជ្ញាចិត្តរបស់សមាគមក្នុងកិច្ចការនេះ។ ឧបករណ៍វាយតម្លៃការអនុវត្តនូវកិច្ចការពារអតិថិជនរបស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងដោយ Cerise+SPTF ហើយវាក្លាយជាឧបករណ៍មួយដែលយើងនឹងប្រើវាជាក្របខណ្ឌក្នុងការតម្រង់ទិសដៅនៃកិច្ចការពារអតិថិជនរបស់យើង។ ឧបករណ៍នេះមិនត្រឹមតែរួមបញ្ចូលក្រមប្រតិបត្តិសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុនោះទេ ប៉ុន្តែវាថែមទាំងផ្តល់ជូនយើងនូវសូចនាករដែលអាចឱ្យយើងវាស់វែងបាន ដើម្បីធ្វើការវាយតម្លៃអនុលោមភាពរបស់យើងផងដែរ»៕