ភ្នំពេញៈ ផ្នែកឯកជនមានសុទិដ្ឋិនិយមថា ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងកម្ពុជា និងឡាវ នឹងកើនឡើងបន្ថែមទៀតបន្ទាប់ពីមេដឹកនាំប្រទេសទាំង ២ បានសន្យាថា នឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងក្នុងរយៈពេលត្រឹមតែជាង ១ សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍រដ្ឋឡាវចាប់ផ្ដើមបើកដំណើរការជើងហោះហើរត្រង់ឡើងវិញ រវាងទីក្រុងវៀងចន្ទន៍មកទីក្រុងភ្នំពេញ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងមួយនេះ ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា កាលពីថ្ងៃទី ២៥ ខែមីនា មេដឹកនាំរបស់ប្រទេសទាំង ២ បានប្រកាសថា កម្ពុជា និងឡាវប្តេជ្ញាជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន ហើយមានឯកសារមួយចំនួនក៏បានចុះហត្ថលេខាផងដែរ។
លោក ម៉ាណែត ថ្លែងថា៖ «យើងបានផ្លាស់ប្តូរបទពិសោធន៍យើងអំពីឧបករណ៍ស្តីពីការបោះបង្គោលព្រំដែនដែលបានចុះហត្ថលេខាកាលពីខែកុម្ភៈ ឆ្នាំ ២០២៣។ នៅពេលខាងមុខ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ភាគីទាំង ២ នឹងអនុវត្តសន្ធិសញ្ញានេះឱ្យមានប្រសិទ្ធភាពពេញលេញ»។
លោកបានពន្យល់ថា ការបោះបង្គោលព្រំដែននឹងត្រូវផ្អែកលើការព្រមព្រៀងគ្នាទៅវិញទៅមក ដោយយោងទៅតាមច្បាប់អន្តរជាតិ និងឧត្តមានុវត្តន៍។
លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា កម្ពុជាគាំទ្រទាំងស្រុងដល់ប្រទេសឡាវជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២៤ និងតួនាទីជាបេសកជនពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា។ ក្នុងន័យនេះបានយើងសន្យាផ្តល់ប្រាក់ចំនួន ១ លានដុល្លារដល់មិត្តឡាវរបស់យើង ដើម្បីគាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធប្រកបដោយជោគជ័យ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែមីនាថា ទោះបីជាទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ឡាវនៅមានកម្រិតក៏ដោយ ប៉ុន្តែការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំង ២ នឹងក្លាយជាសម្ទុះថ្មីមួយនៅក្នុងការបង្កើនទំនុកចិត្តក្នុងចំណោមផ្នែកឯកជន។
លោកបន្តថា៖ «ដូចដែលអ្នកបានឃើញនៅពេលនេះស្រាប់ យើងទទួលបានជើងហោះហើរត្រង់ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ភ្ជាប់មកទីក្រុងភ្នំពេញឡើងវិញ ដែលនេះសបញ្ជាក់ឱ្យឃើញថា ការតភ្ជាប់ជើងហោះហើរនេះនឹងនាំភ្ញៀវទេសចរ ពាណិជ្ជករ និងវិនិយោគិនកាន់តែច្រើននៃប្រទេសទាំង ២ ទស្សនា និងផ្លាស់ប្តូរការវិនិយោគ ឬពិព័រណ៍ពាណិជ្ជកម្មណាមួយកាន់តែងាយស្រួល»។
កាលពីថ្ងៃទី ១៩ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានអ្នកដំណើរ ១១៦ នាក់ ជិះនៅលើយន្តហោះ។ ជាមួយជើងហោះហើរនេះក្រុមហ៊ុនបានធ្វើការហោះហើរ ៣ ដង ក្នុង ១ សប្តាហ៍ គឺរៀងរាល់ថ្ងៃអង្គារ, ព្រហស្បតិ៍ និងថ្ងៃសៅរ៍។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានឱ្យដឹងថា ការបន្តសេវាកម្មអាកាសចរណ៍ឡើងវិញនេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ឧស្សាហកម្មទេសចរណ៍បន្ទាប់ពីរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «យើងបានមើលឃើញថាជាប្រវត្តិសាស្ដ្រប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរជាច្រើនពីតំបន់នេះ ដូច្នេះការដាក់ឱ្យដំណើរការឡើងវិញនៃក្រុមហ៊ុនអាកាសចរណ៍ឡាវក៏ឆ្លុះបញ្ចាំងពីតម្រូវការជើងហោះហើររវាងប្រទេសទាំង ២ ដែលកំពុងកើនឡើងផងដែរ»។
យោងតាមទិន្នន័យបានពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីឆ្នាំ ២០២៣ ឡាវគឺជាប្រភពទេសចរបរទេសឈានមុខគេទី៤ របស់កម្ពុជា។ ទេសចរឡាវមកទស្សនាកម្ពុជាកាលពីឆ្នាំ ២០២៣ មានជាង ៣៧ ម៉ឺននាក់ កើន ៣០២ ភាគរយ។
លោកប្រាប់ទៀតថា បច្ចុប្បន្នទាំងវិស័យសាធារណៈ និងឯកជនបានខិតខំក្នុងការនាំយកពាណិជ្ជកម្មឆ្លងព្រំដែន ដែលផ្តោតលើខេត្តជាប់ព្រំដែន គឺព្រះវិហារ ស្ទឹងត្រែង និងរតនគិរី នៅខាងកម្ពុជា រួមជាមួយខេត្តចំប៉ាសាក់ និងអាតតាបក្នុងប្រទេសឡាវ។
លោករំពឹងថា ពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងដែលគាំទ្រដោយយ៉ាងហោចណាស់ការតភ្ជាប់ផ្លូវរថភ្លើង ១ ខ្សែដែលបានគ្រោងទុក និងផ្លែឈើហូបផ្លែប្រកបដោយសក្តានុពលនៃការប្តេជ្ញាចិត្តថ្មីៗដែលធ្វើឡើងដោយរដ្ឋាភិបាលទាំង ២ ក៏ដូចជាអត្ថប្រយោជន៍ដែលប្រទេសទាំង ២ គឺជាសមាជិកអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
លោកបានស្នើថា ប្រទេសឡាវ ដែលគ្មានច្រកសមុទ្រអាចដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងដែលបានស្នើឡើងដើម្បីនាំចេញទៅកន្លែងផ្សេងតាមកំពង់ផែសមុទ្រក្នុងប្រទេសកម្ពុជា៕