​ភ្នំពេញៈ គម្រោង​វិនិយោគ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កម្ពុជា​កំពុង​ហក់​​ឡើងជា​បន្តបន្ទាប់ ដោយ​នៅក្នុង​ឆ្នាំ ​២០២៣ កន្លងមក​ក្នុងចំណោម​គម្រោង​វិនិយោគ​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ អនុម័ត​ឱ្យ​វិនិយោគ គឺមាន​ជាង ៩០​ ភាគរយ​ស្ថិតក្នុង​វិស័យ​ឧស្សាហកម្ម​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC នៅក្នុង​ឆ្នាំ ​២០២៣ CDC បានអនុម័ត​ឱ្យ​គម្រោង​វិនិយោគ​សរុប ២៦៨ (​គម្រោង​ថ្មី ២៤៧ និង​គម្រោង​ពង្រីក​ផលិតកម្ម ២១)​ ដោយ​គម្រោង​ទាំងអស់​មាន​ទុនវិនិយោគ​សរុប ៤,៩ ​ពាន់​លាន​ដុល្លារ និង​អាចបង្កើត​ការ​​ងារ​បាន​ជាង ៣០ ​ម៉ឺន​កន្លែង​។​

CDC ឱ្យដឹងទៀតថា ចំនួន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហ​កម្មបាន​ចូលរួមចំណែក​ដល់​ប្រមាណ ៩២,៥៤​ ភាគរយ ​(២៤៨​គម្រោង​)​ នៃ​គម្រោង​វិនិយោគ​សរុប ខណៈ​ទុនវិនិយោគ​ប្រមាណ ៤៦ ​ភាគរយ​បាន​ពី​វិស័យនេះ​។ គម្រោង​ក្នុង​វិស័យ​ឧស្សាហកម្ម​ធំៗ​មានដូចជា គម្រោង​បង្កើត​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​, គម្រោង​ពង្រីក​ផលិតកម្ម​ដំឡើង​ម៉ូតូ​, និង​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១២ ខែកុម្ភៈ ថា លក្ខខណ្ឌ​អំណោយ ផល​នៃ​ទីតាំង​ភូមិសាស្ត្រ ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច ច្បាប់​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ពលកម្ម ទីផ្សារ និង​ប្រព័ន្ធ​អនុ​​គ្រោះ​ពន្ធ​ពី​ប្រទេស​ធំៗ​ បាន​ជួយ​ឱ្យ​កម្ពុជា ​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យមក​បើក​រោងចក្រ​/​សហ​គ្រាស​កាន់តែច្រើន​។ លោក​បន្ថែមថា បន្ថែម​លើ​នេះ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា និង​ចូល​ជា​ធរមាន​ជា​បន្តបន្ទាប់​ជា​មួយ​ប្រទេស​ចិន កូរ៉េខាងត្បូង កិច្ច​​ព្រមព្រៀង RCEP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក៏​ជា​ចំណែក​ជួយ​ទាក់ទាញ​វិនិយោគិន​ ឱ្យមក​បណ្តាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោក​ថ្លែងថា​៖«​កម្ពុជា​កំពុង​បង្កើន​សក្តានុពល​ក្នុងការ​ទាក់ទាញ​ឱ្យ​វិ​និ​យោគិន​មក​បណ្តាក់ទុន​កាន់តែច្រើន ជាពិសេស​មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​មាន​រោងចក្រ​ធំៗ​ជាច្រើន​ដូចជា ឧស្សាហកម្ម​ផលិត និង​ដំឡើង​យានយន្ត ផលិត​សម្បក​កង់​យានយន្ត គ្រឿង​បង្គុំ​ម៉ាស៊ីន សម្ភារ​អគ្គិសនី និង​រោងចក្រ​ធុន​ធ្ងន់​ដែល​ប្រើប្រាស់​បច្ចេក​​វិទ្យា​ទំនើបៗ​ជាច្រើន​ទៀត​»​។​

​លោក​លើកឡើងថា ដើម្បី​ចូលរួម និង​ត្រៀម​ចាប់យក​ឱកាស​ពី​ការមកដល់​របស់​រោង​ចក្រ​/​ឧស្សាហកម្ម​ធំៗ បច្ចុប្បន្ន​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក៏បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​របស់ខ្លួន​ផងដែរ​។​

​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក​តែ​ តាំង​ប៉ បាន​និយាយថា ឱកាស​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់​ទុន​នឹងមាន​កាន់តែច្រើន​បន្ថែម​ទៀត បើ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​អាច​ធ្លាក់ចុះ​ទាប​ជាង​ពេលនេះ ឬ​ប្រហាក់​ប្រ​ហែល​ប្រទេសជិតខាង​។ គ្រប់​ចង្វាក់​ផលិតកម្ម គឺ​ត្រូវការ​ប្រើប្រាស់​ថាមពល ដូច្នេះ​បើ​តម្លៃ​អគ្គិសនី​ទាប ថ្លៃដើម​ផលិត​ក៏​ទាប ដែល​នឹង​ធ្វើឱ្យ​សមត្ថ​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​កើនឡើង​។ លោក​បន្តថា ឧស្សាហកម្ម​ធំៗ​បាន​ចូលមក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​នាពេលនេះ​។​

​លោក​ថ្លែងថា​៖«​តម្លៃ​ប្រេង និង​តម្លៃ​អគ្គិសនី ជា​កត្តា​គួបផ្សំ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគ​គិ​ន ព្រោះ​ប្រេង និង​អគ្គិសនី គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ផ្នែក​ផលិតកម្ម ក្រៅពី​ការ​ចំណាយ​លើ​វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម​។ ពេលណា​តម្លៃ​ប្រេង រួមទាំង​តម្លៃ​អគ្គិសនី​មាន​ស្ថិរភាព និង​តម្លៃ​ទាប​វិនិយោគិន​នឹង​មើលឃើញ​ពី​ឱកាស​ចេញពី​កត្តា​ទាំងអស់នោះ​»​។​

​ឯកសារ​ថវិកា​សង្ខេប​ឆ្នាំ​ ២០២៤ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០២៤ ត្រូវបាន​ព្យាករ​នឹង​ងើប​ឡើងវិញ​ហើយ​រំពឹងថា នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៦,៦​ ភាគរយ​។ តាម​ការ​ព្យាករ កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​ ២០២៤ ត្រូវបាន​ទ្រទ្រង់​សំខាន់​ជាងគេ​ដោយ​វិស័យ​ឧស្សាហកម្ម​។​

​ឯកសារ​បញ្ជាក់ថា​៖«​វិស័យ​ឧស្សា​​ហ​កម្ម​ត្រូវបាន​ព្យាករ​នឹង​បន្ត​និន្នាការ​កើនឡើង​ក្នុង​រង្វង់ ៨,៥ ​ភាគរយ​ក្នុង​ឆ្នាំ ​២០២៤ គឺ​ប្រមាណ ៥,០​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ ដោយសារ​ការរំពឹងទុក​ការ​ងើប​ឡើងវិញ​នៃ​អនុវិស័យ​កាត់ដេរ ស្រប​ពេលដែល​អនុវិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​នៅ​បន្ត​រក្សាបាន​កំ​ណើ​ន​រឹងមាំ ខណៈ​អនុវិស័យ​សំណង់​នៅ​បន្ត​មាន​កំណើន​ទាប​»៕