ផលិតផល​គុណភាព​ខ្ពស់​របស់​កម្ពុជា​ជាង ១០០ មុខ​ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​នាំ​យក​ទៅ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​កម្រិត​អន្តរជាតិ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី​៥ ដល់ ១០ ខែ​វិច្ឆិកា ឆ្នាំ ២០២៤។

ពិព័រណ៍​កម្រិត​អន្តរជាតិ “ពិព័រណ៍​ទំនិញ​នាំចូល​អន្តរជាតិ​ចិន លើកទី ៧” នេះ​ធ្វើ​ឡើង​ក្រោម​មូលបទ “យុគសម័យ​ថ្មី អនាគត​រួម - New Era, Shared Future” ដែល​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​ជាតិ ក្នុង​ទីក្រុង​សៀងហៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​មាន​ប្រទេស​ចូលរួម​សរុប​ចំនួន ១៦០ ប្រទេស។

ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​នាំ​យក​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​របស់​កម្ពុជា​ជាង ១០០ មុខ រួម​មាន អង្ករ គ្រាប់ស្វាយចន្ទី សម្ភារ​ធ្វើ​ដំណើរ កាបូប ផលិត​ផល​សម្គាល់​ភូមិសាស្រ្ត​ទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់​ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម្ភារ​កែច្នៃ​សំណល់​ប្លាស្ទិក ។ល។

ដើម្បី​ចូល​រួម​ដាក់​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​កម្រិត​អន្តរជាតិ​នៅ​ទីក្រុង​សៀងហៃ។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ផលិតផល​ដែល​ដាក់​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ គឺ​សុទ្ធ​តែ​មាន​គុណភាព​ខ្ពស់ មាន​ការ​វេចខ្ចប់​ប្រណីត និង​មាន​ស្តង់ដារ​អនាម័យ​ទទួល​ស្គាល់​ថ្នាក់​ជាតិ និង​អន្តរជាតិ។

នៅ​ក្នុង​ស្តង់​ក៏​មាន​ផ្ទាំង LED ដើម្បី​ផ្សព្វ​ផ្សាយ​ស្ថានភាព និង​សក្តានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សិល្បៈ និង​ទេសចរណ៍​របស់​កម្ពុជា, និង​មាន​កន្លែង​សម្រាប់​ក្រុមហ៊ុន/​សហគ្រាស​កម្ពុជា​ទទួល​ជួប​ពិភាក្សា និង​ស្វែង​រក​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ជាមួយ​ក្រុមហ៊ុន​ដែល​បានចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ខាងលើ​ផងដែរ។

ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ីឡុត បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី៧ ខែវិច្ឆិកា ​ថា ការ​នាំ​យក​ផលិត​ផល​ក្នុង​ស្រុក​ទៅ​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​បែបនេះ​ គឺ​វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​កម្ពុជា តាម​រយៈ​​ការ​ជួយ​ផ្សព្វផ្សាយ និង​លើក​កម្ពស់​សមត្ថភាព​នាំ​ចេញ​ផលិត​ផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ។

លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែង​រក​ទីផ្សារ​ថ្មី​ៗ​ដើម្បី ​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​។ ប្រទេស​ចិន គឺ​ជា​ទីផ្សារ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន។​

លោក​បញ្ជាក់​ថា៖​«​កសិផល​កម្ពុជា កំពុង​មាន​តម្រូវ​ការ​ច្រើន​នៅ​ប្រទេស​ចិន​។ ការ​យក​ផលិតផល​ច្រើន​មុខ​ទំនិញ​ទៅ​ចូល​រួម​បែប​នេះ គឺ​ជា​រឿង​ល្អ​ណាស់ ខណៈ​កម្ពុជា​មាន​ផលិតផល​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម​ជាច្រើន​»។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយ​ថា គ្រប់​ការ​ចូលរួម​ផ្សព្វ​ផ្សាយ និង​តាំង​ពិព័រណ៍​ទំនិញ ឬ​សេវា​កម្ម បើ​ទោះបី​ក្នុង​រូបភាព ឬ​ព្រឹត្តិការណ៍​ណា​ក៏ដោយ គឺ​សុទ្ធតែ​នាំមក​​ផល​វិជ្ជមាន​សម្រាប់​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​។

ការ​ចូល​រួម​តាំង​បង្ហាញ​ផលិតផល​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក គឺ​ពិត​ជា​ជួយ​ច្រើន​ដល់​សេដ្ឋកិច្ច​ជាតិ​។ លោក​បន្ត​ថា ការ​យក​ផលិតផល​ទៅ​តាំង​បង្ហាញ​កាន់​តែ​ច្រើន គឺ​វា​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ផ្នែក​ទីផ្សារ​កាន់តែ​ច្រើន​។​

លោក​​និយាយ​ថា៖​«​នៅ​ពេល​មាន​កម្មវិធី​ពិព័រណ៍​ធំៗ គឺ​តែង​មាន​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ចូល​រួម។ នេះ​ជា​ឱកាស​ដែល​អ្នក​ចូល​រួម​តាំង​បង្ហាញ អ្នក​វិនិយោគ និង​អតិថិជន​អាច​ជួប​គ្នាដើម្បី​ពិភាក្សា»។

ស្ថិតិ​របស់​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)​ ចេញ​ផ្សាយ​ក្នុង​ថ្ងៃទី​ ១០ ខែតុលា បង្ហាញថា ចន្លោះ​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២៤ ការ​នាំ​ចេញ​-​ចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​មានទឹក​ប្រាក់​ស​រុ​ប ៤០,៩៤​ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៤​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែលមានចំនួន ៣៥,១៦​ ពាន់​លាន​ដុល្លារ។

បើ​តាម GDCE ​ក្នុង​ចំនួន​នេះ គឺ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ មាន​ចំនួន​ ១៩,៨៣​ ពាន់​លាន​ដុល្លារ កើនឡើង ១៧ ​ភាគរយ​ពី​ចំនួន​ ១៦,៩៤​ ពាន់​លាន​ដុល្លារ និង​ទំនិញ​នាំចូល​ពី​ក្រៅ​ប្រទេស​មាន​ចំនួន ២១,១ ​ពាន់​លាន​ដុល្លារ កើន​ឡើង ១៥,៩ ​ភាគរយ​ពី​ចំនួន​ ១៨,២១ ពាន់​លាន​ដុល្លារ​។ ​ផ្អែក​តាម​ស្ថិតិ​ខាង​លើ​ គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុជា មាន​ឱនភាព​ប្រមាណ​ជាង ១,២៧​ ពាន់​លាន​ដុល្លារ ដែល​ចំនួន​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕​