ភ្នំពេញ៖ លោក ផា លីណា បានចំណាយប្រាក់ជាង ១ម៉ឺនដុល្លារទិញរថយន្ដប្រភេទ ១២កៅអីសម្រាប់ដឹកភ្ញៀវអតិថិជនដែលមានបំណងជួលរថយន្ដជិះទៅកាន់បណ្ដាខេត្ដ ក៏ដូចជារមណីយដ្ឋាននានាទូទាំងប្រទេស។
នៅរដូវសម្បូរភ្ញៀវបំផុត ឬថ្ងៃបុណ្យទានធំៗ រថយន្ដស៊េរីឆ្នាំ២០០២របស់លោកតែងតែវិលកង់ជាប់ជាប្រចាំ ជួនកាលមួយសប្ដាហ៍ លោកអាចដឹកពី ២ ទៅ ៣ ជើង ខណៈរដូវភ្លៀងនេះ លោកទទួលការកក់ម្ដងក្នុងមួយសប្ដាហ៍។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ទោះបីជាខ្ញុំមិនអាចមានបានពីការរត់ឡាននេះបានយ៉ាងណាក៏ដោយ ក៏ឡានចាស់មួយនេះអាចជួយលើកកម្ពស់ជីវភាពខ្ញុំមួយកម្រិតដែរ»។
នេះជាមូលហេតុដែលលោកនាយករដ្ឋមន្ដ្រីកម្ពុជាមិនបានឯកភាពទៅនឹងសំណើរបស់លោករដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការដាក់កំណត់ការនាំចូលរថយន្ដមួយទឹកនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានបន្ដចែករំលែកសាររបស់លោកក្នុងការអនុញ្ញាតបន្ដឱ្យនាំចូលរថយន្ដស៊េរីចាស់ ដោយសារភាពចាំបាច់ចំពោះសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទូទៅ។
លោកបានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ការគិតគូរអំពីស្តង់ដាបច្ចេកទេសសុវត្ថិភាព និងស្តង់ដាបរិស្ថាន សម្រាប់រថយន្តជាកិច្ចការសំខាន់ដែលត្រូវយកចិត្តទុកដាក់។ ប៉ុន្តែយើងមិនទាន់មានការចាំបាច់ក្នុងការដាក់ចេញនូវវិធានការកំណត់ឆ្នាំផលិតសម្រាប់ការអនុញ្ញាតឱ្យនាំចូលរថយន្តនោះទេ ដើម្បីទុកលទ្ធភាព និងភាពបត់បែនជូនប្រជាពលរដ្ឋ អាចទិញរថយន្តនាំចូលដោយតម្លៃសមរម្យ និងសម្បូរបែប»។
លោកបានបន្ថែមថា៖ «អ្វីដែលត្រូវយកចិត្តទុកដាក់ គឺត្រូវពង្រឹងយន្តការអនុវត្តដែលមានស្រាប់ក្នុងការត្រួតពិនិត្យបច្ចេកទេសយានយន្ត ឲ្យបានម៉ត់ចត់ និងប្រកបដោយប្រសិទ្ធភាព»។
គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានយានយន្ដដែលបានចុះបញ្ជីរួច ដូចជា ទោចក្រយានយន្តប្រមាណ ៦លានគ្រឿង និងរថយន្តប្រមាណ ១លានគ្រឿង។ នេះបើយោងតាមការថ្លែងរបស់លោក ស៊ុន ចាន់ថុល បានថ្លែងកាលលោកជារដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពេលជួបពិភាក្សាការងារជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃ១៤ មិថុនា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា មជ្ឍមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឈៀក) មានចំនួន ២១ ទីតាំង ដែលនៅរាជធានីភ្នំពេញចំនួន ៨ ទីតាំង និងតាមបណ្តាខេត្តចំនួន ១៣ ទីតាំង រួមទាំងការ (ឈៀក) ជាច្រើនទៀត។
យោងតាមវេបសាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសគឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយការដាស់តឿនឱ្យជួសជុលរថយន្ត និងណែនាំឱ្យចេះថែទាំយានយន្ត រួមចំណែកថែទាំផ្លូវថ្នល់ដោយការកំណត់ទម្ងន់ផ្ទុក និងបច្ចេកទេសផ្ទុកតាមដានពីចំនួនរថយន្តដែលកំពុងប្រើប្រាស់ ទប់ស្កាត់យានយន្តកែច្នៃខុសបច្ចេកទេស ចូលរួមថែរក្សាបរិស្ថាន តាមរយៈការកម្រិតសារធាតុពុលក្នុងផ្សែងយានយន្ត។
លោក គី សេរីវឌ្ឍ បណ្ឌិតផ្នែកសេដ្ឋកិច្ច និងជាអ្នកស្រាវជ្រាវនៅរាជ្យបណ្ឌិតសភាកម្ពុជា បានឱ្យដឹងថា លោកយល់ថា កម្ពុជាមិនគួររឹតបន្ដឹងការនាំចូលខ្លាំងលើរថយន្ដចាស់ក្រោម ១០ឆ្នាំនោះទេ ដោយសារជីវភាពរបស់ពលរដ្ឋនៅមានកម្រិតចំពោះការទិញរថយន្ដថ្មី។
លោកបានថ្លែងថា៖ «ទោះបីជាវាចាស់បន្ដិចមែន វាក៏អាចជួយជាមធ្យោបាយមួយចំនួនសម្រាប់បងប្អូនប្រជាពលរដ្ឋយើងដែរ ហើយបើសិនជាយើងពឹងលើរថយន្ដថ្មី និង EV តែម្ដង វានៅតែមានតម្លៃថ្លៃ។ ដូច្នេះ ប្រជាពលរដ្ឋនៅតាមខេត្ដមួយចំនួនមិនអាចមានរថយន្ដប្រើប្រាស់នោះទេ»។
លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងបច្ចុប្បន្នជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយកាលពីខែមីនា ឆ្នាំ ២០២៣ ថា យានជំនិះទូទៅនៅតែជាប់កាតព្វកិច្ចនាំចូលរហូតដល់ ១២០ ភាគរយ។
នេះជាហេតុផលមួយដែលធ្វើឱ្យការលក់រថយន្ដជជុះអាយុលើសពី ១០ឆ្នាំមានការថយចុះជាខ្លាំង ដោយសារកត្ដាពន្ធនាំចូលដែលមានតម្លៃខ្ពស់។
លោក សេង ណាក់ ជាឈ្មួញលក់រថយន្ដជជុះម្នាក់ បានឱ្យដឹងថា រថយន្ដមួយទឹកមិនមានកំណើនកើនឡើងនោះទេ ហើយរថយន្ដចាស់ៗដែលនាំចូលមក ការគិតថ្លៃពន្ធស្មើនឹងរថយន្ដឆ្នាំ២០១២។
លោក ណាក់ ដែលសុខចិត្ដលាឈប់ពីការងារប្រាក់ខែរាប់ពាន់ទៅគួកជេឡានដោយសារមើលឃើញពីសន្ទុះកើនឡើងនៃការប្រើប្រាស់រថយន្ដជជុះកាលមុនកូវីដ ១៩ រាតត្បាត បាននិយាយថា ដូច្នេះ ភាគច្រើនអ្នកលក់យកម៉ូដែល Pruis 2010 ឡើង ខណៈម៉ូដែល Pruis ឆ្នាំផលិតក្រោមនេះ ក៏ដូចជា Highlander ឬ Lexus 330 ដែលត្រូវបាននាំចូល ដោយសារពន្ធថ្លៃ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការចរាចរណ៍រថយន្ដមួយទឹកដែលមានស្លាកលេខស្រាប់ក្នុងប្រទេសបច្ចុប្បន្នមិនសូវជាល្អនោះទេ ដោយសារវាខាតច្រើន ជិតពាក់កណ្ដាលឯនោះ។ ប៉ុន្ដែអ្នកមានបំណងចង់ទិញជិះ ក៏បានធូរថ្លៃដែរ»។
សុវត្ថិភាពជាចម្បង
ក្នុងនាមជាពលរដ្ឋម្នាក់ លោក លីណា បានគាំទ្រដល់ការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រីក្នុងការបន្ដអនុញ្ញាតឱ្យមានការចាំចូលរថយន្ដអាយុកាលលើសពី ១០ ឆ្នាំ ដោយសារប្រជាជនមិនទាន់មានជីវភាពធូរធារនៅឡើយទេ។
លោកបាននិយាយថា ការប្រើប្រាស់រថយន្ដថ្មី និងមួយទឹកផ្ដល់អត្ថប្រយោជន៍ដូចគ្នា ដូចជាការបង់ពន្ធ ហើយប្រជាជនអាចមានលទ្ធភាពទិញរថយន្ដមួយទឹក។ លោកឯកភាពថា ការត្រួតពិនិត្យបច្ចេកទេសយានយន្ដគឺជារឿងចាំបាច់បំផុត។
លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ បាននិយាយថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឈៀក) ត្រូវបានធ្វើឡើងគ្រប់យានយន្ដទាំងអស់ដោយមិនកំណត់ឆ្នាំផលិតថ្មី ឬចាស់នោះទេ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ចំពោះឡានតូចថ្មី ខ្លាញ់គោ សុពលភាពរបស់វាមានរយៈពេល ៤ឆ្នាំ ហើយឡានមួយទឹកដែលមិនទាន់ប្រើប្រាស់នៅកម្ពុជា ឬឡានក្រដាសពន្ធ សុពលភាពឈៀកមានរយៈពេល ២ឆ្នាំ និងរថយន្ដធុនធំមានសុពលភាព ១ឆ្នាំ»។
លោក វន្ថា ទទួលស្គាល់ថា នៅមានរថយន្ដចាស់ៗមួយចំនួនមិនបានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឈៀក) ជាពិសេស រថយន្ដដឹកទឹកកកមួយចំនួន និងរថយន្ដដឹកអីវ៉ាន់ខ្លះ។ ប៉ុន្ដែការគេចវែសពីឈៀកនេះ គឺជាដែនសមត្ថកិច្ចរបស់មន្ដ្រីនរគបាល ដែលពួកគេធ្វើការណែនាំ ឬពិន័យទៅតាមច្បាប់។
យ៉ាងណាមិញ លោក លីណា បានឱ្យដឹងថា៖ «កត្ដាបង្កគ្រោះថ្នាក់ខ្ពស់បំផុតមិនមែនដោយសារឡានទេ តែជាអត្ដចរឹករបស់អ្នកបើកបរ ដែលបើកលឿនហូសកំណត់ ស្រវឹង ហើយបច្ចេកទេសយានយន្ដចូលរួមបង្កផលប៉ះពាល់តិចតួចនោះទេ»។
លោក សំ វិច្ឆិកា ជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កន្លងមក គ្រោះថ្នាក់ចរាចរណ៍ជាបន្ដបន្ទាប់ ប្រជាពលរដ្ឋមួយចំនួន ជាអ្នកបង្ក ភាគច្រើនចេញពីកម្មវិធីទទួលទានគ្រឿងស្រវឹង ដែលមានហានិភ័យ។ សំខាន់បំផុតប្រជាពលរដ្ឋត្រូវដឹកនាំការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងត្រូវមានទោសទណ្ឌចំពោះច្បាប់ចរាចរណ៍ផ្លូវគោក។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរដោយលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ វ៉ាជែង បត់មិនត្រឹមត្រូវ បើកបរក្នុងស្ថានភាពស្រវឹង កត្តាយានយន្ត និងងងុយ។
កម្ពុជាក្នុងទំនោរសកលចំពោះរថយន្ដអគ្គិសនី
ក្នុងការផ្លាស់ប្តូរដើម្បីធ្វើទំនើបកម្មចំពោះវិស័យដឹកជញ្ជូនរបស់កម្ពុជា និងលើកកម្ពស់និរន្តរភាព រដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយពន្ធនាំចូលរថយន្តអគ្គិសនី (EVs) យ៉ាងច្រើនប្រមាណ ៥០ភាគរយ គិតត្រឹមដើមឆ្នាំ ២០២៣។
គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្ត EV ជាងរថយន្តប្រើសាំង និងប្រេងម៉ាស៊ូត ដែលនៅតែជាកម្មវត្ថុនៃការជាប់ពន្ធនាំចូលរហូតដល់ ១២០ភាគរយនៃតម្លៃរថយន្ត។
ការកាត់បន្ថយពន្ធនាំចូលគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយដើម្បីកាត់បន្ថយការបំពុល និងលើកកម្ពស់ការអនុវត្តដែលមិនប៉ះពាល់ដល់បរិស្ថាននៅទូទាំងប្រទេស។
នៅក្នុងខែមករា ឆ្នាំ ២០២៣ រថយន្ត EV ចំនួន ១៣២ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៧៩៤ គ្រឿង ក្នុងនោះមានរថយន្តចំនួន ៤០៨ គ្រឿង ត្រីចក្រយានយន្តចំនួន ៣៥៥ គ្រឿង និងម៉ូតូចំនួន ៣១ គ្រឿង។
នេះកើនឡើងពី ៦៦២ គ្រឿង នៅចុងឆ្នាំ ២០២២ និង ៦៣ គ្រឿង ដែលបានចុះបញ្ជីនៅចុងឆ្នាំ ២០២១ ដែលបង្ហាញពីការកើនឡើងជិត ៩៥ភាគរយ នេះបើយោងតាមក្រសួង។
លោក សេរីវឌ្ឍ បានបន្ដថា លោកគាំទ្រលើការទម្លាក់ពន្ធលើប្រភេទរថយន្ដថ្មី និងរថយន្ដអគ្គិសនី (EV) ជាពិសេស រថយន្ដ (EV) ដោយលោកមើលឃើញថា ថ្វីដ្បិតតែរាជរដ្ឋាភិបាលបន្ថយពន្ធច្រើនយ៉ាងណាក៏ដោយ ក៏ម្ចាស់ក្រុមហ៊ុននៅតែលក់ថ្លៃ ពីព្រោះវាចំណេញច្រើន។
លោកនិយាយថា ការប្រើប្រាស់រថយន្ដ (EV) នៅមានកម្រិត ទាំងនៅមានតម្លៃថ្លៃ និងពិបាករកទីតាំងសាកអាគុយរបស់វា ដែលទាមទារពេលវេលាយូរ។
យ៉ាងណាមិញ លោក សេរីវឌ្ឍ លើកឡើងថា រាជរដ្ឋាភិបាលត្រូវតែរឹតបន្ដឹងលើការប្រើប្រាស់រថយន្ដចាស់ រួមមានបច្ចេកទេស (ឈៀក) ការត្រួតពិនិត្យជាក់ស្ដែង (Spot Check) លើរថយន្ដខ្លះ ដូចជា ឡានដឹកទឹកកក និងទំទិញមួយចំនួន ដែលខុសបច្ចេកទេសទាំងស្រុង ដោយកែសម្រួលទៅតាមបច្ចេកទេសវិញ ទើបជារឿងត្រឹមត្រូវ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការកែខុសបច្ចេកទេស ការកាត់តរថយន្ដ មិនត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរណ៍។ នោះទើបជាមូលដ្ឋានសំខាន់សម្រាប់ការអនុវត្ដក្នុងដំណាក់កាលនេះ»។
ការគិតគូរអំពីចីរភាពបរិស្ថាន
ជាផ្នែកមួយនៃការគិតគូរដល់បរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញុវត្ថុ មានផែនការហាមនាំចូលរថយន្ដដែលមានឆ្នាំផលិតលើស ១០ឆ្នាំ មុនពេលត្រូវបានច្រានចោលដោយលោកនាយករដ្ឋមន្ដ្រី។
កម្ពុជាកំពុងជំរុញយុទ្ធសាស្ត្រគិតគូរពីនិរន្តរភាព តាមរយៈការលើកកម្ពស់យានជំនិះអគ្គិសនី (EVs) ជាមួយគំនិតផ្តួចផ្តើម ដូចជា ការកាត់បន្ថយពន្ធនាំចូលលើរថយន្ត EV និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ EV។
យុទ្ធសាស្ត្ររយៈពេលវែងរបស់រដ្ឋាភិបាលសម្រាប់អព្យាក្រឹតភាពកាបូន មានគោលបំណងផ្តល់ទីតាំងសាកថាមពលរថយន្ដអគ្គិសនីគ្រប់គ្រាន់នៅឆ្នាំ២០៥០ ដោយមានគោលដៅសម្រាប់ ៤០ភាគរយនៃរថយន្តគ្រួសារ និងរថយន្តក្រុងក្នុងទីក្រុង និង ៧០ភាគរយនៃម៉ូតូ។ នេះបើយោងតាមធនាគារពិភពលោក។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ រួមទាំងការលើកទឹកចិត្តដល់ការវិនិយោគនៅក្នុងរោងចក្រដំឡើងរថយន្ត EV និងការបង្កើតស្ថានីយ៍សាកថ្ម គឺជាផ្នែកនៃគោលដៅរបស់កម្ពុជាក្នុងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចអព្យាក្រឹតកាបូន។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ជាលក្ខណៈបច្ចេកទេស វិស័យដឹកជញ្ជូន គឺជាប្រភពនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ មួយយ៉ាងសំខាន់ក្នុងចំណោមប្រភព នៃការបញ្ចេញជាច្រើនទៀត ដូចជាវិស័យកសិកម្ម ការផលិតថាមពល ការប្រើប្រាស់ដី និងព្រៃឈើ ការគ្រប់គ្រងសំណល់ សំរាម ប្លាស្ទិកបោះចោលពាសវាលពាសកាល និងដំណើការផលិតកម្មឧស្សាហកម្ម។
យ៉ាងណាមិញ លោកបានលើកឡើងថា ដោយសារសេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើន ចំនួនយានយន្តដែលបម្រើឱ្យវិស័យដឹកជញ្ជូនក៏មានការកើនឡើងដែរ។ ប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្តអគ្គីសនី ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «រាជរដ្ឋាភិបាលបានកំណត់អាទិភាព នៃការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ នៅគ្រប់ប្រភាពនៃការបញ្ចេញទាំងអស់ រួមទាំងវិស័យដឹកជញ្ជូន នៅក្នុងផែនការរួមចំណែកជាតិ (NDC) នៃការអនុវត្តអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងផែនការអភិវឌ្ឍន៍រយៈពេលវែង សម្រាប់អព្យាក្រិតការបូន»។
លោកបានបន្ដថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តផែនការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ តាមរយៈការអភិវឌ្ឍផ្លូវល្បឿនលឿន ស្ពាន់អាកាសក្នុងទីក្រុង ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ជំរុញការប្រើប្រាស់រថយន្តក្រុង និងយានយន្តយន្តអគ្គីសនី។
លោក អាទិត្យា បានថ្លែងថា៖ «ប្រជាពលរដ្ឋគួរតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ ដូចជាប្រើប្រាស់វិធិសាស្ត្រងាយៗតាមរយៈការប្រើប្រាស់សេវារដ្ឋយន្តក្រុង ការធ្វើដំណើររួមគ្នា ជាដើម»។
ចូលរួមក្នុងការអនុវត្តភាព ស្អាត បៃតង និងចីរភាព មុំយុទ្ធសាស្ត្រអាទិភាពនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងនោះចូលរួមជាមួយក្រសួងបរិស្ថានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចូលរួមគ្រប់មូឡដ្ឋាន សំអាតអនាម័យ ប្រមូលទុកដាក់សំរាម តាមរយៈយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងចូលរួមយុទ្ធនាការ«ពន្លកបៃតង» ពង្រឹងការពារនិងអភិរក្សធនធានធម្មជាតិ ដាំដើឈើឱ្យបានច្រើន យ៉ាងតិច១ ដើមក្នុង១ឆ្នាំ ដើម្បីបង្កើនគម្របបៃតង៦០ភាគរយ និងកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ ២០៥០។
លោកបានបញ្ជាក់ថា លើសពីនេះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈផ្តល់ជម្រើសថ្មីដល់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ឈប់ដាក់សម្ពាធលើព្រៃឈើ៕