
អ្នកគ្រប់គ្រងសាខាប្រមាណ ៨០នាក់មកពីខេត្តសៀមរាប ព្រះវិហារ កំពង់ធំ និងកំពង់ចាមបានចូលរួមសិក្ខាសាលា ស្តីពី «អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន» ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ រូបថត សហការី
ភ្នំពេញ៖ សិក្ខាសាលាជាបន្តបន្ទាប់ស្ដីពី «អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន» ត្រូវបានដាក់ឱ្យដំណើរការដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
សិក្ខាសាលាចំនួនបួនត្រូវបានរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលខេត្តមួយចំនួន។
គោលបំណងគឺដើម្បីចែករំលែកចំណេះដឹងដល់អ្នកគ្រប់គ្រងសាខាអំពីការទទួលខុសត្រូវសំខាន់ៗរបស់ពួកគេក្នុងប្រតិបត្តិការធនាគារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយបង្កើនភាពធន់នៃវិស័យនេះ និងធានាការការពារអតិថិជន។
យោងតាមសមាគម បានបង្ហាញថា៖ «វិស័យនេះបានប្រឈមមុខនឹងបញ្ហាដែលកើតចេញពីជំងឺរាតត្បាតកូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយអូសបន្លាយ និងការកើនឡើងអត្រាការប្រាក់ដែលកំណត់ដោយធនាគារកណ្តាលអាមេរិក»។
ខណៈពេលដែលបញ្ហាទាំងនេះបានធ្វើឱ្យកំណើនយឺតយ៉ាវក្នុងវិស័យធនាគាររបស់សហរដ្ឋអាមេរិក កម្ពុជាក៏ឃើញមានការកើនឡើងនៃការសងឥណទានយឺតផងដែរ។
សិក្ខាសាលាមួយត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ក្រោមអធិបតីភាពលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងលោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា រួមជាមួយតំណាងសមាគមទាំងពីរ។
អ្នកគ្រប់គ្រងសាខាប្រមាណ ៨០នាក់មកពីខេត្តសៀមរាប ព្រះវិហារ កំពង់ធំ និងកំពង់ចាមបានចូលរួម។
សិក្ខាសាលានាពេលខាងមុខ ត្រូវបានកំណត់ពេលសម្រាប់ខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តរតនគិរី ដែលគ្របដណ្តប់លើតំបន់សំខាន់ៗក្នុងប្រទេសកម្ពុជា។
លោក កំណាន់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសិក្ខាសាលាទាំងនេះ ជាមធ្យោបាយដើម្បីបង្កើនការយល់ដឹងអំពីការអភិវឌ្ឍន៍ប្រព័ន្ធធនាគារ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្រមសីលធម៌ ច្បាប់ឥណទាន គោលការណ៍អភិបាលកិច្ចល្អ និងបច្ចេកទេសគ្រប់គ្រងសាខា។
លោកបានឱ្យដឹងថា សិក្ខាសាលាទាំងនេះ ផ្តល់ជាវេទិកាមួយសម្រាប់សមាគម និងស្ថាប័ននានា ដើម្បីស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែង និងប្រតិបត្តិការរបស់សាខាខេត្ត និងក្រុង។
លោក កំណាន់ បាននិយាយថា៖ «ថ្នាក់ដឹកនាំសាខា ឬតំបន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ច ដែលផ្តោតជាពិសេសលើចីរភាព ប្រសិទ្ធភាព ការទទួលខុសត្រូវ និងបរិយាបន្ន»។
លោកបានបន្ដថា៖ «ពិតជាមានសារៈសំខាន់ណាស់ ដោយសារគោលការណ៍ទាំងនេះ មិនត្រឹមធានានូវជោគជ័យនិងកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ វាក៏បានរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងវិស័យធនាគារទាំងមូល»។
លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារកម្ពុជាបានពិភាក្សាអំពីវិធានការសកម្មដែលកំពុងត្រូវបានអនុវត្តដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។

គំនិតផ្តួចផ្តើមទាំងនេះរួមមានក្រមសីលធម៌សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាស្តង់ដាកិច្ចសន្យាឥណទាន។
លើសពីនេះទៀត ពួកគេផ្តោតលើការពង្រឹងការការពារអតិថិជន និងការដាក់ដំណើរការលេខបណ្តឹងតវ៉ានិងយន្តការដោះស្រាយបណ្តឹង រវាងអតិថិជន និង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ការចាប់ផ្តើមកម្មវិធីបញ្ជាក់ឥណទានប្រកបដោយការទទួលខុសត្រូវ និងគម្រោងសន្តិសុខហិរញ្ញវត្ថុសហគមន៍។
កម្មវិធីនេះក៏រួមបញ្ចូលនូវសិក្ខាសាលាសម្រាប់នាយកប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាភិបាល ការផ្សព្វផ្សាយបញ្ជីឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងការអប់រំអំពីចំណេះដឹងហិរញ្ញវត្ថុ។
លោកស្រី ឌីត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំ២០២៤ គឺជាឆ្នាំទី៣ នៃការរៀបចំសិក្ខាសាលាថ្នាក់តំបន់។
លោកស្រីបានឱ្យដឹងថា ខុសពីឆ្នាំមុនៗដែលផ្តោតលើស្ថាប័នសមាជិក MFI តែមួយគត់ សិក្ខាសាលាឆ្នាំ ២០២៤ រួមមានសមាជិកមកពីសមាគមទាំងពីរ ដោយសង្កត់ធ្ងន់លើក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីបង្កើននិរន្តរភាព និងភាពធន់នៃវិស័យស្របតាមយុទ្ធសាស្ត្រហិរញ្ញវត្ថុជាតិសម្រាប់ឆ្នាំ ២០១៩-២០២៥។
លោកស្រី នីតា បានបន្ថែមថា៖ «សមត្ថភាពដឹកនាំ និងការគ្រប់គ្រងរបស់អ្នកគ្រប់គ្រងសាខាមានសារៈសំខាន់ណាស់សម្រាប់ប្រសិទ្ធភាពប្រតិបត្តិការ និរន្តរភាពស្ថាប័ន និងការពេញចិត្តរបស់អតិថិជន»។
លោកស្រីបន្ដថា៖ «ការគ្រប់គ្រងសាខាប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានការយល់ដឹងស៊ីជម្រៅអំពីស្តង់ដារច្បាប់ ច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងការយល់ដឹងអំពីឱកាស និងការគំរាមកំហែងក្នុងប្រតិបត្តិការអាជីវកម្ម»៕