
លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិដឹកនាំកិច្ចប្រជុំនៅខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែកក្កដា។ រូបថត NBC
ធនាគារជាតិដាក់ចេញយន្តការបន្ទាប់សម្រាប់ខេត្តសៀមរាបពាក់ព័ន្ធប្រាក់ដុល្លារអាមេរិក ចាស់ ឬ ប្រឡាក់ ដោយតម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាបទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន។
ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ ដុល្លារអាមេរិកនៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកាលពីថ្ងៃអាទិត្យទី២១ ខែកក្កដា ម្សិលមិញ ដឹកនាំដោយលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិ។ កិច្ចប្រជុំនេះក៏ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានស្នើឲ្យធនាគារជាតិរកដំណោះស្រាយអំពីបញ្ហានេះកាល ពីថ្ងៃទី១៨ ខែកក្កដា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិ ក្នុងករណីដែលក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថាមិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅ ក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញ។
ធនាគារជាតិក៏ «តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារ និង៥០ ដុល្លារជំនួសក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០០ដុល្លារនៅក្នុងម៉ាស៊ីនដកប្រាក់ ATM ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ»។
ប៉ុន្តែ ការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក។
ធនាគារជាតិក៏នឹងផ្សព្វផ្សាយអំពីយន្តការនេះទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋាន ដើម្បីឱ្យបានយល់កាន់តែច្បាស់និងត្រៀមវសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តយន្តការបន្តទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាអ្នកស្នើសុំឲ្យមានដំណោះស្រាយលើបញ្ហាប្រាក់ដុល្លារចាស់ ឬទក់ ឬហែកបន្តិចបន្តួច បានបង្ហោះសារនៅព្រឹកនេះនៅលើហ្វេសប៊ុក បង្ហាញការគាំទ្រចំពោះវិធានការចំពោះមុខនេះ។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាទេសចរដែលទស្សនាខេត្តសៀមរាបផងដែរ»។
លោកក៏ស្នើឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប និងបណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចអាជីវកម្មឯកជន និងប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា។
បន្ថែមលើយន្តការរយៈពេលខ្លី ធនាគារជាតិក៏ជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ Bakong Tourist App ដែលនឹងដំណើរការនាពេលខាងមុខនេះ ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។
ធនាគារជាតិក៏នឹងសហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាប់ស្រាល់ជ្រើស ដើម្បីកំណត់លក្ខខណ្ឌស្តង់ដារមួយដែលមានសង្គតិភាពជាមួយគ្នា៕