ជើងហោះហើរត្រង់ជាប្រវត្តិសាស្ត្រពីកម្ពុជាទៅកាន់ទីក្រុងញូវដេលីនៃប្រទេសឥណ្ឌា បានចាប់ផ្ដើមហើយកាលពីថ្ងៃទី១៦ ខែមិថុនានេះ ដោយក្រុមហ៊ុនអង្គរអ៊ែរ។ ការហោះហើរដំបូងនេះដឹកអ្នកដំណើរនិងប្រតិភូកម្ពុជាទៅបើកព្រឹត្តិការណ៍«ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤» នៅទីក្រុងញូវដេលី។
ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានបង្ហោះនៅលើបណ្ដាញសង្គមដោយសរសេរថា៖ «ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ! ការហោះហើរត្រង់រវាងកម្ពុជានិងឥណ្ឌាបានបើកសម្ពោធជាផ្លូវការហើយ ដោយលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកស្រី Devyani Khobragade។
ព្រឹត្តិការណ៍នេះក៏បង្ហាញពីការចាប់ផ្ដើមឆ្នាំទេសចរណ៍ដំបូងផងដែរ រៀបចំឡើងដើម្បីផ្សព្វផ្សាយនិងផ្សាភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ»។
យោងតាមក្រសួងទេសចរណ៍ ការហោះហើរត្រង់លើកដំបូងនេះក៏មានភ្ញៀវពិសេសពីកម្ពុជាដែរ គឺប្រតិភូពីក្រសួងទេសចរណ៍ដែលដឹកនាំក្រុមសិល្បៈពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីបើកសម្ពោធកម្មវិធី «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤» ក្នុងទីក្រុងញូវដេលី ដែលធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនានេះ។
សារព័ត៌មានរដ្ឋ AKP បានរាយការណ៍ថា ការហោះហើរត្រង់នេះនឹងធ្វើឡើង ៤ ថ្ងៃក្នុងមួយសប្ដាហ៍ ដែលរួមមានថ្ងៃចន្ទ ពុធ សុក្រ និង អាទិត្យ។
លោក នេត សាវឿន ត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មាន AKP ដោយលោកសង្ឃឹមថា ការហោះហើរត្រង់នេះនឹងទទួលបានជោគជ័យដោយហេតុថា កម្ពុជានិងឥណ្ឌាមានមរតកសាសនាដូចគ្នា មានតម្រូវការផ្នែកសុខភាព ហើយប្រទេសទាំងពីរក៏មានទំនាក់ទំនងប្រវត្តិសាស្ត្រជាមួយគ្នាផងដែរ។ លោកថា ការហោះហើរត្រង់នេះនិងជំរុញដល់វិស័យទេសចរណ៍ និងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ស្របពេលជាមួយនឹងការសម្ពោធដាក់ឲ្យដំណើរការជើងហោះហើរត្រង់ទៅឥណ្ឌានេះ ក្រុមហ៊ុនអាកាសចរណ៍ឡាវ (Lao Airlines) បានសម្រេចបញ្ឈប់ការហោះហើរត្រង់រវាងឡាវនិងកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែមិថុនាតទៅ ដោយសារតែមានចំនួនអ្នកធ្វើដំណើរតិចតួច។ ការសម្រេចបញ្ឈប់ការហោះហើរត្រង់នេះធ្វើឡើងបន្ទាប់ពីបានដំណើរការមិនដល់៣ខែផង។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះថា យោងតាមការជូនដំណឹងពីក្រុមហ៊ុន ការផ្អាកការហោះហើរត្រង់នេះធ្វើឡើងជាបណ្ដោះអាសន្នស្របពេលជាមួយនឹងខែខ្សត់ភ្ញៀវ កត្តាទីផ្សារ និងកត្តាពាណិជ្ជកម្ម ដែលធ្វើឲ្យចំណូលដែលទទួលបានពីប្រតិបត្តិការនេះមិនស្របទៅនឹងការចំណាយរបស់ក្រុមហ៊ុន។
លោកថ្លែងថា៖ «គាត់បានពិនិត្យទៅលើស្ថានភាពអាជីវកម្ម និងហិរញ្ញវត្ថុឡើងវិញ ហើយឃើញថា ការហោះហើរនេះមិនទាន់បានបំពេញកាព្វកិច្ចទីផ្សាររបស់គាត់ដូចការរំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកដំណើរ។ ដូច្នេះគាត់សម្រេចផ្អាកបណ្ដោះអាស្នរហូតដល់កត្តាទីផ្សារ កត្តាពាណិជ្ជកម្ម និងកត្តាសេដ្ឋកិច្ចប្រសើរឡើងវិញ»។
អ្នកដំណើរម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលបានធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវកាលពីសប្ដាហ៍មុនបានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុននេះជាប្រភេទយន្តហោះខ្នាតតូចដែលមានចំណុះប្រមាណតិចជាង១០០នាក់។ ប៉ុន្តែ ក្នុងពេលដែលលោកធ្វើដំណើរ មានអ្នកដំណើរប្រហែល១០នាក់ប៉ុណ្ណោះ៕