ភ្នំពេញៈ អ្នកការទូតរុស្ស៊ីលើកឡើងថា រុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរត្រង់ពីរុស្ស៊ីមកកាន់កម្ពុជាដើម្បីបង្កើនការផ្លាស់ប្ដូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងកត់សម្គាល់ថាចំនួនភ្ញៀវទេសចររុស្ស៊ីមកកាន់កម្ពុជាមានការកើនឡើង។
ក្នុងជំនួបជាមួយលោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នាថ្ងៃទី៦ ខែមិថុនា នៅរាជធានីភ្នំពេញ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីបានស្នើឱ្យរុស្ស៊ីយកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ពីរុស្ស៊ីមកកាន់កម្ពុជា ពីព្រោះលោកបានចាត់ទុកថាដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ីមកកាន់ប្រទេសកម្ពុជា។ នេះបើយោងតាមបណ្ដាញសង្គមប្រធានព្រឹទ្ធសភា នាថ្ងៃទី៦ មិថុនា ។
បើយោងតាមបណ្ដាញសង្គមដដែល លោក Borovik បានថ្លែងថា៖ «ចំនួនភ្ញៀវទេសចររុស្ស៊ីមកកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ហើយរុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្ដូរអ្នកទេសចររវាងប្រទេសទាំងពីរ»។
លោក Borovik បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានធានាសុវត្ថិភាពភ្ញៀវទេសចររុស្ស៊ី ដែលមកទស្សនាកម្ពុជា ហើយលោកប្ដេជ្ញាខិតខំធ្វើយ៉ាងណាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងទំនាក់ទំនងរវាងក្រុមមិត្តភាពរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងរីកចម្រើនជាលំដាប់។
លោក ជ័យ តិច អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី៧ មិថុនា ថា ចំពោះការហោះហើរត្រង់នេះគឺជារឿងល្អមួយដែលពិតជានឹងអាចជំរុញវិស័យទេសចរណ៍រវាងប្រទេសរុស្ស៊ី និងកម្ពុជា។ លោកកត់សម្គាល់ថា ភ្ញៀវទេសចររុស្ស៊ីមានចំនួនយ៉ាងច្រើនដែលដើរកម្សាន្តនៅក្រៅប្រទេស។ ជាពិសេស កន្លងមករហូតមកដល់ពេលនេះ ភ្ញៀវទេសចររុស្ស៊ីដែលបានធ្វើដំណើរទៅកាន់ប្រទេសថៃមានចំនួនយ៉ាងច្រើន ជាពិសេសនៅតំបន់សមុទ្រ ដូចជានៅតំបន់ប៉ាត់តាយ៉ា (Pattaya)។
នៅក្នុងវិស័យពាណិជ្ជកម្ម លោក Borovikលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតូចនៅឡើយ ហើយថាក្រុមហ៊ុនរុស្ស៊ីមួយចំនួនកំពុងតែស្វែងរកដៃគូរបស់ខ្លួន និងកំពុងតែធ្វើការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីវិនិយោគនៅកម្ពុជា។
លោក ជ័យ តិច បានថ្លែងថា ប្រទេសកម្ពុជាគួរតែធ្វើការជជែកពិភាក្សា និងធ្វើកិច្ចព្រមព្រៀងជាមួយរុស្ស៊ីដើម្បីជំរុញក្នុងការនាំចេញនូវកសិផលរបស់កម្ពុជាទៅប្រទេសរុស្ស៊ីផងដែរ ពីព្រោះប្រទេសរុស្ស៊ីគឺជាប្រទេសមួយដែលមានតម្រូវការខាងការនាំចូលនូវផលិតផលកសិកម្មជាច្រើន។ កន្លងមកនេះ ប្រទេសជិតខាងកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ទៅកាន់ប្រទេសរុស្ស៊ី ជាពិសេសប្រទេសថៃដែលមានការនាំចេញកសិផលទៅប្រទេសរុស្ស៊ីរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ។
លោកថ្លែងថា៖ «ខ្ញុំគិតថា រាជរដ្ឋាភិបាលកម្ពុជាគួរតែមានគំនិតផ្ដួចផ្ដើមឱ្យមានកិច្ចពិភាក្សាឱ្យបានកាន់តែច្រើនទៀតជាមួយនឹងប្រទេសរុស្ស៊ីដើម្បីដំឡើងអំពីកិច្ចទំនាក់ទំនងឱ្យទៅជាដៃគូយុទ្ធសាស្ត្រ និងអាចបង្កើនទំនាក់ទំនងបន្ថែមទៀតដើម្បីផ្សារភ្ជាប់ទាំងកិច្ចសហប្រតិបត្តិការផ្នែកយោធា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ហើយនិងពាណិជ្ជកម្មសម្រាប់កម្ពុជា-រុស្ស៊ី»។
លោក ជ័យ តិច បន្តថា សម្រាប់កម្ពុជាគឺជារឿងល្អណាស់ក្នុងការកសាងទំនាក់ទំនង និងលើកកម្ពស់នូវដៃគូយុទ្ធសាស្ត្រជាមួយបណ្ដាប្រទេសមហាអំណាច ដូចជាចិន សហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅអឺរ៉ុប ក៏ដូចជារុស្ស៊ី និងដៃគូប្រទេសសំខាន់ៗដែលមានសក្ដានុពលមួយចំនួនបន្ថែមទៀត ដូចជាជប៉ុន កូរ៉េខាងត្បូង និង ប្រទេសដែលមានសក្ដានុពលផ្សេងទៀតក្នុងការពិភាក្សា និងពង្រឹងទំនាក់ទំនងបន្ថែមទៀតដើម្បីជាផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងៗឱ្យបានគ្រប់ជ្រុងជ្រោយថែមទៀត។
នៅក្នុងជំនួបនេះដែរ លោក Borovik ក៏បានរំឭកថា កម្ពុជា និងរុស្ស៊ីមានទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងប្រវត្តិយូរអង្វែងរយៈពេល ៦៨ឆ្នាំមកហើយ ហើយរុស្ស៊ីកំពុងតែខិតខំព្យាយាមដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
លោកឯកអគ្គរដ្ឋទូតបានរំឭកថា៖ «កម្ពុជាជាមិត្តចាស់ មិត្តគួរឱ្យទុកចិត្ត ជាដៃគូដ៏ល្អ និងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកនូវទំនាក់ទំនងដែលមានសក្ដានុពល និងជំរុញដល់កិច្ចសហការដើម្បីអភិវឌ្ឍន៍ និងដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ»។ នេះបើយោងតាមបណ្ដាញសង្គមប្រធានព្រឹទ្ធសភា៕