ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា ដែលមានទំហំ ១១,០៩ពាន់លានដុល្លារ (ប៊ីលាន) គឺជាទំហំមួយស្ថិតនៅក្នុងភាពអាចគ្រប់គ្រងបាន ឬមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកបានថ្លែងនៅក្នុងព្រឹត្តិប័ត្រស្ថិតិបំណុលសាធារណៈកម្ពុជាកាលពីពេលថ្មីៗនេះថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលរួមមាន ក្របខ័ណ្ឌគតិយុត្ត, គោលនយោបាយ, យុទ្ធសាស្ត្រ, និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់។
លើសពីនេះទៀត កម្ពុជាមានប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុលជាដើម។
ក្នុងចំណោមបំណុលសាធារណៈសរុបចំនួន ១១,០៩ ពាន់លានដុល្លារនេះ ៩៩,១២ ភាគរយឬប្រមាណ ១១ ពាន់លានដុល្លារគឺជាបំណុលសាធារណៈក្រៅប្រទេស រីឯ ០,៨៨ភាគរយទៀតមានទឹកប្រាក់ប្រមាណ ៩៨ លានដុល្លារគឺជាបំណុលសាធារណៈក្នុងប្រទេស។
ប្រទេស និង ដៃគូអភិវឌ្ឍន៍ដែលកម្ពុជាទទួលបានកម្ចីច្រើនជាងគេគឺ ចិនដែលមានចំណែក ៣៦ ភាគរយ មានទឹកប្រាក់ប្រមាណ ៣,៩៩ពាន់លានដុល្លារ បន្ទាប់មកគឺធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានចំណែក ២១ មានទឹកប្រាក់ប្រមាណ ២,៣២ពាន់លានដុល្លារ, ធនាគារពិភពលោក ១២ភាគរយ មានទឹកប្រាក់ប្រមាណ ១,៣៣ពាន់លានដុល្លារ។ ក្រៅពីនោះកម្ពុជាជំពាក់ជប៉ុនប្រមាណ ១១ភាគរយ មានទឹកប្រមាណជាង ១.២១ពាន់ដុល្លារនៃបំណុលសរុប និងជំពាក់ប្រទេសមួយចំនួនទៀតដូចជាបារាំង និង កូរ៉េខាងត្បូង ជាដើម។
ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុល (សងទាំងដើមទាំងការ និងសេវា) សរុបចំនួន ១៨១,៥៥ លានដុល្លារ និងបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី (កម្ចីថ្មី) ជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ១៤០,១៤ លានដុល្លារអាមេរិក។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កម្ចីថ្មីនៅក្នុងត្រីមាសទី១ ឆ្នាំនេះ បានថយចុះប្រមាណ ៧១។
លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា រាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់នូវវិធានការជាយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈជាបន្តបន្ទាប់។
លោកថា កម្ពុជាមានគោលការណ៍គន្លឹះមួយចំនួនដើម្បីពង្រឹងប្រសិទ្ធភាពខ្ពស់នៃការគ្រប់គ្រងបំណុលសាធារណៈ និងការគ្រប់គ្រងការវិនិយោគសាធារណៈ ដែលរួមមានការខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់, ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។
លើសពីនេះទៀតកម្ពុជា ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត; និងប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលមានស្តង់ដា និងគុណភាពខ្ពស់។
លោកបានថ្លែងដូច្នេះថា៖ «ការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយចីរភាព, ប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរជាទីមោទនៈក្នុងរយៈកាលជាងពីរទស្សវត្សរ៍កន្លងមក ព្រមទាំងបានធ្វើឱ្យកម្ពុជាមានសមត្ថភាពកៀរគរឥណទានសម្បទានបានច្រើនជាងមុន សម្រាប់បំពេញតម្រូវការ ហិរញ្ញប្បទានលើវិស័យអាទិភាពចំពោះមុខនានា»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា បំណុលសាធារណៈដែលស្ថិតនៅក្នុងកម្រិតគ្រប់គ្រងបានគឺជាបំណុលដែលមានកម្រិតប្រមាណជាង៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ យោងតាមធនាគារពិភពលោក GDP របស់កម្ពុជានៅឆ្នាំ២០២៣ មានទំហំ ៣១ពាន់លានដុល្លារ។
លោកថ្លែងថា៖ «មែនទែនទៅ បំណុលដែលមានហានិភ័យគឺជាបំណុលដែលមានទំហំជាង ៥០ភាគរយនៃ GDP។ ប្រទេសមួយចំនួនមានបំណុលហានិភ័យព្រោះវាឡើងរហូតដល់ទៅ ៦០ ឬ ៨០ភាគរយនៃ GDP របស់ពួកគេដែលគេមិនអាចគ្រប់គ្រងបាន»។
លោកបន្តថា កម្ពុជាក៏មានកេរ្តិ៍ឈ្មោះល្អដោយសារតែបានគោរពគោលការណ៍នៃបំណុល ឬអាចចាត់ទុកថាជាកូនបំណុលមានគុណភាព ដែលធនាគារពិភពលោកនិងប្រទេសម្ចាស់បំណុលផ្សេងទៀតទទួលស្គាល់។
លោកបន្តថា កម្ពុជាក៏មានសមត្ថភាពក្នុងការគ្រប់គ្រងចំណូល និងរក្សាបាននូវវឌ្ឍនភាពនៃចំណូលដែលអាចធានាបានថានឹងមិនមានហានិភ័យសម្រាប់ការសងបំណុលក្នុងរយៈពេលវែង។
ចំពោះការថយចុះនៃកម្ចីថ្មីរហូតដល់ ៧១ ភាគរយក្នុងត្រីមាសទី១ ឆ្នាំនេះធៀបនឹងឆ្នាំមុន លោកថា វាជាសញ្ញាមួយល្អ។
លោកនិយាយថា៖ «យើងអាចនិយាយបានថា រដ្ឋាភិបាលមានលទ្ធភាព ឬអាចថា អ្វីដែលបានខ្ចីពីមុនមកត្រូវបានប្រើប្រាស់ទៅតាមផែនការ និងគម្រោងដែលមាន។ ដូច្នេះ ការចំណាយទាំងឡាយណាដែលចាំបាច់ឬមិនចាំបាច់ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់កញ្ចប់ថវិការបស់ខ្លួន ដោយមិនបានដំឡើងកម្ចីដូចពេលមុនៗ។
លោកបន្តថា៖ «ប្រសិនបើចាប់ពីឆ្នាំ ២០២៥ឡើងទៅ កម្ចីត្រូវបានកាត់បន្ថយដល់សូន្យ នោះមានន័យថា រដ្ឋាភិបាលមានស្វយ័តភាពក្នុងការវិនិយោគសាធារណៈដោយខ្លួនឯងដោយមិនចាំបាច់ពឹងលើកម្ចីបរទេស»៕