ភ្នំពេញ៖ យន្តហោះថ្មីរបស់ក្រុមហ៊ុន AirAsia Cambodia បានបង្ហាញរូបរាងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ដោយនាំមកនូវការតភ្ជាប់ជើងហោះហើរកាន់តែប្រសើរឡើង និងការជំរុញកំណើនទេសចរណ៍សម្រាប់កម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះនៅលើបណ្ដាញសង្គមរបស់លោកនាពេលថ្មីៗនេះថា យន្តហោះដែលតុបតែងដោយរូបភាពនៃប្រាសាទអង្គរវត្ត និងគំនូរបែបប្រពៃណីរបស់កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍របស់ប្រទេស។
យោងតាមការបង្ហោះរបស់នាយករដ្ឋមន្ត្រីនៅលើ Facebook របស់លោកថា៖ «[យន្ដហោះ] បានរចនារូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia យ៉ាងស្រស់ស្អាត ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ»។
ការហោះហើរក្នុងស្រុកជាផ្លូវការ នឹងរៀបចំដំណើរការនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដោយមានជើងហោះហើរប្រចាំថ្ងៃចំនួន ៤ ជើង គឺពីភ្នំពេញទៅខេត្តសៀមរាប និងរវាងក្រុងព្រះសីហនុ និងខេត្តសៀមរាប។
លោក David-Jaya Piot ប្រធានសមាគមសណ្ឋាគារកម្ពុជានៅសៀមរាប បានទទួលស្គាល់ពីកំណើននៃវិស័យទេសចរណ៍ ជាពិសេសពីទីផ្សារអឺរ៉ុប និងអាមេរិក ហើយទីផ្សារអាស៊ីមិនទាន់មានការកើនឡើងនេះទេ ដោយបច្ចុប្បន្នទីផ្សារកូរ៉េកំពុងនាំមុខគេ។
ទោះបីជាយ៉ាងនេះក្តី លោក Piot កូនកាត់បារាំង-កម្ពុជា បានបង្ហាញទំនុកចិត្តលើស្ថានភាពទេសចរណ៍ប្រកបដោយនិរន្តរភាព និងការលេចឡើងនៃអ្នកដំណើរទ្រព្យស្ដុក ដែលបានជំរុញឱ្យមានការកែលម្អគុណភាពសេវាកម្មនៅទូទាំងខេត្ត។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ជាលទ្ធផល នេះបាននាំឱ្យមានការកើនឡើងជារួមនូវគុណភាពបទពិសោធន៍ និងសេវាកម្មដែលផ្តល់ជូនក្នុងខេត្តរបស់យើង»។
លោកគូសបញ្ជាក់ថា បច្ចុប្បន្ននេះជាឱកាសសម្រាប់ការមកទស្សនាប្រទេសកម្ពុជា ដោយសារលែងមានភាពចង្អៀតណែន និងការទទួលបានបទពិសោធន៍ដែលមានគុណភាពខ្ពស់ពីក្រុមហ៊ុនអាកាសចរណ៍។
លោក Piot ជាសហស្ថាបនិក Kulen Elephant Forest បាននិយាយថា សម្រាប់ជើងហោះហើរ Air Asia Cambodia គឺជាការបន្ថែមសក្ដានុពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍។ វានឹងអនុញ្ញាតឱ្យមានការតភ្ជាប់កាន់តែប្រសើរទៅកាន់គោលដៅក្នុងតំបន់ និងធ្វើឱ្យប្រសើរឡើងនូវលម្ហូរអ្នកដំណើរនៅទូទាំងអាស៊ីអាគ្នេយ៍។
ការដាក់តាំងបង្ហាញយន្ដនាគក្រហម របស់ក្រុមហ៊ុន AirAsia Cambodia ត្រូវបានដកស្រង់គំនិត និងអត្ថន័យពីស្ដេចនាគដ៏ស័ក្ដិសិទ្ធ ដែលតំណាងឱ្យអំណាច ការការពារ និងភាពសម្បូររុងរឿង។ បំពាក់ដោយពណ៌ទង់ជាតិកម្ពុជា និងភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត យន្តហោះនេះគ្រោងនឹងផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានជាមួយនឹងពាក្យស្លោកថា «ឥឡូវនេះ គ្រប់គ្នាអាចហោះហើរបាន»។
លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឱ្យដឹងថា បើអាកាសចរណ៍នេះហោះហើរក្នុងស្រុកផង និងអន្ដរជាតិផង ដែលមានភ្ញៀវទេសចរច្រើនមកលេងស្រុកខ្មែរ លោកគិតថា វាជាប្រយោជន៍មួយសម្រាប់អ្នកដឹកជញ្ជូន ដូចជា អ្នករត់តាក់ស៊ី អ្នករត់រ៉ឺម៉ក អ្នកប្រកបមុខរបរអាហារដ្ឋានជាដើម ក៏ដូចជាអ្នកលក់ទំនិញនៅតំបន់ទេសចរណ៍ អាចបង្កើនប្រាក់ចំណូលរបស់ពួកគាត់។
លោកបានថ្លែងថា៖ «ម្យ៉ាងវិញទៀត បើព្រលានយន្ដហោះថ្មីនៅខេត្ដកណ្ដាល មិនគិតថ្លៃចំណត និងសេវាផ្លូវដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកដឹកជញ្ជូន ដែលដឹកភ្ញៀវទៅកាន់ព្រលានយន្ដហោះថ្មី វាជាការបង្កើនប្រាក់ចំណូលសម្រាប់ពួកគាត់»៕