ក្រុមហ៊ុនមានអាជ្ញាបណ្ណចំនួន ២ នៅក្នុងខេត្តមណ្ឌលគិរី អាចចម្រាញ់មាសបានជិត ១៣ តោនពីអាជីវកម្មរបស់ខ្លួន ខណៈអាជ្ញាធរបានប្រកាសបើកយុទ្ធនាការបង្រ្កាបភាពអនាធិបតេយ្យនៃការធ្វើអាជីវកម្មរ៉ែមាស ដែលកំពុងរីកដាលយ៉ាងខ្លាំងនៅតាមទីតាំងមួយចំនួន។
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា ក្នុងសន្និសីទសារព័ត៌មានស្តីពី«យុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែអនាធិបតេយ្យ»នៅភូមិសាស្រ្តតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលរៀបចំដោយក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៦ ខែវិច្ឆិកា បានលើកឡើងថា គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ការផលិតមាសសម្រេចបានជិត ១៣ តោន ដោយក្នុងនោះក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី Renaissance Minerals (Cambodia) Limited ផលិតបាន ៨០៧ ដុំ គិតជាទម្ងន់ ១២ ៥៣៦,៩៧ គីឡូក្រាម និងក្រុមហ៊ុនចិន Rong Cheng Industrial Investment (Cambodia) Co., Ltd ផលិតបាន ១២ដុំ ស្មើនឹងប្រមាណ ២២,២៨ គីឡូក្រាម។
លោកបានថ្លែងថា៖«អាជីវកម្មរបស់ក្រុមហ៊ុន Renaissance Minerals គឺដំណើរការតាមផែនការល្អ ចំពោះក្រុមហ៊ុន Rong Cheng គឺជួបនឹងបញ្ហានៅពេលដែលគាត់ចាប់ផ្តើមជីកចុះទៅ (ក្រោមដី) គឺអណ្តូងគាត់បានលេចធ្លាយទឹកចូល ដោយជួបជាមួយអណ្តូងរ៉ែអនាធិបតេយ្យ ដែលនេះជាបញ្ហាធំធ្វើឱ្យមានការប៉ះពាល់ទៅដល់ចង្វាក់ផលិតកម្ម»។
បើតាមលោក ឌីប៉ូឡា ក្រសួងរ៉ែ និងថាមពល បានប្តេជ្ញាបញ្ចប់សកម្មភាពជីករុករករ៉ែមាសបែបអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ព្រោះការធ្វើអាជីវកម្មមានអាជ្ញាបណ្ណវាអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជន និងប្រទេស ជាពិសេសជួយបង្កើតឱកាសការងារ ទប់ស្កាត់ផលប៉ះពាល់បរិស្ថាន បង្កើនការអភិវឌ្ឍសហគមន៍ និងជាពិសេសបង្កើតប្រភពចំណូលថវិកាជាតិ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៧ ខែវិច្ឆិកាថា ទោះបីអាជីវកម្មរ៉ែមាសក្នុងពេលនេះមិនទាន់ផ្តល់ចំណូលមិនមែនសារពើពន្ធ(អាករពិសេស)ច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែវាពិតជាបានចូលរួមចំណែកក្នុងការបង្កើតការងារ និងបណ្តុះបណ្តាលបច្ចេកទេសទៅដល់កម្មករជំនាញនៅកម្ពុជា។
លោកបន្តថា ដោយសារពេលនេះក្រុមហ៊ុនមួយចំនួនមិនទាន់មានលទ្ធភាពក្នុងការចម្រាញ់យកមាសសុទ្ធកម្រិត ៩៩ ដូច្នេះធ្វើឱ្យពួកគេត្រូវដឹកយកទៅកែច្នៃបន្ថែមនៅក្រៅប្រទេស ដែលទង្វើបែបនេះធ្វើឱ្យកម្ពុជាបាត់បង់ប្រាក់ចំណូលមួយចំនួន។
លោកថ្លែងថា៖«ប្រសិនបើក្រុមហ៊ុនវិនិយោគទាំងអស់មានលទ្ធភាពក្នុងការចម្រាញ់យកមាសកម្រិត ៩៩ នោះគឺជាការល្អណាស់ ហើយរដ្ឋាភិបាលក៏អាចប្រមូលពន្ធបានកាន់តែច្រើនផងដែរ»។
ទាក់ទងនឹងតម្លៃមាសនៅទីផ្សារអន្តរជាតិ ដែលកំពុងបន្តកើនឡើងជាបន្តបន្ទាប់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក វណ្ណៈ បានប្រាប់ថា ក្នុងនាមជាប្រទេសមានធនធានរ៉ែមាស គឺប្រាកដជាទទួលបានផលវិជ្ជមានខ្លះពីការកើនឡើងនៃតម្លៃមាសនាពេលនេះ។
យ៉ាងណាដោយសារការធ្វើអាជីវកម្មរ៉ែមាស អាចបង្កឱ្យមានផលប៉ះពាល់ទៅដល់បរិស្ថាន និងសុខភាពមនុស្ស-សត្វ ដូច្នេះលោកស្នើឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគត្រូវគិតគូរពីផលប៉ះពាល់ឱ្យបានខ្លាំងផងដែរ។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ Lor Vichet, vice-president of the Cambodia Chinese Commerce Association (CCCA) បាននិយាយថា នៅពេលតម្លៃមាសនៅលើទីផ្សារអន្តរជាតិកើនឡើង ចំណូលពន្ធដែលរដ្ឋាភិបាលយកពីក្រុមហ៊ុនចម្រាញ់រ៉ែមាសក៏កើនឡើងដែរ។
ប្រាក់ចំណូលពន្ធទាំងអស់នេះ ប្រសិនបើយកទៅប្រើប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ឬបញ្ជូននិស្សិតកម្ពុជាទៅសិក្សាពីជំនាញរុករក និងចម្រាញ់រ៉ែមាសនៅក្រៅប្រទេសគឺពិតជាល្អណាស់ ព្រោះអាចឱ្យកម្ពុជាធ្វើបានដោយខ្លួនឯងនាពេលអនាគត។
លោកលើកឡើងថា៖«រដ្ឋាភិបាលអាចយកចំណូលពន្ធដែលបានពីអាជីវកម្មរ៉ែ ទៅអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគលើផ្នែកថាមពល បន្ថែមសម្រាប់ទាក់ទាញអ្នកវិនិយោគថ្មីៗឱ្យចូលមកវិនិយោគផ្ទាល់នៅកម្ពុជាកាន់តែច្រើន»។
នៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនចំនួន ១០ ដែលមានអាជ្ញាបណ្ណផ្នែកធនធានរ៉ែមាស មានដូចជា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd នៅខេត្តមណ្ឌលគិរី, ក្រុមហ៊ុន Rong Cheng Industrial Investment (Cambodia) នៅខេត្ដមណ្ឌលគិរី, ក្រុមហ៊ុន Xinshan Industrial (Cambodia) នៅខេត្ដព្រះវិហារ, ក្រុមហ៊ុន Delcom (Kampuchea) Pte. Ltd នៅខេត្ដព្រះវិហារ, ក្រុមហ៊ុន Jiangxia Mining Energy Development Co., Ltd នៅខេត្តក្រចេះ, ក្រុមហ៊ុន Late Cheng Mining Development Co., Ltd នៅខេត្តកំពង់ធំ, ក្រុមហ៊ុន Phu Yang (Cambodia) Co., Ltd នៅខេត្ដបាត់ដំបង, ក្រុមហ៊ុន Cambodian K88 Industry Co., Ltd នៅខេត្ដកំពង់ធំ, ក្រុមហ៊ុន Oriental Wisdom Consulting Services (Cambodia) Investment Co, Ltd នៅខេត្ដរតនគិរី និងក្រុមហ៊ុន Mesco Gold (Cambodia) Ltd នៅខេត្ដរតនគិរី។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អ៊ឹង អៀង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសយ៉ាងអនាធិបតេយ្យ ពិសេសនៅខេត្តមណ្ឌលគិរី សូមបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ បានបង្កនូវការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព ព្រមទាំងប៉ះពាល់ដល់បរិស្ថានផងដែរ។
កម្ពុជាបានចាប់ផ្តើមចម្រាញ់យកមាសជាផ្លូវការលើកដំបូងដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd នាខែមិថុនា ឆ្នាំ២០២១ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ កម្ពុជាចម្រាញ់រ៉ែមាសបានប្រមាណ ៩,៦ តោន ស្មើនឹង ១ ១២៦ដុំ និងទទួលបានចំណូលសួយសារមិនមែនសារពើពន្ធប្រមាណ ១៥,៥ លានដុល្លារអាមេរិក៕