​ភ្នំពេញៈ ចំនួន​ក្រុមហ៊ុន​ដែល​ទទួលជោគជ័យ​លើ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី ​១ ​បាន​កើន​ដល់​ជិត ៣៤ ​ពាន់​ក្រុមហ៊ុន ដោយមាន​ដើមទុន​សរុប​ជាង ១០ ​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​ ២៥ ខែកុម្ភៈ ឆ្នាំ ​២០២៤ កើន​ពី ៩,៦​ ពាន់​លាន​ដុល្លារ​ កាលពីដើមឆ្នាំ​ ២០២៤​។ នេះ​បើ​យោងតាម Online Business Registration Service(OBRS)​។​

​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់​កាល​ទី​ ១ ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យ​ដំណើរការ​កាល​ពីថ្ងៃ​ទី ​១៥ ខែមិថុនា ឆ្នាំ ​២០២០ ដែល​រួមមាន​ក្រសួង​-​ស្ថាប័នរដ្ឋ​ចំនួន ៦ ​ចូលរួម គឺ​ក្រសួង​មហា​ផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​​វត្ថុ​, ក្រសួងពាណិជ្ជកម្ម​, ក្រសួង​​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​​ជីវៈ​, អគ្គនាយកដ្ឋាន​ពន្ធដា​រ​, និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ក្រោយមក​រដ្ឋាភិបាល​បាន​ប្រ​កាស​ដាក់ឱ្យ​ដំណើរការ​ដំ​ណាក់​កាល​ទី​ ២ នៅ​ថ្ងៃទី​ ១៥ កញ្ញា ឆ្នាំ​ ២០២១ និង​ដំណាក់​​កាល​ទី​ ៣ កាលពី​ថ្ងៃទី​ ២២ ខែ​មិថុនា ឆ្នាំ​ ២០២៣ ដោយបាន​ថែម​ស្ថាប័ន​មួយចំនួនទៀត​។​

OBRS ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២៥ កុម្ភៈ ឆ្នាំ​ ២០២៤ (​ម៉ោង ២៣:៥៩ ​នាទី​) ចំនួន​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ Single Portal មាន​សរុប ៣៣ ៩៨៦​ក្រុមហ៊ុន ស្មើនឹង​ដើមទុន​ចុះបញ្ជី ១០,២២​ ពាន់​លាន​ដុល្លារ​។ កាលពីដើម​ឆ្នាំ​ ២០២៤ (​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២៤) ក្រុមហ៊ុន​ទទួលជោគជ័យ​លើ​ការចុះបញ្ជី មាន​ចំនួន ៣២ ៣២៣ ​ក្រុមហ៊ុន ស្មើនឹង​ដើមទុន​ចុះបញ្ជី​សរុប ៩,៦ ​ពាន់​លាន​ដុល្លារ​។​

​យោងតាម OBRS ក្នុង​ចំនួន​ដើមទុន​ទាំងនោះ គឺ​ផ្នែក​សាង​សង់​អគារ​មាន​ដើមទុន ១,១៦ ​ពាន់​លាន​ដុល្លារ ស្មើ ១១,៣ ​ភាគរយ​, សកម្មភាព​ផ្នែក​អ​ច​លន​ទ្រព្យ​(​ប្រើ​អចលនទ្រព្យ​ផ្ទាល់ខ្លួន ឬ​ជួល​គេ​) មាន​ដើម​​ទុន ១,០៦​ ពាន់​លាន​ដុល្លារ ស្មើ ១០,៣៥​ ភាគរយ​, សកម្ម​ភាព​សេវាកម្ម​ស្នាក់នៅ ១,០១ ​ពាន់​លាន​ដុល្លារ ស្មើ ៩,៨៨ ​ភាគ​​រយ​, សកម្មភាព​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង ៦០០ ​លាន​ដុ​ល្លារ ស្មើនឹង ៥,៨៧ ​ភាគរយ​, កម្មន្តសាល​សម្លៀកបំពាក់​ចំ​នួន ៥៤២​ លាន​ដុល្លារ ស្មើនឹង​ ៥,៣១​ ភាគរយ​, និង​ផ្នែក​ផ្សេងៗ​ដើមទុន ​៥,៨៥​ ពាន់​លាន​ដុ​ល្លារ ស្មើ ៥៧,៣៧​ ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២៨ ខែកុម្ភៈ​ថា ការ​រឹតបន្ដឹង​ច្បាប់ និង​ការយល់ដឹង​ពី​កាតព្វកិច្ច​នៃ​ម្ចាស់​អាជីវកម្ម​ក្នុងការ​ធ្វើឱ្យ​អាជីវកម្ម​មាន​ភាពស្រប​ច្បាប់ បានធ្វើឱ្យ​ចំនួន​អាជីវកម្ម​មក​ចុះ​បញ្ជី​កើន​ឡើងជា​បន្តបន្ទាប់​។ នៅពេល​អាជីវកម្ម​ទាំងអស់​ត្រូវបាន​ចុះបញ្ជី គឺ​វា​នឹង​ផ្តល់​ផល​​វិជ្ជមាន​ច្រើន​ទាំង​អាជ្ញាធរ និង​ម្ចាស់​អាជីវកម្ម​។ លោក​បន្តថា ផល​ដែល​អាជ្ញាធរ​ទទួលបាន គឺ​ការគ្រប់គ្រង​កាន់តែ​មាន​ប្រ​សិទ្ធ​ភាព ងាយស្រួល​រៀបចំ​ផែនការ​គាំទ្រ និង​ជាពិសេស​ការប្រមូល​ពន្ធ​។ ចំណែក​ម្ចាស់​អាជីវកម្ម គឺអាច​ទទួល​បានការ​​បណ្តុះបណ្តាល​បច្ចេកទេស​ក្នុង​ការធ្វើ​អាជីវកម្ម​ទៅតាម​ប្រភេទ​នីមួយៗ និង​ជួយ​កាត់បន្ថយ​ការលក់​បង្ខូច​ថ្លៃ​ជាដើម​។​

​លោក​ប្រាប់ទៀតថា ក្រៅពី​មូលហេតុ​ខាងលើ ចំណេះដឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​នៅ​កម្ពុជា និង​ការកាត់បន្ថយ​នីតិ​វិធី​ក្នុងការ​ចុះបញ្ជី ជា​មូលហេតុ​សំខាន់​មួយ​ផងដែរ ដែល​ធ្វើឱ្យ​ចំនួន​អាជីវកម្ម​មក​ចុះបញ្ជី​មាន​កាន់តែច្រើន​។​

​លោក​បញ្ជាក់ថា​៖«​ការចុះបញ្ជី​អាជីវកម្ម គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​ជួយ​កាត់បន្ថយ​ការប្រកួតប្រជែង​មិនមាន​តម្លា​ភាព និង​អាចជួយ​ឱ្យ​រដ្ឋ​ប្រមូល​ចំណូល​ថវិកាជាតិ​កាន់តែច្រើន និង​ច្បាស់លាស់​ជាង​មុន​»​។​

​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន​កេ​ន បានឱ្យដឹងថា ការធ្វើឱ្យ​នីតិវិធី​ចុះបញ្ជី​ងាយស្រួល និង​ការពង្រឹង​ច្បាប់​បានធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​កាន់តែច្រើន​នាំយក​អាជីវកម្ម​របស់ខ្លួន​ទៅ​ចុះបញ្ជី​។ ដោយសារ​ចំនួន​អាជីវកម្ម ពិ​សេស​ប្រភេទ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុ​ជាមាន​ច្រើន​មិនទាន់​ចុះបញ្ជី ដូច្នេះ​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​នឹង​បន្ត​កើន​ឡើង​ទៀត​នាពេលខាងមុខ​។​​លោក​បញ្ជាក់ថា​៖«​នៅពេល​គ្រប់​អាជីវកម្ម​បាន​ចុះបញ្ជី​វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ទាំង​រដ្ឋា​ភិ​បាល និង​ផ្នែក​ឯកជន​»៕