សមាគម​ស្វាយចន្ទី​កម្ពុជា (​ស​.​ស​.​ក​) កាលពីពេល​ថ្មី​នេះ បាន​ចាត់តាំង​ប្រធាន​តំណាង​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា ចំនួន​​ ៤​ រូប ទៅកាន់​ប្រទេស​ចំនួន​ ៣ រួមមាន ឥណ្ឌា ចិន ជប៉ុន និង​តំបន់ ​២​ ទៀត រួម​មាននៅ អាស៊ី និង​អាស៊ីអាគ្នេយ៍​ដែនទឹក ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ស្វាយចន្ទី​កម្ពុជា និង​ស្វែងរក​ទីផ្សារ​បន្ថែមទៀត​ទៅកាន់​ប្រទេស​ទាំងនេះ​។

លោក អួន ស៊ី​ឡុ​ត សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ប្រាប់ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​ ១០ ខែ​កម្ភៈ ឆ្នាំ​ ២០២៤ ​នេះ​ថា ប្រធាន​តំណាង​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា​ទាំង​ ៤ ​រូបនោះ​រួមមាន លោក រ៉ា​ជូ កា​ធី​ក​គូ​ម៉ា  ប្រធាន​តំណាង​សមាគម​ស្វាយចន្ទី​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌា​, លោក អ៊ី​ម៉ា​ហា​ហ្ស៊ី តា​កា​យូ​គិ ប្រធាន​តំណាង​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​, លោក ស៊ិន ជី​ង​យូ ប្រធាន​តំណាង​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា​ប្រចាំ​ប្រទេស​ចិន និង​លោក លីម គៀន​ហ៊ូ ប្រធាន​តំណាង​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា​ប្រចាំ​អាស៊ី និង​អាស៊ីអាគ្នេយ៍​ដែនទឹក​។

លោក​បាន​បញ្ជាក់ថា​៖ «​គោលដៅ​ដែល​សមាគម​ស្វាយចន្ទី​កម្ពុជា តែងតាំង​តំណាង​ទាំង​ ៤ ​រូបនេះ គឺ​ដើម្បីឱ្យ​គាត់​ជួយ​ស្វែងរក​ទីផ្សារ​បន្ថែម និង​ទាក់ទាញ​វិនិយោគិន ដើម្បី​វិនិយោគ​លើ​ការកែច្នៃ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ផល​ដែល​យើង​បាន​នោះ គឺ​កំពុងតែ​ទទួល​បានជា​បណ្តើរៗ​ហើយ​មកទល់នឹង​ពេលបច្ចុប្បន្ន​»​។

«​ថ្វីដ្បិតតែ​ឥណ្ឌា ជា​ប្រទេស​ជាប់​លេខ​ ២ ក្នុងនាម​ជា​ប្រទេស​ដែល​ផលិត​គ្រាប់​ឆៅ​បាន​ច្រើនជាងគេ​ក្នុង​ពិភពលោក ប៉ុន្តែ​ប្រទេស​នេះ នៅតែ​ជាទី​ផ្សារ​ដ៏​ល្អ​សម្រាប់​កម្ពុជា​យើង ដោយសារ​ប្រទេស​នេះ​ផលិត​ប្រើប្រាស់​ក្នុងស្រុក​ច្រើន មិនសូវ​នាំចេញ​ក្រៅប្រទេស​នោះទេ​។​ដូចនេះ​ចំនួន​ប្រជាជន​ដ៏​ច្រើន និង​ជាទី​ផ្សារ​ដ៏​ធំ​សម្រាប់​ស្វាយចន្ទី​កម្ពុជា ប្រទេស​ឥណ្ឌា ជាទី​ផ្សារ​ដ៏​មាន​សក្តានុពល​មួយ​»​។​នេះ​បើតាម​លោក អួន ស៊ី​ឡុ​ត បានបញ្ជាក់​បន្ថែម​។

បើតាម ស​.​ស​.​ក សមាគម មាន​គម្រោង​នឹង​ចាត់តាំង​ប្រធាន​តំណាង​ទៅកាន់​បណ្តា​ប្រទេស​មួយចំនួនទៀត ដែលមាន​តម្រូវការ​នាំចូល​ស្វាយចន្ទី​ច្រើន ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ក្នុងការ​ទទួលបាន​ព័ត៌មាន​ពី​ទីផ្សារ​ប្រទេស​នោះ ខណៈដែល​សមាគម នឹង​ផ្តល់ព័ត៌មាន​អំពី​អត្ថប្រយោជន៍​នៃ​ការវិនិយោគ​លើ​ការកែច្នៃ​ស្វាយចន្ទី​នៅ​កម្ពុជា ដែល​អាច​ជំរុញ​ឱ្យ​កម្ពុជា នឹង​ក្លាយជា​ប្រទេស​អធិរាជ​ស្វាយចន្ទី​នាពេល​អនាគត​។

គួររំឭកថា កាលពី​សប្តាហ៍​មុន សមាគម​ស្វាយចន្ទី បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ជាមួយ​សម្ព័ន្ធ​អ្នក​ដាំ​ដុះ​ស្វាយចន្ទី​នៅ​តំបន់​អាហ្វ្រិក ​(The African Cashew Alliance) ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការដាំដុះ និង​រក​ទីផ្សារ ក្នុងនាម​ជា​ប្រទេស​អ្នក​ផលិត​គ្រាប់ស្វាយចន្ទី​ច្រើនជាងគេ​របស់​ពិភពលោក​។

ការចុះ MoU​នេះ ត្រូវបាន​សមាគម​ស្វាយចន្ទី​កម្ពុជាអះអាងថា ធ្វើឡើង​ក្នុង​គោលបំណង​គោលការណ៍​គឺ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ក្នុង​សកម្មភាព​មួយចំនួន​ដូចជា ការផ្លាស់ប្តូរ​ការសិក្សា រវាង​ប្រទេស​ផលិត​គ្រាប់ស្វាយចន្ទី​នៃ​ទ្វីបអាហ្វ្រិក និង​កម្ពុជា​, ការជួយ​សម្រួល​ដល់​ការចូល​ទៅកាន់​កសិដ្ឋាន និង​កន្លែង​កែច្នៃ​ក្នុងប្រទេស​រៀងៗ​ខ្លួន​,​ ការចូលរួម​ក្នុង​វេទិកា​សិក្សា និង​សន្និសីទ​ដែល​រៀបចំ​ដោយ​ស្ថាប័ន​ទាំង ២​,​ ជួយ​បណ្តុះបណ្តាល ឬ​អ្នកសិក្សា​នៅក្នុង​កម្មវិធី​បណ្តុះបណ្តាល​ឧស្សាហកម្ម​ដែល​រៀបចំ​ដោយ​ស្ថាប័ន​ទាំងពីរ​,​ការសម្របសម្រួល​ការ​ផ្លាស់ប្តូរ​ការស្រាវជ្រាវ​ជាមួយគ្នា​,​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី និង​រយៈពេល​វែង សិក្ខាសាលា និង​ការបង្រៀន ព្រមទាំង​ការប្រជុំ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​,​ការផ្លាស់ប្តូរ​អ្នកជំនាញ និង​អ្នកបច្ចេកទេស រវាង​គ្នា​ជាដើម​។

របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី​ប្រមាណ ៤៧២ ៩៤៦ ហិកតា និង​ទទួលបាន​ទិន្នផល​សរុប​ចំនួន ៧០៩ ៤១៩​ តោន ចំណែកឯ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​ទៅ​ទីផ្សារ​អន្តជាតិ​បាន​ចំនួន​ប្រមាណ ៦៥៦ ០០០ តោន ទៅកាន់​ប្រទេស ចិន ជប៉ុន បង់​ក្លា​ដែ​ស ឥណ្ឌា វៀតណាម និង​ថៃ និង​គ្រាប់ស្វាយចន្ទី​កែច្នៃ​ទៅកាន់​ប្រទេស ចិន សាធារណរដ្ឋ​ឆែក ជប៉ុន កូរ៉េខាងត្បូង ហូ​ឡង់ វៀតណាម និង​សហរដ្ឋអាមេរិក​៕