ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាកំពុងមានស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៤ ជាមួយអត្រាកំណើនដែលរំពឹងទុក ៦ ភាគរយ ដូចដែលបានរាយការណ៍ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការព្យាករណ៍ប្រកបដោយសុទិដ្ឋិនិយមនេះ ត្រូវបានសន្មតថាបានមកពីការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចពិភពលោក និងស្ថេរភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសស្របតាមដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា។
ក្រសួងរំពឹងថានឹងមានកំណើនជាបន្តបន្ទាប់នៅក្នុងប៉ុន្មានឆ្នាំខាងមុខ ជាមួយអត្រាការព្យាករណ៍ ៦,៣ ភាគរយសម្រាប់ឆ្នាំ ២០២៥ និងជាមធ្យម ៦,៦ ភាគរយសម្រាប់ឆ្នាំ ២០២៦-២០២៧។
ទោះបីជាមានសូចនាករសេដ្ឋកិច្ចវិជ្ជមានទាំងនេះក៏ដោយ ក៏ប្រជាជនកម្ពុជាជាច្រើនសម្តែងការមិនពេញចិត្តចំពោះជីវភាពរស់នៅរបស់ពួកគេពីកំណើនលើតួលេខផលិតផលក្នុងស្រុកសរុប ឬ(ផ.ស.ស.) ដែលកំពុងរីកចម្រើននេះ។
លោក ផាន់ ផល្លា រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ឆ្នាំ២០២៣ ជាលើកដំបូងដែលផលិតផលមិនមែនផលិតផលកាត់ដេរមានការនាំចេញច្រើន។
លោកបានឱ្យដឹងថា ផសស ត្រូវបានបែងចែកជាពីរប្រភេទ គឺការគណនាជាក់ស្ដែង ដែលផ្ដោតលើ ផសស ឆ្នាំកន្លងទៅ ជាអ្វីដែលវិទ្យាស្ថានស្ថិតិពឹងផ្អែកលើតួលេខជាក់ស្ដែង និងការព្យាករណ៍អត្រាកំណើន ផសស ដែលត្រូវបានធ្វើឡើងដោយការពិនិត្យមើលលើសេដ្ឋកិច្ចសកល។
លោក ផល្លា បានថ្លែងថា៖ «សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកលើប្រទេសណាខ្លះសម្រាប់ការនាំចេញ ដូចជា សហគមអឺរ៉ុប អាមេរិក និងនាំចូលពីចិនច្រើន។ ឧទាហរណ៍ បើសេដ្ឋកិច្ចនៅតំបន់អឺរ៉ុបមានភាពប្រសើរ វាមានន័យថា ការប្រើប្រាស់ និងការបញ្ជាទិញទំនិញពីកម្ពុជាមានការកើនឡើងដែរ»។
ឆ្លើយតបនឹងការត្អូញត្អែរពីស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ និងរិះគន់ការអះអាងអំពីកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦ ភាគរយ លោក ផល្លា បានឱ្យដឹងថា បើការព្យាករណ៍ឃើញកំណើនសេដ្ឋកិច្ចកើនឡើង ឬវិជ្ជមាន វាមានន័យថា សកម្មភាពសេដ្ឋកិច្ចល្អប្រសើរ។
លោកបន្ដថា ការកើនឡើង ផសស រង្វង់ ៥ ឬ ៦ភាគរយនេះ កើតឡើងពីវិស័យមួយចំនួន គឺសកម្មភាពនៃការផលិតមានការកើនឡើង។ ដូច្នេះ ប្រជាពលរដ្ឋមានការងារច្រើនជាងមុន។ ដូចគ្នាដែរ បើប្រទេសមួយគ្មានសកម្មភាពសេដ្ឋកិច្ច ការងារ និងចំណូលក៏ថយ។
លោកបានបញ្ជាក់ថា៖ «ចំពោះស្ថានភាពបច្ចុប្បន្ននេះ មិនមែនបងប្អូនទាំងអស់គ្នាជួបការលំបាកនោះទេ។ ឧទាហរណ៍ វិស័យធនាគារ ជាវិស័យមួយដែលមានចំណូលខ្លាំងក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។ វិស័យធនាគារបានផ្ដល់ការងារជាច្រើន និងផ្ដល់ប្រាក់ខែក៏ខ្ពស់ដែរ។
លោក ផល្លា ទទួលស្គាល់ថា វិស័យមួយចំនួនទៀតជួបការលំបាក ដូចជា វិស័យទេសចរណ៍ ត្រូវបានបំផ្លាញដោយវិបត្ដិកូវីដ ១៩ ដែលធ្លាក់ពីជាង ៥លាននាក់មកត្រឹមតែប៉ុន្មានម៉ឺននាក់។ ក្រោយវិបត្ដិកូវីដ ១៩ កំណើនភ្ញៀវទេសចរបានកើនឡើងយឺតៗ ដែលនៅឆ្ងាយពីតួលេខមុនវិបត្ដិជំងឺរាតត្បាតសកល។
លោកបានបន្ថែមថា៖ «នៅក្នុងវិស័យមួយចំនួនទៀត រួមទាំង ឧស្សាហកម្ម ហើយស្ថានភាពបច្ចុប្បន្ននេះ ទោះបីជាយើងមានកំណើនសេដ្ឋកិច្ច ក៏វាមិនទាន់ដូចមុនកូវីដ ១៩ ទេ។ អ៊ីចឹង និយាយពីចំណូល ពួកគាត់មាន តែមិនច្រើនដូចមុនទេ»។
ទោះបីជាមានកំណើនផលិតផលក្នុងស្រុកសរុប (ផសស) ក៏ដោយ ក៏ទស្សនវិស័យសេដ្ឋកិច្ចនៅតែមិនប្រាកដប្រជាខ្ពស់ ដោយសារទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក និងតំបន់ ដែលបន្តជួបវិបត្តិជាច្រើន និងរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ភាពមិនប្រាកដប្រជាទាំងនេះបង្កឱ្យមានហានិភ័យដែលអាចជំរុញ ឬរារាំងដល់គន្លងរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោក អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា កំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ និងឆ្នាំ២០២៥ ភាគច្រើនបានមកពីពាណិជ្ជកម្មមិនមែនឧស្សាហកម្មកាត់ដេរ ដូចជា ការនាំចេញសូឡា កង់ សម្បកកង់រថយន្ដ ហើយឆ្នាំ២០២៤ នេះ វិស័យកាត់ដេរបានងើបឡើងវិញខ្លះពីការធ្លាក់ចុះនៅឆ្នាំ២០២៣។
លោកបានឱ្យដឹងថា៖ «ការធ្លាក់ចុះនៃវិស័យកាត់ដេរប៉ះពាល់ខ្លាំងដែរដល់ប្រជាពលរដ្ឋទូទៅ ដោយសារកម្មករមិនសូវមានប្រាក់ចំណាយ ដែលជះឥទ្ធិពលដល់ការលក់រាយ»។
លោក លុយណា បន្ដថា ចំពោះការនាំចូលរថយន្ដឡាន វាមានការធ្លាក់ចុះខ្លាំងមែនទែន ដោយសារ មិនសូវឃើញប្រើប្រាស់ឡានប្រណីត តែជាប្រភេទឡានធម្មតាវិញ។
លោកបានលើកឡើងថា៖ «កម្ពុជាបន្ដជំរុញស្វែងរកចលករវិស័យផ្សេងៗដែលជួយបង្កើនសេដ្ឋកិច្ច បន្ថែមពីលើវិស័យកាត់ដេរ។ ដើម្បីតាមដាន និងទ្រទ្រង់ក្នុងការស្វែងរកវិស័យអាទិភាពដទៃទៀត រាជរដ្ឋាភិបាលត្រូវលះបង់ច្រើន រួមទាំង ការលើកលែងពន្ធ ពន្ធដារជាដើម»។
លោក កែវ ចិត្រា ប្រធាននាយកដ្ឋានគណនេយ្យជាតិ វិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ បានឱ្យដឹងថា ខេត្ដដែលមានកម្រិត ផសស ទាបជាងគឺខេត្ដឧត្ដរមានជ័យ ខណៈខេត្ដមានកម្រិត ផសស ខ្ពស់ជាងគឺខេត្ដព្រះសីហនុ ឬជាង ៤ពាន់ដុល្លារសម្រាប់ប្រជាជនម្នាក់ ហើយតាមពីក្រោយ គឺរាជធានីភ្នំពេញ ដែលប្រជាជនម្នាក់មានប្រាក់ចំណូលមធ្យមជាង ៣ពាន់ដុល្លារ។
លោកបានពន្យល់ថា ការគណនាកម្រិត ផសស ត្រូវធ្វើឡើងតាមស្ដង់ដារបស់អង្គការសហប្រជាជាតិ ដោយផ្អែកលើផលិតកម្មរបស់ខេត្ដនីមួយៗ។
លោក ចិត្រា និយាយថា៖ «ជាក់ស្ដែង នៅខេត្ដស្ទឹងត្រែង មានទំនប់វារីអគ្គិសនីមួយធំ ដែលផលិតកម្មវារីអគ្គិសនីនេះត្រូវបានរាប់បញ្ចូលទៅក្នុង ផសស ខេត្ដស្ទឹងត្រែង»។
លោក ផល្លា បានទទួលស្គាល់ថា កំណើន ផសស ប្រាកដជាធ្វើឱ្យកម្ពុជាខាតបង់ការអនុគ្រោះផ្សេងៗ តែចៀសមិនផុត កម្ពុជាត្រូវតែធ្វើ។ ការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចនេះ វាកើតឡើងនៅតាមពេលវេលា និងស្ថានភាពជាក់ស្ដែងនៃសេដ្ឋកិច្ច។
លោកបានអះអាងថា៖ «នៅពេលយើងកំពុងតែអភិវឌ្ឍខ្លួនក្លាយជាអ្នកមាន ស្រាប់តែមានបុគ្គលម្នាក់ទៀតនិយាយថា អត់ទេ ខ្ញុំនៅចង់ក្រ។ យើងត្រូវតែទៅហើយ ទោះបីជាត្រូវបាត់បង់ការអនុគ្រោះក៏ដោយ។ យើងបានត្រៀមខ្លួនរួចហើយ ជាពិសេស ការចាកចេញពីប្រទេសក្រីក្រទៅជាប្រទេសកំពុងអភិវឌ្ឍជាដើម»។
លោក ផល្លា បានបដិសេធការតម្លើង ផសស ក្នុងគោលបំណងបង្កើនការខ្ចីលុយពីបរទេសនោះទេ តែដើម្បីភាពជាក់ស្ដែងក្នុងស្ថានភាពសេដ្ឋកិច្ច។
ដើម្បីរុញច្រាន ផសស កើនឡើង ក្រៅពីវិស័យកសិកម្ម ដែលមានផលិតភាពខ្ពស់ កម្ពុជាត្រូវគិតគូរដល់ការកែច្នៃ វិស័យឧស្សាហកម្មកាត់ដេរ វិស័យមិនមែនផលិតផលកាត់ដេរ។
យ៉ាងណាមិញ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលអត់ដែលយកពន្ធលើប្រាក់ចំណូលពីប្រជាពលរដ្ឋមានចំណូលទាបនោះទេ។ មន្ដ្រីរាជការដែលមានកាតព្វកិច្ច ក៏ត្រូវបានលើកលែងចំពោះពន្ធប្រាក់បៀវត្សរ៍។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ចំពោះសហគ្រាសតូចៗ យើងមិនដែលដាក់សម្ពាធលើពួកគាត់ទេ។ បើមានប្រាក់ចំណូលគ្រប់គ្រាន់ រាជរដ្ឋាភិបាលនឹងអាចបង្កើនចំណាយ និងបង្កើនប្រសិទ្ធភាពចំណាយ ដូចជា តាមរយៈការពង្រឹងសេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យបានល្អ និងផ្ដល់កាតព្វកិច្ចនានា រួមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ»៕