ភ្នំពេញៈ កម្ពុជាស្នើឱ្យជប៉ុនជំរុញគម្រោងសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលភស្តុភារកម្ម (Logistics) នៅឆ្នាំ២០៥០ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក Saito Tetsuo រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាថ្ងៃទី២៣ ខែឧសភា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាសលោកចូលរួមសន្និសីទអន្តរជាតិលើកទី២៩ ស្ដីពី «អនាគតរបស់អាស៊ី»។
សេចក្ដីប្រកាសព័ត៌មាន CDC បញ្ជាក់ថា៖ «ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានសំណូមពរឱ្យភាគីជប៉ុនជួយពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក (Logistics) នៅឆ្នាំ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា»។
CDC បញ្ជាក់ថា លោក Saito បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំនឹងជំរុញឱ្យភាគីពាក់ព័ន្ធរបស់ជប៉ុនពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះឱ្យបានកាន់តែឆាប់រហ័សដើម្បីធានាបានថាគម្រោងនេះនឹងអាចបញ្ចប់តាមផែនការដែលបានគ្រោងទុក។
លោកក៏បានបង្ហាញនូវការតាំងចិត្តថានឹងស្នើឱ្យភាគីពាក់ព័ន្ធរបស់ជប៉ុនពិនិត្យលើសំណើគម្រោងសិក្សាផែនការមេធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលភស្តុភានៅឆ្នាំ២០៥០ ឱ្យបានកាន់តែឆាប់រហ័ស សំដៅអាចឱ្យការសិក្សាគម្រោងនេះអាចចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ។
លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលតែងតែចូលរួម «យ៉ាងសកម្ម» ក្នុងការកសាងសង្គមសេដ្ឋកិច្ចកម្ពុជា និងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលនៅដើមអាណត្តិទី៧នេះបានធ្វើការសម្ពោធ និងបើកការដ្ឋានដែលជាជំនួយរបស់ជប៉ុនជាបន្តបន្ទាប់ រួមមាន ផ្លូវជាតិលេខ៥ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក និងគម្រោងបើកការដ្ឋានលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី២ ជំហានទី១។
លោក ជ័យ តិច អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ការទាក់ទាញនូវការវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា ក៏ដូចជាការដឹកជញ្ជូននាំទំនិញទៅលក់នៅទីផ្សារអន្តរជាតិរបស់កម្ពុជាគឺមានកត្តាប្រឈមមួយចំនួន ដែលក្នុងនោះកត្តាប្រឈមខ្លាំងមួយផងដែររបស់កម្ពុជាគឺទាក់ទងទៅនឹងភស្តុភារកម្ម។
លោកបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះបានផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍវិស័យភស្តុភារកម្ម ក្នុងនោះ មានការដាក់ចេញនូវផែនការយុទ្ធសាស្ត្រភស្តុភារកម្មរបស់កម្ពុជា ក៏ដូចជាមានការអភិវឌ្ឍនូវវិស័យដឹកជញ្ជូនតាមផ្លូវថ្នល់ ផ្លូវដែក ជាពិសេសគឺផ្លូវទឹក ដែលចុងក្រោយនេះគឺគម្រោងព្រែកជីកហ្វូណនតេជោ ។
លោក ជ័យ តិច ថ្លែងថា សម្រាប់កំពង់ផែក្រុងព្រះសីហនុនេះគឺសឹងតែទទួលបានការគាំទ្រជាប្រពៃណីពីភាគីជប៉ុន តាំងពីដើមរហូតមកដល់ការសាងសង់នូវកំពង់ផែនេះក្នុងដំណាក់កាលទី២នេះដើម្បីក្លាយជាកំពង់ផែដ៏ធំបំផុតមួយរបស់កម្ពុជាក្នុងការនាំទំនិញចេញចូល។
លោកថ្លែងថា៖ «ការចូលរួមចំណែករបស់ភាគីជប៉ុនក្នុងការអភិវឌ្ឍ និងពង្រីកនូវកំពង់ផែក្រុងព្រះសីហនុនេះពិតជាមានសារសំខាន់ខ្លាំងណាស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការទាក់ទាញនូវការវិនិយោគដោយផ្ទាល់ពីបរទេស ការអភិវឌ្ឍវិស័យឧស្សាហកម្ម ជាពិសេសគឺទាក់ទងទៅនឹងភស្តុភារកម្ម និងការតភ្ជាប់នៅថ្នាក់តំបន់ និងពិភពលោក»៕