​ភ្នំពេញៈ ឥណ្ឌូនេស៊ី​បាន​រំកិល​ខ្លួន​ពី​លេខ​រៀង​ទី ​១២ មក​លេខ​រៀង​ទី ​៦​ ក្នុងនាម​ជា​ប្រទេស​មាន​ទំនាក់ទំនង​ពា​ណិ​ជ្ជ​កម្ម​ធំជាងគេ​ជាមួយនឹង​ប្រទេស​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​ ២០២៣ ចរាចរ​ណ៍​ទំនិញ​រវាង​ប្រទេស​ទាំង ២ មានទឹក​​ប្រាក់​សរុប​ជិត ១,១​ ពាន់​លាន​ដុល្លារ កើន​ជិត ១៥​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

យោងតាម​តារាង​ស្ថិតិ​របស់ GDCE ចរាចរណ៍​ទំនិញ​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី ក្នុង​ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់ ១,០៩ ​ពាន់​លាន​ដុល្លារ កើនឡើង ១៤,៦​ ភាគ​រយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ៩៤៨,៥៣ លាន​ដុល្លារ​។ ទំហំ​ទឹកប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី ស្មើនឹង ២,៣២​ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អន្តរជាតិ ក្នុង​ឆ្នាំ​ ២០២៣ ដែលមាន ៤៦,៨៣​ ពាន់​លាន​ដុល្លារ​។ សម្រាប់​ទឹកប្រាក់​សរុប​ខាងលើ គឺ​ទំនិញ​កម្ពុជា​នាំទៅ​ឥណ្ឌូនេស៊ី ចំនួន ៩២,៧៤​ លាន​ដុល្លារ កើនឡើង ១៥១,៧​ ភាគរយ និង​ទំនិញ​ឥណ្ឌូនេស៊ី​នាំ​ចូលមក​កម្ពុជា ៩៩៤,៦ ​លាន​ដុល្លារ កើនឡើង ៩,១ ភាគរយ​។​

​ផ្អែក​តាម GDCE គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុជា ក្នុង​ឆ្នាំ​ ២០២៣ មាន​ឱនភាព ៩០១,៨៦​ លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ ​២០២២ មាន​ចំនួន ៨៧៤,៨៥​ លាន​ដុល្លារ​។ ឥណ្ឌូនេស៊ី បាន​ឡើង​ពី​លេខ​រៀង​ទី ​១២ ក្នុង​ឆ្នាំ​ ២០២២ មក​លេខ ៦ ក្នុងនាម​ជា​ប្រទេស​មាន​ទំហំ​ពាណិជ្ជកម្ម​ធំ​ជាមួយ​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន​។​

​សេដ្ឋវិទូ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ខែកុម្ភៈ ថា ក្នុងនាម​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ជាស​មា​ជិ​ក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ នឹង​កើនឡើង​ថែមទៀត ពិសេស​នៅពេល​កំណើន​សេដ្ឋកិច្ចពិភពលោក​ល្អប្រសើរ​។ លោក​បន្តថា ទោះយ៉ាងណា​ដោយសារ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​នៅមាន​ឱន​ភាព​ច្រើន ដូច្នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា​ត្រូវខិតខំ​បន្ថែមទៀត​ដើម្បី​ផលិត​ទំនិញ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​លោក​បញ្ជាក់ថា​៖«​ការកើនឡើង​ទំហំ​ពាណិជ្ជកម្ម គឺ​បញ្ជាក់​ពី​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​ប្រ​​ទេស​ទាំង​ ២ ប៉ុន្តែ​សម្រាប់​គម្លាត​រវាង​ទឹកប្រាក់​នាំចេញ គឺ​ទាមទារ​កម្ពុជា​ឱ្យ​ខិតខំ​ថែមទៀត​។ ឥណ្ឌូនេស៊ី ជា​ប្រទេស​ធំ និង​មាន​ប្រជាជន​ច្រើន ដូច្នេះ​បើ​ទំនិញ​របស់​យើង​អាច​ជ្រៀត​ចូលកាន់​តែ​ច្រើន​នោះ គឺជា​ការល្អ​ណាស់​»​។​

​លោក​បន្តថា តាមរយៈ​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ផ្នែក​ឯកជន​កម្ពុជា លោក​រំពឹងថា ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​កើន​ឡើង​ថែមទៀត​ក្នុង​ឆ្នាំ​ ២០២៤ នេះ​។​

​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែកញ្ញា ឆ្នាំ​ ២០២៣ បានប្រកាស​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ២៥០ ០០០​ តោន ក្នុង ១ ​ឆ្នាំ ដែលជា​វិធានការ​ដើម្បី​ធានា​សុវត្ថិ​ភាព​ស្បៀងអាហារ​ក្នុងប្រទេស​របស់ខ្លួន ខណៈ​ឥណ្ឌូនេស៊ី ក៏បាន​សន្យា​នឹង​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​ស្បៀង​អាហារ​កម្ពុជា តាមរយៈ​ការផ្គត់ផ្គង់​ជី និង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​ប្រជា​កសិករ​ផងដែរ​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) លោក សុង សារ៉ន បាន​ប្រាប់ថា កម្ពុជា​មានឱកាស​ច្រើន​ក្នុងការ​ជំរុញ​ការនាំចេញ​ផលិត​ផល​កសិកម្ម ពិសេស​អង្ករ ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​ធំ និង​មាន​ប្រជាជន​ច្រើន ខណៈ​ការនាំចេញ​អង្ករ​ជា​ផ្លូវការ​លើកដំបូង​ត្រូវបានធ្វើ​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។ លោក​បន្តថា គុណភាព និង​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​ដែល​ទទួលបាន​មេដាយ​ក្នុងការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជា​បន្តបន្ទាប់​បាន​ជួយ​ឱ្យ​ការនាំចេញ​អង្ករ​របស់​កម្ពុ​ជាមាន​កាន់តែច្រើន​។​

​លោក​បាន​ថ្លែងថា​៖ «​ការនាំ​ចេញទៅ​ឥណ្ឌូនេស៊ី បានបង្ហាញ​ពី​ការរីកចម្រើន​នៃ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា តាមរយៈ​ការ​ដាក់ចេញ​យុទ្ធសាស្ត្រ​នៃ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២»​។​

​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា លោក Santo Darmosumarto ក្នុងជំនួប​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​​ពីថ្ងៃ​ទី​ ២៦ ខែធ្នូ ឆ្នាំ​ ២០២៣ បានលើកឡើង​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ឥណ្ឌូនេស៊ី​-​កម្ពុជា​ ដែល​កំពុង​កើនឡើង​។

ទោះ​យ៉ាង​ណា លោក​ទទួលស្គាល់ថា អ្នកជំនួញ​​ឥណ្ឌូនេស៊ី​ហាក់​នៅ​មិនសូវ​ដឹង​ពីស​ក្ដា​នុព​ល​នៃ​ការវិនិយោគ​នៅ​កម្ពុជា​ទេ ដែល​នេះ​ជា​មូលហេតុ​មួយ​ធ្វើឱ្យ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ ២ មាន​គម្លាត​ឆ្ងាយ​។ លោក​បន្តថា ដើម្បី​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២ ឱ្យបាន​កាន់តែខ្លាំង​បន្ថែមទៀត គឺ​ទាមទារ​ឱ្យ​ប្រទេស​ទាំង​ ២ ត្រូវ​គិតគូរ​ពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​ទ្វេភាគី និង​ការបើក​ជើង​ហោះហើរ​ត្រង់​រវាង​គោលដៅ​ទេសចរ​​ណ៍​សំខាន់ៗ​នៃ​ប្រទេស​ទាំង​ ២​។​

​លោក Santo Darmosumarto បាន​និយាយថា​៖«​កម្ពុជា​-​ឥណ្ឌូនេស៊ី​ នៅមាន​ចន្លោះ​ជាច្រើន​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការដែល​ត្រូវតែ​អភិវឌ្ឍ និង​ពង្រឹង​បន្ថែម​ដោយ​ទាញយក​ផល​ប្រយោជន៍​ពី​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២​។ យើង​គួរ​ខិតខំ​ប្រែក្លាយ​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ឱ្យទៅជា​ពាណិជ្ជកម្ម ការវិនិយោគ កិច្ច​សហប្រតិបត្តិការ​ទេស​ចរណ៍ និង​ទំនាក់​ទំនង​វប្បធម៌​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យបាន​កាន់តែខ្លាំង​»៕