ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សុខ សូកេន ជាប្រធាន បានបង្ហាញផែនការសម្មភាពដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញដោយបែងចែកជាសកម្មភាពចំពោះមុខ សកម្មភាពរយៈពេលខ្លី ធម្យម និងរយៈពេលវែង។
ការបង្ហាញផែនការសកម្មភាពនេះធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា (Cambodia Tourism Revival) កាលពីថ្ងៃទី២៥ខែកក្កដា។
លោក សុខ សូកេន បានថ្លែងថា សម្រាប់សកម្មភាពចំពោះមុខក្នុងរយៈពេល ៦ខែនេះ ភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជានឹងផ្ដោតទៅលើការជំរុញការផ្សព្វផ្សាយនិងការទាក់ទាញទីផ្សារ ការពង្រឹងការតភ្ជាប់ទំនាក់ទំនងរបស់ផ្នែកឯកជន និងការជំរុញការផ្គូផ្គងផ្នែកឯកជន ក្នុងការលក់កញ្ចប់ទស្សនកិច្ច ក្នុងគោលដៅទាញយកភ្ញៀវទេសចរភ្លាមៗ។
លោកបន្តថា ការងារនេះ ក្រសួងទេសចរណ៍បានរៀបចំព្រឹត្តិការណ៍និងសកម្មភាពជំរុញទេសចរណ៍តាមរយៈយុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ និងយុទ្ធនាការឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន ក៏ដូចជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១។
ក្នុងរយៈពេលនេះដែរ ក្រុមប្រឹក្សានេះនឹងជំរុញការរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីទេសចរណ៍ (FAM Trips) កម្មវិធីបង្ហាញសក្ដានុពលទេសចរណ៍ក្រៅប្រទេស Roadshows និងពិព័រណ៌ទេសចរណ៍ Travel Fairs ទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេសនៅខេត្ដសៀមរាប ប្រទេសចិននិងឥណ្ឌា ដែលមានការចូលរួមពីផ្នែកឯកជន។ សកម្មភាពទាំងនេះរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានជាក់ស្ដែងភ្លាមៗ។
លោក សុខ សូកេន ថ្លែងថា៖ «ក្នុងន័យនេះ ក.ផ.ផ. នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ដើម្បីរួមគ្នាសម្រេចឱ្យបាននូវ ការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗទាំងនេះទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យមក ទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត»។
លោកបន្តថា៖ «សម្រាប់សកម្មភាពរយៈពេលខ្លី ពី ៦-១២ខែ ក្រុមប្រឹក្សានេះនឹងផ្ដោតលើការពង្រីកការយល់ដឹងពីកិត្តិនាមរបស់កម្ពុជានិងយុទ្ធនាការកំណត់ទីផ្សារក្រៅប្រទេស ផ្ដោតសំខាន់លើយុទ្ធនាការទំនាក់ទំនងសាធារណៈ និងពង្រីកយុទ្ធសាស្ត្រទាក់ទាញទីផ្សារគោលដៅសំខាន់ៗ»។
សម្រាប់សកម្មភាពរយៈពេលមធ្យម និងវែង ក្រុមប្រឹក្សាដដែលនឹងផ្ដោតទៅលើការពង្រីកការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈវេទិកានានា ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ទេសចរណ៍លំហែ បែបធុរកិច្ច និងសុខុមាលភាព និងការជំរុញគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ។
បើតាមលោក សុខ សូកេន កិច្ចប្រឹងប្រែងស្ដារវិស័យទេសចរណ៍ឡើងវិញក៏ត្រូវបានលើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅ ជាពិសេសដំណោះស្រាយគន្លឹះក្នុងការជំរុញឱ្យវិស័យទេសចរណ៍ងើបឡើងវិញ សម្រាប់រដូវកាលដែលមានភ្ញៀវច្រើន ឬ High Season នៃឆ្នាំ២០២៤ និងសម្រាប់ឆ្នាំ២០២៥ទាំងមូល។
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ផែនការដែលបានដាក់ចេញនេះល្អគ្រប់គ្រាន់ហើយ គ្រាន់តែត្រូវឲ្យភាគីពាក់ព័ន្ធយល់អំពីផែនការនេះឲ្យបានច្បាស់ ហើយអនុវត្តឲ្យបាន។
លោកថ្លែងថា៖ «បើនិយាយពិរោះហើយ មានជាឯកសារហើយ ប៉ុន្តែគ្មានសកម្មភាពអនុវត្តឲ្យបានទាន់ពេលវេលាក៏អត់សូវមានប្រយោជន៍ដែរ។ ក្រៅពីការអនុវត្តផែនការនេះ ខ្ញុំនៅតែមើលឃើញថា សេវាបម្រើតាំងពីនៅព្រលានយន្តហោះ ឬនៅព្រំដែន និងតាមទីតាំងរមណីយដ្ឋាន គួរតែមានការសម្រួលសម្រាប់ទេសចរកុំឲ្យគាត់មកហើយរាងចាល នេះរាប់ចាប់តាំងពីការបំពេញបែបបទឲ្យងាយស្រួល»។
លោកបន្តថា៖ «បើសិនជាភ្ញៀវចូលមកហើយពួកគាត់អត់មានបញ្ហាអ្វីទេ ការបំពេញបែបបទនោះគួរតែធ្វើឲ្យបានរហ័ស មានភាពរស់រាយរាក់ទាងក់ ភាពស្មោះត្រង់។ ទាំងនេះជាចំណុចបន្ថែលលើផែនការដែលរដ្ឋមន្ត្រីលោកលើកឡើង ដែលខ្ញុំមើលទៅមានភាពគ្រប់គ្រាន់ហើយ។ សំខាន់ធ្វើឲ្យបានធ្វើឲ្យល្អ តាំងពីចុះពីលើយន្តហោះ ឬមកដល់ព្រំដែន រហូតដល់ពួកគេទៅវិញ រាប់ចាប់តាំងពីអ្នកពីអ្នករត់រ៉ឺម៉កដឹកភ្ញៀវជាដើម»។
កាលពីសប្ដាហ៍មុន ក្រសួងទេសចរណ៍កម្ពុជា និងភាគីថៃ បានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍រវាងប្រទេសទាំង២ជាលើកទី៣ ដោយបានសម្រេចធ្វើការសម្របសម្រួលការធ្វើដំណើរនិងការឆ្លងកាត់ព្រំដែនសម្រាប់ទេសចរមកពីប្រទេសទាំងពីរ និងទេសចរអន្តរជាតិមកពីប្រទេសទីបី។
ភាគីទាំងពីរក៏បានសម្រេចផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា «ព្រះរាជាណាចក្រពីរ គោលដៅមួយ» និងការធ្វើដំណើរស្វែងយល់អំពីសក្ដានុពលនៃគោលដៅទេសចរណ៍ (Familiarization Trip) ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា និងការជំរុញឲ្យភ្ញៀវទេសចរទៅចូលរួមកម្មវិធីទេសចរណ៍ដែលប្រទេសនីមួយៗរៀបចំ និងកិច្ចសហការមួយចំនួនទៀត។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍៕