ភ្នំពេញៈ សញ្ញាល្អប្រសើរនៃកំណើនសេដ្ឋកិច្ចសកល និងតំបន់ បានធ្វើឱ្យសកម្មភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាចាប់ផ្តើមកម្រើកឡើងវិញខ្លះៗហើយ ជាក់ស្តែងក្នុងខែដំបូងឆ្នាំ ២០២៤ ទឹកប្រាក់ដែលកម្ពុជាបញ្ចេញទៅលើការនាំចូលដែក និងដែកថែប គឺមានជាង ៤៥ លានដុល្លារ កើនជិតពាក់កណ្តាលបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
ស្ថិតិពាណិជ្ជកម្មនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា ក្នុងខែមករា ឆ្នាំ ២០២៤ កម្ពុជាបាននាំចូលទំនិញក្នុងជំពូក (HS ២ ខ្ទង់) លេខកូដ ៧២ ដែលរួមមានដែក និងដែកថែប ពីទីផ្សារអន្តរជាតិចំនួន ៤៥,៥៣ លានដុល្លារ កើន ៤៤ ភាគរយ ធៀបខែមករា ឆ្នាំ ២០២៣ ដែលមាន ៣១,៦១ លានដុល្លារ និងកើន ១៦ ភាគរយ បើធៀបខែធ្នូ ឆ្នាំ ២០២៣ ដែលមាន ៣៩,២៤ លានដុល្លារ។ ទឹកប្រាក់នាំចូលដែក និងដែកថែបស្មើនឹង ២,២ ភាគរយនៃទឹកប្រាក់នាំចូលទំនិញសរុបរបស់កម្ពុជាក្នុងខែមករា ឆ្នាំ ២០២៤ ដែលមាន ២,០៩ ពាន់លានដុល្លារ។
អ្នកគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា វត្តមានជំងឺកូវីដ ១៩ ចន្លោះពីឆ្នាំ ២០២០-២០២៣ បានធ្វើឱ្យវិស័យសំណង់នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាធ្លាក់ចុះយ៉ាងគំហុក ដោយមានការដ្ឋានសំណង់ជាច្រើនបានផ្អាកសកម្មភាពទាំងស្រុង និងខ្លះទៀតសាងសង់ក្នុងល្បឿនដ៏យឺត។
ពេលសកម្មភាពសាងសង់ធ្លាក់ចុះ តម្រូវការសម្ភារសំណង់ដូចជា ដែក ស៊ីម៉ងត៍ ឥដ្ឋ និងឧបករណ៍អគ្គិសនី បានធ្លាក់ចុះព្រមគ្នា។ លោកបន្តថា ទោះបីយ៉ាងណាចាប់ពីចុងឆ្នាំ ២០២៣ មក គេសង្កេតឃើញតាមការដ្ឋានសំណង់មួយចំនួនដែលគេទុកចោលកន្លងមក គឺចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗហើយ។
លោកបន្ថែមថា៖ «ដោយសារវិស័យសំណង់មានទំនាក់ទំនងខ្លាំងនឹងកំណើនសេដ្ឋកិច្ច ដូច្នេះនៅពេលសេដ្ឋកិច្ចពិភពលោកមានកំណើនរឹងមាំ វិស័យសំណង់នៅទូទាំងពិភពលោកក៏បោះជំហានទៅមុខលឿនដែរ។ ទឹកប្រាក់នៃការនាំចូលដែក និងថែកថែបនឹងបន្តកើនថែមទៀតនាពេលខាងមុខ»។
ទោះយ៉ាងណា លោកបញ្ជាក់ថា ដោយសារវិស័យសំណង់តែងត្រូវការទុនវិនិយោគច្រើន និងរយៈពេលសាងសង់យូរជាងវិស័យផ្សេងទៀតសម្រាប់ការងើបឡើងវិញ ដូច្នេះសម្ទុះនៃការសាងសង់ក៏មិនអាចហក់ឡើងវិញលឿនដូចវិស័យមួយចំនួនឡើយ។
បើតាមលោក ស៊ីវផេង នៅកម្ពុជាបច្ចុប្បន្នក៏មានរោងចក្រផលិតដែកសម្រាប់វិស័យសំណង់ដែរ ខណៈដែក និងដែកថែបក្នុងវិស័យសំណង់ដែលកម្ពុជានាំចូលភាគច្រើនមកពីប្រទេសវៀតណាម ចិន និងថៃ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដែលជាខេត្តមានគម្រោងសាងសង់ជាច្រើនត្រូវជាប់គាំងតាំងពីឆ្នាំ ២០១៩ នៅក្នុងសប្តាហ៍នេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា វិធានការរបស់រដ្ឋាភិបាលដែលបានប្រកាសដាក់ចេញកាលពីចុងខែមករា ឆ្នាំ ២០២៤ ក្នុងគោលបំណងដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគក្នុងខេត្តព្រះសីហនុ គឺកំពុងក្លាយជាកម្លាំងចលករជំរុញឱ្យសកម្មភាពសាងសង់នៅក្នុងខេត្តជំហានទៅមុខដោយសន្សឹមៗឡើងវិញ។ រយៈពេលជិត ១ ខែ មកនេះមានក្រុមហ៊ុន ៤-៥ បានដាក់ពាក្យស្នើសុំវិនិយោគ (វិស័យសំណង់) ខណៈក្រុមហ៊ុនជាច្រើនទៀតកំពុងសិក្សា និងត្រៀមដាក់ពាក្យដើម្បីទទួលបានសិទ្ធិវិនិយោគពិសេសផងដែរ។
លោកប្រាប់ទៀតថា សម្រាប់ស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យនៅខេត្តព្រះសីហនុ នាដើមឆ្នាំ ២០២៤ នេះ គឺល្អប្រសើរច្រើនធៀបនឹងដើមឆ្នាំ ២០២៣ ប៉ុន្តែវាមិនទាន់មានភាពរីកចម្រើនខ្លាំងដូចមុនឆ្នាំ ២០១៩ ទេ។
លោកអះអាងថា៖ «ការសាងសង់ ជួសជុល ក៏ដូចជាការរៀបចំអគារ និងទីតាំងមួយចំនួន ដើម្បីបម្រើឱ្យការប្រកបអាជីវកម្ម ក៏ដូចជាការវិនិយោគផ្សេងៗនៅក្នុងខេត្តព្រះសីហនុពេលនេះ គឺមានសញ្ញាណវិជ្ជមានឡើងវិញហើយ បើទោះបីមិនទាន់លឿន ប៉ុន្តែសញ្ញាវិជ្ជមានគឺចាប់ផ្តើមបណ្តើរៗហើយ»។
បើតាមលោក ឌីម៉ង បច្ចុប្បន្នក្នុងខេត្តព្រះសីហនុមានអគារធំៗជាច្រើន ដោយក្នុងនោះជាង ៣៦០ អគារសាងសង់មិនទាន់រួច និងប្រហែលពី ១៦០-១៧០ អគារទៀតសាងសង់រួច ប៉ុន្តែមិនបានបើកដំណើរការ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល លោក ចេង ខេង ដែលមានបទពិសោធន៍នៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាប្រមាណ ៣ ទសវត្សរ៍មកហើយនោះបានលើកឡើងថ្មីៗនេះថា ចាប់តាំងពីដើមឆ្នាំ ២០២០ ដល់ដើមឆ្នាំ ២០២៣ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមិនសូវមានដំណើរការល្អទេដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩ និងបញ្ហាជម្លោះភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅប្រទេសមួយចំនួន។ លោកបន្តថា ទោះយ៉ាងណាសញ្ញាការងើបឡើងនៃទីផ្សារមួយនេះបានចាប់ផ្តើមបណ្តើរៗហើយ។
ក្នុងឆ្នាំ ២០២៣ ការនាំចូលទំនិញក្នុងជំពូក (HS ២ ខ្ទង់) លេខកូដ ៧២ ដែលរួមមានដែក និងដែកថែប មានទឹកប្រាក់សរុប ៣៧២,៤៧ លានដុល្លារ កើន ៣,៥ ភាគរយបើធៀបឆ្នាំ ២០២២ ដែលមាន ៣៥៩,៨២ លានដុល្លារ។ នេះបើយោងតាម GDCE៕