​ភ្នំពេញៈ ផ្នែក​ឯកជន​សាទរ​ចំពោះ​ផែនការ​នៃ​ការបង្កើត​តំ​បន់​សេដ្ឋកិច្ច​ពិសេស​បៃតង នៅ​ខេត្តកោះកុង ព្រោះ​តំបន់​នេះ​នឹង​ក្លាយទៅជា​គំរូ​មួយ​សម្រាប់​ក្រុមហ៊ុន​ផ្សេងទៀត​អនុវត្តតាម ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រើ​ប្រាស់​ថាមពល​ស្អាត​ប្រមាណ ៧០​ ​ភាគរយ​ទូទាំងប្រទេស​។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​បម្រើ​ជា​មជ្ឈមណ្ឌល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​សម្រាប់​ការនាំចេញ និង​ផលិតកម្ម​ដែល​ត្រូវបាន​ព្យាករ​ថា ​នឹង​ទាក់ទាញ​វិនិយោគិន​បរទេស​បាន​ច្រើន​។​

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​ ៥ ខែមីនា បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី Rt Hon. Anne Marie Trevelyan រដ្ឋមន្ត្រី​របស់​ចក្រភព​អង់គ្លេស​ទទួលបន្ទុក​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​  ២ ដល់​ថ្ងៃទី ​៤ ខែមីនា ដើម្បី​ពិភាក្សា​ពី​ការគាំទ្រ​របស់​ចក្រភព​អង់គ្លេស​លើ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​ (SEZ) នៅ​ខេត្តកោះកុង​។​

​ក្នុងឱកាស​នោះ លោក អូន​ ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ​ចំពោះ​ចក្រភព​អង់គ្លេស ដែល​តែង​គាំទ្រ​លើ​ផលិតផល​កម្ពុជា និង​គំនិត​ផ្តួចផ្តើម​សម្រាប់​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​នៅ​កម្ពុជា ព្រោះ​វា​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។​

​លោកស្រី​ Anne-Marie Trevelyan បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ ២ ក៏ដូចជា​គោល​​បំណង​របស់​រដ្ឋាភិបាល​ចក្រភពអង់គ្លេស​ចំពោះ​ការប្តេជ្ញាចិត្ត និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​។

លោកស្រី​បន្តថា​៖ «​ចក្រភព​អង់គ្លេស​នឹង​បន្ត​ជំរុញ​ការវិនិយោគ​នៅ​កម្ពុជា ពិសេស​លើ​ការរៀបចំ​សម្រាប់​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង និង​ទាក់ទាញ​វិនិយោគិន​ថ្មីៗ​ពី​ចក្រភព​អង់គ្លេស​មក​កម្ពុជា​»​។​

​កាលពី​ចុងខែ​ធ្នូ ឆ្នាំ ​២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​នឹង​អាជ្ញាធរ​ខេត្តកោះកុង និង​ឯកអគ្គរាជទូត​ចក្រភព​​អង់គ្លេស​បាន​ជួបពិភាក្សា​អំពី​គម្រោង​នេះ​យ៉ាងយូរ​។ តាម​ការប៉ាន់ប្រមាណ​គម្រោង​នេះ​មានតម្លៃ​ចន្លោះ​ពី​ ៤០០-៨០០​ លាន​ដុល្លារ ហើយ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ចុងឆ្នាំ ​២០២៤ នេះ​។​

​គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រែក្លាយ​ខេត្តកោះកុង ឱ្យទៅជា​មជ្ឈមណ្ឌល​សម្រាប់​ឧស្សាហកម្ម​បៃតង​ដោយ​ផ្តោតលើ​ថាមពល​កកើត​ឡើងវិញ ការគ្រប់គ្រង​សំណល់​ដោយ​និរន្តរភាព និង​ការអនុវត្ត​ដោយ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា ផលិត​រថយន្ត អេឡិចត្រូនិក និង​វាយ​ន​ភណ្ឌ ជាដើម​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២០ ខែមីនា​ថា តំបន់​សេដ្ឋកិច្ច​នេះ​នឹង​ក្លាយជា​ចំណុច​របត់​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ខណៈ​កម្ពុជា​កំពុង​ប្រើប្រាស់​ថាមពល​ស្អាត​ជាច្រើន​។​

​លោក​ថ្លែងថា​៖ «​យើង​ពិតជា​គាំទ្រ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​នៅក្នុង​ប្រទេស​របស់​យើង​។ ប៉ុន្តែ​អ្វីដែល​យើង​ចង់ឃើញ​គឺថា តើ​វា​ដំណើរការ​ដោយ​របៀប​ណា​? តើ​វា​ខុសពី​គម្រោង​ធម្មតា​ដូចម្ដេច​?​បើតាម​ខ្ញុំ​ដឹងថា ទុនវិនិយោគ​គួរតែ​ច្រើនជាង​គម្រោង​ធម្មតា ប៉ុន្តែ​យើង​ស្វាគមន៍​ចំពោះ​ការ​​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​មួយ​នេះ​»​។​

​លោក​បន្ថែមថា​៖ «​បច្ចុប្បន្ន​ប្រទេស​យើង​កំពុង​ប្រើប្រាស់​ថាមពល​ស្អាត​ជាង ៦០ ​ភាគរយ​បាន​ពី​ថាមពល​សូ​ឡា និង​វា​រី​អគ្គិសនី ហើយ​យើង​នឹងមាន​ថាមពល​ស្អាត​បន្ថែមទៀត បាន​ពី​ថាមពលខ្យល់​នៅពេល​អ​នា​គ​ត​ដ៏​ខ្លី​ខាងមុខ​។ ខ្ញុំ​ជឿថា ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​ក្នុងប្រទេស​របស់​យើង ជា​គំរូ​មួយ​សម្រាប់​តំបន់​សេដ្ឋ​​កិច្ច​ពិសេស​ផ្សេងទៀត​ដើម្បី​អនុវត្តតាម​»​។​

​លោក សំ សុខ​នឿន អគ្គ​នា​យក​ក្រុមហ៊ុន Sam SN Realty បាន​លើកឡើងថា តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ទាក់​​ទាញ​វិនិយោគិន​ឱ្យមក​បណ្តាក់​ទុន​នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន ដោយសារ​ការវិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស គឺមាន​ភាពងាយស្រួល​។​

​លោក​បញ្ជាក់ថា តំបន់​សេដ្ឋ​កិច្ច​ពិសេស​គឺ​មិន​ត្រឹម​តែមាន​ភាពងាយស្រួល​ស​ម្រា​ប់​វិ​និ​​យោគិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួមចំណែក​បង្កើត​ការងារ និង​ប្រាក់ចំណូល​ដល់​គ្រួសារ និង​ប្រទេស​ផងដែរ​។ លោក​បន្តថា ខេត្តកោះកុង​ជា​កន្លែង​មាន​សក្ដានុពល​សម្រាប់​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រោះ​ងាយស្រួល​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​។​

​លោក​ថ្លែងថា​៖ «​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​យុទ្ធ​សាស្ត្រ​ដ៏​មាន​សក្តានុពល​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​»​។​

​តំណាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អភិបាលខេត្ត​កោះកុង និង​តំណាង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី ១៩ ខែធ្នូ នៅ​ខេត្តកោះកុង ដោយ​លើកឡើងថា គម្រោង​នេះ​គឺជា​ការបង្កើត​មជ្ឈមណ្ឌល​ផលិត​​កម្ម​បៃតង នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​៕