​ភ្នំពេញៈ ការចាប់ផ្តើម​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ច​សកល បានធ្វើឱ្យ​តម្រូវការ​ទំនិញប្រើប្រាស់​កើន​ជា​បន្ត​បន្ទាប់ ជាក់ស្តែង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២៤ ការនាំចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​ប្រមាណ ២,២ ​ពាន់​លាន​ដុល្លារ កើនឡើង​ជិត ៣០ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​ ក្នុងនោះ​ទឹក​​ប្រាក់​ដែល​ចិន​នាំមក​កម្ពុជា​បាន​គ្របដណ្តប់​ជិត ៩០​ ភាគ​​រយ​នៃ​ទឹកប្រាក់​សរុប​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ទិន្នន័យ​កត់ត្រា​ដោយ GDCE ឱ្យដឹងថា ចិន គឺជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំជាងគេ​របស់​កម្ពុជា ដោយ​ចន្លោះ​ពី​ខែមករា​-​ខែកុម្ភៈ ឆ្នាំ​ ២០២៤ ការនាំចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ​២ មាន​ទឹកប្រាក់​សរុប ២,២​ ពាន់​លាន​ដុល្លារ កើនឡើង ២៩ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែលមាន ១,៧ ​លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំទៅ​ចិន ២២៧,៧៥​ លាន​ដុល្លារ កើន ១៥​ ភាគរយ ខណៈ​ទំនិញ​ចិន​នាំមក​កម្ពុ​ជាមាន​ប្រមាណ ១,៩៧ ​ពាន់​លាន​ដុល្លារ កើន ៣០,៨ ​ភាគរយ​។​

​សម្រាប់​តុល្យភាព​ជញ្ជីង​ពា​​ណិ​ជ្ជ​កម្ម រយៈពេល ២​ ខែ ដើម​​ឆ្នាំ​ ២០២៤ គឺ​កម្ពុ​ជាមាន​ឱន​ភាព ១,៧៤​ ពាន់​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២៣ មាន​ចំនួន ១,៣១ ​ពាន់​លាន​ដុល្លារ​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២០ ខែមីនា​ថា ការកើនឡើង​ជា​បន្ត​បន្ទាប់​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២ គឺ​ដោយសារតែ​ភាពល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​ការទូត ខណៈ​ប្រទេស​ទាំង ​២ ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយគ្នា ​(CCFTA) ហើយក៏​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ផងដែរ​។

លោក​បន្តថា ខណៈ​ប្រទេស​ចិន ​ត្រូវបាន​គេ​ទទួល​ស្គាល់​ជា​ប្រភព​ផ្គត់ផ្គង់​វត្ថុ​ធាតុ​ដើម និង​ទំនិញ​ដ៏​ធំ​លើ​ពិភពលោក​នោះ ដូច្នេះ​ចិន​នឹង​បន្ត​ជា​ប្រភព​ផ្គត់ផ្គង់​ទំនិញ​ដ៏​សំខាន់​របស់​កម្ពុជា ជាពិសេស​វត្ថុ​ធាតុ​​ដើម​ក្នុង​ផលិតកម្ម​វាយ​ន​ភណ្ឌ​ដើម្បីឱ្យ​កម្ពុជា​យកទៅ​កែច្នៃ​ជា​ផលិតផល​សម្រេច​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។​

​លោក​បន្ថែមថា​៖ «​រយៈពេល​ជា​យូរ​មកហើយ​ដែល​ប្រទេស​​ចិន គឺជា​ប្រភព​សំខាន់​នៃ​ការ​​ផ្គត់ផ្គង់​វត្ថុធាតុដើម ឬ​គ្រឿងផ្សំ​ផ្សេងៗ​ឱ្យ​រោងចក្រ​/​សហគ្រាស​នៅ​កម្ពុជា​។ ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២ នឹង​បន្ត​កើនឡើង​ថែមទៀត​នាពេលខាងមុខ​»​។​

​លោក​ឱ្យដឹងទៀតថា បច្ចុប្បន្ន​ក្រៅពី​សកម្មភាព​នាំចេញ​-​ចូល​ទំនិញ នៅក្នុង​ប្រទេស​កម្ពុជា​ ក៏មាន​អ្នកវិនិយោគ​ចិន​ជាច្រើន​កំពុង​បណ្តាក់ទុន​ផ្ទាល់​ផងដែរ​។​

​តាម​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​ បានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ ​២០២៣ ទុន​វិនិយោគ​របស់​ជនជាតិ​ចិន​បាន​នាំមុខគេ​ក្នុងការ​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ដោយមាន ៤៥ ​ភាគ​រយ​នៃ​ចំនួន​សរុប ១៨៥,៧ ​ទ្រី​​លាន​រៀល តាម​ពីក្រោយ​ដោយ​កូរ៉េខាងត្បូង​, សិង្ហ​បុរី​, ជប៉ុន វៀតណាម ម៉ាឡេស៊ី និង​ថៃ​។​

​ទាក់ទង​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន អ្នកសេដ្ឋកិច្ច​ខាងលើ​អះអាងថា ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូច្នេះ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ចិន​ភាគច្រើន​ជាក​សិ​ផល និង​ធនធានធម្មជាតិ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ថ្មីៗ​នេះ​បានឱ្យដឹងថា ក្នុងនាម​ជា​ប្រទេស​មាន​ទំនាក់ទំនង​ការទូត​ល្អ​ (​មិត្ត​ដែកថែប​) និង​ជា​ប្រភព​ផ្គត់ផ្គង់​វត្ថុ​ធាតុ​សំខាន់​ឱ្យ​រោង​ចក្រ​នៅ​កម្ពុជា គឺ​ចំនួន​ទឹកប្រាក់​នាំចេញ​នាំចូល​ទំនិញ​ប្រទេស​ទាំង​ ២ បាន​កើន​ជា​លំដាប់ បើទោះបី​ក្នុងអំឡុងពេល​សេដ្ឋកិច្ច​សកល​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ប៉ុន្មាន​ឆ្នាំកន្លងមក​ក៏ដោយ​។​

​លោក​និយាយថា​៖ «​និន្នាការ​នៃ​ការផ្លាស់ប្តូរ​ទំនិញ​ប្រទេស​ទាំង​ ២ នឹង​បន្ត​កើន​ថែមទៀត​នាពេលខាងមុខ ពិសេស​ការ​​នាំចេញ​ផលិតផល​វិស័យ​ក​សិ​កម្ម​របស់​កម្ពុជា​»​។​

​សម្រាប់​ឱនភាព​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម លោក លឹម ហេង បាន​ប្រាប់ថា មិន​បារម្ភ​ឡើយ ព្រោះ​ភាគច្រើន​នៃ​ទំនិញ​ចិន​នាំមក​កម្ពុជា ជា​វត្ថុធាតុដើម ឬ​ផលិត​​ផល​ពាក់កណ្តាល​សម្រេច​ដែល​គេ​យក​កែច្នៃ ផ្គុំ ឬ​ដំឡើង​ទៅជា​ផលិតផល​សម្រេច​សម្រាប់​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​អន្តរ​ជាតិ​។ ជាក់ស្តែង​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ គឺ​កម្ពុជា​បាន​នាំ​ចូល​វត្ថុធាតុដើម​ដូចជា ក្រណាត់ អំបោះ និង​ម្ជុល ជាច្រើន​មកពី​ប្រទេស​ចិន​។​

​ភាគច្រើន​នៃ​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​ចិន គឺជា​ផលិតផល​កសិកម្ម និង​វាយ​ន​ភណ្ឌ ចំណែក​ចិន​នាំចូល​គឺមាន​ផលិតផល​ចម្រុះ​ជាច្រើន​ដូចជា វត្ថុ​ធាតុ​ដើម​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ គ្រឿងសំណង់ រថយន្ត គ្រឿង​ម៉ាស៊ីន ឧបករណ៍​អេឡិចត្រូនិក អាហារ ថ្នាំ​គីមី​ជាដើម​។ នេះ​បើតាម​លោក លឹម ហេង​។​

​ក្នុង​ឆ្នាំ​ ២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​ចិន មានទឹក​​ប្រាក់​សរុប ១២,២៦ ​ពាន់​លាន​ដុល្លារ កើន ៥​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២២ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​ចិន ១,៤៨​ ពាន់​លាន​ដុល្លារ កើន ១៩,២ ​ភាគរយ និង​ទំនិញ​ចិន​នាំមក​កម្ពុជា ១០,៧៩​ ពាន់​លាន​ដុ​ល្លារ កើន ៣,៣​ ភាគរយ​។ នេះ​បើ​យោងតាម GDCE៕