ភ្នំពេញៈ កម្ពុជា​កំពុង​ខិតខំ​ជំរុញ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន ឱ្យបាន​លឿន​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់​កាន់តែច្រើន ខណៈ​បច្ចុប្បន្ន​ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។​

​បើ​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) លោក ស៊ុន ចាន់ថុល ឧបនាយក​​រដ្ឋមន្ត្រី អនុប្រធាន​ទី​១​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នៅ​ទីស្តីការ CDC បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Shigeo Fukuda ប្រធាន​គ្រប់​​គ្រង​ទូទៅ​ផ្នែក​តំបន់ឧស្សាហកម្ម​ក្រៅប្រទេស​របស់​ក្រុមហ៊ុន Sumitomo Corporation Asia & Oceania​។​

CDC ឱ្យដឹងថា​៖ «​កិច្ចប្រជុំ​នេះ​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ពិភាក្សា​លើ​ទស្សនទាន និង​ស្ដាប់​មតិយោបល់​របស់​វិ​និ​យោ​គិ​ន​ដែល​ជំនាញ​អភិវឌ្ឍន៍​សួន​​ឧស្សាហកម្ម សម្រាប់​ការរៀបចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន ស្របតាម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​ធិបតី នា​​យក​រដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី​ជប៉ុន កាលពី​ខែធ្នូ ឆ្នាំ ​២០២៣ ក្នុងទិសដៅ​ធ្វើយ៉ាងណា​ឱ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នេះ​អាច​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូលមក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​បាន​កាន់តែច្រើន​បន្ថែមទៀត​»​។​

​បើតាម CDC ក្រុមហ៊ុន​នេះ គឺជា​ក្រុមហ៊ុន​ជប៉ុន​ដែល​វិនិយោគ​នៅក្នុង​ប្រទេស​ប្រមាណ ៦៥ ​ជាមួយ​បុគ្គលិក​សរុប ៧៩ ​ពាន់​នាក់​ ដែល​វិនិយោគ​លើ​វិស័យ ផលិតផល​ដែក ប្រព័ន្ធ​ដឹកជញ្ជូន និង​សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឌីជីថល អចលនទ្រព្យ និង​ធនធាន​រ៉ែ ថាមពល គីមី និង​អេឡិចត្រូនិក​ជាដើម​។​

​ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន ដែល​កំពុង​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​ជប៉ុន​លើ​ការសិក្សា​លទ្ធភាព​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២១ ខែកុម្ភៈ​ថា បច្ចុប្បន្ន​លោក និង​ដៃគូ (​ជប៉ុន​)​ កំពុង​សិក្សា​លើ​ទីតាំង​មួយចំនួន​ដែលមាន​សក្តានុពល​សម្រាប់​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន ដែល​ទីតាំង​នោះ ​(​តំបន់​ក្បែរ​គម្រោង​ព្រែកជីក​តេ​ជោ​ហ្វូណន​)​ ត្រូវមាន​ភាព​អំណោយផល​សម្រាប់​ការដឹកជញ្ជូន​។​

​លោក​បន្តថា ជា​​មួយ​គ្នា​នេះ​ការសិក្សា​ពី​ផ្លូវច្បាប់​លើ​ការវិនិយោគ​/​បើក​រោងចក្រ​សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក៏​កំពុង​បោះជំហាន​ទៅមុខ​ផងដែរ​។ លោក​ថា ជាទូទៅ​ប្រទេស​ណា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ច្រើន គឺ​ឱកាស​បង្កើត​ការងារ​នឹងមាន​ច្រើន​។

លោក​បាន​បញ្ជាក់ថា​៖« ​ខ្ញុំ​មានជំនឿថា នៅពេល​ខាងមុខ​ឆាប់ៗ​នេះ ប្រទេស​កម្ពុជា​នឹងមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មីៗ​រួមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន លេចឡើង​ច្រើន​។ តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែច្រើន​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់​កាន់តែច្រើន​»​។​

​យោងតាម​លោក សុខ​នឿន បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រទេស​ជប៉ុន​កាលពី​ចុងឆ្នាំ​ ២០២៣ លោក​សង្កេតឃើញ​មាន​វិ​និ​យោគិន​ជប៉ុន​កាន់តែច្រើន​បង្ហាញ​ការចាប់អារម្មណ៍​ក្នុង​ការ​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​។ កំណើន​ការវិនិយោគ និង​ការនាំចេញ​នឹង​ជួយ​ឱ្យ​កម្ពុជា​ឈានទៅ​សម្រេចបាន​ចក្ខុវិស័យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ ២០២៣ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​

​លោក​អះអាងថា​៖ «​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន នឹង​ជួយ​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​»​។​

​បើ​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ ​២០២៣ ជប៉ុន គឺជា​ប្រទេស​ដែល​បាន​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ​ទី៤ ដោយមាន​ទឹកប្រាក់​សរុប ១១,៣ ​ទ្រី​លាន​រៀល ​(​កើន ១១,៦ ​ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២) គឺ​បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ និង​សិង្ហ​បុរី​។ វិនិយោគិន​ជប៉ុន​ភាគច្រើន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និង​អចលនទ្រព្យ ជាដើម​។​

​បើតាម​ប្រធាន​សមាគម​ពា​ណិ​ជ្ជ​ករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា បាន​និយាយថា ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច និង​ភាពល្អប្រសើរ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​រួមទាំង​វិនិយោគិន​ក្នុងស្រុក និង​បរទេស​កាន់តែច្រើន​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់​។​

​លោក​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​បង្កើត​ការងារ និង​ជួយ​លើកកម្ពស់​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​​ជាតិ​។ លោក​បន្តថា ដោយសារ​ជនជាតិ​ជប៉ុន​ភាគច្រើន​ជា​វិនិយោគិន​ដែលមាន​ភាព​ប្រាកដប្រជា ដូច្នេះ​បើ​កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន គឺ​ប្រាកដជា​អាច​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូលមក​កាន់តែច្រើន​។​

​លោក​បាន​ប្រាប់ថា​៖«​តំបន់​សេដ្ឋកិច្ច​ពិសេស កាន់តែច្រើន​នឹង​ជួយ​ឱ្យ​ចង្វាក់​ផលិតកម្ម​កម្ពុជា​កាន់តែ​រឹងមាំ ខណៈ​ប្រព័ន្ធ​ដឹកជញ្ជូន​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក៏មាន​ភាពល្អ​​ប្រសើរ​ដែរ​»៕