ភ្នំពេញ៖ ស្ថិត​ក្នុង​​បរិយាកាស​សេដ្ឋកិច្ច​កំពុង​ជួប​ការ​លំបាក​ពេល​បច្ចុប្បន្ន ​​ក្រុមហ៊ុន​អាជីវកម្ម​មួយ​ចំនួន​អាច​ប្រឈម​​ហានិភ័យ​​ក្ស័យធន ដែល​ធ្វើឱ្យ​តួនាទី​អភិបាល​បណ្ដោះ​អាសន្ន​ក្នុង​សំណុំ​រឿង​ក្ស័យធន​កាន់តែ​​មាន​សារៈសំខាន់​។​

អភិបាល​បណ្ដោះ​អាសន្ននេះ​អាច​ជួយ​ស្តារ​ស្ថានភាព​របស់​ក្រុមហ៊ុន​ឱ្យ​ឆ្លងកាត់​ភាព​តំណាក់​កាល​លំបាក​បំផុត​​នៃ​បញ្ហា​ហិរញ្ញ​វត្ថុ និង​ធានាឱ្យមាន​ដំណើរការ​ជម្រះ​បញ្ជី​មួយ​ប្រកប​​ដោយ​ប្រសិទ្ធភាព សមភាព និង​តម្លាភាព​សម្រាប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។​

ដោយ​ទទួលស្គាល់​ពី​សារៈសំខាន់​នេះ​ ក្រុមហ៊ុនមេធាវី អេច ប៊ី អេស និង មន្ទីរសារការី អេច ប៊ី អេស សហ​ការ​​ជាមួយ​ក្រសួងយុត្តិធម៌ បានរៀបចំ​សិក្ខាសាលា​មួយ​ស្តីពី «ប្រកាស​ស្ដីពីការ​ផ្ដល់​អាជ្ញាបណ្ណ​ជា​អភិបាល​បណ្ដោះ​អាសន្ន​​ក្នុង​សំណុំ​រឿង​ក្ស័យធន» នៅថ្ងៃ​សុក្រ ទី១៤ ខែមិថុនា ​នៅ​សណ្ឋាគារ​ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)​​។​

សិក្ខាសាលា​​នេះ​បានផ្ដល់​ចំណេះដឹង​យ៉ាង​ទូលំទូលាយ​ចំពោះ​ការ​អនុវត្ត ​ច្បាប់​ក្ស័យធន​របស់​កម្ពុជា បើនិយាយ​ជារួម និង​ឱ្យ​សិក្ខាកាម​យល់​ពី​សិទ្ធិ និង​កាតព្វ​របស់​អភិបាល​បណ្តោះ​អាសន្ន និយាយ​ដោយឡែក។

លោក តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ក្នុង​​ពេល​បើក​សាលា​សិក្ខា​​​ថា សិក្ខា​សាលា​ផ្សព្វផ្សាយ​នេះ ដោយ​ការ​សង្កត់​ធ្ងន់​លើ​តួនាទី​សំខាន់​របស់​អភិបាល​បណ្ដោះ​អាសន្ន​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​ក្រុមហ៊ុន​តាម​រយៈការ​ស្តារ​នីតិសម្បទា និង​ជំរះ​បញ្ជី​​អំឡុងពេល​ដំណើរការ​នីតិវិធី​ក្ស័យធន។

ដោយ​​មាន​ការ​ចូលរួម​ពី​ភាគី​ចម្រុះ​ទាំង​អ្នក​នៅក្នុង​វិស័យ​ច្បាប់ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម គណនេយ្យ សាវនកម្ម និង​ការ​គ្រប់​គ្រង​ក្រុមហ៊ុន ​លោក​បាន​ឱ្យដឹង​ថា នេះ​គឺជា​សិក្ខាសាលា​ដំបូង​ដែល​ក្រសួង​យុត្តិធម៌​បាន​រៀបចំ បន្ទាប់​ពី​ប្រការ​ខាង​លើ​ត្រូវ​បាន​ដាក់​ចេញ​​ឱ្យ​អនុវត្ដ។ 

សេចក្ដី​ប្រកាស​ដែលត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​ កើត រិទ្ធ កាល​ពី​ថ្ងៃទី​ ១២​ ​ខែ​មីនា ឆ្នាំ​២០២៤ នេះ​ ដើម្បី​អនុវត្ដ​ច្បាប់​ក្ស័យ​ធន នៃ​មាត្រា​ ៦៨ នៃ ច្បាប់​ក្ស័យធន បានកំណត់​អំពី​លក្ខខណ្ឌ និង​នីតិវិធី​សម្រាប់​ផ្ដល់​អាជ្ញាបណ្ណ​ជា​អភិបាល​បណ្ដោះ​អាសន្ន​ក្នុង​សំណុំរឿង​ក្ស័យធន។ 

លោក​ ដាវ័ណ្ណ បាន​ថ្លែងថា​៖ «អភិបាល​បណ្ដោះ​អាសន្ន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ក្រុមហ៊ុន​កំពុង​ជួប​បញ្ហា​តាម​រយៈ​ការ​សង្គ្រោះ និង​ដំណើរការ​នីតិវិធី​ក្ស័យ​ធន​ក្នុង​ស្ថាន​ភាព​លំបាក​បំផុត​»។ 
លោក​បាន​បកស្រាយ​ថា ​ច្បាប់​ក្ស័យ​ធន​ពិត​ជា​សារៈសំខាន់​ក្នុង​ទីផ្សារ​សេរី​នេះ ដែល​គ្រប់​អាជីវកម្ម​ទាំង​អស់មិន​​សុទ្ធ​តែ​ទទួល​ជោគជ័យ​នោះទេ។ 

លោក តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ក្នុង​​ពេល​បើក​សាលា​សិក្ខា​​​។ រូបថត យូសុះ អាប់ឌុលរ៉ាហ៊ីម

លោកបាន​លើកឡើង​ពី​ភាព​ចាំបាច់​នៃ​ការ​ចូលរួម​នីតិវិធី​សម្រាប់​ការ​សង​បំណុល ដើម្បីទប់​ស្កាត់​ការ​ប្រកួត​ប្រជែង​ក្នុង​ចំណោម​ម្ចាស់​បំណុល និង​រក្សា​សណ្តាប់ធ្នាប់​សង្គម និង​សេដ្ឋកិច្ច។

លោក​បាន​លើកឡើង​ថា​៖ «ប្រសិនបើ​ការ​សង​បំណុល​ធ្វើ​ឡើង​ទៅតាម​ទាមទារ​ដោយម្ចាស់​បំណុល​រៀង​ៗខ្លួន វា​ប្រាកដ​ជា​ជួប​នូវ​ការ​ប្រកួត​ប្រជែង​រវាង​ម្ចាស់​បំណុល​ដើម្បីបាន​សំណង​មុន​។ នេះ​បង្ក​ជា​បញ្ហា​សណ្ដាប់​ធ្នាប់​សង្គម និង​សេដ្ឋកិច្ច​ ដោយ​ត្រូវ​គិត​អំពី​ផល​ប្រយោជន៍​សាធារណៈ​»។ 

លោក​ទទួលស្គាល់​ថា ការ​ស្វែងយល់​អំពី​ច្បាប់​ក្ស័យ​ធន​នៅ​មាន​កម្រិត​នៅឡើយ​ បើទោះបីជា​ច្បាប់​បាន​ចូល​ជា​ធរមាន​​ជិតពីរ​ទសវត្សរ៍​មកហើយ​ក្ដី។ 

លោក​បាន​ឱ្យដឹងថា ក្នុងរយៈ​ពេល​ជាងមួយ​ទសវត្សរ៍​កន្លះ​មក​នេះ ចំពោះការអនុវត្ដ​ច្បាប់​ក្ស័យ​ធន មាន​សំណុំរឿង​ក្ស័យធន​ត្រូវ​បាន​បើ ​តែ​ជាង ១០ ករណី​ប៉ុណ្ណោះ​ ដោយសារតែ ​ការ​យល់​ ​អំពី​ច្បាប់​នៅ​មាន​កម្រិត និង​ខ្វះខាត​បទបញ្ញត្ដិ​ក្នុង​ការ​គាំទ្រ​ដល់​ការ​អនុវត្ត​។

ដូច្នេះ ប្រកាស​នេះ​ត្រូវបាន​ដាក់​ចេញ​ក្នុង​គោល​បំណង​គាំទ្រ​ការ​អនុវត្ដ​ច្បាប់ ដោយ​បង្កើត​ជា​យន្ដការ​ លក្ខ​ខណ្ឌ ឬ​នីតិវិធី សិទ្ធិ និង​កាតព្វកិច្ច​របស់​អភិបាល​បណ្ដោះ​អាសន្ន​។ 

លោក​បាន​បញ្ជាក់​ថា​៖ «ភារកិច្ចរបស់​អភិបាល​បណ្ដោះ​អាសន្ន ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ធានា​ទាំងសិទ្ធិ​របស់​ម្ចាស់​បំណុល និង​​សិទ្ធិ​កូន​បំណុល​ផង​ដែរ»។​

លោក ដាវ័ណ្ណ ​​លើកឡើងថា អភិបាល​បណ្ដោះ​អាសន្ន​ត្រូវ​គោរព​តាម​ល័ក្ខខណ្ឌ​មួយ​ចំនួន​ រួមទាំង​សមត្ថភាព សីលធម៌ ក៏ដូចជា​វិជ្ជា​ជីវៈ និង​សុច្ចរឹត​ភាព ដើម្បី​ផ្ដល់​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​គ្រប់​ភាគី​ក្នុង​សំណុំ​រឿង​ក្ស័យធន​នេះ។ 

លោក លី តៃសេង អភិបាល​បណ្តោះ​អាសន្ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មេធាវី និង​ជា​ប្រធាន​មន្ទីរ​សារការី​អេច​ប៊ី​អេស បាន​ថ្លែងថា សិក្ខាសាលា​នេះ មាន​គោល​បំណង​ចម្បង​ដើម្បី​ផ្សព្វផ្សាយ​ប្រកាស​ដែល​មានចែង​កំណត់​អំពី​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់គ្រង​អភិបាល​បណ្តោះ​អាសន្ន លក្ខខណ្ឌ បែបបទ នីតិវិធី​ក្នុងការ​ផ្តល់ និង​ការ​ដក​ហូត​អាជ្ញា​បណ្ណ​ជា​អភិបាល​បណ្តោះអាសន្ន ព្រម​ទាំង​សិទ្ធិ និង​កាតព្វកិច្ច​របស់​អភិបាល​បណ្តោះ​អាសន្ន ក្នុង​ការ​អនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន។ 

លោក លី តៃសេង អភិបាល​បណ្តោះ​អាសន្ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មេធាវី និង​ជា​ប្រធាន​មន្ទីរ​សារការី​អេច​ប៊ី​អេស ថ្លែងក្នុងសិក្ខាសាលា។ រូបថត យូសុះ អាប់ឌុលរ៉ាហ៊ីម

លោក​បាន​លើកឡើង​ថា៖ «វា​ក៏​ជា​ឱកាស​ដ៏​មាន​សារសំខាន់ សម្រាប់​វាគ្មិន​ជំនាញ មកពី​ស្ថាប័ន​តុលាការ មេធាវី អភិបាល​បណ្តោះអាសន្ន អ្នក​ច្បាប់​នានា អាច​ចែករំលែក និង​ផ្ទាស់ប្តូរ​នូវ​ចំណេះដឹង​ និង​បទពិសោធន៍»។

លោក​បន្ដថា​៖ «វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​ច្បាប់​ក្ស័យធន​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​មាន​គោលបំណង​បង្កើត​យន្តការ​ដែល​អាច​ព្យាករណ៍​បាន សមភាព និងតម្លាភាព​សម្រាប់​ដោះស្រាយ​ការ​ក្ស័យធន»។

លោក តៃសេង បាន​រៀបរាប់​ពី​គោលបំណង និង​អត្ថប្រយោជន៍​ជា​មូលដ្ឋាន​នៃ​ច្បាប់​ក្ស័យធន រួមទាំង​ការចែក​ចាយ​រំលែក​ពី​ហានិភ័យ ការ​ការពារ​ទ្រព្យសម្បត្តិ និង​ការពារ​សិទ្ធិ និង​ពង្រីក​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​អ្នកពាក់ព័ន្ធ​ជា​អតិបរិមា ភាព​ជឿជាក់ និង​ស្ថិរភាព​ហិរញ្ញវត្ថុ ការស្តារ​នីតិ​សម្បទា​កូនបំណុល និង​ការការពារ​សម្រាប់​ប្រតិបត្តិ​ករ​សាជីវកម្ម​។​

​លោក​បាន​និយាយថា ច្បាប់​នេះ​ធានាថា​ ហានិភ័យ​ត្រូវ​បាន​ចែក​រំលែក​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ ដោយ​បង្កើត​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​ច្បាស់លាស់​សម្រាប់តួអង្គ​ដែល​ពាក់ព័ន្ធ​។ វា​ក៏​កំណត់​នូវ​យន្តការ​ និង​នីតិវិធី​សមូហភាព ដែល​ម្ចាស់បំណុល​ទាំងអស់​ចូលរួម​ក្នុងការ​សម្រេចចិត្ត ដោយ​សមភាព និង​តម្លាភាព​។​

លោក​បាន​ថ្លែងថា​៖ «​ច្បាប់​ក្ស័យធន រួមមាន​យន្ដការ​នៃ​ការពារ​សិទ្ធិ និង​ការពង្រីក​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​អ្នកពាក់ព័ន្ធ​ជា​អតិបរិមា ដូចជា​ការបន្ត​អនុវត្ត​កិច្ចសន្យា​ដែលមាន​ស្រាប់​ដោយ​អភិបាល​បណ្តោះអាសន្ន​រហូត​ដល់​ចប់​»​។ 

លោក តៃសេង​ បាន​និយាយថា ច្បាប់​ក្ស័យធន​ចូលរួម​ចំណែក​ផ្តល់នូវ​ការ​ជឿជាក់​លើ​ប្រព័ន្ធ​ឥណទាន បង្កើន​ការផ្តល់​ឥណទាន និង​លទ្ធភាព​ក្នុងការ​ទទួល​បាន​ហិរញ្ញប្បទាន​ដែល​មាន​ការ​ប្រាក់​ទាប​ជាង​ពេល​ដែល​ពុំបាន​ដំណើរ​ការ​​ច្បាប់​ក្ស័យធន​មួយ​ដែល​ធានា​បាន​ភាព​សិទ្ធ​ភាព​នៃ​ការអនុវត្ត​សិទ្ធ​របស់​តួអង្គ​ពាក់ព័ន្ធ​។ 

លោក​បាន​បន្ដថា​៖ «ទាំងនេះ​វា​ក៏​ជួយជំរុញ​ឱ្យមាន​ស្ថេរភាព​ប្រព័ន្ធ​ហិរញវត្ថុ និង​កំណើនសេដ្ឋកិច្ច​ដែល​បានជា​ប្រយោជន៍​ដល់​អ្នកចូលរួម​ទាំងអស់​គ្នា»​។

ច្បាប់​ក្ស័យ​ធន​ក៏​ចូលរួម​ចំណែក​ផ្តល់​លទ្ធភាព​ឱ្យ​កូន​បំណុល ជា​រូបវ័ន្ត​បុគ្គល​ ឬ​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ មានលទ្ធភាព​អាច​រួច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​ក្រោយ​ពេល​បញ្ចប់​នីតិវិធី​ក្ស័យធន។ 

ពួកគេ​អាច​ចាប់​ផ្តើម​កសាង​ជីវភាព និង​អាជីវកម្ម​ឡើងវិញ ដើម្បី​មាន​លទ្ធភាព​រក​ចំណូល​ចញ្ចឹម​ជីវិត ​ដោយ​ជៀស​វាង​នូវ​ជម្រើស​ធ្វើ​អត្តឃាត ឬ​រត់ចោល​ស្រុក ប៉ោះបង់​គ្រួសារ ជាអាទិ៍ ដោយ​សារ​តែ​បំណុល​វ័ណ្ឌករ។

លោក តៃសេង បាន​សង្កត់ធ្ងន់​លើ​តម្រូវ​ការ​សម្រាប់​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​គួរ​ឱ្យ​ទុកចិត្ត ក៏​ដូចជា អភិបាល​បណ្តោះ​អាសន្ន​មួយ​ដែល​មាន​សមត្ថភាព​ខ្ពស់​ទាំងខាង​ផ្នែក​ច្បាប់ ការ​គ្រប់​គ្រង​អាជីវកម្ម មាន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​​មាន​សីលធម៌​ខ្ពស់​​ដើម្បី​ទទួលខុស​ត្រូវ​បំពេញ​ភារកិច្ច​ដ៏​លំបាក​នេះ។​

តួនាទីរបស់​អភិបាល​បណ្ដោះ​អាសន្ន 

លោក តាន់ គាត​តិច ជា​មេធាវី និង​ជាស​ហការី​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​មេធាវី អេ​ច ប៊ី អេស បានឱ្យ​ដឹង​ថា ដំណើរ​ការ​នីតិវិធី​ក្ស័យធន ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ពីរ គឺ​ផ្តល់​នីតិសម្បទា​ដល់​អាជីវក​កម្ម​របស់​កូន​បំណុល និង​ជំ​រះ​បញ្ជី ដោយ​ការ​ផ្តល់នូវ​ការទូទាត់ ឬ​ការសង​តាម​លំដាប់​អទិភាព និង​ត្រឹមត្រូវ​តាម​សិទ្ធិ​លើ​បំណុល ដែលជា​គោលការណ៍ ត្រូវបាន​អនុវត្ដ​នៅ​ទូទាំង​ពិភពលោក​។ 

លោក​បាន​និយាយថា ច្បាប់​មាន​អានុភាព​អនុវត្ត​ចំពោះ​ពាណិជ្ជករ និង​នីតិបុគ្គល​ដែលមាន​ទ្រព្យ​សម្បត្តិ​នៅក្នុង​ប្រទេស​កម្ពុជា​ រួមមាន ​ពាណិជ្ជករ សំដៅ​​លើ​បុគ្គល​ទាំងឡាយ​ណា​ដែល​ធ្វើ​ពាណិជ្ជកិច្ច ហើយ​ដែល​យក​ពាណិជ្ជកិ​ច្ច​នេះ​ជា​មុខរបរ​ប្រចាំថ្ងៃ (​មាត្រា ២ ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម​)​។ 

ពាណិជ្ជករ​ទាំង​នោះ​ រួមមាន ​សហគ្រិន អ្នក​លក់ដូរ សហគ្រាស​ឯកបុគ្គល (​មាត្រា ៨ ស្ទួន​) សិប្បករ និង​អ្នក​ប្រកប​វិជ្ជាជីវៈ​ផ្សេងៗ​ទៀត​។ 

នីតិបុគ្គល​ ស្ថិត​ក្នុង​ក្រុមហ៊ុន​មូលធន និង​ក្រុមហ៊ុន​សហកម្មសិទ្ធិ (លើកលែង​បុគ្គល​ស្ថិតក្រោម​វិសាលភាព​ច្បាប់​​ស្តីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ច្បាប់​ស្តី​ការ​ធានា​រ៉ាប់រង និង​ច្បាប់​ស្តីពី​បោះផ្សាយ និង​ការជួយ​ដូរ​មូលបត្រ​មហាជន​)​។​

លោក គាត​តិច បាន​ឱ្យដឹងថា​៖ «​អ្នកដែល​​អាច​ប្តឹង​បើក​សំណុំរឿង​ក្ស័យធន (​មាត្រា ៨ កថាខណ្ឌ​ទី ១) រួម​មាន​ ម្ចាស់​បំណុល កូន​បំណុល​ខ្លួនឯង (​ឬ អភិបាល​ក្រុមហ៊ុន​មូលធន​) និង តំណាង​អយ្យការ។ ​មូលហេតុ​នៃ​ការបើក​សំណុំ​រឿង​ក្ស័យធន៖ កូនបំណុល មិន​បំពេញ​កាតព្វកិច្ច​មួយ ឬ ច្រើន​ដែល​ដល់​កាល​កំណត់​ត្រូវ​សង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៥ លាន​រៀល (​មាត្រា ៧) ឬ (១២៥០ ដុល្លារ​)​»។​

លោក​និយាយថា កូនបំណុល មាន​កាតព្វកិច្ច​ប្តឹង​បើក​សំណុំរឿង​ដោយ​ខ្លួនឯង ក្នុងករណី​លែងមាន​លទ្ធភាព​បំពេញ​កាតព្វកិច្ច​បង់ប្រាក់ (៥​លាន​រៀល​) ដែល​នៅមាន​សុពលភាព​ក្នុង​រយៈពេល ៣០ ថ្ងៃ​គិត​ចាប់ពី​កាលបរិច្ឆេទ​ត្រូវ​សង​។ 

​អភិបាល​បណ្តោះអាសន្ន ត្រូវ​ចាត់​រាល់​វិធានការ​ចាំបាច់ ឬ​សមស្រប​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ម្ចាស់​បំណុល (​អាច​ស្នើសុំ​ឃាត់ទុក​ទ្រព្យសម្បត្តិ ឬព្យួរ​បណ្តឹងទាមទា​ររ​បស់​ម្ចាស់បំណុល​ផ្សេងៗ​)​។​

តុលាការ ត្រូវ​បើកសវនាការ​ក្នុង​រយៈពេល ១៥ ថ្ងៃ​គិត​ចាប់ពី​ពេល​ទទួល​បណ្តឹង របស់​កូនបំណុល ឬ  មិន​ឲ្យ​លើសពី ៣០ ថ្ងៃ (​គិត​ចាប់ពី​ពេល​ទទួល​បណ្តឹង​របស់​ម្ចាស់បំណុល អភិបាល​ក្រុមហ៊ុន​មូលធន ឬ​តំណាង​អយ្យការ​)​។​

​តុលាការ ត្រូវ​លើកបណ្តឹងចោល​ក្នុងករណី​ជា​ឧបាយកល ឬ បណ្តឹង​នោះ មានបំណង​ទុច្ចរិត​។​ តុលាការ មិន​អាច​​បើក​សំណុំរឿង​ក្ស័យធន​បានទេ ប្រសិនបើ​ទ្រព្យសកម្ម​របស់​កូនបំណុល មាន​ចំនួន​មិន​គ្រប់គ្រាន់​សម្រាប់​ការធានា​ការចំណាយ​ក្នុងការ​ដំណើរការ​នីតិវិធី (​លើកលែង​តែមាន​បុគ្គល​ពាក់ព័ន្ធ​ណាមួយ ផ្តល់ប្រាក់​ជាមុន​សម្រាប់​ការធានា​ការចំណាយ​នោះ​)​។ 

​សេចក្តីសម្រេច​បើក​សំណុំរឿង​ក្ស័យធន ត្រូវ​ផ្សាយ​ជា​សាធារណៈ​ក្នុង​សារព័ត៌មាន​ប្រចាំថ្ងៃ (​យ៉ាង​ហោច​ណាស់​ ​២) និង ជូនដំណឹង​ទៅ​ការិយាល័យ​ចុះបញ្ជី និង​ការិយាល័យ​តម្កល់​ព័ត៌មាន​សិទ្ធិ​ប្រាតិភោគ​។

លោក គាតតិច បាន​បន្ថែម​ថា​៖ «​អភិបាល​បណ្តោះអាសន្ន អាច​អនុញ្ញាត​ជា​លាយលក្ខណ៍អក្សរ​ឱ្យ​​ម្ចាស់​បំណុល​​មាន​កិច្ចធានា​ក្នុងការ​រឹបអូស កាន់កាប់ និង​លក់​ទ្រព្យ​ធានា (​ប្រាតិភោគ​) ឬ អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទ្រព្យ​​ធានា​នោះ ដោយ​ទូទាត់​រំ​លោះ​បំណុល​ពី​ការប្រើប្រាស់​នោះ​»។ 

​​ទ្រព្យសម្បត្ដិ​របស់​​កូនបំណុល ត្រូវបាន​រាប់​បញ្ចូល​សម្រាប់​ការ​ទូទាត់​សង​បំណុល រួមមាន​​ ទ្រព្យសកម្មសិទ្ធិ និង​សិទ្ធិ​លើ​បំណុល​គ្រប់​ប្រភេទ​។​

​ក្នុងករណី​កូនបំណុល​ជា​រូបវន្តបុគ្គល ទ្រព្យសម្បត្តិ​​​ត្រូវ​លើកលែង​ ដូចជា ​ទីកន្លែង​ជា​លំ​នៅ​ចម្បង ដែលមាន​តម្លៃ​មិន​លើសពី ២០លាន​រៀល ទ្រព្យសកម្មសិទ្ធិ ឬសិទ្ធិ​លើ​បំណុល​ដែល​ក្រមនីតិវិធី​រដ្ឋប្បវេណី​លើកលែង (​មាត្រា ៣៨០ និង មាត្រា ៣៨២​នៃ​ក្រមនីតិវិធី​រដ្ឋប្បវេណី​)។

លោក​និយាយ​ថា ទ្រព្យ​សម្បត្តិ​របស់​កូនបំណុល ត្រូវ​ស្ថិតក្រោម​ការ​គ្រប់គ្រង និង​ចាត់​ចែង​របស់ អភិបាល​បណ្តោះអាសន្ន​។ ​កូន​បំណុល ត្រូវ​សហការ​ជាមួយ​អភិបាល​បណ្តោះអាសន្ន​ក្នុងការ​ផ្តល់ព័ត៌មាន​ផ្សេងៗ​ពី​ទ្រព្យសម្បត្តិ និង​អាជីវកម្ម​របស់ខ្លួន​។​

អភិបាល​បណ្តោះអាសន្ន ត្រូវ​ប្តូរ​ទ្រព្យសកម្ម​ដែល​មិនមែនជា​សាច់ប្រាក់​របស់​កូនបំណុល​​ទៅ​ជា​សាច់ប្រាក់​ឱ្យ​​បាន​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន​ ក៏ដូចជា​​ប្រើ​រាល់​មធ្យោបាយ​ពាណិជ្ជកម្ម​សមស្រប ដើម្បី​ទទួលបាន​ទិន្នផល​ជា​សាច់ប្រាក់​ខ្ពស់បំផុត​សម្រាប់​កូនបំណុល​។ 

អភិបាល​បណ្តោះអាសន្ន ត្រូវ​ធ្វើ​របាយការណ៍​ស្តីពី​សកម្មភាព​របស់​ខ្លួន ដោយ​ត្រូវ​បញ្ជាក់​ពី​គណនី​ចុងក្រោយ​នៃ​ការ​បែងចែក និង​បណ្តឹង​ទាមទារ​ដែល​មិន​ទាន់​បាន​ទូទាត់ ក្នុង​រយៈពេល​មិន​លើស​ពី ៣០ ថ្ងៃ​បន្ទាប់ពី​ការ​ជំរះ​នូវ​ផ្នែក​ដែល​អាច​លក់​នៃ​ទ្រព្យ​របស់​កូន​បំណុល។

តុលាការ ត្រូវ​កោះ​អញ្ជើញ​កិច្ច​ប្រជុំ​ម្ចាស់​បំណុល​ចុង​ក្រោយ ក្នុង​រយៈពេល ១៤ ថ្ងៃក្រោយ​ទទួល​បាន​របាយការណ៍​​ពី​អភិបាល​បណ្តោះ​អាសន្ន ដើម្បី​អនុម័ត​លើ​គណនី​ចុងក្រោយ​នៃ​ការ​បែងចែក និង​បណ្តឹង​ទាមទារ​ដែល​មិនទាន់បាន​ទូទាត់ និង​សម្រេច​លើ​ការប្រើប្រាស់​ផ្នែក​នៃ​ទ្រព្យ​របស់​កូនបំណុល​ដែល​មិនអាច​លក់បាន​។ ​តុលាការ ត្រូវ​សម្រេច​បញ្ចប់​សំណុំរឿង​ក្ស័យធន​ភ្លាមៗ​បន្ទាប់ពី​កិច្ចប្រជុំ​ចុងក្រោយ​។ 

គុណវុឌ្ឍិ​របស់អភិបាល​បណ្ដោះ​អាសន្ន​

​លោក វង្ស គីម​សាន្ដ ប្រធានការិយាល័យ​គ្រប់គ្រង​បណ្ដោះអាសន្ន និង​អ្នក​ជំ​រះ​បញ្ជី នៃ​នាយកដ្ឋាន​កិច្ចការ​ក្ស័យធន អភិបាល​បណ្ដោះអាសន្ន និង​អ្នក​ជំ​រះ​បញ្ជី ក្រសួង​យុត្ដិធម៌ បានឱ្យដឹងថា អភិបាល​បណ្តោះអាសន្ន​ក្នុង​​សំណុំរឿង​ក្ស័យធន សំដៅ​ដល់​រូបវន្តបុគ្គល​ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី​ក្រសួងយុត្តិធម៌ និង​ត្រូវ​បាន​តែង​តាំង​​ដោយ​សេចក្តីសម្រេច​របស់​តុលាការ។

ពួកគេ​មាន​ភារកិច្ច​​​ជួយ​សម្របសម្រួល​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ និង​ផ្តល់​នីតិសម្បទា​ដល់​អាជីវកម្ម របស់​កូនបំណុល ព្រមទាំង​សម្របសម្រួល​ដល់​ការទូទាត់ ឬ​ការសង​ជា​សមូហភាព​ដល់ ម្ចាស់បំណុល​តាម​លំដាប់​អាទិភាព ក្នុងករណី​ដែល​អាជីវកម្ម​របស់​កូនបំណុល​មិនអាច​ត្រូវបាន ស្តារនីតិសម្បទា​ឡើងវិញ​។​

​ដើម្បី​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​អាជ្ញាបណ្ណ​ អ្នកដាក់ពាក្យ​ត្រូវតែ​ជា​ពលរដ្ឋ​កម្ពុជា​ដែល​គ្មាន​ប្រវត្តិ​ឧក្រិដ្ឋកម្ម កំណត់ត្រា​ក្ស័យធន ឬ​ការចូលរួម​ក្នុង​អាកប្បកិរិយា​មិន​ស្មោះត្រង់នោះទេ​​។​

លោក​បាន​និយាយថា​៖ «​ពួកគេ​ត្រូវតែមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​​នៅក្នុង​មុខជំនាញ ​ដូចជា ច្បាប់ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ គណនេយ្យ សវនកម្ម ឬ​ការគ្រប់គ្រង​ពាណិជ្ជកម្ម ហើយ​មានបទពិសោធន៍​ពាក់ព័ន្ធ​យ៉ាងតិច​ប្រាំ​ឆ្នាំ​។ បេក្ខជន​ត្រូវមាន​កន្លែងធ្វើការ​ដែល​មាន​ទីតាំង​ក្នុងប្រទេស​កម្ពុជា​»​។​

​ដំណើរការ​ដាក់ពាក្យ​ស្នើសុំ ​រួមមាន​ ការបញ្ជូន​ទម្រង់​បែបបទ​ទៅកាន់​ក្រសួងយុត្តិធម៌ អមដោយ​ឯកសារមួយ​ចំនួន​ លក្ខណៈសម្បត្តិ​អប់រំ បទពិសោធន៍​ការងារ ច្បាប់​ចម្លង​អត្តសញ្ញាណប័ណ្ណ លិខិត​ថ្កោល​ទោស រូបថត និង​ឯកសារ​បញ្ជាក់​ការបង់ប្រាក់​។​

​ក្រសួង​នឹង​ពិនិត្យ និង​សម្រេច​លើ​ពាក្យសុំ​ក្នុង​រយៈពេល ៤៥ ថ្ងៃ​។ រាល់​កម្រៃ​នៃ​ការស្នើសុំ និង​ការបន្ត​ត្រូវបាន​បញ្ជាក់​នៅក្នុង​ប្រកាស​អន្តរក្រសួង​ហើយ​មិនអាច​ដក​វិញ​បានទេ ប្រសិនបើ​ពាក្យសុំ​មិនត្រូវ​បានអនុម័ត​។​

​លោក គីម​សាន បាន​និយាយថា អាជ្ញាបណ្ណ​​​មាន​សុពលភាព​រយៈពេល​ពីរ​ឆ្នាំ ហើយ​អាច​បន្ត​ជា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​។ សំណើ​បន្ត​ត្រូវតែ​ដាក់ជូន​យ៉ាងហោចណាស់ ៦០ ថ្ងៃ​មុនពេល​ផុតកំណត់​អាជ្ញាបណ្ណ​។​

លោក​បាន​លើកឡើង​ថា​៖ «​​អភិបាល​បណ្ដោះ​អាសន្ន​​ដែលមាន​អាជ្ញាបណ្ណ​ត្រូវដាក់​របាយការណ៍​ប្រចាំឆ្នាំ​ត្រឹម​ថ្ងៃទី ៣០ ខែតុលា ជា​រៀងរាល់ឆ្នាំ។ អភិបាល​បណ្តោះអាសន្ន​ក្នុង​សំណុំរឿង​ក្ស័យធន ត្រូវ​ជូនដំណឹង​ជា​លាយ​​លក្ខណ៍​អក្សរ​​មក​ក្រសួង យុត្តិធម៌​អំពី​ការផ្លាស់ប្តូរ​ទីកន្លែង​បំពេញការងារ និង​ព័ត៌មាន​សម្រាប់ធ្វើ​ការ​ទំនាក់​ទំនង ក្នុង​​រយៈ​ពេល ១៥ (​ដប់​ប្រាំ​) ថ្ងៃ បន្ទាប់ពី​ការផ្លាស់ប្តូរ​នោះ​»។​

​ពួកគេ​ក៏ត្រូវ​រក្សា​កំណត់ត្រា និង​ឯកសារ​សម្រាប់​រយៈពេល​យ៉ាងតិច​ប្រាំមួយ​ឆ្នាំ​ចាប់ពី​ថ្ងៃ​បិទ​ដំណើរការ និង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ពាក់ព័ន្ធ​ដែល​រៀបចំ​ដោយ​ក្រសួង ឬ​ស្ថាប័ន​ដែលមាន​ការអនុញ្ញាត​។​

​លោក​បាន​បន្តថា ក្រសួង​រក្សា​សិទ្ធិ​ក្នុងការ​ដកហូត​អាជ្ញាបណ្ណ ប្រសិនបើ​អភិបាល​បណ្ដោះ​អាសន្ន​នោះ​មិន​បាន​​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ ឬ​កាតព្វកិច្ច​ណាមួយ​។ ការផាកពិន័យ​ចំពោះ​ការមិន​អនុលោម​តាម​ច្បាប់ ​រួមមាន​ការស្តីបន្ទោស​ដោយ​ពាក្យសម្ដី​ ឬ​ជា​លាយលក្ខណ៍អក្សរ ការព្យួរ ឬ​ការដកហូត​អាជ្ញាបណ្ណ​។​

​លោក គឹម​សាន ថ្លែងថា​៖ «​អភិបាល​បណ្ដោះ​អាសន្ន​​ដែល​ធ្វើការ​ដោយ​គ្មាន​អាជ្ញាបណ្ណ​ត្រឹមត្រូវ​អាច​ប្រឈម​នឹង​​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ ​និង​រដ្ឋប្បវេណី​បន្ថែមទៀត​»​។​

​លោក​បាន​​បន្ថែម​ថា វិធានការ​តឹងរ៉ឹង​ទាំងនេះ មាន​គោលបំណង​ធានា​នូវ​តម្លាភាព ប្រសិទ្ធភាព និង​គណនេយ្យ​ភាព​ក្នុងការ​គ្រប់គ្រង​ដំណើរការ​ក្ស័យធន​៕